×

អត្ថប្រយោជន៍នៃការប្រើប្រាស់ស្ព្រៃបាញ់មុខក្នុងរដូវក្តៅ

FASHION & BEAUTY 17 hours ago
 
 

          រដូវក្តៅបានឈានមកដល់ រីឯការថែទាំសុខភាពស្បែកជាកត្តាមួយដែលសំខាន់សម្រាប់មនុស្សគ្រប់វ័យ ជាពិសេស មិត្តៗនារីតែម្តងជាការចាំបាច់បំផុតក្នុងការថែរក្សាស្បែកនៅអំឡុងពេលនេះ។ នៅអត្ថបទមុន សូវរីន បានណែនាំប្រិយមិត្តអ្នកអាននូវការប្រើប្រាស់ផលិតផលថែរក្សាសម្រស់ទៅតាមប្រភេទស្បែក ដោយឡែកសម្រាប់អត្ថបទនេះនឹងណែនាំប្រិយមិត្តងាកមកប្រើប្រាស់ស្ព្រៃបាញ់មុខក្រោយពីស្ថិតនៅក្រោមកំដៅថ្ងៃច្រើនម៉ោង រួមនឹងអត្ថប្រយោជន៍ផងដែរ ដូច្នេះតើការប្រើប្រាស់ស្ព្រៃបាញ់មុខនឹងផ្តល់អ្វីខ្លះដល់សុខភាពស្បែក?
          បន្ថយការរលាក និងផ្តល់ភាពត្រជាក់ ឬសំណើមភ្លាមៗ
នៅពេលដែលកំដៅថ្ងៃមានសីតុណ្ហភាពឡើងខ្ពស់ខ្លាំង ស្បែករបស់អ្នកនឹងមានប្រតិកម្មដូចជាការឡើងកំដៅ ដែលអាចបណ្តាលឲ្យស្បែកមានអាការៈក្រហម ឬរលាក។ ការបាញ់ស្ព្រៃយទឹកខនិជលើផ្ទៃមុខ អាចជួយឲ្យស្បែកស្រស់ស្រាយភ្លាមៗ និងអាចព្យាបាលស្បែកពីការរលាក មិនត្រឹមតែប៉ុណ្ណោះ វាមានសមត្ថភាពដែលអាចជួយកាត់បន្ថយការឡើងកម្ដៅលើផ្ទៃមុខបានយ៉ាងមានប្រសិទ្ធភាព។


          បន្ថែមជាតិរ៉ែខនិជដែលបាត់បង់
នៅពេលបែកញើស ស្បែកមិនត្រឹមតែបាត់បង់ជាតិទឹកទេ ប៉ុន្តែក៏បាត់បង់ជាតិរ៉ែសំខាន់ៗផងដែរ។ ដូច្នេះ ពីក្រុមអ្នកជំនាញសើរស្បែកណែនាំឲ្យមានការប្រើប្រាស់ស្ព្រៃបាញមុខដែលមាននៅក្នុងទឹកខនិជមានផ្ទុកសារធាតុដូចជា Zinc, Magnesium និង Selenium ដែលជួយដល់ស្បែកបានយ៉ាងមានប្រសិទ្ធភាពបំផុតដូចជា៖ កាត់បន្ថយការរលាក ជួយឲ្យស្បែកដែលកំពុងរលាក ឬឡើងក្រហមដោយសារពន្លឺថ្ងៃ ត្រឡប់មកសភាពដើមវិញលឿន និងជាការពង្រឹងរបាំងការពារស្បែក ជួយឲ្យស្បែកមានភាពរឹងមាំ ប្រឆាំងនឹងធូលី និងបាក់តេរី។
          ផ្ដល់សំណើមដល់ស្បែក
នៅរដូវក្ដៅនេះ ការលាបឡេផ្តល់សំណើម (Moisturizer) ក្រាស់ពេកក៏អាចធ្វើឲ្យអ្នកមានអារម្មណ៍ថាធ្ងន់មុខ ឬអាចធ្វើឲ្យស្ទះរន្ធញើសក៏ថាបាន។ សាកល្បងប្រើប្រាស់ស្ព្រៃបាញ់មុខដែលជាប្រភេទទឹកខនិជនៅរដូវកាលនេះគឺជាជម្រើសដ៏ល្អបំផុត ដែលមានសមត្ថភាពផ្តល់សំណើមស្បែកគ្រប់ពេលវេលា ទោះបីជាអ្នកកំពុងនៅខាងក្រៅផ្ទះ និងធ្វើឲ្យស្បែកមុខមានសភាពស្រាលពុំធ្លាប់មានពីមុនមក។


          ជួយឲ្យការតុបតែងមុខជាប់បានយូរ
សម្រាប់អ្នកនិយមតុបតែងមុខ ការស្ព្រៃទឹកខនិជបន្ទាប់ពីផាត់មុខរួចក៏អាចជួយឲ្យគ្រឿងសម្អាងជ្រាបចូលស្បែកមុខបានល្អ និងមើលទៅបែបធម្មជាតិផងដែរ។ ម៉្យាងវិញ វាក៏បានជួយដល់ការការពារកុំឲ្យគ្រឿងសម្អាងមានសភាព កក នៅពេលស្បែកស្ងួតខ្លាំងដោយសារម៉ាស៊ីនត្រជាក់ ឬកំដៅថ្ងៃ។ ដូច្នេះ អ្នកគួរជ្រើសរើសប្រភេទស្ព្រៃទឹកខនិជឲ្យបានត្រឹមត្រូវទៅតាមប្រភេទស្បែករបស់អ្នក៕

Article by Emily Siv (Sivly Pan)


SUGGESTIONS