×

១​ ​ថ្ងៃ​នៅ​ជុំវិញ​រមណីយដ្ឋាន​រី​សត​ ​Bamboo​ ​ហាន់​ជ័យ

TRAVEL & LIVING one year ago
 
 

            ខេត្ត​កំពង់ចាម​សម្បូរ​ដោយ​រមណីយដ្ឋាន​ទេសចរណ៍​គ្រប់​ប្រភេទ​យ៉ាង​សម្បូរ​បែប​ ​មិនថា​ ​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​ ​រមណីយដ្ឋាន​ទេសចរណ៍​វប្បធម៌​-​ប្រវត្តិ​សា​ស្រ្ត ​និង​រមណីយដ្ឋាន​កែច្នៃ​នោះ​ទេ​។​ ​ក្នុងចំណោម​នោះ​រមណីយដ្ឋាន​ដែល​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​និយម​ទៅលេង​ក​ម្សាន្ត​ក្នុង​ខេត្ត​នេះ​តាំងពី​ដើម​រៀងមក​ ​មាន​ជាអាទិ៍​ ​រមណីយដ្ឋាន​ភ្នំ​ប្រុស​ភ្នំ​ស្រី​ ​រមណីយដ្ឋាន​ប្រាសាទ​នគរ​បា​ជ័យ​ ​រមណីយដ្ឋាន​ទឹក​ឆា​ ​រមណីយដ្ឋាន​ភ្នំ​ហាន់​ជ័យ​ ​និង​ឆ្នេរខ្សាច់​កោះ​ប៉ែន​ជាដើម​។​ ធ្វើដំណើរ​ចេញពី​រាជធានី​តាម​ផ្លូវជាតិ​លេខ​៦​និង​បំបែក​ទៅកាន់​ផ្លូវជាតិ​លេខ​៧​ ​យើង​ចំណាយ​ពេល​ប្រហែលជា​ង​៣​ម៉ោង​ដើម្បី​ទៅដល់​ក្រុង​កំពង់ចាម​។​ ​យើង​ទៅដល់​ទីនោះ​ខ្ទង់​ម៉ោង​១​១​ហើយក៏​ប្រញាប់​ស្រូត​បន្ត​ដំណើរ​ទៅ​តាមផ្លូវ​មាត់ទន្លេ​កាត់តាម​សង្កាត់​បឹង​កុក​ ​ផ្សារ​ថ្ម​គោល​ ​ឃុំ​រអាង​ ​ឃុំ​កៀន​ជ្រៃ​ ​ឃុំ​រំចេក​ ​រហូតដល់​ឃុំ​ហាន់​ជ័យ​តែម្តង​ ​ក្នុង​ ​រយៈពេល​ប្រមាណ​៣​០​នាទី​បន្ថែម​ទៀត​។​ ​ទៅដល់​ភ្នំ​ហាន់​ជ័យ​ ​ក្នុង​ទឹកដី​ឃុំ​ហាន់​ជ័យ​ ​ស្រុក​កំពង់​សៀម​ ​យើង​មិន​អាចប​ន្ត​ដំណើរ​តាមផ្លូវ​មាត់ទន្លេ​បាន​ឡើយ​ ​ព្រោះ​មាន​ការដ្ឋាន​ស្ថាបនា​ផ្លូវ​នៅ​ជើងភ្នំ​នោះ​។​ ​អ្នក​បើកបរ​ទាំងឡាយ​ត្រូវ​ជិះ​វាង​ឡើង​តាម​លើ​កំពូលភ្នំ​ឆ្ពោះទៅ​រក​វត្ត​ជ័យ​គិរី​ ​ឬ​ ​វត្តភ្នំ​ហាន់​ជ័យ​ ​មុននឹង​បន្ត​ដំណើរ​ទៅកាន់​គោលដៅ​ដទៃទៀត​ខាងជើង​នោះ​ ​ខាង​ស្រុក​ស្ទឹង​ត្រង់​ ​ឬ​ ​ស្រុក​ចំការ​លើ​។​

            ​យើង​ឈប់​សម្រាក​បាយថ្ងៃត្រង់​សិន​ ​ហើយ​កន្លែង​សម្រាក​បាយថ្ងៃត្រង់​ដែល​យើង​ជ្រើសរើស​ល្អ​បំផុត​ក្នុង​តំបន់​នេះ​ ​គឺ​ ​រមណីយដ្ឋាន​ប្ញស្សី​ហាន់​ជ័យ​ (​H​an​c​h​e​y​ ​Bamboo​ ​Resort​) ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ព្រះអង្គ​ ​ឃុំ​ព្រែក​បាក់​ ​ស្រុក​ស្ទឹង​ត្រង់​ ​ខេត្ត​កំពង់ចាម​។​ ​យើង​ត្រូវ​ជិះ​ផុត​វត្តភ្នំ​ហាន់​ជ័យ​តម្រង់​ទៅ​ឆ្វេងដៃ​តាមផ្លូវ​លើ​ភ្នំ​នោះ​ហើយ​បត់​ស្តាំ​ចុះ​តាម​ជម្រាល​ភ្នំ​រហូត​ឃើញ​ស្លាក​សញ្ញា​រមណីយដ្ឋាន​នៅ​ខាងឆ្វេង​ដៃ​ជាប់​ផ្លូវ​។​ ​រមណីយដ្ឋាន​ដ៏​ត្រកាល​នេះ​លាក់ខ្លួន​ឆ្ងាយ​ពី​ទីប្រជុំជន​ដាច់​តែឯង​ក្នុង​ជ្រលងភ្នំ​ដែល​មាន​ទេសភាព​ល្អ​ឥតគណនា​ ​គួបផ្សំ​នឹង​គំនិត​ច្នៃ​ប្រតិដ្ឋ​ដ៏​ប្លែក​របស់​ស្ថាបនិក​រី​សត​ ​បង្កើត​បានជា​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ទេសចរណ៍​ធ្វើអំពី​ប្ញស្សី ​មាន​ទាំង​ផ្ទះ​បាំង​ហ្គា​ឡូ​ ​និង​ភោជនីយដ្ឋាន​រាង​មូល​ធំ​នៅ​ចំកណ្តាល​ ​ដូច​ព្រះពន្លា​ស្កឹមស្កៃ​ល្អ​វិចិត្រ​ដែល​រុក្ខទេវតា​ជប​និម្មិត​ឡើង​មក​សម្រាប់​ទទួលស្វាគមន៍​អ្នកដំណើរ​ជិត​ឆ្ងាយ​។​ ​ឈរ​ក្នុង​ភោជនីយដ្ឋាន​ប្ញស្សី​នេះ​ ​យើង​ទាំងអស់គ្នា​អាច​គយគន់​សម្រស់​ទឹកដី​ស្រុក​ស្ទឹង​ត្រង់​បាន​ស្ទើរគ្រប់​ជ្រុង​ជាពិសេស​ភូមិ​ដ្ឋា​ន​ស្របតាម​បណ្តោយ​ដង​ទន្លេមេគង្គ​ ​និង​ផ្ទៃ​ទន្លេ​ខៀវស្រងាត់​ហូរកាត់​វែងអន្លាយ​ជាប់​ជើងមេឃ​ដែល​មាន​ពពក​បើកថ្ងៃ​ស្រឡះ​ល្អ​។​

            ប្រសិន​ចង់​ចូល​ទស្សនា​និង​ថតរូប​លេង​ក​ម្សាន្ត​នៅ​ក្នុង​បរិវេណ​រី​សត​ ​ភ្ញៀវ​ម្នាក់ៗ​ត្រូវ​ចំណាយ​ប្រាក់​ជាវ​សំបុត្រ​ក្នុង​តម្លៃ​៥​ដុល្លារ​ ​ប៉ុន្តែ​តម្លៃ​សំបុត្រ​នោះ​នឹង​ត្រូវ​បាន​ទូរ​ទាត់​ជាមួយនឹង​ថ្លៃ​អាហារ​ដែល​លោកអ្នក​កុម្ម៉ង់​វិញ​ក្នុង​រូបភាព​ជា​ប​ណ្ណ​អាហារ​ (​Coup​on)​។​ ​បើ​និយាយ​ពី​អាហារ​ ​អាហារ​ទីនោះ​ច្រើនតែ​ជា​ប្រភេទ​អាហារ​សុខភាព​ ​ដូចជា​ ​សាលាដ​ ​តៅហ៊ូ​ ​ឆា​គ្រាប់ស្វាយ​ចន្ទី​ ​និង​ផ្លែឈើ​ក្នុងស្រុក​​ជាដើម​ ​ដែល​ភាគច្រើន​មាន​តម្លៃ​ចន្លោះ​ ​៤​-​៧​ ​ដុល្លារ​ ​សមរម្យ​អាច​ទទួលយក​បាន​ ​និង​មាន​ទឹក​ដែល​ភ្ញៀវ​អាច​ទទួលទាន​បាន​ដោយ​ឥត​គិតថ្លៃ​។​យើង​ជឿ​ថា​ភ្ញៀវ​គ្រប់រូប​ដែល​មក​ទីនេះ​ក្រៅតែ​ពី​បរិភោគអាហារ​ ​ពួកគេ​គេច​មិន​ផុត​ពី​ការ​ថតរូប​ក្នុង​បរិវេណ​នោះ​ឡើយ​ ​ដោយសារតែ​ប្រណិត​ភាព​នៃ​ការ​តុបតែង​លម្អ​ស្ថាបត្យកម្ម​ធ្វើ​ពី​ប្ញស្សី​ដែល​ខុសប្លែក​ពី​រី​សត​នានា​។​ ​លោកអ្នក​ក៏​អាច​ដើរ​ទស្សនា​ជុំវិញ​នោះ​ ​ព្រមទាំង​ក្រុម​ផ្ទះ​បាំង​ហ្គា​ឡូ​ប្រភេទ​ថ្មី​ដែល​កំពុងតែ​សាងសង់​នៅ​លើ​ខ្នងភ្នំ​បែរ​ឆ្ពោះទៅ​ទិសខាងជើង​ ​មើលឃើញ​ខ្នងភ្នំ​ម្ខាងទៀត​ស្រស់​ស្អាត​មិនចាញ់​ទេសភាព​ខ្នងភ្នំ​នា​ខេត្ត​មណ្ឌលគិរី​ប៉ុន្មាន​ទេ​។​

            ​យើង​បាន​សម្រាក​លម្ហែ​នៅ​ទីនោះ​រហូតដល់​ម៉ោង​១​ជាង​រសៀល​ ​ទើប​បក​ត្រឡប់​ចុះ​ពី​ភ្នំ​ហាន់​ជ័យ​។​ ​នៅ​តាម​ដង​ផ្លូវត្រង់​ចំណុច​ភូមិ​ព្រែក​កក់​ ​ឃុំ​ព្រែក​បាក់​ ​មាន​បងប្អូន​ប្រជាពលរដ្ឋ​តំបន់​នោះ​ជាច្រើន​នាំគ្នា​បង្កើត​របរ​ដើម្បី​ចិញ្ចឹមជីវិត​បង្កើត​ប្រាក់ចំណូល​ប្រចាំថ្ងៃ​តាមរយៈ​កា​រលក់​ក្រឡាន​ប្រពៃណី​ ​ដែល​ទាក់ទាញ​ទេសចរ​ជិះ​កាត់​ផ្លូវ​នោះ​ឲ្យ​ចុះ​ឈប់​ជួយ​ទិញ​ជាហូរហែ​។​ ​បងស្រី​និ​ត​ ​វ័យ​ជាង​៣​០​ឆ្នាំ​ ​ដែល​មាន​ប្រវត្តិ​លក់​ក្រឡាន​ជាមួយ​ម្តាយ​នៅ​តំបន់​នេះ​តាំងពី​ ​វ័យ​១​៤​ឆ្នាំ​ម្ល៉េះ​ ​បាន​ប្រាប់​សូវ​រី​ន​ថា​ ​ពួកគាត់​លក់​នៅ​ទីនេះ​ជំនាន់​ដំបូង​គេ​តាំងពី​ជាង​២​០​ឆ្នាំមុន​។​ ​ក្រោយៗ​មក​ ​ដោយ​ ​សារ​មាន​ផ្លូវថ្នល់​ស្អាត​ ​អ្នក​ធ្វើដំណើរ​ច្រើន​ ​អ្នកភូមិ​ក៏​ចេះតែ​នាំគ្នា​លក់​បន្តបន្ទាប់​គ្នា​រហូតមកដល់​សព្វថ្ងៃ​។​ ​ក្រឡាន​នៅ​ភូមិ​ព្រែក​កក់​នេះ​មាន​លក់​ថ្មីៗ​ជា​រៀងរាល់ថ្ងៃ​ ​ដែល​ពួកគាត់​ត្រូវ​ងើប​តាំងពី​ម៉ោង​៤​ទៀបភ្លឺ​ ​ដើម្បី​រៀបចំ​ដុត​លក់​ឲ្យ​ទាន់​ពេលព្រឹក​។​ ​ក្នុងមួយថ្ងៃ​ ​ជាមធ្យម​អាច​លក់ដាច់​ក្រឡាន​អស់​អង្ករ​៧​គីឡូ​ ​ប៉ុន្តែ​ចំពោះ​រដូវ​បុណ្យទាន​ធំ​ៗ​ ​គាត់​អាច​លក់ដាច់​រហូតដល់​អង្ករ​១​០​គីឡូ​-​២​០​គីឡូ​។​ ​ចំពោះ​តម្លៃ​លក់​ ​អាស្រ័យ​ទៅតាម​ទំហំ​ក្រឡាន​ ​មាន​ចាប់ពី​មួយ​ដុំ​ (​១​០​ដើម​) ​១០០០០រៀល​, ​២០០០០រៀល​ ​រហូតដល់​ ​២៥០០០រៀល​ ​ដែល​អតិថិជន​អាច​ជ្រើសរើស​តាម​ចំណង់ចំណូលចិត្ត​៕

Article​ ​by​ SR​IN​ ​SO​K​MEAN​


SUGGESTIONS