×

Miss Apsara Barbie ឬ​តុក្កតា២៥​ខេត្ត រាជធានី វេទិកាបង្អួត​ធនធាន និង​ព្រេងនិទាន តាម​រយៈសម្លៀក​បំពាក់​

FASHION & BEAUTY 6 years ago
 
 

          គ្រប់២៥​រាជធានី​ខេត្ត​របស់​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​សុទ្ធ​តែ​មាន​ធនធាន​និង​ព្រេងនិទានដាច់​ដោយ​ឡែកពី​គ្នា។ ដោយ​មើល​ឃើញ​ចំណុច​នេះ និង​ចង់​គាស់កកាយព្រេងនិទាន​ទាំង​នោះ​ទុកជា​ចំណេះដឹង​ផង​នោះ បាន​ជម្រុញ​ឲ្យ​យុវជន​ម្នាក់​​បាន​កែច្នៃ​ព្រេងនិទាន​ទាំង​នោះ​តាម​ទម្រង់​សម្លៀក​បំពាក់ ​ដើម្បី​បង្ហាញ​ដល់​សាធារណៈ​ជន​ក្នុង​កម្មវិធី​ Miss Apsara Barbie ឬ​តុក្កតា២៥ រាជធានី​ខេត្ត។

          តើ​ដំណើរ​ការ​នៃ​ការ​រចនា​ឈុត២៥​រាជធានី​ខេត្ត​ក្នុង​កម្មវិធី​​ប្រកួត​នោះ​ប្រព្រឹត្ត​ទៅ​យ៉ាង​ដូចម្តេច?
          យុវជន ជៀប ស៊ី​បូរ៉ា អាយុ​២៥ឆ្នាំ បាន​និយាយ​ថា «ខ្ញុំ​គឺជា​អ្នក​រចនា​និង​តុប​តែង​សម្លៀក​បំពាក់​សម្រាប់​តុក្កតា​ទាំង​នោះ។ ឆ្នាំ​នេះ​គឺជា​ឆ្នាំ​ទី២​នៃ​ការ​ប្រកួត​ប្រជែង​នេះ។»

ជៀប ស៊ី​បូរ៉ា

          កម្មវិធី​ Miss Apsara Barbie ឬ​តុក្កតា២៥​រាជធានី​ខេត្ត គឺជា​វេទិកា​ប្រកួត​ម៉ូដ​ស្តីពី​ធនធាន និង​ព្រេងនិទាន​របស់​រាជធានី​ខេត្ត​ទាំង​២៥​ដោយ​តុក្កតាជ័រ។ ការ​ប្រកួត​នេះ​ត្រូវ​បាន​ដាក់​ពិន្ទុ​តាម​រយៈការ Like Comment និង Share របស់​សាធារណជន​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក។ ហើយ​ពានរង្វាន់​មាន​ចំនួន​០២គឺ ពានឈុត​តំណាង​ជាតិ និង​ពាន​កញ្ញា​ឯក​ប្រចាំ​ឆ្នាំ (ស្លៀក​ឈុតរាត្រី និង​ម្កុដ)។ កាលពី​ឆ្នាំ​២០១៧ ពានរង្វាន់​កញ្ញា​ឯក​បាន​ទៅ​លើ​ខេត្ត​បាត់​ដំបង។
មូល​ហេតុ ដែល​ជម្រុញ​ឲ្យ​យុវជន​វ័យ ២៥ឆ្នាំ​នេះ​សម្រេច​ចិត្ត​ធ្វើ​តុក្កតាជ័រ​នេះ​ឡើង  ជៀប ស៊ី​បូរ៉ា បាន​ប្រាប់​ថា «ព្រោះ​ចង់​បង្ហាញ​ពីអត្ត​សញ្ញាណ​របស់​រាជធានី​ខេត្ត​នី​មួយៗ​ដល់​យុវជន​ជំនាន់​ក្រោយ​ឱ្យ​បាន​ដឹង។ ចាស់​បុរាណ​ខ្មែរ​ពូកែ​ណាស់។ ពួក​គាត់​បង្កើត​ព្រេងនិទានពី​តំបន់​នី​មួយៗ​ដោយ​យោង​ទៅ​លើ​ធនធាន​ធម្ម​ជាតិ និង​វប្បធម៌​របស់​ប្រជាជន​បាន​យ៉ាង​ល្អ។ លើស​ពី​នេះ​ទៀត ក៏​ដូចជា​ការផ្សព្វ​ផ្សាយ​ពីសក្តានុពល​ទេសចរណ៍​ដែល​មាន​ក្នុង​ខេត្ត​នី​មួយៗ​ផង​ដែរ។ យើង​ដឹង​ហើយ​ថា សម័យ​នេះ​ទំនើប និង​ស៊ី​វិល័យ​យ៉ាង​ណា ដូច្នេះ​ ការ​បញ្រ្ជាប​ចំណេះដឹង​តាម​រយៈការ​កែច្នៃ​សម្លៀក​បំពាក់​គឺជា​ជម្រើស​ដ៏​ល្អ​មួយ​សម្រាប់​ខ្ញុំ​ដែល​ជា​អ្នក​ចូល​ចិត្ត​ការ​ងារ​រចនា​ម៉ូដ​នេះ​ឡើង។»

          បូរ៉ា​បាន​​ចាប់​ផ្តើម​ការ​ងារ​រចនា​ម៉ូដ​នេះ ជិត​០៨ឆ្នាំ (២០១១)មក​ហើយ តែ​បាន​បោះ​បង់​ចោល​០២ឆ្នាំ​ទៅ​វិញ។ រហូត​ដល់​ឆ្នាំ​២០១៣ ទើប​បូរ៉ា​បាន​​ចាប់​ផ្តើម​​ធ្វើ​ឡើង​វិញ។

          ការវិល​ត្រឡប់​មកសារជា​ថ្មី​នេះ បូរ៉ា បន្ត​ថា «ខ្ញុំ​ចង់​ច្នៃ​ឈុត​នានា​ឱ្យ​ប្លែក​ជាង​មុន ព្រោះ​ខ្ញុំ​សម្គាល់​ឃើញ​ថា ឈុត​មួយ​ចំនួន​មាន​រូបរាង​ជាន់​គ្នា និង​មិន​សូវ​ប្លែក។ ហើយ​ស្រប​ពេល មួយ​រយៈ​ចុង​ក្រោយ​នេះ សាធារណជន​ខ្មែរ​តែង​តែ​មាន​គំនិត​មិន​ស្រប​គ្នា​លើ​និយម​ន័យ​របស់​ឈុត​តំណាង​ជាតិ​ដែល​បវរ​កញ្ញា​ខ្មែរ​ពាក់​បង្ហាញ​លើវេទិកា​ប្រកួត​អន្តរជាតិ​​ផង​នោះ ខ្ញុំ​ក៏​សម្រេច​ចិត្ត​ធ្វើ​វាតែ​ម្តង​ទៅ។ និយាយ​នេះ​មិន​មែន​ខ្ញុំ​គិត​ថា អ្នក​ដទៃ​ធ្វើ​មិន​បាន​ល្អ​នោះ​ទេ តែ​នេះ​គឺជា​ការ​សង្កេត​ទូ​ទៅ​របស់​ខ្ញុំ។»

          ភ្ជាប់​នឹង​អំណះអំណាន​ខាង​លើ បូរ៉ា ថា «ឈុត​តំណាង​ជាតិ​មួយ​គួរ​បង្ហាញ​ពីអត្ត​សញ្ញាណ​នៃ​វប្បធម៌​ជាតិ និង​ភាពច្នៃ​ប្រឌិត​ថ្មី​ឱ្យ​បាន​សមរម្យ​បំផុត។ ឧទាហរណ៍ ឈុត​ដែនដី​កសិកម្ម របស់​ខេត្ត​បាត់​ដំបង ខ្ញុំ​បាន​យក​ព្រះ​ប្រពៃស្រព ដែល​ជាអាទិទេព​ខាង​កសិកម្ម និង​កណ្តៀវមកបញ្ចូល​គ្នា​ជា​មួយ​នឹង​ឈុត​ប្រពៃណី។ ពេល​ឃើញ​កណ្តៀវ ច្បាស់​ណាស់ យើង​នឹង​នឹក​ឃើញ​ដល់​ការច្រូត​កាត់​លើវាលស្រែដាច់​កន្ទុយ​ភ្នែក​របស់​ខេត្ត​បាត់​ដំបង​ជាក់​ជា​មិន​ខាន។»
តាម​រយៈឈុត​ទាំង​២៥ ​ដែល​បាន​ផ្សព្វ​ផ្សាយ​នា​ពេល​ថ្មីៗ​នេះ បូរ៉ា បាន​អះអាង​ដោយ​រីក​រាយថា «មតិ​សាធារណជន​៩៨​ភាគរយ​គឺ​ពេញ​ចិត្ត​ម៉ូដ​នៅ​រដូវ​កាលទី២​នេះ​ខ្លាំង​ណាស់ ហើយ មាន​តែ២​ភាគរយ​ទេ ដែល​គាត់​បាន​បញ្ចេញ​មតិ​រិះគន់​ទៅ​លើ​មុខ​មាត់​របស់​តុក្កតាថា​មិន​ដូច​មុខ​ខ្មែរ ពណ៌​សក់​មិន​ខ្មៅ និង​ម៉ូដ​ខ្លះ​ស៊ិច​ស៊ី ឬ​សុភាពពេក ជា​ដើម​។»

          បើ​តាម​បូរ៉ា ការ​រចនា​ឈុត​ទាំង​២៥ នេះ​គឺជា​ជោគ​ជ័យ​ថ្មី​សម្រាប់​ខ្លួន​ដែល​ជា​អ្នក​រៀបចំ​កម្មវិធី និង​រចនា​ម៉ូដ។ តែភ្ជាប់​នឹង​ភាពជោគ​ជ័យ​នេះ បូរ៉ា ថា ខ្លួន​ក៏​ត្រូវ​ពុះពារការ​លំបាក​ជា​ច្រើន​ផង​ដែរ។ បូរ៉ា ថា «ខ្មែរ​គ្មាន​​ផលិត​តុក្កតា​ខ្លួន​ឯង​ទេ។ ដូច្នេះ មុខ ពណ៌​សក់ និង​ពណ៌​រាងកាយ​របស់​តុក្កតា មិន​អាចដូច​ខ្មែរ​បាន​១០០%ទេ។ ខ្ញុំ​លំបាក​រក​ទិញ​ក្រណាត់​ទៅ​តាម​ម៉ូ​ដ​ដែល​​ចង់​ប្រើ។ ហើយ​ការ​កាត់​ដេរ ប៉ាក់ និង​ឌិន ត្រូវ​ប្រើ​ពេល​យូរ ព្រោះ​ជា​របស់​តូចៗ។ លើស​ពី​នេះ​ទៀត ការ​ធ្វើ​ម្កុដ​ក៏​មិន​ងាយ​ស្រួល​ដែរ។ ជួនកាល​មើល​ទៅ​ថា សម តែ​ពេល​ពាក់ ត្រូវ​ធ្វើ​ឡើង​វិញ​ក៏​មាន​ដែរ។  ហើយ​ផល​លំបាក​ធំ​មួយ​ទៀត​នោះ គឺ​បញ្ហា​ថវិកា។ ខ្ញុំ​ចាយ​លុយ​ខ្លួន​ឯង​ទាំង​អស់។ តែ​ព្រោះ​ស្រឡាញ់ ខ្ញុំ​ក៏​ចេះ​តែ​បន្ត​ធ្វើ​រហូត​មក។»    

          សព្វ​ថ្ងៃ បូរ៉ា ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​ឯកជន​មួយ។ ពេល​ទំនេរ បូរ៉ា​ចូល​ចិត្ត​ច្នៃ​ម៉ូដខោអាវ។ ជៀប ស៊ី​បូរ៉ា ក៏​ធ្លាប់​បាន​យកស្នា​ដៃ​របស់​ខ្លួន​តាំង​ពិព័រណ៍​នៅ​តាម​ព្រឹត្តិការណ៍​វប្បធម៌​និង​ម៉ូដខោអាវ​នានា​ផង​ដែរ។ គម្រោង​អនាគត​របស់ បូរ៉ា គឺ​នឹង​បន្ត​ការ​ងារ​រចនា​ម៉ូដ និង​កម្មវិធី​​ប្រកួត​តុក្កតា​នេះ​ជាប់​ជានិច្ច បើ​ទោះ​ជា​ខ្លួន​ត្រូវ​ធ្វើ​វាតែ​ម្នាក់​​ឯង​ទៀត​ក៏​ដោយ។ ហើយ លោក ក៏​បាន​សម្តែង​សុទិដ្ឋិ​និយម​ថា ខ្លួន​ក៏​នឹង​រង់ចាំការ​សហការ​ពី​អ្នក​ស្រឡាញ់​វប្បធម៌ និង​សម្លៀក​បំពាក់​ពី​គ្រប់ទី​កន្លែង​លើ​គម្រោង​ការណ៍​វប្បធម៌​និង​សម្លៀក​បំពាក់​នេះ​ផង​ដែរ។

          កម្មវិធី​ Miss Apsara Barbie នឹង​​ចាប់​ផ្តើម​​ប្រកួត​ពី​ថ្ងៃ​ទី០៧ ខែ​កក្កដា ដល់​ថ្ងៃ​ទី០៧ ខែ​សីហា ឆ្នាំ​២០១៨ ខាង​មុខ​នេះ លើ Facebook Page: Miss Apsara Barbie៕

Article by SVAY LEEMENG


SUGGESTIONS