ដើមកំណើតនៃហ្វេហ្សិន Haute Couture និងភាពខ្ពង់ខ្ពស់កម្រមានអ្នកដឹង
NEWS 2 months agoHaute Couture គឺជាហ្វេហ្សិនមួយដែលពិសេសបំផុត ខ្ពង់ខ្ពស់បំផុត ហើយក៏ជាភាពអស្ចារ្យនៃការបង្ហាញសម្លៀកបំពាក់ប្រណីតផ្តាច់មុខផងដែរ។ រដូវកាលបញ្ចេញខូឡិកហ្សិន Haute Couture រមែងធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង និងធ្វើឡើងពីរដងរៀងរាល់ឆ្នាំ ពោល Haute Couture spring/summer (សម្រាប់និទាឃរដូវ និងរដូវក្តៅ) ចាប់ផ្តើមនៅអំឡុងខែមករា និង Haute Couture fall/winter (សម្រាប់រដូវរងា) ចាប់ផ្តើមនៅអំឡុងខែកក្កដា។
Giambattista Valli Haute Couture Spring Summer 2024
ដូចបានឃើញជាក់ស្តែង មួយរយៈចុងក្រោយនេះ ម៉ាកយីហោអន្តរជាតិល្បីៗបានបញ្ចេញខូឡិកហ្សិន Haute Couture ជាហូរហែនៅក្នុងកម្មវិធី Paris Couture Fashion Week។ ការដែលសំខាន់ ប្រិយមិត្តហ្វេហ្សិននិយមមួយចំនួននៅតែស្រពេចស្រពិលថាតើអ្វីទៅជា Haute Couture ហើយវាមានភាពខុសប្លែកយ៉ាងដូចម្តេចទើបគេចាត់ទុកវាពិសេសផ្តាច់គេ? ដើម្បីស្រាយចម្ងល់ នៅក្នុងអត្ថបទនេះ សូវរីន នឹងបរិយាយលម្អិតអំពី Haute Couture រាប់តាំងពីអត្ថន័យ ដើមកំណើត រហូតដល់ការកកើតមានកម្មវិធីបង្ហាញខូឡិកហ្សិនដូចឃើញសព្វថ្ងៃ។
Chanel Spring Summer 2024 haute couture fashion show, Photo Su Shan Leong
• តើអ្វីទៅជា Haute Couture?
អាចចាប់ផ្តើមពីពាក្យ «Haute Couture» ដោយបកប្រែពីពាក្យរបស់បារាំងមកជាភាសាអង់គ្លេសហៅថា «high dressmaking» ឬ «ការបង្កើតសម្លៀកបំពាក់លំដាប់ខ្ពស់» ដែលវាផ្តោតមូលដ្ឋានចម្បងលើការបង្កើតសម្លៀកបំពាក់ប្រណីតឱ្យសមនឹងខ្លួនឥតខ្ចោះ។ អត្ថន័យរបស់ Haute Couture សំដៅដល់គ្រប់ផ្នែកនៃរចនាសម្ព័ន្ធសម្លៀកបំពាក់ត្រូវបានធ្វើឡើងដោយដៃ រាប់ចាប់តាំងពីចំណុចចាប់ផ្តើមរហូតដល់ចុងបញ្ចប់។ សម្លៀកបំពាក់ Haute Couture ធ្វើឡើងពីក្រណាត់គុណភាពខ្ពស់ និងដេរភ្ជាប់យ៉ាងយកចិត្តទុកដាក់ដើម្បីលម្អិត និងបញ្ចប់ក្រោមថ្វីដៃអ្នកជំនាញមានបទពិសោធខ្ពស់។ អាចថាពេលយើងនិយាយដល់ Couture យើងនឹងភ្នកនឹកដល់ភាពខ្ពង់ខ្ពស់បំផុតនៃហ្វេហ្សិនលំដាប់ខ្ពស់ ឬ «the highest of high fashion»។ពាក្យ «Haute Couture» ត្រូវបានកំណត់ជាផ្លូវការនៅក្នុងឆ្នាំ ១៩៤៥។ ពាក្យនេះត្រូវបានការពារដោយស្របច្បាប់ មានន័យថា វាអាចប្រើបានលុះត្រាតែមានការអនុញ្ញាតមុនសិនពីអង្គភាព Fédération de la Haute Couture et de la Mode ដែលជាអង្គការទទួលបន្ទុកលើកកម្ពស់ហ្វេហ្សិនបារាំងជាអន្តរជាតិ។
Thom Browne
• តើនរណាទៅជាអ្នកបង្កើត Haute Couture?
បិតាបង្កើត Haute Couture គឺ លោក Charles Frederick Worth ជាជនជាតិអង់គ្លេស កើតនៅឆ្នាំ ១៨២៥ និងមរណភាពនៅឆ្នាំ ១៨៩៥។ លោកបានបង្កើត House of Worth ជាក្រុមហ៊ុនធ្វើសម្លៀកបំពាក់ Haute Couture នៅក្នុងឆ្នាំ ១៨៥៨ ដែលមានទីតាំងស្ថិតនៅលើវិថី rue de la Paix ក្នុងទីក្រុងប៉ារីស។
អ្នកបង្កើត Haute Couture ដំបូងគេរូបនេះ ត្រូវបានគេទទួលស្គាល់ និងអនុវត្តតាមគំរូអាជីវកម្ម ដោយរកលុយតាមរបៀបច្នៃម៉ូដសម្លៀកបំពាក់បង្កើតជាខូឡិកហ្សិនដាក់លក់។ ជាក់ស្តែង លោកបានបង្កើតការបង្ហាញខូឡិកហ្សិនមួយហៅថា «Salon Shows» ធ្វើឡើងនៅ House of Worth ដោយអញ្ជើញភ្ញៀវមកទស្សនាម៉ូដសម្លៀកបំពាក់ដែលមានការបង្ហាញដោយម៉ូឌែល។ លក្ខណៈពិសេសនៃសម្លៀកបំពាក់របស់លោក គឺលោកធ្វើតែមួយខូឡិកហ្សិនដែលមានភាព unique បំផុត ហើយក្នុងមួយឈុតៗមានតែមួយប៉ុណ្ណោះ។ គោលបំណងបង្កើត Show នេះ មិនត្រឹមតែបង្ហាញពីសិល្បៈច្នៃប្រតិដ្ឋរបស់លោកប៉ុណ្ណោះទេ តែថែមទាំងផ្តោតចម្បងក្នុងការស្វែងរកអតិថិជន និងលក់ខូឡិកហ្សិនផងដែរ។
លោក Charles Frederick Worth
Salon Shows ធ្វើឡើងនៅ House of Worth ត្រូវគេបានកត់ត្រាជាការបង្ហាញហ្វេហ្សិនដំបូងបំផុតនៅក្នុងប្រវត្តិសាស្ត្រ។ ចំពោះរបៀបលក់ខូឡិកហ្សិន លោក Charles Frederick Worth អនុញ្ញាតឱ្យភ្ញៀវធ្វើការជ្រើសរើសឈុតដែលត្រូវចិត្ត កាលណាភ្ញៀវសម្រេចចិត្តទិញហើយ លោកនឹងបញ្ចេញឬបញ្ចូលឈុតឱ្យត្រូវទៅតាមរាងរៅរបស់ពួកគេ។ របៀបនេះវាខុសប្លែកទាំងស្រុងពីសម្លៀកបំពាក់ Ready-to-wear ដែលម៉ូដចេញមកមានលក្ខណៈទូទៅ និងមានទំហំស្រាប់ៗ។
Wedding dress 1896 By Charles Frederick Worth
Ball gown 1872 By Charles Frederick Worth
Evening dress 1898–1900 By Charles Frederick Worth
ក្រោយការបង្ហាញ Show នេះ លោក Charles Frederick Worth ចាប់ផ្តើមមានគំនិតរៀបចំកម្មវិធីហ្វេហ្សិនដែលធ្វើឡើងពីរដងក្នុងមួយឆ្នាំ។ កម្មវិធីនៅគ្រានោះ ភ្ញៀវអាចមកជួបជុំគ្នានៅទីក្រុង ដែលលោក Charles Frederick Worth មានឱកាសបានបង្ហាញខូឡិកហ្សិនថ្មីសម្រាប់លក់ផង រីឯភ្ញៀវក៏បានធ្វើខ្លួនស្លៀកពាក់ប្លែកៗចូលរួមកម្មវិធីបង្អួតគ្នាផងដែរ។ នេះហើយជាដើមចមនៃការកកើតជាកម្មវិធី Fashion Week ដែលមនុស្សទូទាំងពិភពលោកតែងតែតាមដាន និងអនុវត្តរបៀបតគ្នាមកដល់សព្វថ្ងៃ។ អាចថាជារួម លោក Charles Frederick Worth បានបង្កើតរបៀបដែលឧស្សាហកម្មហ្វេហ្សិនដំណើរការដូចសព្វថ្ងៃ ហើយក៏បង្កើតរបៀបដែលអ្នកច្នៃម៉ូដអនុវត្តបង្កើតខូឡិកហ្សិនរបស់ពួកគេ។
Photograph of the salon of the House of Worth, 1907
• ហេតុអ្វីបានជាកម្មវិធី Haute Couture តែងតែធ្វើឡើងនៅទីក្រុងប៉ារីស?
បន្ទាប់ពី Haute Couture នៅជំនាន់លោក Charles Frederick Worth ឈានមកដល់សតវត្សរ៍ទី ២០ គេចាប់ផ្តើមឃើញមានការបង្កើតក្រុមហ៊ុនសម្លៀកបំពាក់ប្រណីតនៅក្នុងអាណាចក្រហ្វេហ្សិន។ ក្នុងនោះរួមមាន៖ Christian Dior, Chanel, Balenciaga, Schiaparelli, Saint Laurent និង Givenchy។ ពួកគេជាចំណោមក្រុមហ៊ុនផលិតសម្លៀកបំពាក់ ដែលបានធ្វើឱ្យហ្វេហ្សិននៅក្រុងប៉ារីសមានភាពរស់រវើកបំផុត។ ជាពិសេស ពួកគេបានបង្កើតកម្មវិធីហ្វេហ្សិន Haute Couture និង រៀបចំរចនាសម្ព័ន្ធហ្វេហ្សិនដោយយកគំនិតតាម លោក Charles Frederick Worth ផងដែរ។ នេះហើយជាដើមហេតុដែលកម្មវិធីបង្ហាញសម្លៀកបំពាក់ Couture តែងតែធ្វើឡើងនៅទីក្រុងប៉ារីស បេះដូងនៃទឹកដីកំណើតរបស់ Haute Couture តែម្តង។
AUTUMN-WINTER 2024-2025 HAUTE COUTURE SHOW
យ៉ាងណាមិញ បើទោះអ្នកបង្កើត Haute Couture លោក Charles Frederick Worth បានលាចាកពីលោកនេះជាងមួយសតវត្សរ៍ទៅហើយក្តី ប៉ុន្តែក្រុមហ៊ុនរបស់លោកនៅតែមានរូបរាងដល់សព្វថ្ងៃ ដោយស្ថិតនៅក្រោមការដឹកនាំរបស់អ្នកច្នៃម៉ូដជំនាន់ថ្មី។ សម្រាប់សម្លៀកបំពាក់ Haute Couture វាលែងជាប្រភពចំណូលរបស់ក្រុមហ៊ុនទៀតហើយ អ្វីដែលក្រុមហ៊ុនផ្តោតចំពោះ Haute Couture គឺ កេរ្តិ៍ឈ្មោះ តម្លៃ ក៏ដូចជាអត្តសញ្ញាណរបស់ម្ចាស់ដើម។ បច្ចុប្បន្ន ក្រុមហ៊ុនរកចំណូលបានច្រើនតាមរយៈការលក់អាជ្ញាបណ្ណ និងបង្កើតផលិតផលប្រណីតដូចជា ស្បែកជើង កាបូប និងទឹកអប់ជាដើម៕
Article by Hem Sokkhim (ZM KH)