សិល្បករមួយរូបបង្កើត រចនាប័ទ្មកុលាលភាជន៍ថ្មី ដើម្បីបង្កើតនូវអ្វីដែលថ្មីនិងជំរុញឲ្យមានភាពច្នៃប្រតិដ្ឋ
NEWS 5 years agoកុលាលភាជន៍ ត្រូវបានគេដឹងថា ជាគ្រឿងដែលធ្វើឡើងពីដីដុតមានដូចជា ចាន ឆ្នាំង ឬ ក្អម បង្កើតឡើងដើម្បីជាប្រយោជន៍ក្នុងការដាក់គ្រឿងឧបភោគបរិភោគ ឬ ដាក់សម្ភារៈផ្សេងៗជាច្រើន ក៏ប៉ុន្តែសិល្បករខ្មែរមួយរូបបែរជា ច្នៃកុលាលភាជន៍នេះឲ្យក្លាយជាគ្រឿងលម្អដ៏គួរឲ្យទាក់ទាញ និងមានសណ្ឋានប្លែកៗព្រមទាំងបង្កប់ទៅដោយអត្ថន័យផ្សេងៗជាច្រើនទៀត។ កុលាលភាជន៍ ដែលមានរូបរាងចម្លែកៗនេះត្រូវបានគេដាក់តាំងបង្ហាញជូនសាធារណៈជនចូលទស្សនាដោយសេរី រយៈពេលជិតពីរខែ គឺ ចាប់ពីថ្ងៃទី ២០ ខែមិថុនា រហូតដល់ថ្ងៃទី ១០ ខែ សីហាឆ្នាំ ២០១៩នេះនៅឯវិទ្យាស្ថានបារាំង។ ទាំងអស់នេះគឺជាស្នាដៃរបស់លោក «អ៊ុក សុជាធី» ដែលជាសិល្បករឆ្នើមមួយរូបជំនាញ កុលាលភាជន៍ និងធ្លាប់ឆ្លងកាត់ការសិក្សាផ្នែកសិល្បៈនេះនៅក្រៅប្រទេសទៀតផង។ ដូច្នេះតើលោក «អ៊ុក សុជាធី » ជានរណា? តើហេតុអ្វីបានជាលោកមានគំនិតចង់បង្កើតនូវសិល្បៈកុលាលភាជន៍នេះឡើង?
លោក «អ៊ុក សុជាធី» កើតនៅឆ្នាំ ១៩៧៥នៅទីក្រុងភ្នំពេញ។ នៅក្នុងរបបប៉ុលពត ខ្មែរក្រហមបានជម្លៀសលោកនិងក្រុមគ្រួសារទៅកាន់ស្រុកស្វាយធំ ខេត្តស្វាយរៀង បន្ទាប់ពីរបបមជ្ជុរាជដួលរលំទៅ ក្នុងវ័យ កុមារភាព លោកក៏បានវិលត្រឡប់មករស់នៅអចិន្ត្រៃយ៍ក្នុងទីក្រុងភ្នំពេញវិញ ។ ក្នុងឆ្នាំ ១៩៩៤ លោកបានបន្តការសិក្សានៅសាលាជាតិវិចិត្រសិល្បៈ (បច្ចុប្បន្ន សាលាមធ្យមវិចិត្រសិល្បៈ) ឯកទេស កុលាលភាជន៍ ដោយសារតែកង្វះនូវធនធានមនុស្ស ម្យ៉ាងលោកជាសិស្សឆ្នើមផងនោះ លោកក៏បានក្លាយជាគ្រូបង្រៀនផ្នែក កុលាលភាជន៍នេះនៅតាមគ្រឹះស្ថានឯកជនមួយចំនួនចាប់តាំងពីឆ្នាំ១៩៩៧មក។ ដោយសារពុំមាន ឯកទេស កុលាលភាជន៍ក្នុងថ្នាក់ឧត្តមសិក្សា និងដោយសារតែស្រលាញ់ការសិក្សាផងនោះ ក្នុងឆ្នាំ១៩៩៩លោកក៏សម្រេចចិត្តបន្តការសិក្សាលើជំនាញ តុបតែងលម្អស្ថាបត្យកម្ម នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈវិញ។ ព្រោះតែជំពាក់ចិត្តលើកុលាលភាជន៍នេះ លោកក៏បានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាលាបណ្ឌិតសភាវិចិត្រសិល្បៈចិន ទីក្រុងហាំងចូវ ប្រទេសចិន ក្នុងឯកទេស សិល្បៈរចនាកុលាលភាជន៍ ពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១២ទៀតផង។ រហូតមកដល់ពេលនេះ លោក អ៊ុក សុជាធី ត្រូវបានគេស្គាល់ថា ជាគ្រូជំនាញកុលាលភាជន៍នៅសាលាមធ្យមវិចិត្រសិល្បៈ និងជាសិល្បករឆ្នើមមួយរូបនៅក្នុងពិភពសិល្បៈរបស់កម្ពុជាផងដែរ។ លោកមិនត្រឹមតែមានជំនាញផ្នែកកុលាលភាជន៍មួយមុខនោះទេ តែលោកក៏ជាវិចិត្រករ ម្នាក់ដែលធ្លាប់មានស្នាដៃក្នុងពិព័រណ៍ជាច្រើនទាំងក្នុងនិងក្រៅប្រទេស។ ចំណែកឯពិព័រណ៍កុលាលភាជន៍នៅឯវិទ្យាស្ថានបារាំងពេលនេះគឺជាលើកទីបីហើយ បន្ទាប់ពីមានការគាំទ្រជាច្រើនក្នុងពិព័រណ៍មុនៗ។
ក្នុងគំនិតជាអ្នកស្រលាញ់នៃភាពច្នៃប្រតិដ្ឋ និងចង់បង្កើតនូវអ្វីដែលថ្មី សិល្បកររូបនេះក៏បានសម្តែងនូវទស្សនៈចង់ឲ្យកូនខ្មែរមានភាពរីកចម្រើន និងអភិរក្សទន្ទឹមគ្នាផងដែរ។ លោក អ៊ុក សុជាធី៖ « ក្រៅពីការថែរក្សានិងអភិរក្ស យើងគួរក្រលេកមើលពិភពលោកឲ្យបានច្រើន គួរតែមានការអភិវឌ្ឍនិងគួរសម្លឹងមើលទីផ្សារឲ្យបានវែងឆ្ងាយ។» ការចេញក្រៅប្រទេស សម្លឹងមើលចរន្តទីផ្សារអន្តរជាតិ រួមផ្សំជាមួយនឹងការអភិរក្ស និងអភិវឌ្ឍន៍នូវអ្វីដែលយើងមានស្រាប់ ក៏ជាកំលាំងចលករមួយជួយជំរុញឲ្យ ប្រទេសមានភាពជឿនលឿនប្រកបដោយចីរភាពផងដែរ៕
Article by KEO SONG