×

ដល់​រដូវ​រពីង​ពង​ហើយ​ ​កុំ​ខកខាន​ឲ្យសោះ​ ​មួយឆ្នាំ​មានតែ​ម្តង​ទេ​!​

TRAVEL & LIVING 4 years ago
 
 

​          ​សត្វ​រពីង​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​និយម​ហៅ​ក្លាយ​មក​ថា​ ​“​អា​ពីង​”​ ​នោះ​ជា​ស្តេច​អាហារ​សត្វល្អិត​ប្រចាំ​ទីប្រជុំជន​ស្គន់​ ​ស្រុក​ជើងព្រៃ​ ​ខេត្ត​កំពង់ចាម​ ​ដែល​អ្នកដំណើរ​ជិត​ឆ្ងាយ​ដែល​ជិះ​យានយន្ត​ឆ្លងកាត់​ផ្លូវជាតិ​លេខ៦​ ​និង​​លេខ៧​ ​កម្រ​រំលង​ហួស​ណាស់។​ ​អស់​រយៈពេល​មិន​តិច​ជាង២០ឆ្នាំ​ហើយ​ទេ​ដែល​ប្រជាជន​រស់នៅ​តំបន់​នោះ​ជាច្រើន​នាក់​បាន​ក្លាយ​ខ្លួន​ជា​អាជីវករ​លក់​រពីង​បំពង​ជូន​អ្នកដំណើរ​នៅ​តាម​ដងផ្លូវ​នៅ​តាម​ចំណតរថយន្ត​ ​និង​ ​អាហារដ្ឋាន​នានា​នៅ​ទីនោះ​ជា​រៀងរាល់ថ្ងៃ​តាំងពី​ព្រលឹម​រហូតដល់​ព្រលប់។​ ​

​          ​អ្នកមីង​ ​ច្រិប​ ​អាជីវករ​លក់​រពីង​ម្នាក់​ប្រចាំ​អាហារដ្ឋាន​ ​“​ពិភព​បៃតង៧២​”​ ​ដែល​បាន​ប្រកបរបរ​នេះ​ជាង២០ឆ្នាំ​ហើយ​ ​បាន​ប្រាប់​សូ​វរីន​ថា​ ​ខែធ្នូ​ជារ​ដូវ​សត្វ​រពីង​ពង​ ​ដូចនេះ​ធ្វើឲ្យ​សត្វ​រពីង​ធាត់​មានសាច់​និង​ពង​ច្រើន​មាន​រសជាតិ​គួរឲ្យ​ចង់​ទទួលទាន​បំផុត​ខុសពី​ខែ​ផ្សេង​ៗ​ទៀត​ ​ហើយ​តម្លៃ​របស់​វា​ក៏​កើនឡើង​ដែរ​ ​គឺ​រពីង​ពង​មួយ​ក្បាល​មានតម្លៃ​ចន្លោះ​ពី ៣០០០រៀល​ដល់ ៣៥០០រៀល។​ ​សម្រាប់​ជនបរទេស​ ​រពីង​បំពង​មួយ​ក្បាល​អាច​លក់​ចេញ​បាន​ក្នុង​តម្លៃ ១ដុល្លារ​ឯណោះ​។​ ​បើ​ខុសពី​រដូវ​រពីង​ពង​ ​អាជីវករ​នៅ​ទីនេះ​លក់​វា​ក្នុង​តម្លៃ​មួយ ២០០០រៀល​ ​ចំណែក​រំ​ពីង​តូច​ៗ​ដែល​ដាច់​ជើង​ខ្លះ​ៗ​សល់​ពី​បំពង​ ​លក់​ក្នុង​តម្លៃ ១០ក្បាល ១៥០០០រៀល។​ ​

​          កាលពី​ខ្ទង់១០ឆ្នាំមុន​ ​តម្លៃ​រពីង​មួយ​ក្បាល​ត្រឹមតែ ១៣០០រៀល​ប៉ុណ្ណោះ​ ​ព្រោះ​កាលពី​ជំនាន់​នោះ​ចំនួន​រពីង​សម្បូរ​ជាង​សព្វថ្ងៃ​។​ ​ចំពោះ​ការ​លក់​វិញ​ ​ក្នុង​មួយថ្ងៃ​ ​ជាមធ្យម​ពួកគាត់​អាច​លក់​រពីង​បំពង​នេះ​បាន​រហូតដល់ ២០០​-​៣០០ក្បាល​។​ ​ប្រសិន​បើ​លក់​ឲ្យ​ជនជាតិ​បរទេស​ ​ជាពិសេស​ ​ជនជាតិ​ចិន​ ​និង​ ​វៀតណាម​ ​រពីង​ធំ​មួយ​ក្បាល​មានតម្លៃ​រហូតដល់ ១០ដុល្លារ​ ​ព្រោះ​ជនជាតិ​ទាំងពីរ​នេះ​មាន​ជំនឿ​យក​វា​ទៅ​ត្រាំ​ស្រា​ឬ​ធ្វើថ្នាំ​បុរាណ​ដើម្បី​ជំនួយ​សុខភាព។​ ​

​          ​ទោះបីជា​យ៉ាងណាក៏ដោយ​ ​អាជីវករ​នៅ​ទីនោះ​សុទ្ធតែ​អះអាង​ថា​ ​សព្វថ្ងៃ​ចំនួន​សត្វ​រពីង​កាន់តែ​ថយ​ចុះ​ ​ហើយ​ចំនួន​អ្នកប្រមាញ់​សត្វ​រពីង​ក៏​ថយ​ចុះ​ផង​ដែរ​ដោយសារ​កត្តា​ជាច្រើន​។​ ​សព្វថ្ងៃ​ ​នៅ​តំបន់​ស្គន់​ ​ស្រុក​ជើងព្រៃ​នេះ​សឹងតែ​លែង​មាន​អ្នកដើរ​រក​សត្វ​រពីង​នៅ​តាម​ព្រៃ​ដូច​កាលពី​ជាង១០ឆ្នាំមុន​ទៅ​ហើយ​ ​ព្រោះ​ដី​ព្រៃ​ជាច្រើន​នៅ​ទីនោះ​ត្រូវ​បាន​កាប់ឆ្ការ​ដាំដំណាំ​ ​និង​ ​អភិវឌ្ឍ​ជា​លក្ខណៈ​ឯកជន​ ​ធ្វើឲ្យ​ជម្រក​ធម្មជាតិ​របស់​សត្វ​ ​ ​ ​ ​រពីង​ត្រូវ​បាន​ទទួលរង​ការ​គំរាមកំហែង​ខ្លាំង​។​ ​បច្ចុប្បន្ន​ ​សត្វ​រពីង​ដែល​ដាក់​លក់​នៅ​ស្គន់​នេះ​ភាគច្រើន​ត្រូវ​បាន​គេ​ដឹក​តាម​រថយន្ត​តាក់ស៊ី​ពី​ឈ្មួញ​កណ្តាល​នៅ​ខេត្តកំពង់ធំ​ ​និង​ ​ខេត្តព្រះវិហារ​ ​ជំនួស​វិញ​។​ ​តំបន់​ដែល​សម្បូរ​អ្នកចាប់​សត្វ​រពីង​ជាងគេ​ ​គឺ​ ​ឃុំ​សាគ្រាម​ ​ឃុំ​ក្រយា​ ​និង​ ​ឃុំ​សាមគ្គី​ ​ស្រុក​ប្រាសាទបល្ល័ង្គ​ ​ខេត្តកំពង់ធំ។​

​          ​គួរ​បញ្ជាក់​ថា​ ​រពីង​ ​គឺជា​ពពួក​រន្ធក​សត្វ​មាន​រូស​ណ្ឋាន​ស្រដៀងនឹង​សត្វ​ពីងពាង​ធំ​ ​មាន​ចង្កូម​ខុប​ធ្វើ​រន្ធ​នៅក្នុង​ដី​ព័ទ្ធ​សរសៃ​ចាក់ស្រេះ​ភ្ជិត​មាត់​រន្ធ​។​ ​រពីង​មាន​ពីរ​ប្រភេទ​ ​គឺ​រពីងគោ​មាន​រូប​តូច​សម្បុរ​ប្រផេះ​ ​និង​រពីងក្របី​មាន​សម្បុរ​ខ្មៅ​ហើយ​មាន​មាឌធំ​ជាង​រពីងគោ​។​ ​រពីង​រស់នៅ​ក្នុង​រន្ធ​ដែល​ធ្វើ​ដោយខ្លួន​វា​ផង​ ​ឬ​រស់នៅ​ក្នុង​រន្ធ​ក្តាម​ដែល​បោះបង់ចោល​។​ ​វា​រស់នៅ​ក្នុង​រន្ធ​បានតែ​ខែត្រជាក់​ទេ​។​ ​សម្រាប់​រដូវប្រាំង​វិញ​ ​វា​តែងតែ​លាក់ខ្លួន​តាម​ដើមឈើ​ ​ឬ​ក្នុង​គម្ពោ​ធ​ព្រៃ​។​ ​ដើម្បី​ចាប់​អា​ពីង​ ​គេ​ត្រូវ​យក​ចបជីក​រន្ធ​របស់​វា​ ​រួច​យក​ឈើ​តូច​មួយ​រុក​ឲ្យ​វា​ចេញពី​ក្នុង​រន្ធ​។​ ​ពេល​រពីង​ចេញ​មក​ភ្លាម​ ​គេ​ត្រូវ​យក​ឈើ​សង្កត់​ខ្នង​វា​ ​ហើយ​លូកដៃ​ចាប់​ឲ្យ​ជាប់​ពីលើ​តែម្តង។​

Article by SRIN SOKMEAN

Image Courtesy: CHIN RITHY


SUGGESTIONS