នំដុត «យាយផល» ល្បីឆ្ងាញ់ មានលក់តែមួយកន្លែងគត់នៅកំពង់ថ្ម
TRAVEL & LIVING 3 months agoស្ថិតក្នុងចម្ងាយផ្លូវប្រមាណជិត២០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ យើងចំណាយពេលត្រឹមពីរម៉ោងតែប៉ុណ្ណោះ នោះយើងនឹងអាចទៅដល់ទីរួមខេត្តកំពង់ធំ ជាក់ជាមិនខាន។ ប៉ុន្តែមុននឹងទៅដល់ទីរួមខេត្ត ឬ ក្រុងស្ទឹងសែន យើងបានឆៀងចូលទីប្រជុំជនផ្សារកំពង់ថ្ម ចម្ងាយប្រមាណ ១៣០គីឡូម៉ែត្រពីភ្នំពេញ ដែលសម្បូររថយន្តឈ្នួលភ្នំពេញ- ចំការលើ-កំពង់ថ្ម យ៉ាងច្រើនកុះករនៅជុំវិញផ្សារ។ នៅម្តុំនោះល្បីមានអាហារដ្ឋាន «ហាងតាវ៉ែនតា» លាក់ខ្លួនក្រោយ ផ្សារដែលពេញនិយមល្បីឈ្មោះជាយូរឆ្នាំមកហើយ ។ ទន្ទឹមនឹងនេះ ក៏មានតូបដុតនំដ៏ឈ្ងុយឆ្ងាញ់បែបជនបទម្យ៉ាង ដែលអ្នកស្រុកនោះហៅតាមគ្នាថា «នំដុតៗ» គួរឲ្យចង់ឈប់ឡានចូលជាវភ្លក្សឲ្យស្គាល់ជាតិម្តងពេលធ្វើដំណើរកាត់តំបន់នោះ។
ឆ្លងស្ពានកំពង់ថ្មផុតបន្តិចមក ត្រង់គល់ស្ពានខាងស្តាំដៃ យើងត្រូវបត់រថយន្តចូលតាមផ្លូវបេតុងជាប់មាត់ ស្ទឹងតែប្រហែលយ៉ាងច្រើន១០០ម៉ែត្រប៉ុណ្ណោះដើម្បីទៅដល់ទីតាំងលក់ចំណីស្រុកស្រែតាមភូមិលាក់ខ្លួនមួយកន្លែង ស្ថិតក្នុងភូមិកំពង់ថ្ម ស្រុកសន្ទុក។ នៅតំបន់នេះពីដើមឡើយមានគេធ្វើនំបញ្ចុកលក់ច្រើន ទើបមានសេសសល់ម្សៅនំបញ្ចុកខ្លះដែលគេអាចច្នៃធ្វើនំអាំងទទួលទានលេងបានតាមបែបស្រុកស្រែ។ ប៉ុន្តែបច្ចុប្បន្ន នៅសល់ អ៊ំស្រីម្នាក់ឈ្មោះ ផល ដែលនៅប្រកបរបរធ្វើនំដុតលក់ ប៉ុន្តែគាត់មិនប្រើម្សៅនំបញ្ចុកសល់ដូចពីជំនាន់មុនទេ គឺគាត់កិនម្សៅសម្រាប់ធ្វើនំបែបនេះលក់ក្នុងភូមិជាប្រចាំថ្ងៃតែម្តង។
គេអាចហៅនំនេះថា នំដុត ឬ នំប៉័ងខ្មែរ (តែអ្នកកំពង់ថ្មមួយចំនួនថា ពីមុនមក គេហៅថា នំក្តសេះ)។ បើតាមប្រសាសន៍របស់អ៊ំស្រីអ្នកលក់ ចំពោះនំបុរាណនេះ ត្រូវការភាពអំណត់អត់ធ្មត់ខ្ពស់ដើម្បីធ្វើ ទើបលែងមានអ្នកនិយមធ្វើលក់ ព្រោះត្រូវការពេលធ្វើម្សៅ លាយគ្រឿងផ្សំ ដោតឈើចង្កាក់ យកទៅស្ងោរ និងអាំងទៀត ទម្រាំបានចេញជានំអាចទទួលទានបាន។ គ្រឿងផ្សំសំខាន់ៗ រួមមាន ម្សៅអង្ករខ្សាយ (ស្រូវរាំងជ័យ) លាយអង្ករដំណើប (១០គីឡូអង្ករខ្សាយ ដាក់ដំណើប២កំប៉ុងកន្លះ) ដូង អំបិល ប៊ីចេង និងទឹកខ្ទិះរសជាតិប្រៃឡមៗសម្រាប់ជ្រលក់។ គេអាចលាយនឹងគ្រឿងផ្សំ ផ្សេងៗទៀតដើម្បីបង្កើតជា រសជាតិច្រើនប្រភេទតាមចំណង់ចំណូលចិត្ត រួមមាន រសជាតិសណ្តែក រសជាតិត្រាវ រសជាតិស្លឹកតើយ និង រសជាតិសាច់ជ្រូក ។ល។ នំនេះ លក់មួយចង្កាក់ តម្លៃត្រឹមតែ១០០០រៀលតែប៉ុណ្ណោះ។
អ៊ំស្រីលក់នំនេះដាច់ក្នុងមួយថ្ងៃធម្មតា ជាមធ្យមជាង១០០ ចង្កាក់។ ឯថ្ងៃបុណ្យទានវិញ អាចលក់ដាច់រហូតដល់៤០០-៥០០ចង្កាក់ សឹងតែអាំងមិនទាន់ឲ្យភ្ញៀវពីចម្ងាយដែលខំធ្វើដំណើរមកចង់សាករសជាតិនំនេះតាមការល្បីតៗគ្នាផង៕
Article by SRINSOKMEAN