×

គំនូរ​លើ​អាវយឺត​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ទឹក​ដីអង្គរ​

NEWS 6 years ago
 
 

          គំនូរ គឺ​ជា​ផ្នែក​មួយ​នៃ​សិល្បៈ​ ដែល​កើត​ចេញ​ពី​ការ​ស្រមើស្រមៃ​រួម​បញ្ចូល​នូវ​សេចក្តី​ស្រឡាញ់​ ការ​គូស​វាស​យ៉ាង​យក​ចិត្ត​ទុក​ដាក់​  និង​ផ្ចិតផ្ចង់​បំផុត​ក្រោម​ថ្វី​ដៃ​វិចិត្រករ​ ដើម្បី​ធ្វើ​យ៉ាង​ណា​រំលេច​បាន​ជា​សមិទ្ធផល​រូបភាព​មួយ​ដែល​ស្រស់​ស្អាត​ និង​ ប្លែក ឬ​មាន​តែមួយ​គ្មាន​ពីរ​។ ដោយ​សារ​តែ​ការ​សម្រិត​សម្រាំង​បែប​នេះ​ ទើបបច្ចុប្បន្ន សិល្បៈ​គំនូរ​ ត្រូវ​បាន​គេ​ឲ្យតម្លៃ​សម្បើម​ជា​ជាង​រូបភាព​ថត​ដោយ​ម៉ាស៊ីនកាមេរ៉ា​  ពិសេស​រូប​គំនូរ​ហាក់​មាន​ទីផ្សារ​ខ្ពស់​អាច​ដាក់​លក់​បាន​ក្នុង​តម្លៃ​ចាប់​ពី​ខ្ទង់​រយ​ដុល្លារ​រហូត​ដល់​ពាន់ដុល្លារ​ឬអាច​ដល់​ម៉ឺនដុល្លារ​អាស្រ័យ​ទៅ​តាម​ទំហំ​ផ្ទាំង​ក៏​ដូចជា​ប្រភេទ​គំនូរ​។ ទន្ទឹម​នឹង​ការ​លើក​ស្ទួយ​ស្នាដៃ​វិចិត្រករ​នៅ​ក្នុង​ប្រទេស​យើង​ និង​ដើម្បី​លាតត្រដាង​ទៅ​ដល់​ឆាក​អន្តរជាតិ​ផង​ដែរ​នោះ​  សូវរីន សូម​នាំ​អារម្មណ៍​ប្រិយមិត្ត​អ្នក​អាន​ទាំងអស់​ មកស្គាល់​ពី​ស្នាដៃ​គំនូរ​ដ៏​រស់រវើក​ ពីវិចិត្រករ​ចំណាន​ម្នាក់​ ដែល​កំពុង​តែ​ទទួល​ភាព​ល្បីល្បាញ​នៅ​លើ​ទឹក​ដី​អង្គរ​នៃ​យើង​។

          ព្រហ្ម ពន្លឺ ស្ថិតក្នុងវ័យ ២៥ឆ្នាំ និង​ជា​វិចិត្រករ​ដៃឯក​ម្នាក់​ដែល​កំពុងតែ​ទទួល​បាន​ការ​គាំទ្រ​ស្នាដៃ​គំនូរ​របស់​លោក​ ពី​សំណាក់​ភ្ញៀវជាតិ​ និង​អន្តរជាតិ​ជាច្រើន​ ហើយ​មក​ដល់​សព្វ​ថ្ងៃនេះ​  លោក​ក៏​កំពុងតែ​ដំណើរ​ការ​ អាជីវកម្ម​ហាងលក់​គំនូរ​ និង​វត្ថុ​អនុស្សាវរីយ​ ក្រោម​ស្លាក​យីហោ​ LyLy Art Gallery និង LyLy Shop ស្ថិត​នៅ​ក្នុង​ផ្សារ​រាត្រី​លើ​ទឹកដី​អច្ឆរិយៈ​អង្គរ​នេះ​ផងដែរ​។ យើង​ធ្លាប់តែ​បាន​ដឹង​និង​បាន​ឃើញ​នូវ​ការ​ព្រីនរូប​នៅ​លើ​អាវយឺត​ដោយ​ម៉ាស៊ីន​ ក៏ប៉ុន្តែ​វិចិត្រករ ​ព្រហ្ម ពន្លឺ បាន​បង្កើត​ស្នាដៃ​ថ្មី​ខុស​សព្វ​មួយដង​មួយ​ទៀត​ដោយ​ងាកមក​គូរគំនូរ​នៅ​លើ​អាវយឺត​ម្តង ដោយ​រំលេច​នូវ​សិល្បៈ​ទាក់ទាញ​ប្លែក​មួយ​បែប​។ ខណៈ​ពេល​កំពុង​កាន់​ជក់គូស​វាស​ចេញ​ជា​រូបរាង​នៅ​លើ​អាវបណ្តើរៗ​ វិចិត្រករ​ដៃឯក​មួយ​រូបនេះ​ បាន​រៀបរាប់​បន្ថែម​ទៀត​ថា​ អាវយឺតនេះ គឺ​បង្កើត​ឡើង​ដោយ​ស្នាដៃ​របស់​លោក​ផ្ទាល់​  ហើយ​ក្នុងនោះ​ លោក​ក៏​សម្គាល់​ឃើញ​ថា​ ក្នុង​យុគ​សម័យ​ដ៏សំបូរ​បែប​នេះ​ យុវជន​ភាគច្រើន​និយម​ចូលចិត្ត​ពាក់​អាវយឺត​ជា​ជាង​អាវ​សាច់​ក្រណាត់​ ដែល​ប្រៀប​បាន​នឹង​សិល្បៈ​មួយ​នៃ​ការ​តុបតែង​ខ្លួន​ ឲ្យ​ទទួល​បាន​ភាព​ទាក់ទាញ​ទៀតផង​។  តួយ៉ាង អ្នក​ខ្លះ ​ចូលចិត្ត​សិល្បៈ​សាក់រូប​នៅ​លើដង​ខ្លួន​ជា​ដើម​។ ជា​មួយគ្នា​នេះ​ដែរ​ លោក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ ទៅ​លើ​របៀបនៃ​ គំនូរ​នេះ​ឡើង​ គឺវា​មិនមែន​ជា​ភាព​ងាយស្រួល​ប៉ុន្មាន​នោះទេ​ ព្រោះ​គំនូរ​គូស​វាស​ប្រើ​ទឹកថ្នាំ​នៅ​លើ​អាវយឺត​ត្រូវ​ប្រាកដ​ និង​ធានា​នូវ​គុណភាព​ខ្ពស់​  ពោល​បើ​ទោះ​បោកគក់​ដោយដៃ​ ឬម៉ាស៊ីន ក៏​មិន​មាន​ការ​ព្រួយបារម្ភ​រលុប​រូបភាព​ឡើយ។ «សម្រាប់​អាវយឺត​មួយ​គឺ​មាន​តែ​មួយរូប​ប៉ុណ្ណោះ ​ពី​ព្រោះ​ខ្ញុំ​ចង់​ធ្វើអ្វី​មួយ​ដែល​ Unique ឬ​មាន​តែ​មួយ​គ្មានពីរ​ និង​ជា​របស់​ផ្ទាល់ខ្លួន​»។

Image Courtesy: LyLy Art Gallery

          ងាក​មក​ដំណើរ​ជីវិត​មុន​ក្លាយ​ជាវិចិត្រករ​គំនូរ​ដ៏​ចំណាន​ លោក ព្រហ្ម ពន្លឺ បាន​ចាប់​ផ្តើម​ក្រេប​ជញ្ជក់​ចំណេះដឹង​គូរ​រូបតាំង​ពី​នៅវ័យ​ ១៥ ឆ្នាំ ដោយ​សុំចូល​សិក្សា​តាមរយៈ​សាលា​អង្គការ​មួយ​នៅ​ក្នុង​ក្រុង​សៀមរាប​។ ហេតុ​តែ​ឧបនិស្ស័យ​ចូលចិត្ត​ផ្នែក​គំនូរ​គួប​ផ្សំនឹង​ទេព្យ​កោសល្យ​ពី​កំណើត​ស្រាប់​ ការ​ចាប់​ជំនាញ​គំនូរ​មួយនេះ​ គឺ​ផ្តើម​ចេញ​ពី​ភាព​អត់ធ្មត់​ខ្ពស់​ និង​ការ​តស៊ូព្យាយាម​ ហើយ​ចំណុច​ទាំងអស់​នេះ​ទៀត​សោត​ ក៏​មិនមែន​ជា​ផលវិបាក​សម្រាប់​លោក​ឡើយ​ ផ្ទុយ​មកវិញ​លោក​ថែម​ទាំង​រៀន​ឆាប់​ចាប់​បាន​ក្នុងរយៈ​ពេល​ដ៏ខ្លី​ និង​ក្លាយ​ជា​គ្រូ​បង្រៀន​គំនូរ​ដ៏​ជំនាញម្នាក់​ ។ ជាក់​ស្តែង​ក្រោយ​សិក្សា​បាន​ប្រមាណ​ប្រាំឆ្នាំ​ លោក​បាន​ក្លាយ​ជាគ្រូ​បង្រៀន​នៅ​សាលា​អង្គការ​ដដែល​ និង​ចាប់​ផ្តើម​បង្រៀន​សិស្ស​នៅ​តាម​បណ្តា​សាលារដ្ឋ​នានា​ ដើម្បី​ចែក​រំលែក​នូវ​ចំណេះដឹង​ដល់​សិស្សានុសិស្ស​ដែល​ស្រឡាញ់​សិល្បៈ​គំនូរនេះ​ ។  ក្នុង​នាម​ជា​ស្ថាបនិក​ និង​ជា​គ្រូ​បង្រៀន​គំនូរផ្នែក​សិល្បៈ​ វិចិត្រករ ព្រហ្ម ពន្លឺ បាន​លើក​ឡើង​ថា​ «ការ​ចែក​រំលែក​បទ​ពិសោធន៍​ គឺ​ជា​រឿង​មួយ​ដ៏ល្អ​ចំពោះ​សង្គម​ ពីព្រោះ​ខ្ញុំ​ចង់​បណ្តុះបណ្តាល​ក្មេងៗ​ជំនាន់​ក្រោយ​ឲ្យ​យល់ដឹង​ និង​ស្គាល់​អំ​ពី​តម្លៃ​នៃសិល្បៈ​ខ្មែរ​ថា​សិល្បៈ​គំនូរ​ខ្មែរ​យើង​គឺ​មិនចាញ់​បរទេស​ឡើយ​»។  លើស​ពី​នេះ​លោក​រមែង​ជំរុញ​ទឹកចិត្ត​ឲ្យ​ពួកគេ​ បង្កើត​នូវ​អ្វី​ដែល​ថ្មី​ហើយ​ប្លែក​ និង​ជា​គំនិត​ផ្ទាល់ខ្លួន​ដើម្បី​កសាង​ស្នាដៃ​ក៏​ដូច​ជា​កេរ្តិ៍ឈ្មោះ​សិល្បៈខ្មែរ​ឲ្យ​រីក​ចម្រើន​ល្បីល្បាញ​ទៅ​កាន់​ទី​ផ្សារ​ពិភពលោក​។

          ក្រៅ​ពី​បង្កើត​គំនូរ​លើ​អាយឺត​ដែល​ជា​សមិទ្ធផល​ថ្មី​សម្រាប់​អាជីវកម្ម​របស់​ខ្លួន​ហើយ​ ស្ថាប​និក​គំនូរ​វ័យក្មេង​ លោក ព្រហ្ម ពន្លឺ ក៏​បាន​បង្កើត​សិល្បៈ​គំនូរ​គូរទៅ​លើវត្ថុ​ប្រើប្រាស់​ផ្សេងៗ​ដូចជា​ កែវ​ទឹកតូចៗ​ កែវកាហ្វេ  នៅ​លើចាន​ ពិសេស​គូរ​នៅ​លើ​បាវ​ក្រចៅ​ជាដើម​។ មួយ​វិញ​ទៀត​ មូលហេតុ​ដែល​បង្កើត​ស្នាដៃ​គំនូរ​ទាំង​នេះ​ឡើង​ គឺ​រាប់​បញ្ចូល​ទាំង​ការ​គូរគំនូរ​នៅ​លើ​អាវយឺត​ ដោយ​សារ​ការ​គូរ​ផ្ទាល់ដៃ​គឺ​មាន​លក្ខណៈ​ទាក់ទាញ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​ការ​ប្រើម៉ាស៊ីន​បោះពុម្ព​។ នៅហាង​របស់​លោក​ក្រៅ​ពី​មាន​លក់​វត្ថុ​អនុស្សាវរីយ៍​ ក្នុង​នោះ​ក៏​មាន​បង្រៀន​គូរ​គំនូរ​ទៅ​កាន់​ភ្ញៀវ​ទេសចរ​ផងដែរ​ «ខ្ញុំ​ចង់​ឲ្យ​ភ្ញៀវ​មក​កម្សាន្ត​ទី​នេះ​ទទួល​បាន​ភាព​សប្បាយ​រីករាយ​ និង​បង្ហាញ​ពី​សិល្បៈ​ជីវិត​ដែល​ពួក​គាត់​បាន​ធ្វើ​នៅ​ទីនេះ​»។ ដើម្បី​លើក​កម្ពស់​ស្នាដៃ​វិចិត្រករ​ខ្មែរ​ រៀងរាល់​មួយ​ខែ​ឬ​ពីរ​ខែម្តង​ លោក​តែង​បង្កើត​ការ​តាំង​ពិព័រណ៍​នៅ​ហាង​របស់​លោក​ផ្ទាល់​ដោយ​វិចិត្រករ​គ្រប់​រូប​អាច​យក​រូបភាព​ឬស្នាដៃ​សិល្បៈប្លែកៗ​របស់​ខ្លួន​ចូល​រួម​តាំង​បង្ហាញ​ដើម្បី​បង្អួត​ភ្នែក​ភ្ញៀវ​ទេសចរ។

Image Courtesy: LyLy Art Gallery

          ចុងក្រោយ ក្នុង​នាម​លោក​ជាវិចិត្រករ​ និង​ជា​ធនធាន​មនុស្ស​ម្នាក់​ដែល​បាន​ចូលរួម​ចំណែក​អភិវឌ្ឍន៍​ដល់​វិស័យ​សិល្បៈ​បែប​គំនូរ​ដៃនេះ​ លោក ក៏បានបង្ហើប​ពី​មតិផ្តាំ​ផ្ញើរខ្លះៗ​ដល់​ប្រជាជនខ្មែរ​គ្រប់រូប​  សូម​ជួយ​លើក​តម្កើង​សិល្បៈ​ខ្មែរ​ឲ្យ​បាន​ច្រើន​ និង​គាំទ្រ​អ្វី​ដែល​ជា​ផលិតផល​របស់​ខ្មែរ​ពិតៗ​ រួម​ផ្សំ​នឹង​ការចែក​រំលែក​ទៅ​តាម រយៈ​បណ្តាញ​ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា​មួយ​ឲ្យកាន់​តែ​ច្រើន​ ឲ្យ​ដូច​ពាក្យ​បីម៉ាត់ថា​«ខ្មែរតែមួយ» ។ នេះ​ហើយ​ ដែល​ជា​កម្លាំង​ចលករ​មួយ​ជ្រុង​តូច​ ដែល​អាច​រុញ​ច្រាន​ឲ្យសិល្បៈ​ខ្មែរ​របស់​យើង​ អាច​មាន​ឱកាស​បង្ហាញ​ខ្លួន​ទៅ​ក្នុង​ឆាកអន្តរជាតិ​បាន​យ៉ាង​ល្អ​ប្រសើរ​ ដែល​ក្នុង​នោះ​ វិចិត្រករ​គ្រប់រូប​ ក៏​គួរតែ​ចែក​រំលែក​បទ​ពិសោធន៍​ទៅ​កាន់​យុវជន​ជំនាន់​ក្រោយៗ​បន្ត​។  ជាក់ស្តែង​ ដូចជា​រូបលោក​ ផ្ទាល់ លោក​បើក​ទូលាយ​ក្នុង​ការ​បង្រៀន​សិស្ស​ផ្នែក​សិល្បៈ​គំនូរ​ដោយ​ឥតគិតថ្លៃ​ និង​បង្រៀន​គ្រប់គ្រឹះ​គ្រប់គន្លឹះ​ដោយ​មិន​លាក់​លៀម​ ព្រោះ​លោក​ជឿជាក់​ថា​ស្នាដៃ​ក៏​ដូច​ជា​បទពិសោធន៍​ទាំងនេះ​ គឺ​ជាស្នូល​ដ៏​សំខាន់​សម្រាប់​ផ្តល់​ជាពុទ្ធិ​ដល់​ខ្មែរ​ជំនាន់ក្រោយ​យក​ទៅ​អភិវឌ្ឍសិល្បៈ​ខ្មែរ​មាន​ភាព​រីក​ចម្រើន​ទាំង​ពេល​បច្ចុប្បន្ន​ និង​អនាគត​៕   

Article by HEM SOKKHIM


SUGGESTIONS