រំឭកជីវប្រវត្តិ និងស្នាដៃសិល្បៈរបស់អ្នកម្នាង អ៊ុក ផល្លា រណឫទ្ធិ អតីតតួឯកអប្សរាសទី៥ របស់កម្ពុជា
NEWS 6 years agoអ៊ុក ផល្លា ជាព្រះនាមដើមរបស់អ្នកម្នាង អ៊ុក ផល្លា រណឫទ្ធិ ព្រះជាយានៃសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ហើយដែលត្រូវបានមហាជនខ្មែរស្គាល់ថាជាអតីតនាដការបាំអប្សរាដ៏មានកេរ្តិ៍ឈ្មោះបោះសម្លេងកាលពីខ្ទង់ ២០ឆ្នាំប្លាយ មុន។ ប្រជាជនខ្មែរទាំងមូលបានភ្ញាក់ផ្អើលរន្ធត់ជាពន់ពេកចំពោះដំណឹងគ្រោះថ្នាក់ចរាចរណ៍មួយត្រង់ចំណុច ភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលបានកើតឡើងកាលពីព្រឹកថ្ងៃអាទិត្យ ទី១៧ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ហើយបណ្តាលឲ្យអ្នកម្នាង ផល្លា រណឫទ្ធិ បានសុគតបាត់បង់ព្រះជន្មាយុគួរឲ្យសោក សង្រេងជាពន់ពេក។ ក្នុងវេលាដ៏ក្រៀមក្រំនៃមរណទុក្ខនេះ ទស្សនាវដ្តីអេឡិចត្រូនិចសូវរីនសូមឆ្លៀតឱកាសនេះគាស់កកាយរំឭកឡើងវិញនូវព្រះរាជជីវប្រវត្តិនិងស្នាព្រះហស្ថដ៏ធំធេងរបស់ទ្រង់ក្នុងវិស័យសិល្បៈរបាំខ្មែរជូនសាធារណជនឲ្យបានជ្រាបដូចតទៅ៖
អតីតតួឯកអប្សរាស អ៊ុក ផល្លា មានឈ្មោះហៅក្រៅថា ស្រីពេជ្រ ប្រសូត្រនៅទីក្រុងភ្នំពេញ ក្នុងឆ្នាំមមែ នៅថ្ងៃ ទី២៧ ខែកក្កដា ឆ្នាំ១៩៧៩ ហើយគិតមកដល់សព្វថ្ងៃនេះអ្នកម្នាងមានជន្មាយុ ៣៩ព្រះវស្សា គិតមកត្រឹមឆ្នាំ២០១៨ នេះ។ បិតាអ្នកម្នាងជាប់សែស្រឡាយ រាជវង្ស “ស៊ីសុវត្ថិ” ឯមាតានាម សុខ ស៊ីដេត សព្វថ្ងៃមានអាយុ៧៥ ឆ្នាំ។ អ្នកម្នាងមានបងប្អូនបង្កើតសរុបចំនួន០៨ នាក់ (ប្រុស២នាក់ ស្រី៦នាក់) ហើយអ្នកម្នាងជាបុត្រទី៥នៅក្នុងគ្រួសារ។ កាលពីកុមារភាព ក្នុងឆ្នាំ១៩៩០ អ្នកម្នាង អ៊ុក ផល្លា បានចូលហាត់រៀនរបាំបុរាណខ្មែរនៅសាលាវិចិត្រសិល្បៈ ដែលមានទីតាំងស្ថិតនៅម្តុំស្តាតចាស់សព្វថ្ងៃ (បច្ចុប្បន្នគ្មាន ទៀតទេ) ។ បើតាមការអះអាងផ្ទាល់របស់មាតាទ្រង់ ដំបូងឡើយអ្នកម្នាងបានហាត់សម្តែងជាតួនាយរោងទេ ប៉ុន្តែដោយ សារតែរូបសម្បតិ្ត គួបផ្សំនឹងទេពកោសល្យផ្នែកសិល្បៈដ៏ ល្អប្រពៃរបស់ទ្រង់ធ្វើឲ្យសម្តេចព្រះរាជបុត្រីព្រះរៀមនរោត្តម បុប្ផាទេវីសព្វព្រះរាជហឫទ័យជាពន់ពេករហូតត្រាស់ បង្គាប់ឲ្យសិល្បការិនី អ៊ុក ផល្លា សម្តែងជាតួអប្សរាសវិញ កាលពីពាក់កណ្តាលទសវត្សរ៍ទី៩០ ក្រោយពេលដែលអ្នកម្នាងត្រឡប់ពីចូលរួមសម្តែងក្នុងកម្មវិធីមួយនៅប្រទេស ជប៉ុន ។ ទ្រង់ក៏ចាប់ផ្តើមមានឈ្មោះបោះសម្លេងល្បីខ្ទរខ្ទារខ្លាំងជាប់ជាតួឯកអប្សរាជំនាន់ទី៥ ប្រទេសកម្ពុជាចាប់តាំង ពីពេលនោះមក។ សូមបញ្ជាក់ថា តួឯកអប្សរាស តំណាងប្រទេសកម្ពុជាដែលល្បីល្បាញមុនអ្នកម្នាង រួមមាន សម្តេច ព្រះរាជបុត្រីព្រះរៀមនរោត្តម បុប្ផាទេវី (តាំងពីដើម ទ.វទី៦០) សិល្បការិនី សេង ស្រីមុំ (ទ.វ.ទី៦០) សិល្បការិនី វ័ន សាវ៉ៃ (ពាក់កណ្តាលទ.វ.ទី៦០ និង ដើមទ.វ.ទី៧០) និង សិល្បការិនី យឹម ទេវី (ទ.វ.ទី៨០) ។ ក្នុងជីវិតជានាដកា អ្នកម្នាងធ្លាប់មានឱកាសចេញទៅសម្តែងតំណាងជាតិនៅតាមបណ្តាប្រទេសនានាទូទាំងពិភពលោក ដូចជា ប្រទេស បារាំង ប្រទេសជប៉ុន និង សហរដ្ឋអាមេរិក ជាដើម។ អ្នកម្នាងមានបុត្រចំនួនពីរព្រះអង្គគឺ ព្រះអង្គម្ចាស់នរោត្តម សុធាឫទ្ធិ និង ព្រះអង្គម្ចាស់ នរោត្តម រណវង្ស ដែលព្រះអង្គទាំងពីរនៅមានព្រះជន្មក្មេងៗនៅឡើយ។
Image courtesy: John Vink
ក្រៅពីជំនាញឯកទេសរបាំអប្សរា និង របាំសុវណ្ណមច្ឆា អ្នកម្នាងក៏ធ្លាប់ចូលរួមសម្តែងជាតួឯកក្នុងខ្សែភាពយន្ត ស្នាព្រះហស្ថមួយរឿងរបស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ គឺរឿង “រាជបុរី” ដែលបានផលិតកាលពីឆ្នាំ២០០១ ដែលមានតួឯកប្រុសគឺលោក ជា សំណាង។ រឿងនោះនិយាយអំពីស្នេហាស្មោះសរវាងនាដការបាំអប្សរាម្នាក់ឈ្មោះ “ផល្លា” និង មគ្គុទ្ទេសក៏ទេសចរនៅតំបន់អង្គរម្នាក់ឈ្មោះ “សំណាង” ព្រមទាំងឆ្លុះបញ្ចាំងអំពីការបង្ក្រាបសកម្មភាព ជួញដូរវត្ថុបុរាណនៃជនទុច្ចរិតបំផ្លាញជាតិ។ នេះជាមត៌កភាពយន្តតែមួយគត់ដែលអ្នកម្នាងបានចូលរួមក្នុងឆាកជីវិត។
លោកសាស្រ្តាចារ្យ ព្រឿង ឈាង ទីប្រឹក្សាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាអតីតសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (ទស្សនាវដ្តីប្រជាប្រិយ ២០០៥) ធ្លាប់មានប្រសាសន៍ថា “បើទោះបីជាអ្នកម្នាង អ៊ុក ផល្លា មានបុត្រក៏ដោយ ក៏នាងនៅតែមានរូបរាងល្វត់ល្វន់សមសួនដដែល ហើយលើសពីនេះគឺនាងនៅតែរក្សាក្បាច់រាំបានល្អដែលពិបាករកអ្នក ប្រដូច...”។
Image courtesy: John Vink
កញ្ញា ចំរើន សុភា និស្សិតរបាំប្រពៃណីជំនាន់ទី១១ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានសម្តែង មរណទុក្ខ ថា “ក្នុងនាមជាសិល្បការិនីម្នាក់ នាងខ្ញុំពិតជាសោកស្តាយមែនទែនចំពោះការបាត់បង់អ្នកម្នាង អ៊ុក ផល្លា ក្នុងជន្មាយុវ័យក្មេងក្នុងគ្រោះថ្នាក់ចរាចរណ៍។ វាជាហេតុការណ៍ដ៏រន្ធត់! (ខ្ញុំ) មិននឹកស្មានថាវាធ្វើឲ្យអ្នកម្នាងបាត់បង់ ជីវិតនោះទេ។ ខ្ញុំសូមឲ្យវិញ្ញាណក្ខ័ន្ធអ្នកម្នាងបានយាងទៅកាន់សុគតិភពកុំបីឃ្លាងឃ្លៀតឡើយ។”
សិល្បការិនីរូបនេះបានបន្តថា ប្រទេសកម្ពុជាបានបាត់បង់វរសិល្បការិនីដ៏ឆ្នើមមួយរូបដែលល្បីល្បាញ ខាងសិល្បៈទម្រង់បុរាណ និង ជានាដកាម្នាក់ដែលតំណាងស្រ្តីខ្មែរ ព្រោះអ្នកម្នាងមានរូបឆោមលោមពណ៌ស្រស់ សោភា គួបផ្សំនឹងភាពទន់ភ្លន់ល្វត់ល្វន់ឥតខ្ចោះក្នុងការសម្តែង។ មិនត្រឹមតែប៉ុននោះ អ្នកម្នាងជានិមិត្តរូបដ៏ធំមួយ ក្នុងប្រវត្តិសិល្បៈរបាំខ្មែរដែលធ្វើឲ្យមហាជនជាតិ និងអន្តរជាតិចាប់អារម្មណ៍ខ្លាំងមកលើរបាំអប្សរា និងជំរុញឲ្យកូនខ្មែរជំនាន់ក្រោយដែលស្រលាញ់វិស័យនេះខិតខំប្រឹងប្រែងហាត់រៀនតាមគម្រូវីរិយភាពរបស់អ្នកម្នាង៕
Article by SRIN SOKMEAN