×

គន្លឹះ​ងាយ​ៗ​ ​ការពារ​សម្រស់​ ​Make​up​ ​ទោះ​ស្ថិត​ក្នុង​អាកាសធាតុ​ក្តៅ​

TRAVEL & LIVING 2 weeks ago
 
 

          ​គ្រឿង​តុបតែង​ក្រែម​ម្សៅ​រមែង​ផ្តល់​ទំនុក​ចិត្ត​ដល់​ស្ត្រី​គ្រប់ពេល​វេលា​ ​តែ​ទន្ទឹមគ្នា​នេះ​ ​គ្រឿង​ក្រែម​ម្សៅ​ក៏​អាច​ធ្វើ​ឱ្យ​ស្ត្រី​បាត់បង់​ទំនុក​ចិត្ត​នៅ​ពេល​សម្រស់​ ​Make​up​ ​ចាប់ផ្តើម​ធ្លាក់ចុះ​ ​ដូចជា​ឡើង​ប្រេង​ឬ​រលាយ​ជាដើម​។​ ​បច្ចុប្បន្ន​ ​អាកាសធាតុ​កើន​ឡើងក​ម្តៅ​ច្រើន​អង្សា​ ​ការ​បែកញើស​បាន​ក្លាយ​ជា​អាវុធ​ដ៏​មុត​ស្រួច​ដែល​អាច​បំផ្លាញ​សម្រស់​ ​Make​up​ ​ត្រឹមតែ​មួយ​ប៉ប្រិច​ភ្នែក​។​ ​ហេតុដូច្នេះ​ ​វា​ពិត​ជាចាំបាច់​ដែល​សុភាព​នារី​ ​គួរ​គិតគូរ​ឡើងវិញ​នូវ​របៀប​ផាត់​មុខ​ដែល​អាច​ទប់ទល់​ ​ក៏ដូចជា​បត់បែន​ទៅតាម​កាលៈទេសៈ​។​ ​ខាងក្រោម​នេះ​ ​សូវ​រី​ន​ ​នឹង​បង្ហាញ​សុភាព​នារី​អំពី​គន្លឹះ​តូចតាច​ ​តែ​អាច​ទប់​ជាប់​សម្រស់​ផាត់​ទោះ​ស្ថិត​ក្នុង​អាកាសធាតុ​ក្តៅ​ ​ឬ​ក្តៅ​លាយឡំ​សំណើម​យ៉ាងណាក៏ដោយ​។​

          ​ហេតុអ្វី​ ​Primer​ ​ពិត​ជាចាំបាច់​? ​ការ​ប្រើ​ ​Primer​ ​ត្រូវ​បាន​គេ​ចាត់ទុកជា​ទ្រនាប់​ដ៏​សំខាន់​មុន​ពេល​ផាត់​មុខ​ ​វា​ជួយ​រក្សា​សម្រស់​ផាត់​ជាប់​បាន​យូរ​ ​ហើយ​ថែមទាំង​ធ្វើ​ឱ្យ​ការ​ផាត់ម្សៅ​ជាន់​បន្តបន្ទាប់​ចូល​បាន​ល្អ​ផង​ដែរ​។​ ​មិនថា​បែកញើស​ប៉ុនណា​ ​Primer​ ​នៅតែ​ការពារ​ម្សៅ​ ​និង​រក្សា​សម្រស់​ ​Make​up​ ​មិន​ឱ្យ​រលាយ​។​ ​បន្ទាប់ពី​លាប​ BB ​ឬ​ CC ​Cream​ ​ឬ​ឡេ​ការពារ​ក​ម្តៅ​ថ្ងៃ​ ​សុភាព​នារី​អាច​ប្រើ​ ​Primer​ ​ពីលើ​ ​រួច​ទើប​ចាប់ផ្តើម​ផាត់ម្សៅ​តាម​ក្រោយ​។​

          មើល​សាច់​ម្សៅ​ឡើងវិញ​! ​រដូវ​កាល​ផ្លាស់ប្តូរ​ ​ការប្រើប្រាស់​គ្រឿង​តុបតែង​មុខ​ក៏​តម្រូវ​ប្រែប្រួល​ទៅតាម​នោះ​ដែរ​។​ ​សម្រាប់​អាកាសធាតុ​ក្តៅ​ ​ការ​ប្រើ​គ្រឿង​ផាត់​ដែល​មានសាច់​ក្រាស់​ ​សាច់​ធ្ងន់​ ​មាន​ជាតិ​ប្រេង​ ​ឬ​ប្រភេទ​គ្រី​ម​ ​វា​មិន​សមស្រប​ឡើយ​ ​ពោល​វា​នឹង​ធ្វើ​ឱ្យ​ម្សៅ​កាន់តែ​ឆាប់​រលាយ​ ​ឡើង​ប្រតាក​ ​ហើយ​អាច​កក​ទៀត​ផង​។​ ​ជំនួស​ឱ្យ​គ្រឿង​តុបតែង​ទាំងនេះ​ ​សុភាព​នារី​អាច​បង្វែរ​មក​ប្រើ​គ្រឿង​ផាត់​មុខ​ដែល​មានសាច់​ស្រាល​ ​និង​ធ្វើការ​ផាត់​បែប​ស្តើង​ៗ​រាប់​តាំងពី​ ​ម្សៅ​ទ្រនាប់​ ​ម្សៅ​ផាត់​ ​ហាយ​ឡាយ​ ​ម៉ា​ស្កា​រ៉ា​ ​រហូតដល់​ពណ៌​ថ្ពាល់​។​ ​ការ​ប្រើ​ម្សៅ​ផាត់​ប្រភេទ​ហុយ​ជា​ជម្រើស​ល្អ​បំផុត​។​ ​ជាពិសេស​កុំ​ភ្លេច​ប្រើ​ក្រែម​រលោង​លាប​បបូរមាត់​ ​ដើម្បី​ការពារ​ពី​ពន្លឺព្រះអាទិត្យ​។

          ​ច្បាស់​អត់​ថា​របស់​ប្រើ​ធន់​នឹង​ទឹក​? ​ការ​ប្រើ​ផលិតផល​មក​ជាមួយ​រូបមន្ត​ធន់​នឹង​ទឹក​ ​ឬ​ ​waterproof​ ​វា​ពិតជា​ស័ក្តិសម​បំផុត​សម្រាប់​ការពារ​សម្រស់​ ​Make​up​ ​មិន​ឱ្យ​រលាយ​នៅ​ក្នុង​អាកាសធាតុ​ក្តៅ​។​ ​ផលិតផល​រូបមន្ត​ ​waterproof​ ​វាក​៏​សមស្រប​នឹង​ការប្រើប្រាស់​នៅ​រដូវភ្លៀង​ ​ដែល​ជួយ​ទប់ទល់​​​នឹង​សំណើម​ផង​ដែរ​។​ ​ដូច្នេះ​សាកមើល​ឡើងវិញ​មើល​! ​ថា​តើ​ផលិតផល​ដែល​អ្នក​កំពុង​ប្រើប្រាស់​មាន​មក​ជាមួយ​រូបមន្ត​ ​waterproof​ ​ដែរ​ឬ​អត់​? ​បើ​អត់​គួរតែ​បញ្ជាទិញ​ឥឡូវនេះ​។​

         ​កុំ​ភ្លេច​! ​Spray​ ​ជា​អាថ៌កំបាំង​ដ៏​សំខាន់​ ​យើង​ច្រើនតែ​ហៅថា​ ​Spray​ ​បាញ់​ទប់​ ​Make​up​ ​ដែល​ជាទូទៅ​វា​ជា​ ​Setting​ ​Spray​ ​ដែល​រក្សា​សម្រស់​ផាត់​មុខ​ឱ្យ​នៅ​ជាប់​បាន​យូរ​។​ ​ការ​បាញ់​ ​Spray​ ​ធ្វើឡើង​នៅ​ពេល​កា​រផាត់​មុខ​បាន​រួចរាល់​ទាំងស្រុង​។​ ​បើ​ចំពោះ​អ្នកជំនាញ​ផាត់​មុខ​ ​ពេល​ផាត់​ឱ្យ​តារា​ម៉ូឌែ​ល​ឬ​តារា​សម្តែង​ ​គេ​ច្រើន​ប្រើ​ ​Spray​ ​បាញ់​ទៅលើ​គ្រប់​ស្រទាប់​ ​Make​up​ ​បានន័យ​ថា​ ​បន្ទាប់ពី​លាបម្សៅ​ទ្រនាប់​ ​គេ​បាញ់​ម្តង​ ​បន្ទាប់ពី​ផាត់ម្សៅ​ ​គេ​បាញ់​ម្តង​ ​និង​បន្ទាប់ពី​ផាត់ពណ៌​ ​គេ​បាញ់​ម្តង​ដូច្នោះឯង​។​ ​ការ​ធ្វើ​ដូចនេះ​ ​ដោយសារតែ​តារា​ម៉ូឌែ​ល​ឬ​សម្តែង​ ​ត្រូវ​ប្រើ​ពេល​ច្រើន​ម៉ោង​នៅ​ក្នុង​ការ​ថត​ ​ដែល​សំខាន់​វា​ធ្វើ​ឱ្យ​មើលទៅ​មាន​លក្ខណៈ​ឥត​ខ្ចោះ​នៅ​ក្នុង​កា​មេ​រ៉ា​។​ ​ដោយឡែក​ចំពោះ​សុភាព​នារី​ផាត់​មុខ​ប្រចាំថ្ងៃ​វិញ​ ​អ្នក​មិន​ចាំបាច់​ប្រើ​ច្រើន​តង់​ ​អាច​ត្រឹម​បាញ់​ពេល​ផាត់​មុខ​រួចរាល់​ក៏​ជាការស្រេច​។​

          ដាក់គ្រឿង​ប៉ះប៉ូវ​តាម​ខ្លួន​... ​ទោះ​ទប់ទល់​សម្រស់​ផាត់​ជាប់​ ​ប៉ុន្តែ​ពេលខ្លះ​ញើស​ ​និង​ប្រេង​នៅតែ​កើតមានឡើង​នៅ​លើ​ស្បែក​។​ ​មិន​ជា​ថ្វី​! ​សុភាព​នារី​គ្រាន់តែ​ត្រៀម​របស់​តាម​ខ្លួន​តែ​ប៉ុន្មាន​មុខ​ជាការស្រេច​។​ ​ក្នុង​នោះ​មាន​ដូចជា​៖​ ​ផលិតផល​ក្រដាស​ផ្តិត​ប្រេង​ ​ទុក​ផ្តិត​ថ្នមៗ​នៅត្រង់​ថ្ងាស​ ​ក្រោម​ភ្នែក​ ​និង​តំបន់​ ​T​-​zone​ (​ពី​ថ្ងាស​ចុះ​មក​ច្រមុះ​ ​ដល់​ចង្កា​), ​មាន​ក្រែម​លាប​បបូរមាត់​ប្រភេទ​ទឹក​រលោង​ ​អាច​ជា​ពណ៌​ផ្កាឈូក​បែប​ធម្មជាតិ​ ​ឬ​ពណ៌​ស្រាល​បែប​ ​nude​ ​សម្រាប់​លាប​ឡើងវិញ​ក្រោយពេល​ផឹក​ភេសជ្ជៈ​ឬញុំាអាហារ​ ​និង​មួយទៀត​ម្សៅ​ផាត់​ ​ត្រូវ​ប្រើ​ជក់​ផាត់​ស្រាល​ៗ​សម្រាប់​ជា​ការ​បន្ថែម​ភាព​ភ្លឺ​រលោង​ឡើងវិញ​នៃ​ស្បែក​៕

Article by ​HEM​ ​SO​KK​HIM​ (​Z​M​)


SUGGESTIONS