អ្នកនិពន្ធខ្មែរនិងហូឡង់ពីររូប រួមដៃគ្នាបង្កើតសៀវភៅដែលនិយាយពីការហ៊ានសម្រេចក្តីសុបិន្តរបស់ស្រ្តី
NEWS 6 years ago“Diving deep, going far" ជាចំណងជើងសៀវភៅជាភាសាអង់គ្លេសមួយក្បាល និយាយអំពីរឿងរ៉ាវជីវិតនិងក្តីសុបិន្តរបស់ស្រ្តីខ្មែរ ដែលនិពន្ធដោយអ្នកនិពន្ធហូឡង់ និងស្រ្តីខ្មែរមួយរូប។ សៀវភៅកម្រាស់ប្រមាណជាង ២០០ទំព័រ ត្រូវបានបង្កើតឡើងរួមគ្នាក្នុងគោលបំណង ផ្តល់កម្លាំងចិត្តដល់អ្នកអានឲ្យបន្តក្តីសង្ឃឹម ការតស៊ូ ជំនះឧបសគ្គ តាមរយៈប្រលោមលោកស្តីពីជីវិតពិតរបស់ស្រ្តីកម្ពុជា។ ខុសគ្នាពីសៀវភៅដែលនិយាយពីជីវិតរបស់មនុស្សម្នាក់ សៀវភៅមួយក្បាលនេះបានបញ្ចូលជីវិតស្រ្តី ២៥នាក់នាពេលបច្ចុប្បន្ន រួមទាំងអ្នកនាងចាន់ គន្ធា ដែលជាដៃគូនិពន្ធក្នុងសៀវភៅនេះ មកជាតួអង្គនិមិត្តចំនួន ៤រូបផងដែរ។ អ្នកដែលត្រូវបានសម្ភាសន៍ទាំងអស់ សុទ្ធសឹងតែជាអ្នកដែលស្ថិតក្នុងក្រុមគ្រួសារដែលមានជីវភាពមធ្យម ប៉ុន្តែពួកគេមានក្តីសុបិន្តនិងបានធ្វើរឿងរ៉ាវដ៏អស្ចារ្យសម្រាប់ជីវិតរបស់ពួកគេ។ សៀវភៅដែលសរសេរតាមបែបប្រលោមលោកស្តីពីជីវិតពិត រំពឹងថាជាសិល្ប៍វិធីដែលអាចទាក់ទាញអ្នកអាន ឲ្យជក់ចិត្តនិងងាយយល់ ពីបញ្ហានិងដំណោះស្រាយគំរូរបស់តួអង្គនីមួយៗ។
សៀវភៅដែលចាប់ផ្តើមនិពន្ធកាលពីប្រមាណ ៣ឆ្នាំមុន និងទើបតែចាប់ផ្តើមដាក់សម្ពោធនិងបង្ហាញជាផ្លូវការនៅពេលខាងមុខនេះ ជាគំនិតផ្តួចផ្តើមរបស់លោក Menno de Block ដែលបានមកកាន់ប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៤ ដើម្បីបំពេញការងារផ្ទាល់ខ្លួន។ កំឡុងពេលរស់នៅប្រទេសកម្ពុជា អ្នកនិពន្ធរូបនេះចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរឿងរ៉ាវស្រ្តីវ័យក្មេងនៅកម្ពុជា។ លោកបានជជែកជាមួយអ្នកមានតួនាទីសំខាន់ៗជាច្រើនអំពីបញ្ហាស្រ្តីនៅកម្ពុជា ហើយក៏បានទទួលមកវិញនូវភាពភ្ញាក់ផ្អើលជាខ្លាំង ដែលធ្វើឲ្យលោកគិតថា លោកត្រូវតែចងក្រងជាសៀវភៅមួយក្បាល ដើម្បីផ្តល់កម្លាំងចិត្តដល់អ្នកដទៃទៀតតាមរយៈការអាន។ សៀវភៅនេះត្រូវបានចូលរួមនិពន្ធនិងជាតួរអង្គម្នាក់ផងដែរនោះ គឺអ្នកនាង ចាន់ គន្ធា ដែលជាសកម្មជនការពារសិទ្ធិស្រ្តីដ៏មានឥទ្ធិពលមួយរូបក្នុងប្រទេសកម្ពុជា។ អ្នកទាំងពីរមានក្តីសោមនស្សយ៉ាងខ្លាំង ដែលបានចាប់ដៃគ្នាធ្វើការក្នុងគោលបំណងចងក្រងឯកសារដ៏ល្អមួយនេះ ដើម្បីផ្តល់កម្លាំងចិត្តដល់ស្រ្តី ខណៈដែលអ្នកទាំងពីរយល់ថា ឯកសារស្តីពីភាពជាអ្នកដឹកនាំរបស់ស្រ្តីបែបនេះ មានតិចតួចណាស់បើធៀបទៅនឹងឯកសារដែលនិយាយអំពីរបបប្រល័យពូជសាសន៍ ភាពក្រីក្រ បញ្ហានយោបាយជាដើម។
អ្នកនាង ចាន់ គន្ធា
លោក Menno និយាយថា លោកចង់ឲ្យស្រ្តីដែលបានអានសៀវភៅនេះ មានភាពក្លាហានក្នុងការសម្រេចក្តីសុបិន្តរបស់ខ្លួន ហើយព្យាយាមរកវិធីដែលអាចសម្រេចក្តីប្រាថ្នាឲ្យបាន ដើម្បីជំនះនូវអ្វីដែលពួកគេត្រូវបានប្រាប់ថា ពួកគេមិនអាចទៅបាន។ តួយ៉ាងដូចជាសុភាសិតខ្មែរដែលនិយាយថា មុជមិនជ្រៅទៅមិនឆ្ងាយ ដែលតែងប្រើប្រាស់ទៅកាន់អ្នកដែលគ្មានលទ្ធភាព ដើរទៅរកក្តីសុបិន្តរបស់ខ្លួនឲ្យបានសម្រេច។ ការមិនគោរពសិទ្ធិស្រ្តីនៅតែជាបញ្ហាប្រឈមខ្លាំងជាមួយនឹងប្រពៃណី ទំនៀមទំលាប់ខ្មែរ ដែលដាក់គំនាបស្រ្តីឲ្យមានការពិបាក ក្នុងការទាមទារសិទ្ធិឲ្យស្មើនឹងបុរស។ ត្បិតតែការពន្យល់ពីការលើកកម្ពស់ស្រ្តីត្រូវបានធ្វើឡើងយ៉ាងផុសផុលពិតមែន ប៉ុន្តែសកម្មភាពទាំងនោះស្ថិតនៅត្រឹមជាទ្រឹស្តីប៉ុណ្ណោះ។ នៅក្នុងសៀវភៅនេះ អ្នកនិពន្ធទាំងពីររូប បានព្យាយាមទាញយកទ្រឹស្តីនៃសិទ្ធិស្មើគ្នារវាងបុរសនិងស្រ្តី រួមទាំងការឆ្លុះបញ្ចាំងតាមរយៈរឿងរ៉ាវរបស់តួអង្គនីមួយៗ មកបរិយាយ ដើម្បីធ្វើឲ្យអ្នកអានទាំងអស់ងាយស្រួលស្វែងយល់ពីសិទ្ធិស្រ្តី និងភាពជាអ្នកដឹកនាំ។
Mr. Menno de Block
អ្នកនាង ចាន់គន្ធា បានលើកឡើងថា «យើងចង់ផ្លាស់ប្តូរការគិត ព្រោះពេលនិយាយពីភាពជាអ្នកដឹកនាំ គេនិយាយពីតួនាទីធំៗ តែយើងមិនបានគិតដល់ក្មេងស្រីដែលគាត់តស៊ូដើម្បីទទួលបានការរៀនសូត្រ ផ្លាស់ប្តូរផ្នត់គំនិតក្នុងគ្រួសារ ក្នុងសហគមន៍ ក្នុងសង្គម ក៏ជាភាពដឹកនាំមួយដែរ ដូច្នេះទើបក្នុងសៀវភៅនេះ យើងបានលាតត្រដាងទាំងអស់ពីអ្វីទៅដែលហៅថា ភាពជាអ្នកដឹកនាំ»។ ទោះបីសៀវភៅនេះ បានរៀបរាប់ពីជីវិតរបស់ស្រ្តី ប៉ុន្តែមិនមែនតែស្រ្តីក្នុងស្រុកខ្មែរប៉ុណ្ណោះទេដែលអាចអានសៀវភៅមួយក្បាលនេះបាន លោក Menno និយាយថា ស្រ្តីនៅក្រៅប្រទេសក៏មានរឿងរ៉ាវស្រដៀងនឹងស្រ្តីនៅកម្ពុជាដូចគ្នាដែរ ហើយបុរសក៏គួរតែអានដូចគ្នា។ សៀវភៅ Diving Deep, Going Far នឹងត្រូវសម្ពោធជាផ្លូវការនៅថ្ងៃទី ២១ ខែមិថុនាខាងមុខនេះ ហើយនឹងមានដាក់លក់នៅតាមបណ្ណាគារធំៗក្នុងក្រុងភ្នំពេញ ក៏ដូចជាការកុម្ម៉ង់តាមរយៈ Amazon.com ជាសៀវភៅអេឡិចត្រូនិក និងសៀវភៅពុម្ពផងដែរ។ ការបោះពុម្ពផ្សាយលើកទីមួយនេះ មានចំនួន ១០០០ ក្បាល ហើយនឹងរំពឹងថា សៀវភៅដែលកំពុងបកប្រែជាខេមរភាសា នឹងចេញផ្សាយនៅក្នុងខែ សីហាខាងមុខ៕
Article by VA SONYKA