រុករកអច្ឆរិយភាពធម្មជាតិក្នុងស្រុកជាមួយទំព័រហ្វេសប៊ុកទេសចរណ៍ «WITH PROSNIX»
NEWS 2 years agoវាក្លាយជារឿងសាមញ្ញទៅហើយដែលប្រជាពលរដ្ឋយើងក្នុងសម័យនេះភាគច្រើននិយមតាមដានរឿងរ៉ាវ ផ្សេងៗនិងទទួលបានចំណេះដឹងថ្មីៗពីបណ្តាញសង្គមជាប្រចាំថ្ងៃ។ បើនិយាយពីផ្នែកទេសចរណ៍ ឬ ការដើរកម្សាន្ត យើងទាំងអស់គ្នាក៏ច្បាស់ជាសង្កេតឃើញថាមានការបង្កើតមាតិកាថ្មីៗប្លែកៗជាហូរហែតាមទំព័រហ្វេសប៊ុកនានាដើម្បីជាប្រយោជន៍ដល់មហាជនឲ្យបានស្គាល់កន្លែងដើរលេងកាន់តែច្រើន។ ក្នុងចំណោមនោះ «WITH PROSNIX»ជាទំព័រ ដំណើរកម្សាន្តមួយដែលកំពុងពេញនិយមពីអ្នកប្រើប្រាស់បណ្តាញសង្គមក្នុងស្រុកដោយទទួលបានការចុចតាមដានរហូតជិត 10K ឬ ជិត១ម៉ឺនគណនីក្នុងរយៈពេលដ៏ខ្លីក្រោយការបង្កើតដោយគំនិតផ្តួចផ្តើមរបស់យុវជនខ្មែរមួយរូបដែលមិត្តយុវវ័យក្នុងស្រុកជាច្រើនបានស្គាល់ថា ប្រុសនិក (PROSNIX) ដែលមានកេរ្តិ៍ឈ្មោះរួចមកហើយនៅលើបណ្តាញសង្គមនាពេលកន្លងមក។ តោះ! មកស្គាល់រឿងរ៉ាវជុំវិញគោលបំណងនិងសិល្បៈនៃការបង្កើតមាតិកា«With Prosnix» ចេញពីចិត្តយុវស្ថាបនិក នូ វិចិត្រ ហៅ PROSNIX ដោយផ្ទាល់ជាមួយសូវរីន!
ក្រោមបាវចនាប្រចាំប្លុក «Excited to Explore» និង «Explore With Prosnix» ទំព័រហ្វេសប៊ុកបែបទេសចរណ៍ WITH PROSNIX ត្រូវបានបង្កើតឡើងកាលពីខ្ទង់ឆ្នាំ២០២០ក្នុងគោលបំណងចែករំលែកបទពិសោធន៍អំពីទីតាំងគួរឲ្យចាប់អារម្មណ៍សម្រាប់ដំណើរកម្សាន្ត និងផ្តិតយករូបភាព-វីដេអូដែលផ្តោតទៅលើការចំណាយពេលវេលាជាមួយមិត្តភក្តិ ឬ លក្ខណៈទោល (Solo) ព្រមជាមួយទេសភាពដ៏ស្រស់ត្រកាលតាមតំបន់នីមួយៗដែលលោកធ្លាប់ទៅទស្សនា។ តើប្លុកនេះជាប្រភេទប្លុកទេសចរណ៍ប្រភេទណា? បើតាមការអះអាងរបស់ស្ថាបនិកផ្ទាល់ ទំព័រនេះមានតួនាទីបង្ហាញទៅកាន់ទស្សនិកជនទាំងឡាយអំពីគោលដៅទេសចរណ៍ទាំងប្រភេទទីតាំងងាយស្រួលធ្វើដំណើរទៅដល់ និងទាំងគោលដៅផ្សងព្រេងដើរព្រៃរយៈពេលយូរ។ ព្រមជាមួយគ្នានេះដែរ ទំព័របណ្តាញសង្គមមួយនេះក៏ផ្តល់ភាពងាយស្រួលចំពោះមិត្តអ្នកអានតាមរយៈការបង្កើតមាតិកាទាំងភាសាខ្មែរដែលជាភាសាជាតិ និងភាសាអង់គ្លេសដែលជាភាសា សកលដើម្បីផ្តល់ភាពអនុគ្រោះក៏ដូចជាទាក់ទាញចំណាប់អារម្មណ៍របស់ទស្សនិកជនទាំងជាតិនិងអន្តរជាតិឲ្យចូលមក ទស្សនា។
Kengkang VillageLa Vallee Wild Farm
Veal Veng
“វាជាការលើកទឹកចិត្តខ្លួនឯងដើម្បីបង្កើតទំព័រទេសចរណ៍នេះឡើង។និយាយតាមត្រង់ទៅ ខ្ញុំមិនដែលយល់ថា ខ្ញុំខុសពីអ្នកដទៃទៀតដែលធ្លាប់បង្កើតទំព័រទេសចរណ៍ប្រភេទនេះឡើយ។ ខ្ញុំស្រឡាញ់ការធ្វើដំណើរ ហើយខ្ញុំគ្រាន់តែចង់មាន gallery (វិចិត្រសាលរូបភាព) ផ្ទាល់ខ្លួនមួយទាក់ទងនឹងការដើរកម្សាន្តរបស់ខ្ញុំ ហើយភ្លាមៗនោះមានមនុស្សមួយចំនួនពេញចិត្តវា ហើយពួកគេបានចុចlikeនិងចែករំលែកវាបន្ត ដែលបានលើកទឹកចិត្តខ្ញុំឲ្យបង្កើតមាតិកាដំណើរកម្សាន្តជាបន្តបន្ទាប់” ស្ថាបនិកបានលើកឡើង។
ក្នុងចំណោមគោលដៅជាច្រើនដែលលោកបានទៅកម្សាន្តទាំងនោះ លោកចាត់ទុក ទឹកធ្លាក់ឆាយយោង នៃតំបន់អារ៉ែង ស្រុកថ្មបាំង ខេត្តកោះកុង ជាឋានសួគ៌ក្នុងចិត្តរបស់លោក ក៏ព្រោះតែវាជាតំបន់ដែលលោកបានចំណាយពេលដើរព្រៃភ្នំជាលើកដំបូងក្នុងឆាកជីវិត ដែលលោកខ្លួនឯងក៏មិនធ្លាប់នឹកស្មានដល់ថាការផ្សងព្រេងគ្រានោះអាចឲ្យលោកក្លាយជាមនុស្សចូលចិត្តដើរព្រៃដូចបច្ចុប្បន្ននេះទេ។ “វាត្រូវចាយពេលដើរ៨ម៉ោងដើម្បីទៅដល់ទីនោះប៉ុន្តែវាពិតជាស័ក្តិសមនឹងការលះបង់នេះណាស់! ចាប់តាំងពីពេលនោះមក ខ្ញុំចាប់ផ្តើមធ្វើដើរព្រៃភ្នំបន្ថែមទៀត។ វាពិតជាពេលវេលាដ៏អស្ចារ្យដែលជួយកាត់ផ្តាច់លោកអ្នកចេញផុតពីជីវិតដ៏មមាញឹកនៅទីក្រុង នៅលើបណ្តាញសង្គម និងចំណងផ្សេងៗទៀតដែលធ្វើឲ្យខួរក្បាលអ្នកជាប់រវល់។ ជាលទ្ធផល វាបានធ្វើឲ្យខ្ញុំកាន់តែរឹងមាំទាំងផ្លូវកាយ ផ្លូវចិត្តកាន់តែឯករាជ្យ និងស្រឡាញ់ធម្មជាតិ តែអ្វីដែលល្អបំផុតគឺវាធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ខ្ញុំអាចធ្វើវាបាន!” លោកបានរំព្ញក។
ឆ្លងតាមរយៈបទពិសោធន៍នៃការធ្វើដំណើរ លោកយល់ថា ទាំងការធ្វើដំណើរទោល ទាំងការធ្វើដំណើរជាក្រុម ពិតជាមានអត្ថប្រយោជន៍រៀងៗខ្លួន។ សម្រាប់លោកផ្ទាល់ លោកជាមនុស្សនិយមដើរលេងជាក្រុម តែយ៉ាងហោចណាស់ក៏មួយឆ្នាំម្តង លោកត្រូវផ្លាស់ប្តូរបរិយាកាសសាកល្បងចេញដើរលេងតែឯង។ លោកបានពន្យល់ថា នៅពេលដើរលេងជាក្រុម វាផ្តល់ភាពសប្បាយរីករាយក្នុងរង្វង់មិត្តភាព ហើយវាមិនផ្តោតតែលើទីតាំងដែលទៅនោះទាំងស្រុងទេ។ ជួនកាល អ្នកក៏មិនបាច់រវល់ពេកទេ ព្រោះមិត្តភក្តិអ្នកជាអ្នកដឹកនាំអ្នកទៅកាន់ទីនោះនិងធ្វើសកម្មភាពកម្សាន្ត ផ្សេងៗរួមគ្នាដែលបង្កភាពភ្ញាក់ផ្អើលសម្រាប់អ្នក។ ផ្ទុយទៅវិញ ការធ្វើដំណើរទោលគឹតម្រូវឲ្យផ្តោតលើខ្លួនឯងខ្លាំង។ អ្នកត្រូវរៀនផ្តល់តម្លៃដល់ខ្លួនឯង គ្រប់គ្រងពេលវេលា និងរៀបចំផែនការទាំងអស់។ ម្យ៉ាងវិញទៀតអ្នកអាចទៅណាក៏បានដោយមិនបាច់ភ័យព្រួយឆ្លងយោបល់ជាមួយអ្នកដទៃឡើយ។ ទោះបីជាយ៉ាងណា ការធ្វើដំណើរប្រភេទទី២នេះបង្កការចំណាយច្រើន ព្រោះអ្នកត្រូវទិញអ្វីគ្រប់បែបយ៉ាងដោយចេញលុយខ្លួនឯង។
ជាចុងក្រោយ ស្ថាបនិកកម្លោះខាងលើសង្ឃឹមថា មាតិកាដំណើរកម្សាន្តដែលលោកចំណាយកម្លាំងកាយចិត្តសម្រិតសម្រាំងស្ថាបនាឡើងមកនេះច្បាស់ជាអាចចូលរួមចំណែកផ្តល់ជាកម្លាំងចិត្តឲ្យមនុស្សទូទៅផ្តល់ឱកាសឲ្យខ្លួនឯងក្នុងការធ្វើដំណើរមិនថាជាលក្ខណៈទោលឬក្រុមនោះទេដើម្បីបន្ថែមរសជាតិជីវិតរបស់លោកអ្នកឲ្យកាន់តែមានន័យជ្រៅ និងបានឈ្វេងយល់ពីអ្វីៗដែលនៅជុំវិញខ្លួនកាន់តែទូលំទូលាយជាងមុន៕
Article by SRINSOKMEAN