×

តោះ​!​ ​ច្នៃ​ពោត​បារាំង​ជា​រូបមន្ត​រក្សា​សម្រស់​សម្រាប់​ស្បែក​ស្ងួត​នៅ​រដូវរំហើយ​នេះ​

TRAVEL & LIVING 4 years ago
 
 

​            ​ឈាន​មកដល់​រដូវរំហើយ​ ​អាកាសធាតុ​ចាប់ផ្តើម​ប្រែប្រួល​ចុះ​ខ្យល់​ត្រជាក់​ធ្វើឲ្យ​ស្បែក​ឡើង​ស្ងួត​ ​ជាពិសេស​សម្រាប់​អ្នក​ដែល​មាន​ស្បែក​ស្ងួត​ស្រាប់​ទៀត​នោះ​នឹង​បង្ក​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ដូចជា​ធ្វើឲ្យ​រមាស់​ ​ឡើង​កន្ទួល​ ​ប្រេះ​ ​និង​ឡើង​ជ្រីវជ្រួញ​ជាដើម​។​ ​ក្រៅពី​ស្បែក​ស្ងួត​បណ្តាល​មក​ពី​បំរែបំ​រួល​អាកាសធាតុ​ ​ជាមួយគ្នា​នេះ​ស្បែក​ស្ងួត​ក៏អាច​កើតឡើង​ដោយសារ​ក​ត្តា​ផ្សេង​ៗ​ដូចជា​ការប្រើ​សាប៊ូ​ដុំ​ ​ឬ​សាប៊ូ​មាន​ជាតិ​កាត់​ច្រើនពេក​ ​ការប្រើ​ក្រណាត់​ឬ​ក្រដាស​ជូត​រឹង​និង​គគ្រាត​ខ្លាំង​ ​កង្វះ​ជាតិទឹក​ ​ការ​ងូតទឹក​ក្តៅ​រយៈពេល​យូរ​ ​ឬ​ជួន​កម្តៅ​ខ្លួន​ឡើង​ក្តៅ​ខ្លាំង​ឬ​ត្រជាក់​ខ្លាំង​ ​សូម្បីតែ​ការ​លេបថ្នាំ​ច្រើន​ក៏​ប្រឈម​ករណី​ស្បែក​ស្ងួត​ផង​ដែរ​។​ ​ជាទូទៅ​នៅពេល​មាន​បញ្ហា​ស្បែក​ស្ងួត​ ​វិធី​ដោះ​សា្រយ​ល្អ​បំផុត​គឺ​ការ​ផ្តល់​សំណើម​ពី​ផ្នែក​ខាងក្នុង​តាមរយៈ​ការ​ទទួលទាន​របប​អាហារ​មាន​ជាតិទឹក​គ្រប់គ្រាន់​ ​គួបផ្សំ​ការថែទាំ​ផ្តល់​សំណើម​ពី​ផ្នែក​ខាងក្រៅ​ផង​ដែរ​។​ ​យ៉ាងណាមិញ​ ​ដើម្បី​ជា​គន្លឹះ​រក្សា​សម្រស់​នៅ​រដូវរំហើយ​ចុងឆ្នាំ​នេះ​ ​ថ្ងៃនេះ​សូ​វរីន​សូម​លើកយក​នូវ​រូបមន្ត​រក្សា​សម្រស់​បែប​ធម្មជាតិ​ ​ដោយ​ចំណាយ​តិច​ ​ចំណេញ​ប្រយោជន៍​ច្រើន​ជាមួយនឹង​បន្លែ​ធម្មជាតិ​មួយ​ប្រភេទ​ដែលគេ​និយម​បរិភោគ​ជា​អាំង​ឬ​ស្រុស​ញុំា​ក្លែម​ជាមួយ​គ្រឿង​សាច់​អាំង​នោះ​គឺ​ ​ពោត​បារាំង​។​ ​

​            ​ជា​ការពិត​ណាស់​ ​ពោត​បារាំង​សម្បូរទៅដោយ​ជាតិ​រំអិល​ ​ហើយ​ជាតិ​រំអិល​នេះ​ផ្ទុក​យ៉ាង​សម្បើម​នូវ​សារធាតុ​ប្រឆាំង​បាក់តេរី​ ​សារធាតុ​ប្រឆាំង​ការ​ហើម​រលាក​ ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ ​បំបាត់​ការឈឺចាប់​ ​និង​ផ្តល់​ជាតិទឹក​ផង​ដែរ​។​ ​អ្វី​ដែល​សំខាន់​សារធាតុ​ទាំងនេះ​មាន​តួនាទី​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​ស្បែក​ស្ងួត​ ​មុន​ ​ស្នាម​ ​និង​ប្រភេទ​រោគ​ឆ្លង​ផ្សេង​ៗ​នៅ​លើ​ស្បែក​។​ ​មិន​តែប៉ុណ្ណោះ​ ​ពោត​បារាំង​ផ្ទុក​ទៅ​ដោយ​ជា​តិ​ហ្វៃ​ប័រ​ ​ឬ​ជាតិកា​ក​សរសៃ​ដែល​ជួយ​រក្សា​ ​និង​ជំរុញ​ប្រព័ន្ធ​រំលាយអាហារ​នាំមក​នូវ​មាន​សុខភាព​ល្អ​ ​ព្រមទាំង​សម្រស់​ស្បែក​ភ្លឺ​ថ្លា​ដោយសារតែ​វា​សម្បូរទៅដោយ​វីតាមីន​ ​C​ ​រួម​ជាមួយ​សារធាតុ​ចិញ្ចឹម​ដែល​រាងកាយ​ត្រូវការ​ដើម្បី​ផលិត​ខូ​ឡេ​ជិន​។​ ​ខូ​ឡេ​ជិន​គឺជា​ប្រូតេអ៊ីន​ទ្រទ្រង់​សាច់ដុំ​ ​ឆ្អឹង​ ​សរសៃឈាម​ ​សរសៃ​ភ្ជាប់​គន្លាក់​ឆ្អឹង​ ​រក្សាសុខ​ភាព​ស្បែក​ ​និង​សរីរាង្គ​ផ្សេង​ៗ​ព្រមគ្នា​។​ ​លើស​ពីនេះ​វា​ជួយ​បណ្តុះ​កោសិកា​ថ្មី​ ​និង​ជួសជុល​កោសិកា​ខូចខាត​ឲ្យ​រស់រាន​ឡើងវិញ​ ​ចំណែក​វីតាមីន​ ​C​ ​ដើរតួ​សំខាន់​ក្នុង​ការ​ថែរក្សា​ស្បែក​ ​ជួយការ​ពារ​ស្បែក​ពី​រ៉ាឌីកាល់​សេរី​ ​កាំរស្មី​អូ​ត្រា​វី​យូ​ឡែ​ត​ ​និង​ការបំផ្លាញ​ដោយ​កាំរស្មី​ព្រះអាទិត្យ​ ​ពិសេស​ជួយ​ផ្សះមុខ​របួស​ឆាប់រហ័ស​ ​បន្តឹង​ស្បែក​ ​ផ្តល់​សំណើម​ ​និង​កាត់បន្ថយ​ភាព​ជ្រីវជ្រួញ​ដែល​ជា​សញ្ញា​នៃ​ការ​វិ​វដ្ត​ទៅ​រក​ភាព​ចាស់​។​ ​

​            ​ដូច​បាន​ជម្រាប​ជូន​ខាងលើ​ថា​ ​ពោត​បារាំង​ពិតជា​សម្បូរទៅដោយ​សារធាតុ​ចិញ្ចឹម​ ​និង​វីតាមីន​ចម្រុះ​ដែល​មិន​ត្រឹមតែ​មាន​អត្ថ​ប្រយោជន៍​ចំពោះ​សុខភាព​ប៉ុណ្ណោះទេ​ ​ថែមទាំង​ជួយ​ដល់​សម្រស់​ស្បែក​ក្មេង​ជាង​វ័យ​ផង​ដែរ​។​ ​ដូច្នេះ​ក្រៅពី​ទាញ​ប្រយោជន៍​ពី​ពោត​បារាំង​តាមរយៈ​ការ​ទទួលទាន​ប្រចាំថ្ងៃ​ ​ទន្ទឹម​នឹង​នេះ​សូវ​រី​នបាន​ជ្រើសរើស​ពោត​បារាំង​បង្កើត​ជា​រូបមន្ត​រក្សា​សម្រស់​សម្រាប់​អ្នកមាន​បញ្ហា​ស្បែក​ស្ងួត​ ​ដោយ​យក​មក​ធ្វើជា​ម៉ាស​បិត​មុខ​ផ្តល់​សំណើម​តាម​វិ​ធី​ងាយ​ៗ​ដូច​ខាងក្រោម​។​

​            ​ដើម្បី​បង្កើត​ម៉ាស​គ្រឿងផ្សំ​ដែល​យើង​ត្រូវ​មាន​មាន​ដូចជា​ ​ពោត​បារាំង​ចំនួន​ ​៣​-​៤ផ្លែ​ ​ទឹកដោះគោ​ជូរ​ ​ឬ​ ​Yogurt​ ​២ស្លាបព្រា​កាហ្វេ​ ​និង​ប្រេង​អូ​លីវ​ ​ឬ​ទឹក​ចំនួន១ស្លាបព្រា​កាហ្វេ​។​ ​វិធី​ធ្វើ​ងាយ​ៗ​ ​ដំបូង​យើង​ត្រូវ​យក​ពោត​បារាំង​មក​លាង​សម្អាត​ទឹក​ឲ្យ​ស្អាត​រួច​ពុះ​ឆូត​បណ្តា​យ​ជា​ពីរ​ហើយ​ដាក់​ស្ងោរ​ក្នុងទឹក​ពុះ​ប្រមាណ​ ​៥នាទី​។​ ​ក្រោយពី​ស្ងោរ​ពោត​រួចរាល់​ចូរ​ស្រង់​ដាក់​កញ្ច្រែង​ឲ្យ​ស្រស់ទឹក​ហើយ​យក​មក​ដាក់​ក្នុង​ម៉ាស៊ីន​ក្រឡុក​រួច​បន្ថែម​ចាក់ទឹក​ដោះ​គោ​ជូរ​ឬ​ ​Yogurt​ ​និង​ប្រេង​អូ​លីវ​ឬ​ទឹក​ចូល​ ​បន្ទាប់មក​ធ្វើការ​ក្រឡុក​ឲ្យ​ម៉ដ្ឋ​សឹម​ចាក់​ចូល​ចាន​យក​មក​លាប​សព្វ​ពេញ​ផ្ទៃមុខ​។​ ​រក្សា​ម៉ាស​លើ​ផ្ទៃមុខ​ប្រមាណ​ ​២០នាទី​ ​បន្ទាប់មក​លាង​ជម្រះ​ដោយ​ទឹក​ក្តៅ​ឧណ្ហ​ៗ​ ​រួច​ធ្វើការ​តប់​មុខ​តិច​ដោយ​មិន​ចាំបាច់​ប្រើ​កន្សែង​ជូត​រហូតដល់​មុខស្ងួត​។​ ​អ្នក​នឹង​ឃើញ​ប្រសិទ្ធ​ភា​ពភ្លាម​ៗ​តាំងពី​អនុវត្ត​លើកដំបូង​ ​ដោយសារ​ម៉ាស​ធម្មជាតិ​ប្រភេទ​នេះ​មាន​សមត្ថភាព​ខ្ពស់​ជួយ​ដោះស្រាយ​បញ្ហា​ស្បែក​ស្ងួត​ ​និង​ជួសជុល​គ្រប់​បញ្ហា​ស្បែក​ទាំងអស់​។​ ​អនុវត្ត​ជាប្រចាំ​មុន​ពេល​ចូលគេង​ ​ឬមួយ​សប្តាហ៍​ ​៣​-​៤ដង​ ​ដើម្បី​ទទួល​បាន​សុខភាព​ស្បែក​ល្អ​ ​និង​ក្មេង​ជាង​វ័យ​។​ ​អូ​ ​!​ ​ម៉ាស​នេះ​អ្នក​ក៏អាច​យក​មក​លាប​លើ​ខ្លួន​ដើម្បី​ទទួល​បាន​សម្រស់​ស្រស់​ស្អាត​ព្រមគ្នា​ផង​ដែរ​។​ ​

​            ​ឃើញ​ទេ​ប្រើប្រាស់​ត្រឹមតែ​វិ​ធី​ងាយ​ៗ​ ​អ្នក​ចំណេញ​បាន​ទាំង​សម្រស់​ហើយ​ចំណាយ​តិច​ ​ដែល​សំខាន់​មាន​សុវត្ថិភាព​ដោយ​មិន​ភ័យខ្លាច​រឿង​ប្រតិកម្ម​ស្បែក​ដូច​ការ​ប្រថុយប្រថាន​ប្រើប្រាស់​ផលិត​ផល​ផ្សេង​ៗ​នៅ​លើ​ទីផ្សារ​។​ ​ចង់បាន​រូបមន្ត​រក្សា​សម្រស់​បន្ថែម​ទៀត​ កុំ​ភ្លេច​តាមដាន​ជាមួយ ​សូវ​រី​ន ណា!​៕​

​Article​ ​by​ ​HEM​ ​SOKKHIM​


SUGGESTIONS