×

កម្សាន្ត​គង្គា​នា​បូរី​ជលសា​រ​ ​ដែនដី​បង្កង​ទឹកសាប​

TRAVEL & LIVING one year ago
 
 

            អំឡុង​ខែវិច្ឆិកា​-​ធ្នូ​ ​ជា​រដូវ​ដែល​បង្កង​ឡើង​ ​ឬ​ ​រដូវ​សម្បូរ​បង្កង​ ​ហើយ​បង្កង​ក៏មាន​ទំហំ​ធំ​ៗ​ពី​ធម្មជាតិ​និង​មានសាច់​ឆ្ងាញ់​បំផុត​។​ ​ខែ​នេះ​យើង​ត្រូវតែ​ធ្វើដំណើរ​ទៅ​ឲ្យ​ដល់​ទីតាំង​នេសាទ​បង្កង​ ​ឬ​ជង្រុក​បង្កង​ទឹកសាប​នា​ខេត្ត​តាកែវ​ ​ភាគ​ខាងត្បូង​ប្រទេស​ ​ដែល​មាន​ចម្ងាយ​ត្រឹមតែ​ជិត​១​០​០​គីឡូម៉ែត្រ​ ​ពី​ភ្នំពេញ​។​ ​បង្កង​បឹង​ក្នុង​ទឹកដី​ខេត្ត​តាកែវ​នេះ​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ខ្ទរខ្ទារ​ជា​យូរយារណាស់មកហើយ​តាម​ដឹង​ត​ៗ​គ្នា​មក​ ​ហើយ​ភាគច្រើន​ពួកយើង​បានឃើញ​ត្រឹមតែ​ប្រស់​ដាក់​លក់​ក្នុង​ទូរ​កញ្ចក់​ស្រាប់​ៗ​ ​មិន​ងាយ​បានឃើញ​គេ​រក​បង្កង​ចេញពី​ទូក​ភ្លាម​ៗ​ថ្មីៗ​ដោយ​ផ្ទាល់​ភ្នែក​នោះ​ទេ​។​

            ​លើក​នេះ​កុំឲ្យ​ខា​តជើង​! ​យើង​នឹង​ធ្វើដំណើរ​ចេញពី​ក្រុង​ដូន​កែវ​ ​ដែល​ជា​ទីរួមខេត្ត​តាកែវ​ ​ឆ្ពោះទៅ​ទិស​ខាងត្បូង​ឆៀង​ខាងកើត​ ​តាម​ផ្លូវជាតិ​លេខ​២​ ​តម្រង់​ទៅ​ស្រុក​បូរី​ជលសា​រ​​​ដែល​នៅ​ត្រើយម្ខាង​ទល់នឹង​ស្រុក​អង្គរ​បូរី​។​ ​ក្នុង​ចម្ងាយ​ផ្លូវ​ប្រមាណ​១​៤​គីឡូម៉ែត្រ​ពី​ក្រុង​ដូន​កែវ​ ​ហួស​ផ្លូវចូល​បូជនីយដ្ឋាន​ភ្នំ​ខ្លែង​ ​យើង​នឹងបាន​ឃើញ​ទីប្រជុំជន​មួយ​ឈ្មោះ​ ​ផ្សារ​ល្វេ ​ក្នុងស្រុក​ទ្រាំង​ ​មានផ្លូវ​កៅស៊ូ​ស្អាត​នៅ​ខាងឆ្វេង​ដៃ​បត់​ចូល​ទៅ​ក្នុង​ ​នោះ​ឯង​គឺ​ផ្លូវ​ទៅកាន់​ស្រុក​បូរី​ជលសា​រ​។​ ​វា​មាន​ចម្ងាយ​ប្រមាណ​១​៣​-​១​៤​គីឡូម៉ែត្រ​ ​ពី​ផ្លូវជាតិ​លេខ​២​។​ ​ហួស​ហ្នឹង​បន្តិច​ ​យើង​ឃើញ​មាន​ផ្សារ​មួយ​ ​ដែល​អ្នកស្រុក​ប្រាប់​ថា​ជា​ «​ផ្សារ​ថ្ម​ស​»​ ​ស្ថិតនៅ​កាច់ជ្រុង​ផ្លូវ​កែង​បត់​សំដៅ​មក​កំពង់ផែ​ទឹកសាប​ប្រចាំ​ស្រុក​ឈ្មោះ​ ​«​កំពង់ផែ​កំពង់​អំពិល​»​។​

            តាម​សម្តី​របស់​អ្នកស្រុក​នេះ​ផ្ទាល់​ ​បង្កង​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ទីនោះ​នេសាទ​តែ​ពេលយប់​ប៉ុណ្ណោះ​។​ ​លុះដល់​ព្រលឹមស្រាង​ៗ​ ​ម៉ោង​៥​-​៦​ព្រឹក​ ​ប្រជា​នេសាទ​ម្នីម្នា​យក​ផល​បង្កង​ដែល​ខ្លួន​រក​បាន​ម្នាក់​ចូល​មក​ច្រាំង​រង់ចាំ​ឈ្មួញ​កណ្តាល​មក​ប្រមូល​ទិញ​យកទៅ​លក់​បន្ត​នៅ​ទីប្រជុំជន​ក្នុងស្រុក​ ​និង​បន្ត​បោះ​ដុំ​លក់​ឲ្យ​ហាង​លក់​បង្កង​នានា​នៅ​ទីរួមខេត្ត​ទៀត​។​ ​យើង​បានឃើញ​ទិដ្ឋភាព​នៃ​ការ​ដើរ​ប្រមូល​បង្កង​នោះ​ដោយ​ផ្ទាល់​ភ្នែក​ដោយហេតុថា​យើង​បាន​ទាក់ទង​ម្ចាស់​ហាង​បង្កង​ល្បី​ប្រចាំ​ស្រុក​នោះ​ឈ្មោះ​ ​«​សា​គី​រ៉ា​ ​បង្កង​ធម្មជាតិ​ខេត្ត​តាកែវ​»​ ​ជាមុន​។​ ​ប្រសិនបើ​លោកអ្នក​មិនបាន​ទាក់ទង​ជាមុន​ទេ​ ​ច្បាស់ជា​ក៏​មិនបាន​ឃើញ​សកម្មភាព​ស្តែង​ៗ​ដ៏​ក​ម្រ​ប្រទះ​ដូច​ពួកយើង​បាន​ទស្សនា​នោះ​ទេ​ ​ព្រោះ​តំបន់​នេះ​មិន​មាន​កំពង់ផែ​បង្កង​នោះ​ទេ​។​ ​យើង​ត្រូវ​ជិះរថយន្ត​តាម​អ្នកដើរ​ប្រមូល​ផល​បង្កង​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ក្នុង​រយៈ​ពេល​​ដ៏​ខ្លី​ព្រោះ​ឈ្មួញកណ្តាល​ត្រូវ​ចាំបាច់​ប្រញាប់​ស្រូត​ចេញពី​កន្លែង​ម៉ូយ​មួយ​ទៅ​កន្លែង​ម៉ូយ​មួយទៀត​តាម​ជួរ​ផ្លូវ​បណ្តោយ​មាត់​បឹង​តែមួយ​។​

            ​តាមរយៈ​ទស្សនកិច្ច​មួយ​នេះ​ ​យើង​ចេះដឹង​មេរៀន​ជាច្រើន​ទាក់ទង​នឹង​បង្កង​ទឹកសាប​។​ ​យើង​យល់​បាន​ថា​ការ​នេសាទ​បង្កង​ទឹកសាប​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ​ ​ព្រោះ​អ្នកនេសាទ​ត្រូវ​អត់ងងុយ​ជិះទូក​រក​ទាំងយប់​ ​ហើយ​ជួនកាល​អាច​មាន​ខ្យល់​ដែល​ជា​ឧបសគ្គ​ធំបំផុត​នៃ​មុខរបរ​នេះ​។​ ​ជាទូទៅ​ ​នៅ​ពេល​មាន​ខ្យល់​ ​ធ្វើឲ្យ​រលក​បោកបក់​ខ្លាំង​ ​ប្រជាពលរដ្ឋ​ភាគច្រើន​មិន​ចេញ​ទៅនេសាទ​បង្កង​ក្នុង​បឹង​នោះ​ទេ​ ​ដែល​ធ្វើឲ្យ​ការ​ប្រមូល​ទិញ​បង្កង​យកមក​ផ្គត់​ផ្គត់​លើ​ ​ទី​ផ្សារ​ក៏បាន​តិចតួច​ដែរ​។​ ​គេ​ស្វែងរក​បង្កង​ដោយ​ជិះទូក​ស្មាច់​បំពាក់​ម៉ាស៊ីន​ហើយ​ប្រើ​លប​បង្កង​បែប​ប្រពៃណី​ជា​គ្រឿង​នេសាទុបករណ៍​។​ ​បង្កង​ដែលគេ​រក​បាន​មាន​តូច​ធំ​ ​ដែល​ក្នុង​នោះ​ខ្លះ​អាច​មាន​ទម្ងន់​ចន្លោះ​ ​២​ខាំ​-​៥​ខាំ​។​ ​ទោះបីជា​តូច​ឬ​ធំ​ ​ក៏​ឈ្មួញ​ប្រមូល​ទិញ​ទាំងអស់​ ​ហើយ​យកមក​បែងចែក​តាម​ទំហំ​ក្នុង​ធុង​ផ្សេងៗ​គ្នា​តាម​ក្រោយ​។​ ​អ្នកនេសាទ​ក៏​អាច​​​រក​បង្កង​បាន​តិច​ឬ​ច្រើន​ ​មិន​ទៀង​ដូចគ្នា​ដែរ​។​ ​អ្នកនេសាទ​ម្នាក់​អាច​​​រក​បាន​ត្រឹម​ជាង​ ​១​-​២​ ​គីឡូក្រាម​ ​ហើយ​ខ្លះទៀត​អាច​​​រក​បាន​តិច​ ​ឬ​ ​ច្រើនជាង​នេះ​ទៅតាម​សំណាង​ប្រចាំថ្ងៃ​របស់​ពួកគេ​។​ ​ពួកគេ​រីករាយ​នឹង​ប្រមូល​ផល​បង្កង​ក្នុង​រដូវ​កាល​សម្បូរ​បង្កង​ ​ជាពិសេស​ក្នុងរយៈពេល​ពីរបី​ខែ​ចុង​ឆ្នាំនេះ​តែម្តង​។​ ​នៅ​រដូវ​ទឹក​សម្រក​ ​ខ្ទង់​ខែ​មករា​ ​ផល​បង្កង​នឹង​ចាប់ផ្តើម​ថយ​ចុះ​លែង​មាន​ហើយ​ ​រក​បាន​មួយៗ​ ​ជា​ប្រភេទ​បង្កង​កៀរ​សម្រាស់​។​ ​រីឯ​ដើម​រដូវ​ប្រមូល​ផល​ ​ក្នុង​អំឡុង​ខែ​សីហា​-​កញ្ញា​ ​បង្កង​ក៏​មិនសូវ​ល្អ​ដូច​ខែ​នេះ​ដែរ​ ​ពីព្រោះ​វា​មាន​ទំហំ​ច្រើនតែ​តូច​ៗ​។​

            ចំពោះ​តម្លៃ​បង្កង​បឹង​ធម្មជាតិ​ ​ប្រភេទ​លេខ​ ​១​ (​ទំហំ​ធំ​)​មាន​តម្លៃ​ខ្ពស់​រហូតដល់​ ​៣​៥​ ​ដុល្លារ​/​គីឡូក្រាម​ ​និង​ប្រភេទ​លេខ​ ​២​ ​មាន​តម្លៃ​ ​២​៥​ ​ដុល្លារ​/ ​គីឡូក្រាម​។​ ​ប្រភេទ​លេខ​ ​១​ ​អាច​ទិញ​បាន​៤​-​៥​ក្បាល​ ​ក្នុង​គីឡូក្រាម​។​ ​រីឯ​ប្រភេទ​លេខ​ ​២​ ​អាច​បាន​ ​៧​-​៨​ក្បាល​ ​ក្នុង​មួយគីឡូក្រាម​។​ ​នៅ​មាន​ប្រភេទ​លេខ​ ​៣​ ​ទំហំ​តូច​ជាងគេ​ (​មិនសូវ​មាន​) ​អាច​បានជា​ង​១​០​ក្បាល​ ​ក្នុង​មួយគីឡូក្រាម​។​ ​ប្រសិនបើ​លោកអ្នក​ធ្វើដំណើរ​ទៅដល់​ស្រុក​បូរី​ជលសា​រ​នេះ​ ​យើង​ណែនាំ​ហាង​ ​«​សា​គីរ៉ា​បង្កង​ធម្មជាតិ​»​ ​ដែល​ជា​អ្នកឯកទេស​លក់​បង្កង​ធម្មជាតិ​តែ​តាម​រដូវ​កាល​។​ ​ម្ចាស់​ហាង​បាន​បញ្ជាក់​ថា​ ​ក្នុង​មួយឆ្នាំៗ​ ​គាត់​ដើរ​ទិញ​បង្កង​ពី​អ្នកភូមិ​បែប​នេះ​តែ​ចន្លោះ​ខែ​សីហា​ដល់​ខែ​មករា​ប៉ុណ្ណោះ​។​ ​ក្រៅពី​នេះ​ ​ទឹកស្រក​គ្មាន​បង្កង​តាកែវ​ធម្មជាតិ​ទេ​ ​ហើយ​គាត់​ក៏​មិន​លក់​បង្កង​ទៀត​ដែរ​។​ ​ក្រោយ​ពី​បាន​ទស្សនា​ដោយ​ជឿជាក់​ថា​ពិតជា​បង្កង​ពី​ធម្មជាតិ​ពិតៗ​មែនហើយ​នោះ​ ​យើង​ក៏​បន្ត​ដំណើរ​ត្រឡប់មក​ហាង​របស់​បងស្រី​វិញ​ ​ដែល​មាន​ទីតាំង​ជាប់​ខ្លោងទ្វារ​សាលាឃុំ​គោក​ពោធិ៍​ ​ស្ថិតនៅ​ភូមិ​ពងទឹក​ ​ឃុំ​គោក​ពោធិ៍​ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្សារ​ថ្ម​ស​។​ ​ប្រសិនបើ​លោកអ្នក​ចង់​សាកសួរ​ព័ត៌មាន​បន្ថែម​អំពី​បង្កង​តាកែវ​ ​ឬ​ ​ចង់​គាំទ្រ​ផលិតផល​សហគមន៍​ ​អាច​ទាក់ទង​តាមរយៈ​លេខទូរសព្ទ​ ​០​១​០​ ​៩​៩​៨​ ​៨​៧​០​៕​

​Article​ ​by​ SR​IN​ ​SO​K​MEAN​​


SUGGESTIONS