តើប្រិយមិត្តអ្នកអានធ្លាប់គិតទេថា គ្រាប់អង្ករក្រៅពីដាំបាយហូបតើគេអាចយកវាទៅកែច្នៃជាអ្វីផ្សេងទៀតបានដែរឬទេ? បើបានតើគេនឹងយកវាទៅច្នៃជាអ្វីទៅ? ប្រាកដណាស់ គ្រាប់ធញ្ញជាតិឬគ្រាប់អង្ករដែលជាប្រភពសារធាតុចិញ្ចឹមដ៏ចាំបាច់បំផុតរបស់មនុស្សទូទាំងពិភពលោកនេះ ត្រូវបានសិល្បការិនីផ្នែកគំនូរមួយរូបរបស់កម្ពុជាកែច្នៃជាផ្ទាំងរូបភាពយ៉ាងស្រស់សោភា គ្រប់ខ្នាត គ្រប់ទម្រង់ គ្រប់រូបភាព ជាពិសេសរូបប្រាសាទអង្គរវត្ត និងរូបអប្សរាជាដើម ដែលសុទ្ធសឹងជាអត្តសញ្ញាណវប្បធម៌ដ៏ល្អឯករបស់កម្ពុជាលើសាកលលោកនេះ។ តើសិល្បការិនីរូបនេះគឺជានរណា? តើទេពកោសល្យដ៏ពិសេសនោះកើតឡើងក្នុងជីវិតរបស់គាត់បានដោយរបៀបណា?
ស្ថិតក្នុងសម្លៀកបំពាក់បែបប្រពៃណីជនជាតិឥស្លាម អ្នកនាង អ៊ីសាស អេង មានអាយុ ៣១ឆ្នាំកំពុងអង្គុយតម្រៀបគ្រាប់អង្ករជារូបគំនូរតូចល្មមក្នុងតូបរបស់អ្នកនាងក្នុងផ្សាររាត្រីអង្គរ (Angkor Night Market) ដើម្បីដាក់លក់បន្តទៀត។ ដៃកំពុងតម្រៀបគ្រាប់អង្ករលើក្តារតាមគំនូសព្រាងបណ្តើរ អ្នកនាងឆ្លៀតបរិយាយបណ្តើរ ពីមូលហេតុនៃការបង្កើតគំនិតរចនាគ្រាប់អង្ករជាផ្ទាំងគំនូរថា “ខ្ញុំចាប់ផ្តើមឃើញភាពស្រស់ស្អាតរបស់គ្រាប់អង្ករទាំងអស់នេះនៅពេលម្តាយរបស់ខ្ញុំកូរនំបាយត្រៀប។ មើលទៅមានពណ៌លឿង និងសរាបស្មើពាសពេញផ្ទៃថាស ហើយដោយខ្លួនខ្ញុំមានទេពកោសល្យគូរគំនូរលើកែវស្រាប់ផង ដូច្នេះខ្ញុំក៏ចាប់ផ្តើមច្នៃផ្ទាំងគំនូរដោយប្រើគ្រាប់អង្ករតែម្តង។ គ្រាដំបូង ខ្ញុំតម្រៀបរូបផ្កាឈូករ័ត្ន។ ភ្លាមៗនោះ មានអតិថិជនម្នាក់ គាត់សុំទិញវាពីខ្ញុំ។ ខ្ញុំដូចជាអល់អែកដែរ តែក៏សម្រេចចិត្តលក់រូបគំនូរនោះតែម្តង។ ចាប់ពីពេលនោះហើយដែលខ្ញុំមានជំនឿចិត្តថា ខ្ញុំគួរតែចាប់ផ្តើមលើកិច្ចការដំបូងនេះឱ្យបានឆាប់ៗ។” តាមរយៈបុព្វហេតុនេះ អ្នកនាងបានចាប់ផ្តើមសិក្សា និងស្រាវជ្រាវដោយខ្លួនឯងតាមរយៈការសង្កេតនៅព្រឹត្តិការណ៍ពិព័រណ៍សិល្បៈផ្សេងៗទាំងក្រៅប្រទេស និងក្នុងស្រុក ព្រមទាំងការសិក្សាតាមរយៈបណ្តាញសង្គម YouTube ជាដើម។ បន្ទាប់មក អ្នកនាងក៏ចាប់ផ្តើមសាកល្បងរៀបរូបគំនូរនោះ និងធ្វើតេស្តគុណភាពគ្រាប់អង្ករបើគិតជារយៈពេលប្រហែលជា០៥ឆ្នាំ មុននឹងអ្នកនាងសម្រេចចិត្តច្បាស់លាស់បង្កើតអាជីវកម្មនេះ ដើម្បីប្រកួតប្រជែង និងផ្សព្វផ្សាយពីស្នាដៃរបស់អ្នកនាងលើទីផ្សារសិល្បៈក្នុងខេត្តសៀមរាបរហូតមកដល់បច្ចុប្បន្ន។ ការប្រើប្រាស់រយៈពេលដល់ទៅប្រាំឆ្នាំដើម្បីស្រាវជ្រាវ និងធ្វើតេស្តគុណភាពនេះត្រូវបានអ្នកនាងពន្យល់ថា “ជាធម្មតា គ្រាប់អង្កររក្សាទុកបានតែ១៥ថ្ងៃប៉ុណ្ណោះ។ បើគ្មានបច្ចេកទេសឬថ្នាំថែរក្សាគ្រាប់អង្ករនោះទេ សត្វល្អិតនឹងស៊ីគ្រាប់អង្ករទាំងនោះ ដូច្នេះ ខ្ញុំត្រូវចំណាយពេលធ្វើតេស្ត និងរកវិធីរក្សាគ្រាប់អង្ករទាំងនោះឱ្យបានយូរតាមដែលអាចធ្វើទៅបាន។”
គ្រាប់អង្ករដែលត្រូវយកមកតម្រៀបជាផ្ទាំងរូបភាពនោះភាគច្រើនជាប្រភេទគ្រាប់អង្ករនាងមិញ ផ្កាម្លិះ អង្ករដំណើបស និងខ្មៅ ជាដើម ព្រោះពួកវាមានទំហំធំហើយវែងជាងប្រភេទគ្រាប់ពូជអង្ករផ្សេងទៀត។ អ្នកនាងក៏បានបង្ហើបប្រាប់ពីវិធីធ្វើគំនូរនោះថា ជាដំបូងត្រូវយកគ្រាប់អង្ករទាំងនោះទៅលាយនឹងថ្នាំម្យ៉ាងមុននឹងយកវាទៅលីង ដើម្បីបានអង្ករដែលមាន៣៦ពណ៌ផ្សេងៗពីគ្នា។ ក្រៅពីបង្កើតពណ៌លើគ្រាប់អង្ករទាំងនោះ វិធីសាស្រ្តនេះជួយឱ្យគ្រាប់អង្ករឆ្អិនហើយអាចការពារកុំឲ្យមានសត្វល្អិតកាត់ ឬស៊ីដើម្បីរក្សាគុណភាពផ្ទាំងរូបភាពឱ្យបានល្អបំផុត។
“ពេលខ្លះទេពកោសល្យត្រូវការពេលវេលាដើម្បីដុសខាត់វា។”
បន្ទាប់ទទួលបានគ្រាប់អង្ករគ្រប់៣៦ពណ៌នោះហើយ គឺត្រូវយកគ្រាប់អង្ករពណ៌ទាំងនោះមកបិទទៅតាមគំនូរព្រាងនៅលើក្តារឈើ។ ដំណាក់កាលនេះចំណាយពេលប្រហែល៨ម៉ោង ឬ៣ថ្ងៃ ទៅតាមទំហំ និងប្រភេទនៃផ្ទាំងរូបភាពទាំងនោះ មុននឹងយកទៅដាក់ហាលថ្ងៃដែលជាដំណាក់កាលចុងក្រោយបង្អស់នៃការផលិតផ្ទាំងរូបភាពពីគ្រាប់អង្ករនេះ។ តាមរយៈការរៀបរាប់នេះ អ្នកនាង អ៊ីសាស អេង អះអាងថា “ការងារនេះត្រូវចំណាយពេលច្រើន ត្រូវចេះអត់ធ្មត់ ផ្ចិតផ្ចង់ និងព្យាយាមជាប់ជានិច្ច ទើបអាចសម្រិតសម្រាំងផ្ទាំងរូបភាពនីមួយៗឱ្យបានប្រណិតបំផុត ដូច្នេះ ខ្ញុំមិនដែលធ្វេសប្រហែសឡើយ។”
ជាលទ្ធផល ការចំណាយពេលយូរក្នុងការផលិតមិននាំឱ្យអ្នកនាង អ៊ីសាស អេង ខកបំណងឡើយ។ ផ្ទាំងរូបភាពគ្រាប់អង្ករស្ទើតែទាំងអស់របស់គាត់ទទួលបានការកោតសរសើរយ៉ាងគគ្រឹកគគ្រេងពីភ្ញៀវទេសចរណ៍អន្តរជាតិ ប្រជាជនកម្ពុជា និងជាពិសេសពីសំណាក់អ្នកសារព័ត៌មានគ្រប់សណ្ឋានទូទាំងប្រទេសចុះផ្សាយពីស្នាដៃរបស់អ្នកនាងមកជាហូរហែទៀតផង។ វាគឺជាផលតបស្នងដ៏ល្អមួយសម្រាប់សិល្បការិនីរូបនេះ។ យ៉ាងណាមិញ ផ្ទាំងរូបភាពទាំងនោះមានតម្លៃប្រែប្រួលទៅតាមទំហំ និងរចនាបថរបស់វា។ ទំហំខ្នាតតូចបំផុត (១២ស.ម x ១៧ស.ម) តម្លៃចាប់ពី ១០ដុល្លារ ទៅ ១២ដុល្លារ ហើយប្រើពេលធ្វើអស់ ៨ម៉ោង។ ចំណែកទំហំ ២០x៣០ និងទំហំ ២០x៤០ មានតម្លៃចាប់ពី២៥ដុល្លារ ទៅ ៥០ដុល្លារ ហើយប្រើពេលផលិតប្រហែល៣ថ្ងៃទៅមួយអាទិត្យ។
ទន្ទឹមនឹងភាពរីកចម្រើនលើស្នាដៃសិល្បៈនេះអ្នកនាងក៏បានប្រាប់ពីផលលំបាកមួយចំនួនដែលបានលេចឡើងក្នុងអាជីវកម្មរបស់អ្នកនាងផងដែរ។ ទី១គឺ ប្រជាជនកម្ពុជាភាគច្រើនហាក់ពុំសូវឱ្យតម្លៃលើវត្ថុសិល្បៈបែបនេះឡើយ ហើយតែងតែតថ្លៃ និងនិយាយថា ផ្ទាំងរូបភាពទាំងនោះមានតម្លៃថ្លៃពេកជាដើម។ ទី២ ផ្ទាំងរូបភាពគ្រាប់អង្ករអាចបិទតែលើឈើតែប៉ុណ្ណោះនាពេលបច្ចុប្បន្ននេះ ដែលធ្វើឱ្យរូបភាពមានទម្ងន់ធ្ងន់ លំបាកដឹកជញ្ជូន និងត្រូវចំណាយថ្លៃលើវត្ថុធាតុដើមក្នុងការផលិតអស់ច្រើន។ បើទោះបីជាយ៉ាងនេះក្តីក៏អ្នកនាងតែងតែព្យាយាមពន្យល់ទៅកាន់អតិថិនជនដែលគាត់មិនទាន់បានស្វែងយល់ច្បាស់ពីតម្លៃនៃស្នាដៃសិល្បៈបែបនេះ ហើយពួកគាត់ក៏បានផ្លាស់ប្តូរការគិតរបស់គាត់ និងជួយជាវផ្ទាំងរូបភាពណាមួយដែលគាត់អាចមានលទ្ធភាពទិញបាន។ ហើយនាពេលសព្វថ្ងៃនេះ អ្នកនាងក៏បានបន្តស្រាវជ្រាវបច្ចេកទេសបន្ថែមដើម្បីធ្វើយ៉ាងណាអាចបិទគ្រាប់អង្ករលើក្រដាសឬក្រណាត់ដូចលើឈើបានដែរ។
“ផ្ទាំងរូបភាពឬគំនូរគ្រាប់អង្ករត្រូវប្រើពេលយូរផ្ចិតផ្ចង់ និងអន់ធ្មត់បំផុត ទើបអាចបិទបានល្អ!”
បច្ចុប្បន្នអ្នកនាង អ៊ីសាស អេង កំពុងបណ្ដុះបណ្ដាលក្មេងប្រុសស្រី និងស្រ្តីមេម៉ាយមួយចំនួនដែលចាប់អារម្មណ៍លើជំនាញនេះនៅផ្ទះរបស់អ្នកនាង ហើយនៅថ្ងៃអនាគតប្រសិនបើមានលទ្ធភាពអ្នកនាងនឹងបើកមជ្ឈមណ្ឌលមួយសម្រាប់បណ្តុះបណ្តាលលើផ្នែកនេះឱ្យបានទូលំទូលាយជាងមុន។ អ្នកនាងមានជំនឿចិត្តថា កិច្ចការរបស់អ្នកនាងបានជួយសម្រួលដល់ជីវភាពគ្រួសាររបស់កុមារ និងស្ត្រីមេម៉ាយទាំងនោះបានមួយផ្នែក។ លើសពីនេះទៀត វាក៏បានជួយបង្កើតការងារសម្រាប់ប្រជាជនក្នុងសហគមន៍ផងដែរ។ ម្យ៉ាងវាក៏ជាក្តីស្រមៃដែលអ្នកនាង ចង់ជួយសង្គម ក្មេងៗ និងប្រជាជននៅក្នុងសហគមន៍របស់អ្នកនាងនៅលើទឹកដីទេសចរណ៍ដ៏បវររបស់ព្រះរាជាណាចក្រកម្ពុជាមួយនេះ។ ផ្ទាំងរូបភាពផលិតពីគ្រាប់អង្ករទាំងនោះមានលក់តែនៅក្នុងខេត្តសៀមរាបតែប៉ុណ្ណោះដែលទីតាំងទី១នៅផ្សារអង្គររាត្រី និងទី២ នៅផ្សារ Arts Centre Market។ អ្នកនាងក៏មានបំណងចង់ពង្រីកទីផ្សារលក់ទៅក្រៅប្រទេសផងដែរ ព្រោះអ្នកនាងតែងតែទទួលបានការកុម្ម៉ង់ពីទីផ្សារនៅក្រៅស្រុកយ៉ាងច្រើន ប៉ុន្តែដោយសារផ្ទាំងរូបភាពគ្រាប់អង្ករទាំងនោះទាមទារឲ្យមានបច្ចេកទេសក្នុងការវេចខ្ចប់ និងដឹកជញ្ជូនត្រឹមត្រូវទើបអ្នកនាងតែងតែបាត់បង់ឱកាសនោះជានិច្ច។ អ្នកនាង អ៊ីសាស អេង បញ្ជាក់ថា “ខ្ញុំអាចរចនារូបភាពទៅតាមការកុម្ម៉ង់របស់អតិថិជនគ្រប់ប្រភេទទាំងអស់ ហើយសព្វថ្ងៃនេះ រូបភាពដែលភ្ញៀវកុម្ម៉ង់ ច្រើនជារូបថតជុំក្រុមគ្រួសារ និងរូបទេសភាពប្រាសាទអង្គរ អប្សរា និងប្រាសាទបាយ័នជាដើម”៕
Article by SVAY LEEMENG