គន្លឹះងាយៗក្នុងការជ្រើសរើសគ្រឿងសមុទ្រមានសម្បកដែលមានគុណភាព និងនៅស្រស់ល្អ
TRAVEL & LIVING 4 months agoយើងដឹងហើយថាគ្រឿងសមុទ្រគឺជាអាហារដ៏ពេញនិយមក្នុងការទទួលទាន ពិសេសទៀតនោះគឺប្រភេទគ្រឿងសមុទ្រដែលមានសម្បកតែម្តង។ ការជ្រើសរើសគ្រឿងសមុទ្រដែលនៅស្រស់ មានគុណភាពល្អទៅចម្អិន វានឹងផ្តល់មកវិញនូវឱជារសឆ្ងាញ់ និងបរិភោគទៅមិនធ្វើឲ្យប៉ះពាល់ដល់សុខភាព ដូចជាការពុលអាហារ ដែលនាំឲ្យរាករូស ឬក្អួតចង្អោរជាដើម។ ដូច្នេះ តើមានគន្លឹះអ្វីខ្លះទើបអាចដឹងថាប្រភេទគ្រឿងសមុទ្រនោះនៅស្រស់ ឬអត់?
1. អយស្ទ័រ
អយស្ទ័រគឺជាគ្រឿងសមុទ្រដែលសម្បូរវីតាមីនD ទង់ដែង ស័ង្កសី និងម៉ង់ហ្គាណែស។ អយស្ទ័រដែលនៅស្រស់តែងតែមានសម្បកបិតជិត ប៉ុន្ដែបើអ្នកទិញអយស្ទ័រដែលគាស់ស្រេច អ្នកគួរតែពិនិត្យទៅលើសាច់របស់វា ព្រោះអយស្ទ័រស្រស់គឺមានសាច់សថ្លា។ ចំណែកឯអយស្ទ័រដែលមិនល្អគឺមានសាច់ពណ៌ប្រផេះ ត្នោត ខ្មៅ ឬពណ៌ផ្កាឈូក ជាពិសេសគឺមានសាច់ស្ងួត។
2. បង្គា
សារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងបង្គាមានអត្ថប្រយោជន៍សម្រាប់សុខភាព ព្រោះវាអាចបំពេញកោសិកាដែលខ្វះ និងជួយការពារភាពជ្រីវជ្រួញលើស្បែកផងដែរ។ បង្គាដែលថ្មីគឺមានសាច់រឹង និងសម្បកថ្លាល្អដែលភាគច្រើនមិនបាក់ក ឬមានក្លិនស្អុយ ហើយមិនប្រែជាពណ៌ត្នោត ឬខ្មៅនៅចំណុចជើង និងក្បាលនោះទេ។
3. គ្រុំចំពុះទា (Mussels)
គ្រុំចំពុះទាសម្បូរទៅដោយប្រូតេអ៊ីន ស័ង្កសី អាស៊ីតខ្លាញ់អូមេហ្គា3 និងហ្វូឡាត(folate)។ លើសពីនេះការទទួលទានគ្រុំចំពុះទាជាប្រចាំវានឹងបំពេញនូវជីវជាតិ នៃសេលេញ៉ូម(selenium) អ៊ីយ៉ូត និងជាតិដែក។ ដើម្បីទទួលបានគ្រុំចំពុះទាដែលស្រស់ អ្នកគ្រាន់តែប៉ះទៅលើសម្បករបស់វាដែលកំពុងចំហរ ប្រសិនជាវាមិនបិទសម្បកមានន័យថាវាបានខូចហើយ។ មួយវិញទៀត គ្រុំចំពុះទាតែងតែមានសំបកពណ៌ខៀវ ខ្មៅ ឬពណ៌បៃតងខ្ចី។ យើងក៏អាចសង្កេតដោយមើលទៅលើសាច់របស់វាបានផងដែរ បើមានពណ៌ត្នោតខ្ចី ស លឿង ឬពណ៌ទឹកក្រូចមានន័យថាសាច់របស់វានៅមិនទាន់ខូចនៅឡើយទេ។
4. ក្តាម
ក្តាមសម្បូរទៅដោយប្រូតេអ៊ីន ដែលមានសារធាតុជំនួយដល់សាច់ដុំ ហើយក៏មានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា3 វីតាមីនB12 និងសេលេញ៉ូមផងដែរ។ ដើម្បីទទួលបានក្ដាមដែលស្រស់ និងមានរសជាតិឆ្ងាញ់ អ្នកគប្បីច្របាច់ផ្នែកខាងក្រោមនៃក្ដាម ព្រោះប្រសិនជាវាមានសភាពទន់មានន័យថាវាសក ឬខូចសាច់ហើយ។
5. ខ្យងផ្លិត (Scallops)
ដូចទៅនឹងគ្រុំចំពុះទា និងក្តាមដែល ខ្យងផ្លិតផ្ទុកទៅដោយសារធាតុអាស៊ីតខ្លាញ់អូមេហ្គា3 វាអាចរក្សាតុល្យភាពកម្រិតកូឡេស្តេរ៉ុលក្នុងរាងកាយ កាត់បន្ថយហានិភ័យពីជំងឺបេះដូង និងជំនួយដល់សុខភាព។ ខ្យងផ្លិតដែលល្អគឺមានសាច់ពណ៌ស ឬផ្កាឈូកស្រាល ដោយគ្មានពណ៌ត្នោតនៅលើសាច់នោះឡើយ។ មួយវិញទៀត អ្នកអាចប៉ះវាជាមុនសិន ព្រោះខ្យងផ្លិតដែលនៅរស់ វានឹងបិទសម្បកនៅពេលដែលអ្នកប៉ះ។ ម្យ៉ាងខ្យងផ្លិតស្រស់គឺមានក្លិនឆ្អាបតិចៗ ក្នុងករណីមានក្លិនឆួលខ្លាំងគឺបញ្ជាក់ថាវាមិនស្រស់ឡើយ។
6. លៀសហូល
លៀសហូលសម្បូរទៅដោយសារធាតុចិញ្ចឹម ជាពិសេសវាមានជាតិដែក និងវីតាមីនB12 ខ្ពស់។ លៀសហូលដែលនៅរស់គឺមានសម្បកបិតជិត ហើយមានពណ៌ស្រាលៗមិនស្រអាប់ខ្លាំងពេកទេ។
7. ងាវ
ងាវមានសារធាតុចិញ្ចឹមខ្ពស់ មិនត្រឹមតែផ្តល់នូវប្រភពប្រូតេអ៊ីនដ៏សម្បូរបែបប៉ុណ្ណោះទេ ថែមទាំងផ្ទុកនូវសារធាតុរ៉ែសំខាន់ៗជាច្រើនសម្រាប់រាងកាយដូចជា ស័ង្កសី និងម៉ាញេស្យូម។ ប្រសិនជាអ្នកចង់បរិភោគងាវដែលស្រស់ៗមានជាតិឆ្ងាញ់ អ្នកគប្បីទិញងាវរស់ ព្រោះវានឹងមានសាច់ក្រហមស្រស់ និងឈាមច្រើន។ យើងអាចប៉ះសំបកងាវដែលបើកចំហ ហើយមើលថាតើវាបិទ ឬអត់ មួយវិញទៀត ក្លិនរបស់វាក៏ជាផ្នែកសំខាន់ផងដែរ ព្រោះប្រសិនជាវាមានក្លិនស្អុយគឺមិនមានគុណភាពល្អនោះទេ៕
Article by NI CHANNIKA