ផលិតផលថែរក្សាសម្រស់មួយចំនួនដែលអ្នកចាំបាច់ប្រើប្រាស់ ឬផ្លាស់ប្តូរនៅរដូវក្តៅ
FASHION & BEAUTY 14 hours ago ការប្រែប្រួលអាកាសធាតុខណៈបច្ចុប្បន្នភាពមានបម្រែបម្រួលគួរឲ្យកត់សម្គាល់ រីឯការប្រើប្រាស់ផលិតផលថែរក្សាសម្រស់គឺជាភាពចាំបាច់ដែលការពារសុខភាពស្បែកពីជំងឺមហារីកស្បែកផងដែរ។ ខណៈពេលបច្ចុប្បន្នភាព ស្ថិតនៅរាជធានីកំពុងទទួលរងនូវកំដៅខ្លាំង ដូច្នេះថ្ងៃនេះ ក្រុមការងាររបស់ សូវរីន នឹងណែនាំប្រិយមិត្តប្រើប្រាស់ផលិតផលត្រឹមត្រូវដែលស័ក្តិសមទៅតាមប្រភេទស្បែកនៅក្នុងរដូវក្តៅនេះ។
សម្រាប់ស្បែកងាយឡើងប្រេង (Oily Skin)
នៅរដូវក្តៅ ស្បែកងាយឡើងប្រេងអាចបញ្ចេញជាតិប្រេងកាន់តែច្រើន បង្កការកកស្ទះរន្ធរោម និងបង្កើតឡើងជាមុនលើផ្ទៃមុខ។ ដូច្នេះ គួរជ្រើសរើសហ្វូមលាងមុខប្រភេទស្រាល ឬមាន Salicylic Acid ដើម្បីជួយសម្អាតជាតិប្រេងលើស និងបន្ថយការកើតមុន។ ការប្រើសេរ៉ូម Niacinamide អាចជួយបន្ថយភាពភ្លឺប្រេង និងកែលម្អស្បែកឲ្យរលោង។ ម៉្យាងវិញ អ្នកគួរជ្រើសផលិតផលផ្តល់សំណើមប្រភេទជែល ឬ oil-free ដែលស្រូបចូលស្បែកលឿន និងមិនធ្វើឲ្យស្បែកមានអារម្មណ៍ធ្ងន់។ រីឯការប្រើប្រាស់ឡេការពារកំដៅថ្ងៃ (Sunscreen) គួរជ្រើសប្រភេទ matte finish ឬ non-comedogenic ដើម្បីការពារស្បែកមិនឲ្យបិទរន្ធរោម។ សូមកុំភ្លេច ចម្រុះកោសិកាស្បែក ១–២ ដងក្នុងមួយសប្ដាហ៍ជួយកាត់បន្ថយស្បែកចាស់ៗ និងការកកស្ទះផ្សេងៗក្នុងរន្ធរោម។

សម្រាប់ស្បែកស្ងួត (Dry Skin)
សម្រាប់អ្នកដែលមានស្បែកស្ងួតឯណេះវិញ បញ្ហាចម្បងសម្រាប់ស្បែកនោះគឺ ស្ថិតនៅក្នុងម៉ាស៊ីនត្រជាក់យូរម៉ោង ខ្វះជាតិទឹកក្នុងខ្លួន និងប្រើប្រាស់ឡេផ្តល់សំណើមមិនគ្រប់គ្រាន់។ សម្រាប់ស្បែកប្រភេទនេះ គួរប្រើ cleanser ស្រាលដែលមិនមានជាតិកាត់ និងបន្ថែមការប្រើប្រាស់សេរ៉ូមដែលមាន Hyaluronic Acid ឬ Ceramide អាចជួយរក្សាសំណើម និងពង្រឹងស្បែកបាំងការពារកំដៅថ្ងៃបានល្អ (skin barrier)។ ប្រភេទឡេផ្តល់សំណើម អ្នកអាចជ្រើសប្រភេទក្រែមស្រាលដែលមានសារធាតុ Aloe Vera ឬ Glycerin។ បន្ថែមពីនេះ សម្រាប់ឡេការពារកំដៅថ្ងៃជម្រើសដ៏ល្អបំផុតនោះគឺគួរជ្រើសប្រភេទ Hydrating SPF រួមទាំងការប្រើ Face Mist លើផ្ទៃមុខ និងទទួលទានទឹកឲ្យបានគ្រប់គ្រាន់ ដើម្បីជួយរក្សាស្បែកផ្តល់សំណើមបានល្អ។

សម្រាប់ស្បែកងាយប្រតិកម្ម (Sensitive Skin)
ស្បែកងាយប្រតិកម្ម គួរជ្រើសប្រភេទ Mild Cleanser មិនមាន Fragrance ឬ Alcohol។ ដោយបន្ថែម Serum ប្រភេទ Centella Asiatica ឬ Niacinamide Low Concentration ជួយទប់ស្កាត់ និងកាត់បន្ថយការរលាក។ ការប្រើប្រាស់ឡេផ្តល់សំណើមគឺចាំបាច់បំផុត ដូច្នេះអ្នកគួរជ្រើសរើសប្រភេទឡេការពារកំដៅថ្ងៃ ស្រាល និង Soothing មាន សមត្ថភាពខ្ពស់ក្នុងការជួសជុលស្បែកខូតខាត ឬព្យាបាលស្បែកក្នុងនោះមានដូចជា៖ Ceramides ឬ Panthenol។ ចំណែកឯឡេការពារកំដៅថ្ងៃវិញគួរជ្រើសប្រភេទ Mineral ឬ Physical Sunscreen មាន Zinc Oxide ឬ Titanium Dioxide ដើម្បីការពារការរលាក។ ចៀសវាងការចម្រុះស្បែក ដើម្បីរក្សាស្បែកមានសុខភាពល្អ។

ក្រៅពីផលិតផលថែរក្សាស្បែក អ្នកក៏គួរប្រើប្រាស់ វែនតាការពារកំដៅថ្ងៃ មួក និងការផឹកទឹកគ្រប់គ្រាន់ ដើម្បីរក្សាស្បែកទទួលសំណើម និងមានសុខភាពល្អ៕
Article by Emily Siv (Sivly Pan)