×

ឡូរ៉ា ម៉ម ជាប់​ពានរង្វាន់​សិល្បៈ​ និង​វប្បធម៌ «ស្រ្តី​នៃ​អនាគត អាស៊ី​អាគ្នេយ៍» ល្បីកក្រើកសារ​ព័ត៌មាន​ថៃ​

NEWS 6 years ago
 
 

          កាលពី​ពេល​ថ្មីៗ​នេះ តារា​ចម្រៀង​កូន​ខ្មែរ​កើត​នៅ​លើ​ទឹក​ដី​អាមេរិក​អង្រួន​ដួង​ចិត្ត​មិត្តៗយុវ​វ័យ​កម្ពុជា ឡូរ៉ា ម៉ម ម្ចាស់​បទ «រាំ​មិន​ឆ្អែតទេ»  ត្រូវ​បាន​សារ​ព័ត៌មាន​ថៃ​មួយ​ដែល​មាន​ឈ្មោះ​ថា ไทยบันเทิง ThaiPBS ចុះ​ផ្សាយ​អំពី​ជីវិត​ការ​ងារ​សិល្បៈ​របស់​នាង ជា​ពិសេស​អំពី​ជោគ​ជ័យ​ដ៏​ត្រចះត្រ​ចង់​នៃ​ការ​ឈ្នះ​ពានរង្វាន់​ផ្នែក​សិល្បៈ​និង​វប្បធម៌ (Arts & Culture Award) ពី​កម្មវិធី «ស្រ្តី​នៃ​អនាគត​អាស៊ី​អាគ្នេយ៍ (WOMEN OF THE FUTURE AWARDS SOUTHEAST ASIA)» ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ប្រទេស​សិង្ហបុរី កាលពី​ខែ​មីនា ឆ្នាំ​២០១៨។

          វីដេអូ​ផ្សាយ​នៃ​សារ​ព័ត៌មាន​ថៃ​នោះ​មាន​រយៈ​ពេល​២​នាទី ក្រោម​ចំណង​ជើង​ថា «អ្នក​ចម្រៀង​ស្រ្តី​កម្ពុជា​បាន ទទួល​ពានរង្វាន់​វប្បធម៌​ក្នុង​នាមជា​អ្នក​ជំរុញ​ឧស្សាហកម្ម​តន្រ្តី» (นักร้องหญิงกัมพูชาได้รับรางวัลในฐานะผู้ผลักดันอุตสาหกรรมเพลง)។ ក្នុង​វីដេអូ​នោះ អ្នក​អាន​ព័ត៌មាន​ជន​ជាតិ​ថៃ​បាន​ស្ញើចសរសើរ​អំពី​ការតស៊ូ​ព្យាយាម​របស់​ឡូរ៉ា ម៉ម ចំពោះ​ការលើ​ក ស្ទួយសិល្បៈ​ចម្រៀង​ដើម ព្រម​ទាំង​ទេពកោសល្យ​នៃ​ការសម្តែង និងការតុប​តែង​កាយ​របស់​នាង​ផង​ដែរ។ ឡូរ៉ា ម៉ម ជា​មនុស្ស​ដែល​មាន​ឥទ្ធិពល​ក្នុង​ឧស្សាហកម្ម​តន្រ្តី​កម្ពុជា​រហូត​ឈាន​ទៅ​ទទួល​បាន​ពានរង្វាន់​ខាង​លើ។  ក្នុង​ឱកាស​នេះ នាង​ក៏​បាន​ឧទ្ទិស​ពានរង្វាន់​លំដាប់​អន្តរជាតិ​ដែល​នាង​ទើប​ទទួល​បាន​នេះ​ទៅ​ដល់​វិញ្ញាណក្ខ័ន្ធតារា​ចម្រៀង​ស្រ្តី​កម្ពុជា​ម្នាក់​ទៀត គឺ​អ្នក​នាង កាក់ ចន្ធី តារា​ចម្រៀង​ស្រីម្នាក់​គត់​ក្នុង​ក្រុម Cambodia Space Project ដែល​ទើប​តែ​ចែក​ឋាន​ដោយ សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​ក្នុង​ទី​ក្រុង​ភ្នំពេញ។

          ម្ចាស់​បទ «រាំ​មិន​ឆ្អែតទេ» រូប​នេះ​បាន​បង្ហាញ​អំពី​ចំណាប់​អារម្មណ៍​ថា «នាង​ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ខ្លាំង ណាស់​ដែល​ស្នា​ដៃ​ទាំង​នេះ​ត្រូវ​បាន​ចែក​ចាយ​យ៉ាង​ទូលំ​ទូលាយ​ទៅ​ដល់​ប្រទេស​ជិត​ខាង​ឲ្យ​អ្នក​ទាំង​អស់​គ្នា​បាន​ស្គាល់​ច្បាស់​អំពី​សមត្ថភាព​របស់​កូន​ខ្មែរ​ដែល​ឈាន​ទៅ​ដល់​កម្រិត​អន្តរជាតិ​បាន។» កញ្ញ​បន្ត​ទៀត​ថា កញ្ញា​សង្ឃឹម​ថា ប្រិយមិត្ត​នឹង​នៅ​តែ​បន្ត​គាំទ្រ​ជារៀង​រហូត ហើយ​កញ្ញា​សន្យាថា​នឹង​នាំ​យក​អ្វី​ដែល​ប្លែកៗ​ និង​ពិសេស​សម្រាប់​អ្នក​ទាំង​អស់គ្នា។

          «រឿង​មួយ​ក្នុង​ចំណោម​ពីរ​ដែល​ទេសចរ​ស្គាល់​អំពី​កម្ពុជា​គឺរបប​ខ្មែរ​ក្រហម។ រឿង​នេះ​បង្ហាញ​អំពី​ការ​បាត់​បង់ ការឈឺ​ចាប់ ភាព​ក្រៀម​ក្រំ និងការបំផ្លិច​បំផ្លាញ។ គ្មាន​​អ្វី​វិជ្ជ​មាន​ទេ​ចំពោះ​រឿង​នេះ​! ដូច​នេះ​ហើយ បាន​ជា​ខ្ញុំ​ចង់​ប្រឆាំង​នឹង​រឿង​នេះ ព្រោះ​កម្ពុជា​យើង​មាន​អ្វីៗ​ផ្សេង​ដែល​ច្រើន​ជាង​នេះ​! »  នេះ​ជា​កត្តា​ចម្បង​ដែល​ជំរុញ​ទឹក​ចិត្ត​កូន​ខ្មែរ រូប​នេះ​ឲ្យ​ប្រឹង​ប្រែង​ឥតឈប់ឈរ​ក្នុង​ការ​ផលិត​បទ​ចម្រៀង​ដែល​និពន្ធ​ដោយ​ខ្លួន​ឯង​មិន​ចម្លងពីគេ​ដើម្បី​​បង្ហាញ​ឲ្យ​ពិភព​លោក​បាន​ស្គាល់​ពី​ប្រទេស​មួយ​នេះ​ក្រៅ​ពី​ប្រាសាទ​អង្គរ​វត្ត និង របបប្រល័យពូជសាសន៍។

          គួរ​បញ្ជាក់​ផង​ដែរ​ថា កម្មវិធី «ពានរង្វាន់​ស្រ្តី​នៃ​អនាគត​អាស៊ី​អាគ្នេយ៍» ជា​កម្មវិធី​​ដែល​ត្រូវ​បាន​រៀបចំ​បង្កើត ឡើង​ដោយ​លោក​ស្រី ភីងឃី លីឡានី (Pinky Lilani) សកម្មជន​សិទ្ធិ​នារី និងសហគ្រិនជន​ជាតិ​ឥណ្ឌា ដែល​មាន​កេរ្តិ៍ ឈ្មោះ​ខាង​ស្ថាបនា​កម្មវិធី​​ប្រកួត​ប្រជែង​ពានរង្វាន់​ជា​ច្រើន​ទាក់​ទង​នឹង​នារី និងបុគ្គល​ដែល​មាន​ឥទ្ធិពល។ វាជា​លើកទី​មួយ​ហើយ​ដែល​កម្មវិធី​​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​សម្រាប់​អាស៊ី​អាគ្នេយ៍ កាលពី​ថ្ងៃ​ទី២០ ខែ​មីនា ឆ្នាំ​២០១៨ ហើយ​បេក្ខ ភាព​ចូល​រួម​គឺជា​ប្រជា​ពលរដ្ឋ​​របស់​ប្រទេស​អាស៊ី​អាគ្នេយ៍​ទាំង​១០ ដែល​ក្នុង​នោះ​រួម​មាន ប្រទេស​កម្ពុជា ប្រទេស​ថៃ ប្រទេស​វៀត​ណាម ប្រទេស​ឡាវ ប្រទេស​មីយ៉ាន់ម៉ា ប្រទេស​ម៉ាឡេ​ស៊ី ប្រទេស​ឥណ្ឌូនេ​ស៊ី ប្រទេស​ព្រុយណេ ប្រទេស​សិង្ហបុរី និងប្រទេស​ហ្វីលីពីន។ ដោយ​ឡែក ប្រទេស​កម្ពុជា​មាន​បេក្ខ​នារី​ចូល​រួម​រហូត​ដល់​ទៅ​១១រូប​តំណាងប្រទេស ប៉ុន្តែ​មាន​តែ​កញ្ញា ឡូរ៉ា ម៉ម តែម្នាក់​គត់​ដែល​ទទួល​បាន​ពានរង្វាន់​ផ្នែក​សិល្បៈ​ និង​វប្បធម៌ ក្នុង​ខណៈ​ពេល ដែល​បេក្ខ​នារី​តំណាង​ប្រទេស​ដទៃ​ទៀត​ពុំ​ទទួល​បាន​ឡើយ៕

Article by SRIN SOKMEAN


SUGGESTIONS