×

ចាប់ផ្តើម​ព្រឹក​ថ្ងៃ​ថ្មី​ជាមួយ​រសជាតិ​កាហ្វេ​នៅ​«​Alarm​ ​Clock​ ​Coffee Shop​»

TRAVEL & LIVING 11 months ago
 
 

         ​យើង​ដឹង​ហើយ​ថា​ ​ការ​ទទួលទាន​កាហ្វេ​ក្នុង​បរិមាណ​មួយ​សមរម្យ​ ​គឺ​ជួយ​ដាស់​ស្មារតី​ ​និង​រាងកាយ​ ​ក៏ដូចជា​ធ្វើ​ឱ្យ​មាន​អារម្មណ៍​ស្រស់ស្រាយ​ពោរពេញ​ដោយ​ថាមពល​។​ ​ពិត​ណាស់​ ​ជា​រៀងរាល់ថ្ងៃ​ ​ខ្ញុំ​ក៏​មិន​ភ្លេច​ឡើយ​នូវ​ការ​ផ្តល់​ថាមពល​ដល់​ខ្លួនឯង​ជា​រៀងរាល់​ព្រឹក​ជាមួយ​កាហ្វេ​មួយ​កែវ​ ​ដើម្បី​ឱ្យ​អារម្មណ៍​ស្រស់ស្រាយ​ ​និង​ចាប់ផ្តើម​ព្រឹក​ថ្ងៃ​ថ្មី​ដ៏​ស្រស់បំព្រង​ ​និង​ដើម្បី​ផ្តល់​ជា​ទុន​ដល់​ប្រាជ្ញា​ស្មារតី​ក្នុង​ការ​បំពេញកិច្ចការ​ងារ​បន្ត​ទៅមុខ​ទៀត​។​

         ​ដូច​សព្វ​មួយដង​ ​ពេល​កំពុង​ធ្វើដំណើរ​ទៅ​ធ្វើការ​ខ្ញុំ​បាន​ប្រទះ​នឹង​ហាង​កាហ្វេ​មួយ​កន្លែង​ដែល​ស្ថិត​លើ​បណ្តោយ​ដង​វិថី​លេខ​១​៧​៤​ ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣​ ​ខណ្ឌ​ដូនពេញ​។​ ​ហាង​កាហ្វេ​តូច​ច្រឡឹង​ស្ថិត​ក្នុង​សំណង់ផ្ទះ​ដ៏​ចំណាស់​ ​ជាមួយនឹង​ស្លាកយីហោ​ហាង​កាហ្វេ​ ​«​Alarm​ ​Clock​ ​Coffee Shop​»​ដែល​ត្រូវ​បាន​សរសេរ​ឡើង​ដោយដៃ​រំលេច​លើ​បន្ទះ​ឈើ​ក្តារ​ ​ហាក់​ធ្វើ​ឱ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ​ប្រៀប​បីដូច​ខ្ញុំ​កំពុងតែ​ឈរ​នៅមុខ​ហាង​កាហ្វេ​មួយ​ស្ថិត​ក្នុង​ទសវត្សរ៍​ទី​៩​០​យ៉ាង​អីចឹង​។​ ​អ្វី​ដែល​កាន់តែ​ទាក់ចិត្ត​ខ្ញុំ​ទៀត​នោះ​ ​មិនទាន់​នឹងបាន​បោះជំហាន​ឈាន​ចូល​ដល់​ខាងក្នុង​ហាង​ផង​ ​ក្លិន​ដ៏​ឈ្ងុយ​ពី​គ្រាប់​កាហ្វេ​ដែល​បង្ហើរ​ចេញពី​ក្នុង​ហាង​មក​ប៉ះ​នឹង​ឃានវិញ្ញាណ​ ​ហាក់កាន់តែ​រុញច្រាន​ឱ្យ​ខ្ញុំ​អត់ទ្រាំ​ពុំបាន​នឹង​កុម្មង់​កាហ្វេ​ដើម្បី​ក្រេប​ឱជារស​ឱ្យ​ខាន​តែ​បាន​។​

          ​មិន​បង្អង់​យូរ​ ​ខ្ញុំ​ក៏បាន​ដើរសំដៅទៅ​រក​កន្លែង​កុម្មង់​កាហ្វេ​ ​ដែល​មាន​បុគ្គលិក​ឈរ​ស្វាគមន៍​ខ្ញុំ​ជាមួយ​ស្នាម​ញញឹម​យ៉ាង​ពព្រាយ​ ​និង​បាន​សួរ​មកកាន់​ខ្ញុំ​ដោយ​សម្តី​ស្រទន់​ថា​ “​សួស្តី​បង​ ​តើ​បង​ត្រូវការ​កុម្មង់​កាហ្វេ​អ្វី​ដែរ​?” ​ហើយ​គាត់​ក៏បាន​បន្ត​ណែនាំ​ភេសជ្ជៈ​ល្បី​ប្រចាំ​ហាង​ដែល​ផ្តោត​លើ​កាហ្វេ​មាន​ដូចជា​ ​កាហ្វេ​ដឿងហែម​ ​កាហ្វេ​អាយ​ឡាតេ ​រួម​ទាំង​ភេសជ្ជៈ​កាហ្វេ​ជាច្រើន​ទៀត​។​ ​គ្រាន់តែ​លឺ​កាហ្វេ​ដឿងហែម​ ​ខ្ញុំ​ក៏​ចាប់អារម្មណ៍​ ​និង​កុម្មង់​ភ្លែត​។​ ​បុគ្គលិក​ហាង​ឆុងកាហ្វេ​បណ្តើរ​ក៏​និយាយប្រាប់​មកកាន់​ខ្ញុំ​បណ្តើរ​ថា​ ​កាហ្វេ​នៅ​ទីនេះ​មាន​លក្ខណៈ​ពិសេស​ខុសប្លែក​ពី​ហាង​កាហ្វេ​ដទៃ​ ​ព្រោះថា​ ​គ្រាប់​កាហ្វេ​ដែល​យកមក​ប្រើ​គឺ​លីង​ខ្លួនឯង​ផ្ទាល់​ ​ហើយ​កា​រលីង​នេះ​ទៀតសោត​គឺ​មាន​បច្ចេកទេស​ ​ព្រម​ជាមួយ​ការយល់​ដឹង​អំពី​គ្រាប់​កាហ្វេ​ច្បាស់លាស់​។​

          ​រង់ចាំ​កាហ្វេ​បណ្តើរ​ ​ខ្ញុំ​ក៏​គយគន់​បណ្តើរ​នៃ​ទិដ្ឋភាព​ខាងក្នុង​ ​គ្រប់​ជ្រុង​នៃ​ហាង​ត្រូវ​បាន​តុបតែង​បែប​ខ្មែរ​បុរាណ​ ​ដែល​ពិតជា​ស័ក្តិសម​នឹង​សំណង់​អគារ​ចំណាស់​។​ ​ខ្ញុំ​ក៏​កត់​សម្គាល់​បាន​ថា​ ​នៅ​ទីនេះ​ក៏បាន​ប្រើប្រាស់​របស់របរ​មួយ​ចំនួន​ ​ដូចជា​ ​ប៉ាន់តែ​ ​ថាស​ឫស្សី​ ​និង​វត្ថុ​តាំង​លម្អ​មួយ​ចំនួន​ទៀត​បែប​បុរាណ​ទាំងអស់​ ​ជាពិសេស​ផ្ទាំង​រូបភាព​ខ្លះ​ៗ​របស់​តារា​ចម្រៀង​ជើងចាស់​ជាច្រើន​រូប​ ​តាំង​ព្យួរ​នៅ​ជញ្ជាំង​ ​អម​ដោយ​ស​ម្លេ​ង​ត​ន្រ្តី​បន្លឺ​ឡើង​រងំ​ៗ​ ​ដែល​កាន់តែ​ធ្វើ​ឱ្យ​ខ្ញុំ​ដូច​បាន​ទៅកាន់​យុគ​សម័យ​នោះ​តែម្តង​។​

          ​អស់​មួយស្របក់​ក្រោយមក​ ​កាហ្វេ​ដែល​កុម្មង់​ក៏បានធ្វើ​រួចរាល់​សម្រាប់​ខ្ញុំ​។​ ​បុគ្គលិក​ហាង​ក៏បាន​ហុច​កាហ្វេ​ជូន​មកកាន់​ខ្ញុំ​ ​ក៏​មិន​ភ្លេច​និយាយ​ពាក្យ​អរគុណ​ទៅវិញទៅមក​ ​និង​ស្នាម​ញញឹម​ផង​ដែរ​។​ ​ខ្ញុំ​ក៏​បន្ត​ដំណើរ​ចេញទៅ​ធ្វើការ​ ​ជាមួយ​កាហ្វេ​មួយ​កែវ​ដែល​កាន់​នៅនឹង​ដៃ​ ​និង​អារម្មណ៍​ស្រស់ស្រាយ​។​ ​ការ​ឈៀងចូល​មក​ហាង​កាហ្វេ​នេះ​ ​ពិតជា​បាន​ធ្វើ​ឱ្យ​ព្រឹក​ថ្ងៃ​ថ្មី​របស់​ខ្ញុំ​ចាប់ផ្តើម​ដោយ​ភាព​ស្រស់បំព្រង​ ​និង​ពោរពេញ​ដោយ​អត្ថន័យ​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN



SUGGESTIONS