ហាងកាហ្វេលាក់ខ្លួនកណ្ដាលក្រុងមួយកន្លែងកំពុងទាញចំណាប់អារម្មណ៍យុវជនសម័យថ្មី
TRAVEL & LIVING 7 months agoនៅពេលដែលគេ រកនឹកដល់ហាងកាហ្វេដើម្បីជជែកគ្នាលេងនិងថតរូបកំសាន្ត គេនឹងទៅស្វែងរកកន្លែងណាដែលមានបរិយាកាសល្អ ការដេគ័រប្លែកភ្នែក និងការរៀបចំកន្លែងអង្គុយដែលប្រកបដោយផាសុកភាព។ នៅពេលដែលគេស្វែងរកហាងកាហ្វេបែបនេះនៅក្នុងទីក្រុងភ្នំពេញ គេនឹងមិនពិបាករកឡើយ គឺ មានទាំងពីលំដាប់ខ្ពស់និងតូច ឆ្ងាយនិងជិត ដែលមានសឹងគ្រប់ទីកន្លែងនៅកណ្ដាលក្រុង។ ក៏ប៉ុន្តែប្រសិនបើគេនិយាយគ្នាថាចង់រកកន្លែងណាដែលប្លែកខ្លាំង បែបលាក់ខ្លួន និងសម្បូរទៅដោយប្លង់ថតរូបនេាះ គេក៏ពិបាកស្វែងរកដូចគ្នា។ យ៉ាងណាមិញ សូវរីនបានរកឃើញហាងកាហ្វេបែបនេះមួយកន្លែងដែលអាចត្រូវជាមួយនឹងអ្នកដែលចូលចិត្តកន្លែងប្លែកខ្លាំង។
នៅលើអាគារចាស់មួយកន្លែងក្នុងផ្លូវឌឿងហែមស្ថិតនៅតាមបណ្ដោយផ្លូវ ៦១ ក្បែររុក្ខវិថីក្រមួនសរមានហាងកាហ្វេមួយដែលកំពុងលាក់សម្រស់រស់នៅជាមួយនឹងប្រជាជនជាច្រើនគ្រួសារ។ បើមើលពីខាងក្រៅគេពុំចាប់អារម្មណ៍ឡើយថានៅជាន់ទីពីរនៃអាគារចាស់នេាះមានហាងកាហ្វេបែបសួននិមិត្តរហូតដល់គេសង្កេតឲ្យបានដិតដល់បន្ដិចទើបឃើញមានផ្លាកឈ្មេាះហាងកាហ្វេតូចមួយដែលគេបិតក្បែរកាំជណ្ដើរថា “House of Fae”។ ផ្លូវចូលហាក់មានភាពសាមញ្ញបំផុត ព្រេាះកាំជណ្ដើរដែលត្រូវឡើងទៅហាងកាហ្វេគឺជាផ្លូវរួមដើរឡើងទៅផ្ទះប្រជាជនដែលរស់នៅខាងលើ ក៏ប៉ុន្តែនៅពេលដែលបានឡើងដល់ជាន់ទី ១ យើងនឹងចាប់ផ្តើមសង្កេតឃើញភាពស្រស់ស្អាតបន្តិចម្ដងៗ ដោយកាំជណ្ដើរត្រូវបានគេលាបពណ៍ឲ្យថ្មីឡើងវិញរហូតដល់ខាងមុខហាងតែម្ដង។ គ្រាន់តែបើកទ្វាឈានជើងចូលដល់ខាងក្នុងហាងគេនឹងប្រទះភ្នែកជាមួយនឹងបន្ទប់បែបសួននិមិត្តដ៏ស្រស់ស្អាតមួយដែលពោរពេញទៅដោយរុក្ខជាតិពណ៌បៃតងជាច្រើនប្រភេទលាយឡំជាមួយនឹងក្លិនដ៏ក្រអូបអមនឹងភ្លេងបែបសង់ទីម៉ង់តិចៗ ហាក់ធ្វើឲ្យយើងមានអារម្មណ៍បានចូលទៅពិភពមួយដ៏ប្លែកបំផុត។
ក្នុងវ័យ ១៩ ឆ្នាំ ឈាន់ ឧត្តម គឺជាម្ចាស់ហាងកាហ្វេ “House of fae” គឺជាអ្នកដែលចូលចិត្តទស្សនានិងអានរឿងនិទានបែបវេទមន្ត (Fairy Tale) បានបង្កើតហាងកាហ្វេមួយនេះឡើងក្នុងគោលបំណងដើម្បីទាញអារម្មណ៍មនុស្សឲ្យចូលមកក្នុងសួននិមិត្តដូចក្នុងរឿងព្រេងនិទានដែរ។ បន្ថែមពីនេះទៅទៀត ឧត្ដម ក៏បានប្រាប់ផងដែរថាដោយសារទីតាំងហាងកាហ្វេស្ថិតនៅក្នុងអាគារចាស់និងជាស្ថាបត្យកម្មខ្មែរកាលពីសម័យដើមផងនេាះទើបគេរៀបចំហាងកាហ្វេនេះឲ្យដូចផ្ទះរបស់ជីដូនជីតាដើម្បីបង្កើតអនុស្សាវរីយ៍និងធ្វើឲ្យភ្ញៀវបាននឹកឃើញអនុស្សាវរីយ៍ដែលខ្លួនបានរស់នៅជាមួយនឹងយាយតាដែលប្រកបដោយភាពកក់ក្ដៅរួមបញ្ចូលជាមួយនឹងធម្មជាតិដែលធ្វើឱ្យយើងមានអារម្មណ៍ស្រស់ស្រាយបំបាត់ភាពតានតឹងពីការងារផ្សេងៗ។
បរិយាកាសប្លែក មានកន្លែងថតរូបជាច្រើនប្លង់ហើយ រីឯរសជាតិភេសជ្ជៈក៏មិនធម្មតាដែរ។ Fairy Dust គឺជាភេសជ្ជៈមួយដែលប្លែកដោយមិនត្រឹមតែមានរសជាតិឆ្ងាញ់នេាះទេ ចំណែកឯរូបរាងក៏បញ្ចេញនូវពន្លឺភ្លឹបភ្លែត បែប Bling Bling នៅពេលដែលយើងបើកពន្លឺហ្វាចាំងពីលើ។ រីឯភេសជ្ជៈមួយប្រភេទទៀតឈ្មេាះថា Barries Garden ជាតែស្ត្ររបើរី មានរសជាតិដិតសម្រាប់អ្នកចូលចិត្តស្រ្តរបើរី។ ភេសជ្ជៈបែបសូកូឡាមួយប្រភេទទៀតមានឈ្មេាះថា Santa’s Favourite ក៏ជាភេសជ្ជៈមួយដែលប្លែកដោយមានជាមួយនឹងនំ Marshmellow នៅខាងលើ។ សម្រាប់អ្នកចូលចិត្តបែបពណ៍ៗនិងចូលចិត្តថតរូប ភេសជ្ជៈមួយនេះក៏ប្រហែលជាត្រូវនឹងចំណងចំណូលរបស់លោកអ្នកនេាះគឺ Porny Milk ដែលមានពណ៍ពីរស្រទាប់ ខៀវនិងផ្កាឈូក៕
Article by SONGK