ត្រីដំ ម្ហូបឆ្ងាញ់ប្រចាំតំបន់ដងទន្លេនៃខេត្តត្បូងឃ្មុំដែលទេសចរកម្របានភ្លក់
TRAVEL & LIVING 5 years agoស្ថិតនៅក្នុងអាហារដ្ឋានសង់ពីប្ញស្សីមួយកន្លែងនៃសហគមន៍ផ្ទះស្នាក់អូប៊ីធី (OBT) លើដីវាលទំនាបមួយជាប់ត្រើយខាងកើតទន្លេមេគង្គលើនៃទឹកដីឃុំជីរោទិ៍ទី១ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ចម្ងាយត្រឹមតែប្រមាណ ៥-៦គីឡូម៉ែត្រពីគល់ស្ពានគីហ្ស៊ូណា យុវជនម្នាក់ឈ្មោះ តន់ ទីណុង អាយុ២៤ឆ្នាំ ចុងភៅប្រចាំអាហារដ្ឋាននេះ បានបង្ហាញអំពីមុខម្ហូបល្បីជាងគេប្រចាំសហគមន៍របស់ប្អូននោះគឺ “ម្ហូបត្រីដំ”។ គ្រាន់តែឮឈ្មោះនេះភ្លាម លោកអ្នកទាំងអស់គ្នាប្រាកដជាលាន់មាត់ចម្លែកចិត្តជាក់ជាមិនខាន ព្រោះម្ហូបមួយមុខនេះកម្រមានអ្នកស្គាល់ណាស់សូម្បីតែអ្នករស់នៅខេត្តកំពង់ចាមជិតខាងនោះក៏ដោយ។ ប៉ុន្តែ ចុងភៅខាងលើបានអះអាងថា វាជាមុខម្ហូបពិសេសរបស់ប្រជាជនរស់នៅតាមដងទន្លេមេគង្គក្នុងតំបន់នេះជាយូរយារមកហើយ មិនមែនទើបតែច្នៃបង្កើតឡើងថ្មីនោះទេ។ តើហេតុអ្វីបានជាគេដាក់ឈ្មោះថា“ម្ហូបត្រីដំ” ? តើម្ហូបមួយមុខនេះមានលក្ខណៈពិសេសអ្វីខ្លះគួរឲ្យចង់សាកល្បង?
គ្រឿងផ្សំសំខាន់ៗរបស់មុខម្ហូបត្រីដំរួមមាន ត្រីរៀល ឬ ត្រីរ៉ស់ ឬ ត្រីដៀប ទឹក ស្ករត្នោត ខ្ទឹមស ទឹកខ្មេះ ក្រូចឆ្មារ សណ្តែកដី អំបិល និង ប៊ីចេង។ ប៉ុន្តែចំពោះសាច់ត្រីដែលជាគ្រឿងផ្សំសំខាន់បំផុតនោះ ប្រជាជនសហគមន៍ជីរោទ៍និយមជ្រើសរើសត្រីរៀលជាងត្រីរ៉ស់ឬត្រីដៀប(ត្រីឆ្តោដែលមានវ័យជំទង់)ដោយ សារត្រីរៀលមានរសជាតិឆ្ងាញ់សាច់ផ្អែមចូលជាតិល្អសម្រាប់មុខម្ហូបត្រីដំនេះជាងគេ។ ប៉ុន្តែប្រសិនបើគេជ្រើសរើសត្រីរ៉ស់ ឬ ត្រីដៀបវិញនោះ ចុងភៅត្រូវព្រលះស្បែកត្រីចេញឲ្យអស់ជាមុនសិន រួចហើយយកតែសាច់ត្រីសុទ្ធមកប្រើការ។ ត្រីត្រូវកាត់ក្បាល សកស្រកា និងវះពោះរួចលាងទឹកឲ្យស្អាតទើបយកមកដំឲ្យបែកខ្ចាយឆ្អឹងងាយស្រួលក្នុងការទទួលទាន ព្រោះម្ហូបនេះតម្រូវទទួលទានជាមួយសាច់ត្រីឆៅតែម្តងមិនមានការចំហុយស្រុសទឹកក្តៅ ឬ ស្ងោរអ្វីទាំងអស់។ ហេតុនេះហើយ ទើបម្ហូបនេះជាប់ឈ្មោះថា“ម្ហូបត្រីដំ” តរហូតមកដល់សព្វថ្ងៃដោយសារត្រីរៀលតូចៗត្រូវតែយកមកដំឲ្យហើបសាច់ទើបទាញយកឆ្អឹងចេញបាន។
ចំពោះវិធីធ្វើគឺមានភាពងាយស្រួល គឺ គ្រាន់តែដំត្រីរួចហើយ ត្រូវកូរច្របល់គ្រឿងផ្សំដទៃទៀតដែលបានរៀបរាប់ខាងលើចូលគ្នាក្នុងទឹកចំណុះមួយកូនចានចង្កឹះឲ្យបានសព្វល្អទើបដាក់សណ្តែកដីចូលជាការ ស្រេច។ ថ្វីដ្បិតម្ហូបនេះធ្វើពីត្រីឆៅ តែវាមិនមានរសជាតិឆ្អាបនោះទេ ដោយសាររសជាតិទឹកត្រីដែលមានខ្ទឹមសជួយកាត់ជាតិឆ្អាបនោះឯង គួបផ្សំនឹងអន្លក់ស្រស់ៗជាច្រើនមុខទៀតដូចជា ស្លឹកកន្ទួត ស្លឹកម្កាក់ ត្រួយរាំង ស្ពៃក្តោប សណ្តែកកួរ ត្រសក់ និង ជីរគ្រប់មុខ ជាដើម ។ ជាពិសេស តាមប្រពៃណីតំបន់នោះ ម្ហូបត្រីដំនេះត្រូវតែទទួលទានជាមួយស្រាស។ ចុងភៅដដែលបានពន្យល់ប្រាប់ថា ការដែលតម្រូវឲ្យទទួលទានជាមួយស្រាសបែបនេះពីព្រោះស្រាសមានជាតិក្តៅឆួលជួយបំបាត់ជាតិឆ្អាបរបស់ត្រីឆៅបានរឹតតែប្រសើរទ្វេដង។
ប្រសិនបើយើងយកស្រាបៀរកំប៉ុងមកទទួលទានជំនួសស្រាសគឺវាមានគុណភាពចាញ់ស្រាសទេដោយសារ ស្រាបៀរមានជាតិហ្គាសមិនសូវក្តៅងំដូចស្រាសអង្ករសុទ្ធរបស់ខ្មែរយើងទេ ប៉ុន្តែមិនមែនមានន័យថា ទាល់ តែអ្នកចេះទទួលទានសុរា ទើបអាចទទួលទានម្ហូបនេះបាននោះឡើយ។ វាគ្រាន់តែជាទម្លាប់ទូទៅរបស់អ្នកស្រុកប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា ម្ហូបត្រីដំ នេះមានកិត្តិយសត្រូវបានជ្រើសរើសជាមុខម្ហូបតំណាងខេត្តត្បូងឃ្មុំសម្រាប់ចូលរួមតាំងបង្ហាញផលិតផលខេត្តត្បូងឃ្មុំក្នុងកម្មវិធីទិវាពិព័រណ៍ម្ហូបអាហារកម្ពុជាក្នុងវិស័យទេសចរណ៍នៅរាជធានីភ្នំពេញកាលពីចុងខែសីហាកន្លងទៅ ហើយមានភ្ញៀវជាតិនិងអន្តរជាតិជាច្រើនបានសម្តែងការចាប់អារម្មណ៍ទស្សនា និង ភ្លក់រសជាតិអាហារដ៏ចម្លែកនេះ៕
Article by SOKMEAN SRIN