×

BÚN ​បណ្តុំ​អាហារ​សៃ​ហ្គ​ន​ប្រភព​ដើម​បាន​មកដល់​ទី​ក្រុងភ្នំពេញ​ហើយ​!

TRAVEL & LIVING 3 weeks ago
 
 

          សៃ​ហ្គ​ន​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ទីក្រុង​ហូ​ជី​មិញ​ ​ស្ថិតនៅ​ក្នុង​តំបន់​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​វៀតណាម​។​ ​ភាគច្រើន​អ្នក​ធ្លាប់​បាន​ទៅ​ក​ម្សាន្ត ​តែង​មិន​រំលង​ឡើយ​នូវ​ការសាកល្បង​រសជាតិ​អាហារ​តាម​ដង​ផ្លូវ​ ​ដែល​មាន​តម្រៀប​ហូរហែ​ច្រើន​តូប​រាប់មិនអស់​។​ ​ឥឡូវនេះ​បើ​ចង់​រំឭក​រសជាតិ​ឬ​ភ្លក់​អាហារ​ទាំងនេះ​ ​ប្រិយ​មិត្ត​មិន​ចាំបាច់​ធ្វើដំណើរ​វែងឆ្ងាយ​ទៅដល់​សៃ​ហ្គ​ន​ទៀត​នោះ​ទេ​ ​ដោយហេតុ​ភោជនីយដ្ឋាន​បើក​ថ្មី​មួយ​កន្លែងនៅ​ទី​ក្រុងភ្នំពេញ​ ​បាន​នាំ​យក​ទាំង​រសជាតិ​ ​និង​សោភណភាព​ដូច​បាន​ទៅ​ដល់កន្លែង​ផ្ទាល់​។​

          បង្ហាញខ្លួន​នៅ​ប្លុក​ ​L​an​g​k​a​ ​Lane​ ​ក្នុង​សង្កាត់​បឹង​កេងកង​១​ ​ចំកណ្តាល​បេះដូង​នៃ​រាជធានី​ភ្នំពេញ​ ​ភោជនីយដ្ឋាន​ BÚN ​បាន​តាក់តែង​យ៉ាង​ច្រឡឹង​បីដូច​បារ​ដ៏​ស៊ីវិល័យ​មួយ​នៅ​ឯ​សៃ​ហ្គ​ន​។​ ​ក្រឡេក​ពី​ខាងក្រៅ​ភ្លាម​ ​យើង​ទាក់​ភ្នែក​រហ័ស​ភ្លែត​ជាមួយ​តុកៅអី​ពណ៌​ឆើតឆាយ​នៅ​ខាងមុខ​ ​ជាពិសេស​ត្រង់​ស្លាកយីហោ​ ​ហាក់​ជះ​ពណ៌​ក្រហមច្រាល​អាច​ឱ្យ​យើង​ដឹង​ងាយ​ចំណាំ​ ​ដោយ​នៅ​ខាងឆ្វេង​ទ្វារ​មាន​អក្សរ​ BÚN ​ឯ​នៅ​ខាង​លើដាក់​ថា​ ​VIETNAMESE​ ​KITCHEN​។​

          ឈរ​ពី​ខាងក្រៅ​យើង​ក៏​ទាក់​ភ្នែក​បន្ត​រហូតដល់​ខាងក្នុង​ ​ដោយសារ​ការរៀបចំ​ដេ​គ​័​រ​មាន​លក្ខណៈ​ឆ្លាស់ពណ៌​ស៊ីគ្នា​បែប​សិល្បៈ ​ពោល​ទាំង​គំនូរ​លើ​ជញ្ជាំង​ ​ទាំង​ម៉ូដ​តុកៅអី​ ​រួម​ទាំង​ការ​លេង​ពណ៌​ផ្ទៃ​ ​រហូតដល់​គ្រឿង​ប​ង្គុំ​ភ្លើង​លើ​ពិតាន​។​ ​ពេល​បោះជំហាន​ចូល​មកដល់​ខាងក្នុង​ ​យើង​ចាប់អារម្មណ៍​មុនគេ​ទៅលើ​រូបគំនូរ​ស្ត្រី​បី​នាក់​នៅ​លើ​ជញ្ជាំង​ ​ដែល​រូប​ស្ត្រី​នេះ​មាន​ពាក់​ដួន​បែប​វៀតណាម​ ​ហើយ​ដួន​នេះ​ផង​ដែរ​ ​ក៏​ត្រូវ​បាន​គេ​ប្រើ​ជា​គ្រឿង​តុបតែង​លម្អ​នៅ​លើ​ពិតាន​ផង​ ​និង​អំពូលភ្លើង​ផង​ ​មើលទៅ​មាន​លក្ខណៈ​ទាក់ទាញ​បែប​សិល្បៈ​សហសម័យ​។​

          ទាក់ទង​នឹង​ការរៀបចំ​ដេ​គ​័​រ​ ​Man​on ​P​a​uc​h​e​t​ ​ដែល​ជា​អ្នក​កាន់​ខាង​ផ្នែក​ទី​ផ្សារ​នៅ​ភោជនីយដ្ឋាន​ BÚN ​បាន​ឱ្យ​ដឹង​ថា​ ​គំនូរ​ស្ត្រី​លើ​ជញ្ជាំង​ដ៏​ស្រស់​ស្អាត​នេះ​ ​បង្ហាញ​ពី​ស្ត្រី​បី​នាក់​ជា​មីង​ឬ​ម្តាយមីង​នៅ​ក្នុង​វប្បធម៌​វៀតណាម​។​ ​គំនូរ​នេះ​ត្រូវ​បាន​គូរ​ដោយ​សិល្បករ​គំនូរ​លើ​ជញ្ជាំង​ដ៏​ល្បីឈ្មោះ​ ​លោក​ ​F​ONK​i​ ​ដែល​ជា​កូនខ្មែរ​-​កាណាដា​កើត​នៅ​ប្រទេស​បារាំង​។​ ​ការ​ជ្រើសរើស​ទីតាំង​ ​និង​រៀបចំ​ហាង​ ​ត្រូវ​បាន​យកលំនាំ​បែប​អាហារដ្ឋាន​វៀតណាម​ដ៏​រស់រវើក​។​ ​មិនថា​អង្គុយ​នៅ​មាត់​ផ្លូវ​ឬ​អង្គុយ​ខាងក្នុង​ ​គ្រប់​ជ្រុង​ទាំងអស់​នឹង​បញ្ចេញ​មន្ត​ស្នេហ៍​អន្ទង​អារម្មណ៍​អ្នក​ដូច​បាន​ទៅដល់​ទឹកដី​វៀតណាម​ផ្ទាល់​។​

          មក​ដឹង​អំពី​អាហារ​វិញ​ ​នៅ​ទីនេះ​យើង​នឹងបាន​រីករាយ​រំឭក​រសជាតិ​ ​ឬ​ក៏បាន​សាកល្បង​នូវ​អាហារ​សៃ​ហ្គ​ន​ដែល​មកដល់​លើ​តុ​ផ្ទាល់​។​ ​ក្នុង​នោះ​អាហារ​លក់ដាច់​បំផុត​មាន​ដូចជា​៖​ ​P​h​ở (​ស៊ុប​ហ្វឺ), ​Spring​ ​roll​ (​មាន​គួ​ង​ ​និង​ចៃ​យ៉​), bán​h​ ​m​ì (​នំ​ប៉័​ង​សាច់​ឆ្ងាញ់​បំផុត​របស់​វៀតណាម​), bún bo (​មី​គុយទាវ​សាច់គោ​) ​និង​ bún c​h​a​ (​មី​គុយទាវ​សាច់ជ្រូក​) ​ជាដើម​។​ ​អាហារ​នីមួយៗ​ត្រូវ​បាន​ច​ម្អិ​ន​ ​និង​រៀបចំ​យ៉ាង​លម្អិត​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​រសជាតិ​ដូច​ប្រភព​ដើម​ពិតៗ​។​ ​បើ​បាន​ទៅដល់​ ​កុំ​ភ្លេច​កុម្មង់​ញាំ​ក្រូចថ្លុង​ដែល​វៀតណាម​ហៅថា​ ​G​ỏ​i​ Bưở​i​ ​ធានា​ថា​រសជាតិ​ហឹរ​ជូរអែម​ប្រៃ​ឡែមៗ​ជាប់មាត់​តែម្តង​។​ ​ក្រៅពី​អាហារ​ ​ទីនេះ​ក៏មាន​បង្អែម​លាងមាត់​ផង​ដែរ​។​

          ងាក​មក​ភេសជ្ជៈ​ឯណេះ​វិញ​ ​ជឿជាក់​ថា​ឱ្យ​តែ​និយាយ​ដល់​កាហ្វេ​វៀតណាម​ ​គ្រប់គ្នា​នឹង​ភ្នកនឹក​ដល់​កាហ្វេ​ហ្វី​ន​មិនខាន​។​ ​ពិត​ណាស់​ ​ទីនេះ​បាន​សម្រាំង​ជ្រើសរើស​កាហ្វេ​វៀតណាម​ដែល​ល្អ​បំផុត​ ​ដាក់​បម្រើ​ជា​កាហ្វេ​ហ្វី​ន​ដ៏​មានឱជារស​ ​សំខាន់​ឆុង​ហ្វី​ន​តាម​បែប​ប្រពៃណី​។​ ​ឯ​កាហ្វេ​ពិសេស​ផ្សេងទៀត​មាន​ ​Ca​f​é ​M​uo​i​ ​ឬ​ហៅថា​កាហ្វេ​អំបិល​ ​និង​មាន​កាហ្វេ​ពងមាន់​ផង​ដែរ​។​

          ទើប​បើក​ដំណើរការ​កាលពី​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​៤​ ​ភោជនីយដ្ឋាន​ BÚN ​ទទួល​បានការ​ពេញ​និយម​ខ្លាំង​ ​ជាពិសេស​ពីសំណាក់​យុវវ័យ​។​ ​ថ្វីបើ​តាំងខ្លួន​នៅ​ផ្លូវច្រក​តូច​ ​តែ​ទីនេះ​ហាក់ជា​ទី​បដិសណ្ឋារកិច្ច​ប្រកបដោយ​មន្ត​ស្នេហ៍​ ​និង​ទាក់ទាញ​បំផុត​។​ ​ចំពោះ​ម៉ោង​បើក​ទទួលស្វាគមន៍​វិញ​មាន​ពីរ​ពេល​ ​គឺ​ពេលរសៀល​ចាប់ពី​ម៉ោង​ ​១​១​ ​កន្លះ​ ​ដល់ម៉ោង​ ​២​ ​កន្លះ​ ​និង​ពេលល្ងាច​ចាប់ពី​ម៉ោង​ ​៦​ ​ដល់ម៉ោង​ ​១​០​យប់​៕​

Article​ ​by​ ​HEM​ ​SO​KK​HIM​ (​Z​M​)


SUGGESTIONS