ស្ថាបនិកមកពីខេត្តកំពង់ឆ្នាំងបង្កើតអាជីវកម្មច្នៃបំពង់បឺតបែបធម្មជាតិយីហោ «អាទិករ»
TRAVEL & LIVING 3 years agoទុយោបរិស្ថានច្រើនប្រភេទត្រូវបានផលិតឡើងយ៉ាងយកចិត្តទុកដាក់បំផុតសម្រាប់អ្នកប្រើប្រាស់ និង ជាផ្នែកមួយដែលបានការពារបរិស្ថានផងដែរ។ ជាក់ស្តែង នៅតាមភោជនីយដ្ឋាន ឬហាងកាហ្វេមួយចំនួនក្នុងពេលបច្ចុប្បន្ននេះក៏បានផ្លាស់ប្តូរសម្ភារដែលច្នៃពីសារធាតុប្លាស្ទិកយ៉ាងដូច្នេះដែរ តួយ៉ាង គេប្រើប្រាស់សម្ភារដែលមានការច្នៃពីក្រដាស ឬធនធានធម្មជាតិនានា ដើម្បីបញ្ជៀសនូវការប្រើប្រាស់សារធាតុធ្វើពីប្លាស្ទិក កត្តានេះដែរបានជំរុញទឹកចិត្តឲ្យប្រជាជនខ្មែរចាប់ផ្តើមរួមចំណែកថែរក្សាបរិស្ថានបន្តិចម្តងៗគួរឲ្យកត់សម្គាល់។
ផ្តើមចេញពីអ្នកដែលស្រឡាញ់ផលិតផលធ្វើដោយដៃក្នុងស្រុក និងការស្រឡាញ់បរិស្ថានមួយរូប អ្នកនាងហៃ សុជាតិ វឌ្ឍនា មានស្រុកកំណើតនៅក្នុងខេត្តកំពង់ឆ្នាំងបានបង្ហាញពីទស្សនៈវិស័យ ក៏ដូចជាបទពិសោធន៍របស់ខ្លួនមួយចំនួនទាក់ទងនឹងការចាប់ផ្តើមស្រាវជ្រាវពីវិធីសាស្ត្រ និងធនធានធម្មជាតិដែលអាចផលិតទុយោបរិស្ថានប្រកបដោយគុណភាព សុវត្ថិភាព និងមានតម្លៃសមរម្យជាដើម។ ទន្ទឹមនឹងនេះ អ្នកនាង វឌ្ឍនា បានបង្ហាញ សូវរីន ឲ្យដឹងថាអ្នកនាងជាអតីតបុគ្គលិកកក្រុមហ៊ុនឯកជនមួយរូបប៉ុណ្ណោះ ប៉ុន្តែរហូតមកដល់ចុងឆ្នាំ២០២១ អ្នកនាងបានសិក្សាស្រាវជ្រាវ និងបានចុះផ្ទាល់ទៅកាន់តំបន់ដែលជាប្រភពធនធានធម្មជាតិអាចច្នៃឡើងធ្វើជាទុយោស្មៅធម្មជាតិផងដែរ។ ជាការពិតណាស់ ពេលវេលាកាន់តែដើរទៅមុខបន្តិចៗម្តង រីឯក្តីស្រឡាញ់ចំពោះផលិតផលធម្មជាតិកាន់តែកើនឡើងជាបន្តបន្ទាប់ដែលបានជំរុញទឹកចិត្តឲ្យអ្នកស្រីចាប់ផ្តើមបើកអាជីវកម្មមួយផលិតទុយោស្មៅនៅពាក់កណ្តាលឆ្នាំ២០២២ នេះ។
«អាទិករ» ជាឈ្មោះសិប្បកម្មមួយកន្លែងមានន័យថា «ជាអ្នកចាប់ផ្តើម» ដែលមានផលិត និងផ្តល់ការផ្គត់ផ្គង់ទុយោស្មៅធម្មជាតិក្នុងស្រុក។ ស្ថាបនិក វឌ្ឍនា បានមានប្រសាសន៍សំខាន់ៗបន្ថែមទាក់ទងនឹងការចាប់ផ្តើមនេះយ៉ាងដូច្នេះថា «ការចាប់ផ្តើមដំបូងនោះកើតចេញពីក្តីស្រឡាញ់ទាំងផលិតផលក្នុងស្រុក រួមទាំងបរិស្ថាន ហើយមួយវិញទៀតខ្ញុំបានសង្កេតឃើញថាអាកាសធាតុនៅលើពិភពលោកបច្ចុប្បន្នមានការប្រែប្រួលខុសប្រក្រតីជាខ្លាំង រួមទាំងប្លាស្ទិកក៏កាន់តែកើនឡើង ដូច្នេះដើម្បីជាចំណែកថែរក្សាបរិស្ថានខ្ញុំចាប់ផ្តើមធ្វើការស្រាវជ្រាវនានាទាក់ទងនឹងផលិតផលនេះខ្ញុំបានឃើញថាមានប្រភេទដើមចចូតស្រស់ម៉្យាងដែលអាចធ្វើជាទុយោ ដូច្នេះខ្ញុំក៏ចាប់ផ្តើមធ្វើការពិសោធន៍ដោយជំហានដំបូងសម្អាតផ្នែកខាងក្រៅដោយដៃថ្នមៗ រួមបកស្រទាប់ចេញ បន្ទាប់មកទៀតចាប់ផ្តើមសម្អាតផ្នែកខាងក្នុង។» អ្នកនាងក៏បានបន្តថា «បន្ទាប់ពីបានធ្វើការសម្អាតរួច ខ្ញុំចាប់ផ្តើមដាក់វាក្នុងម៉ាស៊ីនសម្ងួតប្រមាណជា ៤ម៉ោង ទៅ៥ម៉ោង រួចប្រើម៉ាស៊ីនសម្លាប់មេរោគប្រព័ន្ធ UVC ជាលទ្ធផលទុយោស្មៅរបស់យើងបានផលិតដោយសុវត្ថិភាព និងស្តង់ដារខ្ពស់ផងដែរ»។ បន្ថែមពីនេះទៅទៀត ទុយោស្មៅ ក៏ត្រូវបានបែងចែកចេញជា៣ទំហំ តួយ៉ាង ទំហំតូច ទំហំកណ្តាល និងទំហំធំ រីឯមួយប្រអប់តូចគឺមានទុយោចំនួន ២០ ដើមដែលមានទំហំចម្រុះដែលផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់អាចសាកល្បងទៅតាមចំណូលចិត្តរបស់គេ។ ម៉្យាងវិញទៀត សម្រាប់ប្រអប់ធំវិញគឺមានទុយោស្មៅចំនួន១០០ដើម ក្នុងនោះអ្នកជាវក៏អាចជ្រើសរើសទំហំទៅតាមតម្រូវការរបស់គេផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ លក្ខណៈពិសេសរបស់ទុយោស្មៅនេះគឺមានក្លិនប្រហើរ មិនប៉ះពាល់ដល់រសជាតិភេសជ្ជៈឡើយ មួយវិញទៀត គេអាចថែរក្សាគុណភាពរហូតបានទៅដល់ ៦ ខែទៅ ១២ ខែ ប៉ុន្តែទុយោនេះគឺអាចប្រើប្រាស់បានតែម្តងប៉ុណ្ណោះ។
ជាចុងក្រោយ អ្នកនាង វឌ្ឍនា ស្ថាបនិកា «អាទិករ» ក៏បានឲ្យដឹងផងថា វត្តមានរបស់ទុយោស្មៅនេះគឺជាការចូលរួមចំណែកក្នុងកិច្ចការពារបរិស្ថាន កាត់បន្ថយសំណល់ប្លាស្ទិក កាត់បន្ថយផលប៉ះពាល់ដល់ជីវចម្រុះ ដើម្បីប្រទេសយើងកាន់តែមានសោភណ្ឌភាព ប្រជាជនយើងរស់នៅប្រកបដោយសុខមាលភាព ហើយក៏ជាផ្នែកមួយដែលគាំទ្រដល់ការប្រើប្រាស់ដោយនិរន្តរភាពនូវធនធានធម្មជាតិ តាមរយៈការកែច្នៃឲ្យមកជាប្រយោជន៍ដល់ការរស់នៅរបស់ប្រជាជន ក្នុងការលើកកម្ពស់ជីវភាពប្រជាជនក្នុងសហគមន៍ ក៏ដូចជាបង្ហាញអំពីសមត្ថភាពរបស់ស្រ្តីក្នុងវិស័យការងារ និងជាការចូលរួមក្នុងការថែរក្សាភពផែនដីយើងដែលមានតែ១ ផងដែរ៕
Article by PAN SIVLY
Image Courtesy: អាទិករ