អ្នកនាង ខេង ម៉ាលី ម្ចាស់សេវាកម្មផ្ទះលម្ហែចម្ការព្រៃ «Wild Farm»
NEWS 6 months agoជីផាតជាឈ្មោះតំបន់សហគមន៍អេកូទេសចរណ៍ពេញនិយមលំដាប់ជួរមុខជាយូរឆ្នាំមកហើយប្រចាំទឹកដីខេត្តកោះកុង។ ធ្វើដំណើរពីភ្នំពេញដល់ផ្លូវបំបែកស្រែអំបិលរួចបន្តដំណើរតាមផ្លូវជាតិលេខ៤៨និងផ្លូវបំបែកខាងស្តាំដៃមុនទៅដល់ស្ពានអណ្តូងទឹក ដែលជាផ្លូវដីក្រហមក្នុងចម្ងាយ១៧គីឡូម៉ែត្រទៀត នោះលោកអ្នកនឹងបានទៅដល់កំពង់ចម្លងសហគមន៍ជីផាត។ បន្ថែមលើផ្ទះស្នាក់សហគមន៍ដែលមានតាំងពីដើមរៀងមក ផ្ទះបាំងហ្គាឡូបែបរីសតឯកជនជាច្រើនកំពុងរីកដុះដាលប្រដំត្រសងគ្នាគួរឲ្យកត់សម្គាល់លើទឹកដីទេសចរណ៍មួយនេះ។ អ្នកនាង ខេង ម៉ាលី ជាស្ថាបនិកសេវាកម្មស្នាក់នៅដ៏លេចធ្លោមួយក្នុងចំណោមសេវាកម្មស្នាក់នៅជាច្រើនដែលកំពុងពេញនិយមនៅទីនោះសព្វថ្ងៃ។
ទីសម្នាក់ឈ្មោះ «ចម្ការព្រៃ» ជាភាសាខ្មែរ ឬ «Wild Farm» ជាភាសាអង់គ្លេស គឺជាស្ថាននាមអាជីវកម្មបែបទេសចរណ៍ដែលមានអាយុកាលទើបបាន២-៣ឆ្នាំ របស់អ្នកនាង ខេង ម៉ាលី ប៉ុន្តែទទួលបានការពេញនិយមគាំទ្រយ៉ាងច្រើនឡើងៗពីសំណាក់ភ្ញៀវទេសចរពីចម្ងាយ ជាពិសេសមិត្តយុវវ័យក្នុងស្រុកដែលតែងនិយមប្រើប្រាស់បណ្តាញ សង្គម ឬ social media ដើម្បីស្វែងរកទីតាំងលម្ហែកាយថ្មីៗ។ «ចម្ការព្រៃ» នេះស្ថិតនៅលាក់ខ្លួនក្នុងចម្ការផ្លែឈើដ៏ស្ងប់ស្ងាត់មួយកន្លែងឈ្មោះ«ចម្ការមីងម៉ៅ» រំលេចខ្លួនជាប់ដងព្រែកជីផាតនៃឃុំជីផាត ដែលមានចម្ងាយប្រមាណត្រឹមតែ ៥-៦គីឡូម៉ែត្រប៉ុណ្ណោះពីទីស្នាក់នៅសហគមន៍ជីផាតឬពីទីប្រជុំជនឃុំជីផាត។
អ្នកនាង ខេង ម៉ាលី ស្ថាបនិក «ចម្ការព្រៃ»ផ្ទាល់ បានរំព្ញកអំពីប្រវត្តិការងាររបស់ខ្លួនថា ថ្វីដ្បិតថាអ្នកនាងមិនបានសិក្សាជំនាញទេសចរណ៍ពីមហាវិទ្យាល័យណាមួយក៏ពិតមែន តែអ្នកនាងក៏មានបទពិសោធន៍ការងារមួយចំនួនក្នុងវិស័យទេសចរណ៍នេះមុននឹងឈានមកបើកអាជីវកម្មដោយខ្លួនឯងនៅជីផាតនេះ “ ខ្ញុំធ្លាប់បម្រើការជាប្រធានគ្រប់គ្រងផ្នែកធនធានមនុស្សនិងគណនេយ្យនៅក្នុងរោងចក្រមួយកន្លែង។ បន្ទាប់មក ក៏បានបើកហាងកាហ្វេមួយឈ្មោះ Wild Coffee ហើយខ្ញុំក៏បានធ្វើការមួយរយៈពេលខ្លីឲ្យរីសតរបស់មិត្តភក្តិខ្ញុំនៅខេត្តកំពត” ។
អ្នកនាងបន្តប្រាប់សូវរីនថា ទីតាំងផ្តល់សេវាកម្មទេសចរណ៍ដែលអ្នកនាងបានបង្កើតឡើងនេះស្ថិតនៅភូមិជាំស្លា ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង មានផ្ទៃដីសរុប ៣២៥៣០ ម៉ែត្រការ៉េ ឬជាង ៣ហិកតា។ ចំពោះមូលហេតុដែលញ៉ាំងទឹកចិត្តឲ្យបើកអាជីវកម្មនេះឡើងមក អ្នកនាងបានបញ្ជាក់ថា គឺដោយសារតែការស្រលាញ់ចូលចិត្តនូវការសម្រាកលម្ហែបែបធម្មជាតិដែលផ្ដល់នូវអារម្មណ៍ស្រស់ស្រាយ ស្ងប់សុខ ហើយធនធានធម្មជាតិនៅទីនេះគឺមានលក្ខណៈអំណោយផល រួមទាំងបរិយាកាសខ្យល់អាកាសដ៏បរិសុទ្ធល្អណាស់។ “កត្តាមួយទៀតគឺចង់បណ្ដុះនូវទឹកចិត្តស្រលាញ់ធនធានធម្មជាតិនិងផ្ដល់ឱកាសការងារដល់សហគមន៍ផងដែរ។ (នៅពេល) អ្នកភូមិគាត់មានការងារធ្វើត្រឹមត្រូវ អ៊ីចឹងគាត់(ក៏)ឈប់ចូលព្រៃចាប់សត្វ កាប់ឈើខុសច្បាប់ ជាដើម” ស្ថាបនិករូបនេះបានអះអាងបន្ថែម។
ឆ្លើយតបនឹងសំនួរថាតើអ្នកនាងមានគម្រោងអ្វីខ្លះសម្រាប់អភិវឌ្ឍទាក់ទាញភ្ញៀវបន្ថែមសម្រាប់ថ្ងៃមុខទៀតបន្ទាប់ពីមានកំណើនភ្ញៀវទេសចរមកស្នាក់កម្សាន្តច្រើនបន្តបន្ទាប់បែបនេះ? ម្ចាស់ផ្ទះលម្ហែខាងលើបានបង្ហើបឲ្យដឹងថា គាត់គ្រោងនឹងបន្ថែមនូវការដាំដុះបន្លែបង្ការសរីរាង្គបែបធម្មជាតិ ព្រមទាំងមានគម្រោងរៀបចំឲ្យមានជាប្រភេទសកម្មភាពកម្សាន្តមួយចំនួនទៀតដើម្បីបំពេញតម្រូវការកម្សាន្តសប្បាយរបស់បណ្តាភ្ញៀវទាំងឡាយដែលធ្វើដំណើរមកស្នាក់នៅទីនេះនាពេលអនាគតខាងមុខនេះ។
គួរបញ្ជាក់ថា សព្វថ្ងៃ ផ្ទះលម្ហែក្នុបរិវេណចម្ការជីផាតរបស់អ្នកនាង ខេង ម៉ាលី មានផ្តល់ជូននូវប្រភេទសេវាកម្មស្នាក់នៅជាច្រើនប្រភេទ រួមមាន ប្រភេទផ្ទះដើមឈើ (Jungle House), ផ្ទះមាត់ទឹក, ផ្ទះធ្នង់ (Tnong House), ផ្ទះតាអោន (Jungle House) និងការបោះតង់។ ភ្ញៀវក៏អាចយកតង់មកបោះដោយខ្លួនឯងបានដែរ។ មួយវិញទៀត ទីនេះក៏មានរៀបចំសេវាកម្មម្ហូបអាហារតាមខេចក្តីត្រូវការរបស់ភ្ញៀវដោយតម្រូវឲ្យភ្ញៀវកុម្ម៉ង់កក់ទុកមុនដូចសេវាកម្មស្នាក់នៅដែរ ពោលគឺមិនទទួលប្រភេទភ្ញៀវ walk-in នោះទេ (បើកបម្រើចំពោះតែភ្ញៀវកក់)។ អ្វីដែលគួរឲ្យកក់ចំណាំបំផុតនោះគឺ ទីនេះមិនអនុញ្ញាតឲ្យភ្ញៀវប្រើប្រាស់ឧបករណ៍រំពងសំឡេងខ្លាំងនិងយកគ្រឿងស្រវឹងចូលនោះទេ។ ចំពោះកាកសំណល់នានា ភ្ញៀវស្នាក់នៅត្រូវវេចខ្ចប់ឲ្យបានត្រឹមត្រូវដើម្បីធានាឲ្យបាននូវនិរន្តរភាពបិរស្ថាន៕
Article by SRIN SOKMEAN