Eyes on Cambodia ប្រកាសការប្រកួតថតរូបទូទាំងប្រទេស រង្វាន់ទឹកប្រាក់ជាង ១៥០០ ដុល្លារ
NEWS 2 months agoថ្មីៗនេះ Eyes on Cambodia បានប្រកាសនូវការប្រកួតថតរូបលើកដំបូងរបស់ខ្លួន «A Nationwide Photography Competition» ឬ ការប្រកួតប្រជែងថតរូបទូទាំងប្រទេស ដែលផ្តល់ឱ្យអ្នកចូលរួមទាំងឡាយ មានឱកាសបង្ហាញសម្រស់កម្ពុជាតាមរយៈជំនាញថតរូប និង ទស្សនៈរបស់ខ្លួន។ ការប្រកួតនេះមានប្រាក់រង្វាន់សរុបជាង ១៥០០ ដុល្លារ រូបថតដែលបានជ្រើសរើស នឹងដាក់តាំងបង្ហាញនៅទីតាំងទីក្រុងចំនួន ៤ ហើយការប្រកួតទៀតសោត ក៏ផ្តោតគាំទ្រដល់ការដាំដើមឈើឡើងវិញផងដែរ។
Eyes on Cambodia រីករាយអញ្ជើញអ្នកថតរូបមកពីគ្រប់កម្រិត មិនថាអ្នកអាជីព អ្នកមិនអាជីព ជនជាតិកម្ពុជា ជនបរទេស ឬទេសចរ សុទ្ធតែអាចដាក់ពាក្យស្នើចូលរួមប្រកួត។ ចំពោះប្រធានបទគឺ «Beautiful Cambodia» ដែលផ្តល់ឱ្យអ្នកចូលរួមមានសេរីភាពក្នុងការបញ្ចេញគំនិតច្នៃប្រតិដ្ឋ ដើម្បីរំលេចវប្បធម៌ ទេសភាព និងប្រជាជនកម្ពុជា។ រាប់តាំងពីប្រាសាទដ៏អស្ចារ្យ រហូតដល់ជីវិតប្រចាំថ្ងៃ អ្នកថតរូបត្រូវបានលើកទឹកចិត្ត ឱ្យសម្រាយប្រធានបទទៅតាមរបៀបរបស់ពួកគេ។ រូបថតដែលស្នើមក ត្រូវអមមកជាមួយការពណ៌នាសង្ខេប បន្ទាប់មកនឹងត្រូវបានពិនិត្យដោយគណៈវិនិច្ឆយជំនាញ។
កំពូលរូបថតចំនួន ៣០ នឹងត្រូវបានជ្រើសរើស ហើយធ្វើការដាក់តាំងពិព័រណ៍នៅទីតាំងទីក្រុងចំនួន ៤ ក្នុងប្រទេសកម្ពុជារួមមាន៖ ទីក្រុងភ្នំពេញ (Wild-Phnom Penh), ទីក្រុងសៀមរាប (Wild - Siem Reap), ទីក្រុងកំពត (Hotel La Java Bleue) និង ទីក្រុងបាត់ដំបង (Hotel Bambu Battambang)។ អ្នកចូលទស្សនាក៏អាចមានឱកាសបោះឆ្នោតចំពោះសា្នដៃដែលពួកគេចូលចិត្ត ដែលជាចំណែកដល់ចំណាត់ថ្នាក់ចុងក្រោយ រួមគ្នានឹងការវាយតម្លៃរបស់គណៈវិនិច្ឆយ។
ការជ្រើសរើសរូបថតជំហានដំបូង ចាប់ផ្តើមពីថ្ងៃទី ០១-៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤។ គណៈវិនិច្ឆយនឹងធ្វើការវាយតម្លៃពីមួយទៅមួយយ៉ាងលម្អិត។ រូបថតដែលត្រូវបានជ្រើសរើសទាំង ៣០ នឹងធ្វើការប្រកាសនៅដើមខែធ្នូ បន្ទាប់មកនឹងបន្តទៅដំណាក់កាលតាំងពិព័រណ៍ ដែលធ្វើឡើង ចាប់ពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៤ ដល់ ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៥។សម្រាប់អ្នកឈ្នះនឹងធ្វើការប្រកាស ក៏ដូចជាប្រគល់រង្វាន់នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៥ នៅទីតាំង Wild - Phnom Penh។
រង្វាន់ធំមានតម្លៃជាង ១៥០០ ដុល្លារ រួមបញ្ចូលសាច់ប្រាក់ ១០០០ ដុល្លារសម្រាប់អ្នកឈ្នះ។ រូបថតជាប់ Top 3 នឹងចុះផ្សាយនៅលើទស្សនាវដ្តី សូវរីន អមដោយបទសម្ភាសជាមួយម្ចាស់រូបថតផងដែរ។
គណៈកម្មការនៃការប្រកួតសុទ្ធតែជាបុគ្គលឆ្នើម និងមានការទទួលស្គាល់នៅក្នុងពិភពថតរូប និង សិល្បៈ។ ក្នុងនោះមាន៖ លោក លី ស៊ូដេន ស្ថាបនិក និង និពន្ធនាយកនៃទស្សនាវដ្តី សូវរីន, លោក ម៉ក់ រ៉េមីស្សា អ្នកថតរូបអាជីពដ៏ល្បីល្បាញ និង ឈ្នះពានរង្វាន់ថតរូបជាច្រើន, Jessica Lim នាយិកានៃ Angkor Photo Festival & Workshops (APFW), និង លោក Jonathan Taylor អ្នកថតរូបអាជីព និង ជាគ្រូបង្រៀនថតរូប។
ការដាក់ពាក្យស្នើចូលរួម តម្រូវធ្វើឡើងតាមរយៈគេហទំព័រប្រកួតផ្លូវការ www.eyesoncambodia.com ដោយបើកទទួលចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២៤។ រូបថតស្នើត្រូវតែជារូប Original មិនមែនរូបភាពបង្កើតឡើងដោយ AI។ រូបថតទាំងអស់ត្រូវធ្វើតាមប្រធានបទ និងភ្ជាប់មកជាមួយអត្ថបទពណ៌នាសង្ខេបខ្លីផងដែរ។
បន្ថែមលើការអបអរសិល្បៈថតរូបនេះ Eyes on Cambodia ក៏ប្តេជ្ញាបង្កើតផលវិជ្ជមានចំពោះបរិស្ថានផងដែរ។ តួយ៉ាង រូបថតទាំងអស់ពីការតាំងពិព័រណ៍ចុងក្រោយ នឹងអាចជាវបានក្នុងតម្លៃ ១០០ ដុល្លារ ក្នុងមួយផ្ទាំង ដោយ ៦០ ភាគរយនៃលុយប្រគល់ជូនអ្នកថតរូបផ្ទាល់ ចំណែក ៤០ ភាគរយទៀតបរិច្ចាគទៅកាន់ Wildlife Alliance ដើម្បីគាំទ្រគំនិតផ្តួចផ្តើមការដាំដើមឈើឡើងវិញរបស់ពួកគេនៅកម្ពុជា។ ការទិញនីមួយៗនឹងរួមចំណែកដល់គោលបំណងក្នុងការដាំដើមឈើហោចណាស់ ៣០០ ដើមក្នុងមួយឆ្នាំ៕