ឈ្វេងយល់ពីវិធី៥យ៉ាងបំបាត់អាការហឹរក្នុងមាត់លឿនដ៏មានប្រសិទ្ធភាព
TRAVEL & LIVING 3 years agoរាល់ដងឲ្យតែពេលញុំាអាហារហឹរ យើងតែងស្រវាផឹកទឹកត្រជាក់មុនគេដើម្បីបំបាត់អាការនេះឲ្យលឿនតាមដែលអាចធ្វើទៅបាន។ យើងអាចគិតថាការផឹកទឹកត្រជាក់អាចជួយបាន តែធាតុពិតទឹកត្រជាក់វាគ្មានជាតិខ្លាញ់ ជាតិប្រេង ឬសារធាតុណាមួយដែលអាចបំបែកជាតិហឹរពីធម្មជាតិរបស់ម្ទេសហៅថា capsaicin (ខេបសៃស៊ីន) នោះឡើយ ។ ខាងក្រោមនេះយើងនឹងបង្ហើបគន្លឹះ៥យ៉ាង ដែលអាចដោះស្រាយបានយ៉ាងលឿនអំឡុងពេលញុំាអាហារហឹរ។
ទឹកដោះគោ៖ ការផឹកទឹកដោះគោពិតជាអាចជួយកម្ចាត់អាការហឹរបានយ៉ាងមានប្រសិទ្ធភាព។ ជាតិខ្លាញ់ និងប្រេងដែលមាននៅក្នុងទឹកដោះគោអាចចូលទៅរំលាយសារធាតុ capsaicin ធ្វើឲ្យធូរស្រាលលឿនបំផុត។ គួរចំណាំដែរថាទឹកដោះគោដែលយកមកទទួលទាន គួរតែជាប្រភេទទឹកដោះគោស្រស់ មិនមែនជាទឹកដោះគោដែលចម្រាញ់ពីគ្រាប់សណ្តែក គ្រាប់អាល់ម៉ុន ឬទឹកដោះគោស្រូវសាលីនោះទេ។ បន្ថែមលើសពីនេះអ្នកក៏អាចជំនួសដោយទឹកដោះគោជូរឬយ៉ាអួរផងដែរ។
ភេសជ្ជៈមានជាតិអាល់កុល៖ ពិតប្រាកដណាស់ ភេសជ្ជៈមានជាតិអាល់កុលអាចជួយបន្សាបជាតិហឹរបានលឿន ដោយសារតែជាតិ capsaicin នឹងរលាយពេលត្រូវជាតិអាល់កុលនេះ។ បើកំពុងនៅក្នុងកម្មវិធីជួបជុំ អ្នកអាចផឹកជាប្រភេទស្រាវ៉ូដកា(Vodka) ២កូនកែវដើម្បីទទួលបានប្រសិទ្ធភាពភ្លាមៗតែម្តង។
ប្រេង៖ អ្នកអាចជ្រើសយកប្រេងអូលីវឬប៊័រសណ្តែកដី(Peanut Butter) ដែលជាគ្រឿងផ្សំមាននៅក្នុងផ្ទះបាយងាយស្រួលរកបំផុត។ ទទួលទានប្រេងអូលីវឬប៊័រសណ្តែកដីត្រឹម១ស្លាបព្រាបាយនឹងជួយកាត់បន្ថយបានភ្លាមៗ។ ប្រេងទាំងពីរមុខនេះគឺមានជាតិខ្លាញ់ និងជាតិប្រេងដែលមានសមត្ថភាពខ្ពស់អាចស្រូបយកជាតិហឹរបាន។
ជាតិម្សៅ (Starches)៖ អ្នកជំនាញខាងចំណីអាហារបាននិយាយថា បាយឬនំបុ័ងទោះបីជាមិនអាចរំលាយសារធាតុ capsaicin បានដូចជាប្រេង ខ្លាញ់ និងអាល់កុល ប៉ុន្តែវាជួយស្រូបយកជាតិហឹរ និងបំបាត់ភាពក្រហាយពីម្ទេសបានយ៉ាងងាយថែមទៀត។
ស្ករស៖ លាយស្ករសត្រឹម១ស្លាបព្រាបាយជាមួយទឹកធម្មតាកន្លះកែវ ក៏ជាវិធីមួយដែលអាចជួយបំបាត់អាការហឹរបានដែរ។ គ្រប់អាហារដែលមានជាតិហឹរគឺគេតែងតែកម្រិតជាតិស្ករនៅក្នុងអាហារទាំងនោះ ដើម្បីបន្ថយ និងគ្រប់គ្រងជាតិហឹរ។ មិនតែប៉ុណ្ណោះ ក្រៅពីស្ករសអ្នកអាចប្រើទឹកឃ្មុំមកជំនួសក៏បាន។
ជាការពិតណាស់ សព្វថ្ងៃអាហារហឹរទទួលបានការពេញនិយមបំផុត ដែលវាជួយបង្កើនរសជាតិអាហារកាន់តែឆ្ងាញ់ឡើង។ មិនថាអ្នកពូកែញុំាហឹរប៉ុនណា មានវិធីការពារប៉ុនណា អ្នកគួរតែញុំាម្ទេសឬជាតិហឹរក្នុងកម្រិតមួយសមល្មមដើម្បីជៀសវាងបណ្តាលឲ្យឈឺក្រពះពោះវៀន ជួនអាចរ៉ាំរ៉ៃធ្វើឲ្យរលាកធ្ងន់ធ្ងរផងដែរ៕
Article by SOUNG SOKSAN