តើអំបុកដូនតាយើងប្រែប្រួលយ៉ាងដូចម្តេចខ្លះក្នុងបរិបទសង្គមបច្ចុប្បន្ន?
TRAVEL & LIVING 5 years agoតាំងពីបុរាណកាលតរៀងមក ប្រជាជនខ្មែរប្រុសស្រីក្មេងចាស់និយមត្រៀមរៀបគ្រឿងរណ្តាប់សក្ការ បូជាមាននំនែក ផ្កាភ្ញី ធូបទៀន សម្រាប់ប្រារព្ធពិធីបុណ្យប្រពៃណីម្យ៉ាងដែលខ្មែរយើងនាំគ្នាហៅថា «ពិធី អកអំបុក សំពះព្រះខែ»។ ពិធីនេះតែងត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំភ្ជាប់ជាមួយពិធីបុណ្យអុំទូកគឺ ចាប់ពីថ្ងៃទី១៤-១៥កើត និង ១ រោច ខែកត្តិក ហៅជាផ្លូវការថា «ព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ» ។ អំបុកជាគ្រឿងរណ្តាប់ដ៏សំខាន់បំផុតដែលមិនអាចខ្វះបានសម្រាប់ពិធីនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារសម័យកាលកាលចេះតែរីកចម្រើនទៅមុខ អំបុកដែលដូនតាបានបន្សល់ទុករៀងមកក៏ចេះតែវិវត្តបន្តិចម្តងៗតាមនោះដែរ។ តើអំបុកខ្មែរសព្វថ្ងៃប្រែប្រួលត្រង់ចំណុចណាខ្លះដែលគួរឲ្យយើងកត់ចំណាំទុក?
កាលពីមុន ប្រជាជនខ្មែរនាំគ្នាដាល់អំបុកនៅតាមភូមិតាមស្រុករៀងៗខ្លួន ប៉ុន្តែចំណេរកាលក្រោយ មក គេនិយមទិញអំបុកដែលដាក់លក់ស្រាប់ៗនៅតាមទីផ្សារទៅវិញ ម្តងម្កាល ជាពិសេសនៅក្នុងរដូវពិធី បុណ្យអុំទូកនេះតែម្តង ដោយសារតែនៅសម័យក្រោយនេះ ប្រជាជនមានភាពមមាញឹកនឹងការងារច្រើនជាង សម័យមុន ហើយក្មេងៗជំនាន់ក្រោយក៏សឹងតែលែងចេះដាល់អំបុកទៅហើយ។ ឯឧបករណ៍បុរាណសម្រាប់ ដាល់អំបុក រួមមាន ត្បាល់បុក ឬ ត្បាល់ក្តឿង អង្រែវែង ចង្រ្កានដី និង ឆ្នាំងដី ក៏ពិបាករកលែងសូវសំបូរដូច មុនដែរ ព្រោះស្ទើរតែគ្មានអ្នកប្រើទៀតទេនៅតាមទីជនបទសព្វថ្ងៃ។
ប៉ុន្តែតំបន់ខ្លះនៃប្រទេសកម្ពុជា ប្រជាជននៅតែរក្សាប្រពៃណីធ្វើអំបុកដដែល តែគេធ្វើសម្រាប់លក់ដូរសម្រាប់អ្នកដំណើរជិតឆ្ងាយ ពុំមែនធ្វើសម្រាប់ទុកហូបឡើយ។ ជាក់ស្តែង អ្នកភូមិសានគរ ខ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ជាច្រើន សព្វថ្ងៃ បានយកអំបុកធ្វើជារបរអាជីវកម្មលក្ខណៈគ្រួសារសម្រាប់ បង្កើនប្រាក់ចំណូលចិញ្ចឹមជីវិតប្រចាំថ្ងៃ នៅតាមបណ្តោយផ្លូវជាតិលេខ៦។ រីឯខេត្តស្វាយរៀងឯណោះក៏ មានសហគមន៍អំបុកមួយដែរ គឺស្ថិតនៅឃុំក្រោលគោ ស្រុកស្វាយជ្រុំ ; ប៉ុន្តែនៅទីនោះ ប្រជាជននាំគ្នាកែ ច្នៃប្រពៃណីដាល់អំបុកពីបុរាណទៅជាសិប្បកម្មប្រើម៉ាស៊ីនពាក់កណ្តាលស្វ័យប្រវត្តិដើម្បីផលិតឲ្យទាន់តម្រូវការជាក់ស្តែងរបស់ឈ្មួញកណ្តាលដែលទិញយកទៅលក់បន្ត។
ចំពោះរសជាតិ និង ការបរិភោគអំបុក ក៏កាន់តែរីកចម្រើនដែរ តាមទម្លាប់យើងតែងតែយកអំបុកមក ហូបជាមួយទឹកដូងខ្ចី ចេកណាំវ៉ាឬចេកពងមាន់ ហើយជួនកាលអ្នកខ្លះទៀតនិយមយកទៅលីងជាមួយសាច់ ជ្រូកលាយបង្គាក្រៀម។ ប៉ុន្តែសព្វថ្ងៃនេះ ; អ្នកលក់បានរិះរកវិធីសាស្រ្តកែច្នៃបន្ថែមរសជាតិដើម្បីទាក់ទាញ ចិត្តអតិថិជន។ ដោយសារបែបនេះហើយ ទើបយើងឃើញមានវត្តមានអំបុកជាច្រើនប្រភេទច្រើនរសជាតិនៅ តាមទីផ្សារក្នុងស្រុកបច្ចុប្បន្ន តួយ៉ាង អំបុករសជាតិស្លឹកតើយដូង អំបុកអប់ក្រមួនឃ្មុំ អំបុកអប់ដូងទឹកដោះ គោ និង អំបុកបង្គាក្រៀមសាច់ជ្រូកចិញ្រ្ចាំប្រៃផ្អែម។ ភោជនីយដ្ឋានធំៗខ្លះក៏ខិតខំច្នៃមត៌កអាហារមួយមុខ នេះធ្វើជាមុខម្ហូបប្រចាំហាងថែមទៀតផង។
លោក ណុប លីណា ប្រធានផ្នែកបញ្ជាទិញនៃហាង «ផ្សារខ្មែរ បន្លែធម្មជាតិ» មានទីតាំងស្ថិតនៅ ផ្លូវលេខ៧ នៃបុរីពិភពថ្មីចំការដូង បានប្រាប់សូវរីនថា ហាងរបស់លោកបានបញ្ជាទិញអំបុកពីអ្នកផ្គត់ផ្គង់ នៅខាងខេត្តបាត់ដំបង ព្រោះអំបុកនៅទីនោះមានគុណភាពស្តង់ដារសម្រិតសម្រាំងប្រកបដោយអនាម័យ ជាពិសេសគឺខាងគាត់មានគំនិតច្នៃប្រតិដ្ឋផលិតអំបុកអប់ទឹកឃ្មុំ ដូង និងស្លឹកតើយ ដែលមានរសជាតិប្លែក សម្រាប់អតិថិជន។ លោកបានអះអាងថា អំបុកប្រភេទថ្មីនេះលក់ដាច់ជាងប្រភេទអំបុកធម្មតា។ ក្នុងមួយថ្ងៃ ជាធម្មតាហាងរបស់លោកអាចលក់បានអំបុកប្រមាណពី ១៥-២០ គីឡូក្រាម។ ផលិតផលទាំងនោះត្រូវបានវេចខ្ចប់ត្រឹមត្រូវក្នុងថង់ប្លាស្ទិកពីរប្រភេទ គឺ បរិមាណកន្លះគីឡូក្រាម និង មួយគីឡូក្រាម។ អំបុកខាងលើអាចរក្សាទុកបានយូរជាងអំបុកពីសម័យមុនដែលដាល់សម្រាប់តែទទួលទានភ្លាមៗទៅទៀត ពោលគឺវាអាចរក្សាទុកបានរហូតដល់មួយខែឯណោះ។
ដោយសារតែអំបុកមានតម្លៃក្នុងសង្គមខ្មែរទាំងផ្នែកម្ហូបអាហារ ទាំងផ្នែកវប្បធម៌-ប្រវត្តិសាស្រ្ត ទើប រាជរដ្ឋាភិបាលខ្មែរកំពុងព្យាយាមលើកស្ទួយតម្លៃអំបុកដូនតាយើងឲ្យកាន់តែថ្កុំថ្កើងឡើងតាមរយៈការកំណត់ថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ដែលត្រូវនឹងទិវាបុណ្យឯករាជ្យជាតិជាថ្ងៃទទួលទានអំបុករួមគ្នាសម្រាប់ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសក្រោមពាក្យស្លោកថ្មី «អំបុកការពារ ជាតិ សាសនា និង ព្រះមហាក្សត្រ» ។ ពាក់ ព័ន្ធនឹងសេចក្តីប្រកាសខាងលើនេះ លោក ណុប លីណា បានអះអាងថា «យើងខ្ញុំរំពឹងទុកថានៅរដូវបុណ្យ អុំទូកខាងមុខនេះ យើងអាចលក់អំបុកដាច់ ហើយយើងជឿថា អាចលក់ដាច់បានដល់១០០គីឡូក្រាមក្នុង រយៈពេលពីរថ្ងៃ។ យើងត្រៀមថានឹងទៅចុះថតវីដេអូឃ្លីប(អំពីសកម្មភាព)ដែលពួកគាត់ធ្វើ (អំបុក) ដើម្បីយកមក boost ក្នុង page ;និង app របស់យើង» ។
លោកបានបញ្ជាក់ថា ហាងផ្សារខ្មែររបស់លោកផ្ទាល់ពុំមានគោលការណ៍ដំឡើងតម្លៃអំបុកតាមរដូវ កាលនោះទេ ព្រោះលោកមានបំណងចង់លើកស្ទួយអំបុកកសិករខ្មែរជាប្រចាំ ពុំមែនដើម្បីតែលក់ដាច់ក្នុង រដូវបុណ្យអំបុក អកអំបុក និង សំពះព្រះខែខាងមុខនេះទេ «បើទោះបីជាខាងពួកគាត់ (អ្នកផ្គត់ផ្គង់) សុំឡើងថ្លៃ យើងជាអ្នកលក់រាយអត់ឡើងថ្លៃនោះទេ។ ដូចនេះ អតិថិជនសូមកុំព្រួយបារម្ភថាបុណ្យអុំទូក ណាមួយសម្រេចបានអំពាវនាវអ៊ីចឹងទៀត គឺអត់ឡើងទេ ព្រោះប្រសិនបើស្រូវអត់ឡើងថ្លៃ អំបុកក៏អត់ឡើងថ្លៃដែរ! ជាទូទៅ នៅស្រុកយើង ស្រូវពុំសូវឡើងថ្លៃជាគំហុកខ្លាំងដែរ មួយគីឡូខុសគ្នាតែមួយរយពីររយ(រៀល)ហ្នឹង!» ។
Article by SRIN SOKMEAN