Green Valley Veal Pouch គោលដៅសម្រាកលម្ហែពេញនិយមថ្មីមួយបែបប្រចាំខេត្តកំពត
TRAVEL & LIVING 11 months agoគ្រាន់តែបានឃើញរូបភាពទាំងនេះ មហាជនជាច្រើនច្បាស់ជាស្គាល់ហើយថាទីតាំងដ៏ស្រស់ស្អាតនេះ មានឈ្មោះថា Green Valley Peal Vouch ឬ រីសតថ្មីនៃតំបន់ទឹកធ្លាក់វាលពួចជាទីពេញនិយមសម្រាប់ភ្ញៀវទេស ចរជាតិនិងអន្តរជាតិទាំងឡាយដែលធ្វើដំណើរកម្សាន្តទៅកាន់ខេត្តកំពតក្នុងពេលបច្ចុប្បន្ន។ រីសតបែបអេកូទេស ចរណ៍ផ្សារភ្ជាប់នឹងពិភពធម្មជាតិដ៏ត្រកាលក្បែរជើងភ្នំបូកគោនេះ មានទីតាំងស្ថិតនៅភូមិទ្វីខាងជើង សង្កាត់ អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ដែលមានចម្ងាយត្រឹមតែជាង៦គីឡូម៉ែត្រប៉ុណ្ណោះពីទីរួមខេត្ត។
ដើម្បីទៅដល់រមណីយដ្ឋានខាងលើ លោកអ្នកត្រូវធ្វើដំណើរចេញពីក្រុងកំពត ឆ្លងស្ពានថ្មសំដៅមកផ្លូវ ទៅឧទ្យានជាតិព្រះមុនីវង្សបូកគោ ហើយបន្តដំណើររហូតដល់ខ្លោងទ្វារវត្តព្រះពុទ្ធជ័យមង្គលារាម ហៅវត្តវាលពួច ដែលស្ថិតនៅខាងស្តាំដៃ។ ជិះចូលតាមខ្លោងទ្វារនោះរហូតដល់ទីតាំងវត្ត ដល់ផ្លូវបំបែកត្រូវបត់ស្តាំដៃ ហើយបន្ត ដំណើរទៅត្រង់រហូតដល់ផ្លូវទាល់ នឹងឃើញស្លាករីសតនេះនៅខាងស្តាំដៃជាមិនខាន។ លោកអ្នកក៏អាចចូលទៅ កាន់ Google Map ហើយគ្រាន់តែវាយ Search ឈ្មោះ «Green Valley Veal Pouch» នោះទីតាំងក៏នឹងលោតឡើង មកដូចគ្នា។
ទីនេះត្រូវបានស្ថាបនាឡើងដោយប្រើប្រាស់គំនិតច្នៃប្រតិដ្ឋទាញយកសក្តានុពលសម្រស់ធម្មជាតិនៃតំបន់ ទឹកធ្លាក់វាលពួចដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ក្នុងតំបន់នេះក៏ដូចជាចូលរួមចំណែកលើកកម្ពស់ទេសចរណ៍ក្នុង ខេត្តកំពតទាំងមូលផងដែរ។ វាជារីសតបែបទំនើបដំបូងដែលមានក្នុងតំបន់ទឹកធ្លាក់នេះ ហើយក៏ស្ថិតក្នុងលំដាប់ ជួរមុខមួយដែរក្នុងចំណោមរមណីយដ្ឋានល្បីៗជាច្រើនក្នុងខេត្តមាត់សមុទ្រមួយនេះ។ រីសតនេះផ្តល់ជូនលោក អ្នកនូវសេវាកម្មស្នាក់នៅចំនួនពីរជម្រើសសំខាន់ៗ គឺ បន្ទប់តង់ VIP និង ផ្ទះបាំងហ្គាឡូថ្ម ដែលលោកអ្នកអាច ជ្រើសរើសបានតាមចំណង់ចំណូលចិត្ត។ តង់ VIP ជាតង់ដំឡើងស្រាប់មានទំហំធំទូលាយទំនើបទាន់សម័យ មានបំពាក់ម៉ាស៊ីនត្រជាក់ និង បន្ទប់ទឹកផ្ទាល់ខ្លួន ផ្តល់ផាសុកភាពសម្រាប់ការស្នាក់នៅ។ រីឯបាំងហ្គាឡូជាបន្ទប់ ដ៏ស្រស់ស្អាតលាក់ខ្លួនកណ្តាលព្រៃឈើធម្មជាតិ ពោរពេញដោយឯកជនភាពខ្ពស់។ រាល់ការស្នាក់នៅទីនេះ ភ្ញៀវអាចជ្រើសរើសកញ្ចប់សេវាកម្មដែលរួមបញ្ចូលអាហារក្នុងអំឡុងពេលស្នាក់នៅបានយ៉ាងងាយស្រួល។
ចំពោះសេវាកម្មម្ហូបអាហារ រីសតមានជម្រើសអាហារទាំងបែបអាស៊ី និងបែបបស្ចិមប្រទេស ស័ក្តិសម សម្រាប់តម្រូវការរៀងៗខ្លួនក្នុងឱកាសឆ្នាំសកលថ្មីនៅខេត្តកំពតនេះណាស់។ ម្ហូបទាំងនោះរួមមានជាអាទិ៍ សម្លម្ជូរគ្រឿង សម្លកកូរ សម្លស្ងោរជ្រក់ សាឡាដជ្រលងបៃតង ញាំគ្រឿងសមុទ្រ ញាំខ្យងត្រយ៉ូងចេក បាយឆា មីឆា សាច់ស្តេកជាមួយទឹកជ្រលក់ម្រេចកំពត ព្រមទាំងភេសជ្ជៈជាច្រើនប្រភេទ។ ដោយឡែក សម្រាប់សេវាកម្ម កម្សាន្ត ជ្រលងបៃតងវាលពួចមានអាងហែលទឹកធម្មជាតិ ស្ពានយោល ខ្សែរ៉កលើភ្នំ ល្បែងកម្សាន្តជាក្រុម ដើរព្រៃនិងឡើងទឹកធ្លាក់ និង ជិះម៉ូតូកង់បួនរុកព្រៃ៕
Article by SRIN SOKMEAN