នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះព្រឹត្តិការណ៍ដ៏គួរឲ្យចាប់អារម្មណ៍«៤០ គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រ» ដែលជាបេសកកម្មដើរលើផ្លូវចម្ងាយ៤០គីឡូម៉ែត្រ ដែលនឹងប្រពឹត្តិទៅនៅថ្ងៃទី ២៩ ខែ វិច្ឆិកា ដល់ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០១៨ នៅក្នុងបរិវេណស្រុកស្នួលនៃខេត្តក្រចេះនឹងឈានចូលមកដល់។ ក្នុងនោះយើងសង្កេតឃើញថាព្រឹត្តិការណ៍នេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់យុវជនយុវនារីខ្មែរ ជាក់ស្តែងកាលពីរសៀលថ្ងៃទី៩ ខែវិច្ឆិកានេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានរៀបចំនូវការជួបជុំពិភាក្សាគ្នាអំពីគម្រោងរៀបចំកម្មវិធី និងបានបង្ហើបពីចំនួនបេក្ខជនចូលរួមមានរហូតដល់ទៅ ១០០០ពាន់នាក់។
នៅក្នុងជំនួបពិភាក្សានេះផងដែរ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមទាំងក្រុមការងារ បានចូលរួមជម្រុញ និងលើកទឹកចិត្តដល់បេក្ខជនទាំងអស់ឲ្យចេះតស៊ូក៏ដូចជារួមសាមគ្គីគ្នាជាក្រុមដើម្បីសម្រេចនូវគោលដៅរបស់ក្រុមរៀងៗខ្លួន។ លើសពីនេះ មានការចូលរួមត្រួសត្រាយបង្ហាញទិសពីគ្រូបង្វឹក ពិសេសក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានពន្យល់ណែនាំយ៉ាងក្បោះក្បាយអំពីការថែរក្សាសុខភាព និងការជ្រើសរើសសម្ភារត្រឹមត្រូវក្នុងការធ្វើដំណើរផងដែរ។
គួរបញ្ជាក់ផងដែរថា ចំនួនបេក្ខជនចូលរួមទាំងអស់នឹងត្រូវបែងចែកជាក្រុម ដោយក្នុងក្រុមនីមួយៗមានគ្នា ៤០នាក់ ក្នុងនោះរាប់បញ្ចូលទំាង ប្រធានក្រុម ១នាក់ អនុប្រធាន ១នាក់ ជំនួយការ ១នាក់ ប្រជាការពារមូលដ្ឋាន១នាក់ ក្រុមការងារសន្តិសុខ ២នាក់ និងក្រុមការងារពេទ្យ ២នាក់។ ដើម្បីឲ្យបេក្ខជនមានសមត្ថភាពគ្រប់គ្រាន់ គ្រូបង្វឹកនឹងចាប់ផ្តើមហ្វឹកហាត់បេក្ខជនទាំងអស់ដើរសមចាប់ពីថ្ងៃទី ១០ខែវិច្ឆិកានេះតទៅ។
គួររំឭកផងដែរថា ព្រឹត្តិការណ៍ «៤០ គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រ»ធ្វើឡើងក្នុងគោលបំណងជំរុញយុវជន និងយុវនារី ទាំងអស់ចេះមានសាមគ្គីភាពជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ស្វែងយល់ពីសមត្ថភាពរបស់ខ្លួន ក៏ដូចជាកម្រិតនៃការតស៊ូ ភាពអត់ធ្មត់ និងដោះស្រាយបញ្ហាជាក់ស្តែងដែលមានចំពោះមុខ៕
Article by PAN SIVLY