×

៥​ ​ចំណុច​ប្រវត្តិសាស្ត្រ​ទាក់ទង​នឹង​ផ្សារ​ធំ​ថ្មី​ដែល​មនុស្ស​ជំនាន់​ក្រោយ​ប្រហែល​មិនធ្លាប់​ចាប់អារម្មណ៍​

TRAVEL & LIVING 4 months ago
 
 

​            ​ផ្សារ​ធំ​ថ្មី​ជា​ផ្សារ​ទេសចរណ៍​បែប​ប្រវត្តិ​សាស្រ្ត​នៃ​រាជធានី​ភ្នំពេញ​ដែល​ត្រូវ​បាន​កសាង​ឡើង​ក្នុង​សម័យ​អាណានិគម​បារាំង​ ​កាលពីដើម​សតវត្សរ៍​ទី២០​ ​(១៩៣៥​-​១៩៣៧)​ ​ក្នុងរជ្ជកាល​ព្រះបាទ​ស៊ីសុវត្ថិ​មុនីវង្ស​ ​(​១៩២៧​-​១៩៤១​)​​។​ ​គម្រោង​សាងសង់​ផ្សារ​នេះ​ត្រូវ​បាន​បញ្ចប់​ជាស្ថាពរ​តែ​ប៉ុន្មាន​ឆ្នាំមុន​ពេល​សង្រ្គាម​លោក​លើក​ទី២​ ​(​១៩៣៩​-​១៩៤៥​)​ ​កើតឡើង​បន្តិច​ប៉ុណ្ណោះ​។​ ​គិត​មកដល់​សព្វថ្ងៃ​ ​ឆ្លងកាត់​របប​ដឹកនាំ​ជាច្រើន​សម័យកាល​អស់​រយៈពេល​ជិត៩០ឆ្នាំទៅ​ហើយ​ក្តី​ ​ក៏​ផ្សារ​នេះ​នៅតែ​ដើរតួ​នាទី​ជា​តំបន់​ពាណិជ្ជកម្ម​ដ៏​សកម្ម​ធំ​មួយ​កណ្តាល​ទីក្រុង​ភ្នំពេញ​ដដែល​។​ ​តើមាន​ចំណុច​ពិសេស​អ្វីខ្លះ​ទាក់ទង​នឹង​ផ្សារ​ប្រវត្តិ​សាស្រ្ត​នេះ​ដែល​យើង​ទាំងអស់គ្នា​គួរ​យល់ដឹង​និង​ចងចាំ​ទុក​?​ ​

​១​.​ ​អតីតភាព​ទីតាំង​ភូមិ​សាស្រ្ត​
            ​ផ្សារ​ធំ​ថ្មី​សព្វថ្ងៃ​នេះ​ត្រូវ​បាន​សាងសង់​លើ​ទីតាំង​អតីត​បឹង​បុរាណ​មួយ​ឈ្មោះ​ ​បឹង​តេជោ​ ​ដែល​ត្រូវ​បាន​ដាក់ឈ្មោះ​តាម​ចៅពញា​តេជោ​ ​អតីត​ចៅហ្វាយខេត្ត​សំរោងទង​ ​(​សព្វថ្ងៃ​ជា​ស្រុក​សំរោងទង​ ​ស្ថិត​ក្នុងទឹក​ដី​ខេត្ត​កំពង់ស្ពឺ​)​ ​ក្នុងរជ្ជកាល​ព្រះបាទ​ពញាយ៉ាត​ ​សតវត្សរ៍​ទី១៥​។​ ​ចៅពញា​តេជោ​បាន​កេណ្ឌរាស្ត្រ​ទៅលើ​ក​ដី​ចាក់​បំពេញ​តំបន់​ជុំវិញ​ ​វត្តភ្នំ​អោយ​បាន​ខ្ពស់​ហើយ​រាបស្មើ​ ​កុំ​ឲ្យទឹក​លិច​។​ ​ឯ​ទី​ដែល​ចៅពញា​តេជោ​អោយ​រាស្ត្រ​ជីក​យក​អាចម៍ដី​នោះ​ ​ក៏​ក្លាយទៅជា​បឹងធំ​ជ្រៅ​មួយ​ ​ទើបបាន​គេ​អោយ​ឈ្មោះ​ហៅ​ ​«​បឹង​តេជោ​»​ ​តរៀងមក​។​ ​យោង​តាម​គេហទំព័រ​ ​Cambodian​ ​guide.com​​ ​ដែល​បង្កើត​ឡើង​ដោយ​ក្រុម​មគ្គុ​ទ្ទេ​សក៏​ថ្នាក់​ជាតិ​របស់ក្រ​សួង​ទេសចរណ៍​ ​(​២០១៤​)​ ​នៅក្នុង​ឆ្នាំ១៩២៨​ ​ក្នុងរជ្ជកាល​ព្រះបាទ​ស៊ីសុវត្ថិ​មុនីវង្ស​ ​ក្រុមហ៊ុន​សាធារណការ​បារាំង​មួយ​ឈ្មោះថា​ ​«​ ​Grands​ ​Travaux​ ​de​ ​Marseille​»​ ​(​ហៅ​កាត់​ថា​ ​GTM​)​ ​បាន​ចុះ​កិច្ចសន្យា​បូម​ខ្សាច់​ចេញពី​បាតទន្លេ​សាប​ដើម្បី​ចាក់​បំពេញ​បឹង​តេជោ​ ​និង​ ​បឹង​មួយចំនួន​ទៀត​នៅក្នុង​រាជធានី​ភ្នំពេញ​។​ ​ជាអកុសល​ ​គម្រោង​សាងសង់​ផ្សារ​នៅ​លើ​ទីតាំង​ដី​បឹង​ដែល​ទើប​ចាក់​បំពេញ​រួច​នេះ​ ​ត្រូវ​បាន​អូស​បន្លាយ​រហូតដល់​ឆ្នាំ១៩៣៤​ ​ដោយសារតែ​វិបត្តិសេដ្ឋកិច្ច​ពិភពលោក​។​

ទីតាំងបឹងតេជោដែលទើបចាក់ដីលុបរួច ដើមទសវត្សរ៍ឆ្នាំ១៩៣០(Photo Credit: Hervé le Bris)

​២​.​ ​ជីវប្រវត្តិ​ស្ថាបត្យករ​ ​
            ​ជាទូទៅ​ ​បើ​និយាយ​អំពី​ប្រវត្តិ​ផ្សារ​ធំ​ថ្មី​ ​គេ​ដឹង​ត្រឹមតែ​ស្ថាបត្យករ​ដែល​មានឈ្មោះ​ថា​ ​លោក​ ​ហ្សង់​ ​ដឺ​ប៊័រ​ ​(​Jean​ ​Desbois​)​។​ ​តើ​លោក​ ​ហ្សង់​ ​ដឺ​ប៊័រ​ ​ជា​អ្នកណា​?​ ​មក​ពីណា​?​ ​មាន​សមត្ថភាព​កម្រិត​ណា​ទើប​អាច​ក្លាយជា​អ្នក​គូស​ប្លង់​ស្ថាបត្យកម្ម​ដ៏​ធំ​មួយ​នេះ​?​ ​យោង​តាម​គេហទំព័រ​ស្ថាបត្យកម្ម​អន្តរជាតិ​ ​archi​-​wiki.org​ ​លោក​ ​ហ្សង់​ ​ដឺ​ប៊័រ​ ​ជា​ស្ថាបត្យករ​សញ្ជាតិ​បារាំង​កើត​នៅ​ទីក្រុង​ ​Cherbourg​ ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​បារាំង​ ​នៅ​ថ្ងៃទី​ ​២៥​ ​ខែសីហា​ ​ឆ្នាំ១៨៩១​។​ ​លោក​ ​ជា​បុត្រា​បង្កើត​របស់​លោក​ ​អឺ​ណេ​សត៍​ ​អូ​ហ្គូស​ ​ដឺ​ប៊័រ​ ​(​Ernest​ ​Auguste​ ​Desbois​)​ ​ជា​ប្រធាន​គ្រប់គ្រង​ប្រៃសណីយ៍​នៅ​បារាំង​ជំនាន់​នោះ​។​ ​លោក​បាន​បន្ត​ការសិក្សា​ជំនាញ​ឯកទេស​ស្ថាបត្យកម្ម​ពី​ស្ថាបត្យករ​ល្បីឈ្មោះ​គឺ​ ​ល្វី​ស​ ​ប៊័រ​ញ៉េ​ ​(​Louis​ ​Bernier​)​ ​និង​ ​អេ​ម៉ា​ណូ​អេល​ ​ប៉ុន​ត្រេ​ម៉ូ​លី​ ​(​Emmanuel​ ​Pontremoli​)​ ​នៅ​ទីក្រុង​ប៉ារីស​ ​ប្រទេស​បារាំង​ ​រហូត​បញ្ចប់​ការសិក្សា​នៅ​ឆ្នាំ១៩២០​ ​ហើយ​ធ្លាប់​ទទួល​បាន​មេដាយ​រចនា​ប្លង់​ជ័យលាភី​លេខ២​ ​។​ ​លោក​បាន​បំពេញការងារ​ជា​ស្ថាបត្យករ​នៅ​ទីក្រុង​ប៉ារីស​ចាប់ពី​ឆ្នាំ១៩២០ដល់​ឆ្នាំ១៩២២​។​ ​បន្ទាប់មក​ ​គាត់​បាន​ដាក់ពាក្យ​ធ្វើការ​នៅ​តំបន់​ឥណ្ឌូ​ ​ចិន​ ​ក្នុង​ផ្នែក​សាធារណការ​ ​តាម​សំណើសុំ​របស់​ទីភ្នាក់ងារ​សេដ្ឋកិច្ច​នៃ​អគ្គ​ទេសាភិបាល​ឥណ្ឌូចិន​ប្រចាំ​ទីក្រុង​ប៉ារីស​ ​(​l'agence​ ​économique​ ​du​ ​gouvernement​ ​général​ ​de​ ​l'Indochine​ ​à​ ​Paris​)​ ​នៅ​ថ្ងៃទី១០​ ​ខែមីនា​ ​ឆ្នាំ១៩២២​។​ ​លោក​បាន​ចុះ​មក​ធ្វើការ​នៅ​ប្រទេស​កម្ពុជា​ចន្លោះ​ពីឆ្នាំ១៩៣១ដល់​ឆ្នាំ១៩៣៧​ ​ហើយ​នៅពេល​នោះ​ឯង​ដែល​លោក​បាន​ទទួល​គម្រោង​រចនា​ប្លង់​សាងសង់​ផ្សារ​ធំ​ថ្មី​ ​មុន​ពេល​ដែល​លោក​ផ្លាស់​ចេញទៅ​បំពេញការងារ​នៅ​ទីក្រុង​វ៉េ​ ​ប្រទេស​អណ្ណាម​ ​(​វៀតណាម​)​ ​ក្នុង​ឆ្នាំ១៩៣៨​។​ ​

​៣​.​ទំហំ​សំណង់​អគារ​
            យោង​តាម​ការផ្សាយ​របស់​គេហទំព័រ​ទេសចរណ៍​លំដាប់​ពិភពលោក​ល្បីឈ្មោះ​មួយ​ឈ្មោះ​ ​«​ ​Lonely​ ​Planet​ ​»​ ​(​ឡូ​ន​លី​ ​ផ្លា​ណេត​)​ ​ផ្សារ​ធំ​ថ្មី​ត្រូវ​បាន​ជនជាតិ​បរទេស​និយម​ហៅថា​ ​«​Central​ ​Market​»​ ​អាស្រ័យ​តាម​ទីតាំង​ភូមិ​សាស្រ្ត​ ​និង​ ​ទំហំ​នៃ​ស្ថាបត្យកម្ម​របស់​វា​។​ ​កំពូល​រាង​ ​Dome​ ​(​ពាក់កណ្តាល​រាង​ស្វ៊ែរ​)​ ​មូល​កោង​គ្រប​ពីលើ​របស់​សំណង់​ផ្សារ​នេះ​ត្រូវ​បាន​គេ​ប្រៀបប្រដូច​ទៅ​នឹង​កំពូល​មហា​សំណង់​ប្រាង្គ​ប្រាសាទ​មួយ​ឈ្មោះថា​ ​Ziggurat​ ​(​ ​អានថា​ ​ហ្ស៊ីហ្គឺ​រ៉ា​ត​)​ ​នៃ​រដ្ឋ​បុរាណ​បេ​ប៊ី​ឡូ​នៀ​ ​នៃ​តំបន់​មេ​សូ​ប៉ូ​តាមៀ​ ​(​ស្ថិត​ក្នុងទឹក​ដី​ប្រទេស​អ៊ីរ៉ាក់​ ​សព្វថ្ងៃ​)​ ​ហើយ​ផ្សារ​នេះ​ដែរ​ត្រូវ​បាន​គេ​អះអាង​ថា​ជាប់​ក្នុង​ចំណាត់ថ្នាក់​អគារ​រាង​ ​Dome​ ​ដែល​ធំជាង​គេ​បំផុត​ទាំង១០​ ​នៅ​លើ​ពិភពលោក​ ​។​ ​ដោយឡែក​ ​នៅ​លើ​គេហទំព័រ​វី​គី​ភី​ឌឿ​ ​(​WIKIPEDIA​)​ ​បាន​បញ្ជាក់​ថា​ ​ផ្សារ​នេះ​ត្រូវ​បាន​គេ​អះអាង​ថា​ធ្លាប់​ជា​ផ្សារ​ធំជាង​គេ​បង្អស់​នៅ​ទ្វីបអាស៊ី​នៅ​ជំនាន់​ឆ្នាំ១៩៣៧​ ​ដែល​ផ្សារ​នេះ​ត្រូវ​បាន​សម្ពោធ​ដំណើរការ​លក់ដូរ​ជា​ផ្លូវការ​។​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ផ្សារ​ធំ​ថ្មី​មាន​តួ​អគារ​កណ្តាល​ដែល​មាន​កម្ពស់២៦ម៉ែត្រ​ ​និង​ ​អង្កត់ផ្ចិត​ប្រវែង​ ​៤៥​ ​ម៉ែត្រ​។​ ​រី​ឯ​ស្លាប​ផ្សារ​ទាំងបួន​ដែល​សង់​ភ្ជាប់នឹង​តួ​អគារ​កណ្តាល​នោះ​មាន​ប្រវែង​ ​៤៤​ ​ម៉ែត្រ​ ​ស្មើ​ៗ​គ្នា​។​ ​

​៤​.​ការ​វិវត្ត​នៃ​ឈ្មោះ​ផ្សារ​ធំ​ថ្មី​ ​
            ក្នុងរយៈពេល​ជិត៩០ឆ្នាំនេះ​ ​ផ្សារ​ធំ​ថ្មី​មិនមែន​មានឈ្មោះ​តែ​ផ្សារ​ធំ​ថ្មី​មួយ​រហូត​នោះ​ទេ​។​ ​តាមពិត​ ​ផ្សារ​នេះ​ធ្លាប់​ត្រូវ​បាន​ផ្លាស់​ប្តូរ​ឈ្មោះ​ទៅតាម​សម័យកាល​ជាច្រើនលើក​។​ ​ផ្អែក​តាម​រូបថត​ប្រវត្តិ​សាស្រ្ត​នៃ​រាជធានី​ភ្នំពេញ​ដែល​យើង​ស្រាវជ្រាវ​រក​ឃើញ​នៅពេល​កន្លងមក​ ​កាលដើមឡើយ​ ​ផ្សារ​នេះ​មានឈ្មោះ​ដើម​ជា​ភាសាឡាតាំង​ថា​ ​«​Le​ ​Marché​ ​Central​»​ ​ដែល​មានន័យថា​ ​ផ្សារ​ធំ​កណ្តាល​ក្រុង​ ​។​ ​ប៉ុន្តែ​ចំណុច​គួរឲ្យ​ចាប់អារម្មណ៍​ទាក់ទង​នឹង​ឈ្មោះ​នេះ​គឺ​ត្រង់ថា​ ​ផ្សារចាស់​សព្វថ្ងៃ​ ​ក៏​រូបថត​ឯកសារ​បារាំង​ធ្លាប់​សរសេរ​ថា​ ​«​Le​ ​Marché​ ​Central​»​ ​ដែរ​ ​ព្រោះ​មុន​មានការ​សាងសង់​ផ្សារ​​ធំ​ថ្មី​សព្វថ្ងៃ​នេះ​ ​ផ្សារចាស់​ជា​ផ្សារ​ធំ​សកម្ម​សំខាន់​ជាងគេ​នៅ​ទីក្រុង​ភ្នំពេញ​នៅ​ចុង​សតវត្សរ៍​ទី១៩​ ​និង​ ​ដើម​សតវត្សរ៍​ទី២០​។​ ​ក្រោយមក​ ​ទើប​មានការ​ផ្លាស់​ប្តូរ​ឈ្មោះ​ផ្សារចាស់​មក​ជា​ ​«​ ​Phsar​ ​Chas​»​ ​ហើយ​ផ្សារថ្មី​ក្លាយជា​ ​Central​ ​Market​ ​ឬ​ ​Le​ ​Marché​ ​Central​ ​រហូតដល់​សព្វថ្ងៃ​។​ ​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ​(​១៩៧៥​-​១៩៧៩​)​ ​ផ្សារ​នេះ​បាន​បិទទ្វារ​ ​លែង​មានការ​លក់ដូរ​សម្រាប់​ប្រជាជន​ធម្មតា​។​ ​ទោះបីជា​ផ្សារ​នេះ​មិន​មានការ​លក់ដូរ​សម្រាប់​សាធារណជន​ក៏​ពិតមែន​ ​ក៏​ខ្មែរក្រហម​ប្រែក្លាយ​ទៅជា​ផ្សារ​ពិសេស​មួយ​ដែល​បើក​លក់​ម្ហូបអាហារ​សម្រាប់​មន្ត្រី​ស្ថានទូត​បរទេស​ដោយ​ប្រើប្រាស់​រូបិយវត្ថុ​ដុល្លារ​របស់​សហរដ្ឋអាមេរិក​ ​(​ទស្សនាវដ្តី​ស្វែងរក​ការពិត​,​ ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​,​ ​២០១៥​)​ ​។​ ​ក្រោយ​របប​ខ្មែរក្រហម​ដួល​រលំ​ ​ផ្សារ​នេះ​ត្រូវ​បាន​រៀបចំ​បើក​លក់ដូរ​ឡើងវិញ​ក្នុង​ទសវត្សរ៍​ឆ្នាំ៨០​ ​ហើយ​ប្តូរ​ឈ្មោះ​ទៅជា​ ​«​មជ្ឈ​មណ្ខ​លពា​ណិ​ជ្ជ​កម្ម​ភ្នំពេញ​»​។​ ​ក្រោយមក​ ​ក្នុងអំឡុងឆ្នាំ១៩៨៩​ ​ផ្សារ​នេះ​បាន​ក្លាយជា​ ​«​ផ្សារណាត់៧មករា​»​។​ ​ចាប់តាំងពី​សម័យ​រដ្ឋកម្ពុជា​មក​ ​ឈ្មោះ​ផ្សារ​នេះ​បាន​វិលត្រឡប់​មក​ជា​ ​«​ផ្សារ​ធំ​ថ្មី​»​ ​ដល់​សព្វថ្ងៃ​នេះ​។​ ​

​៥​.​ ​ចំណុចប្រសព្វ​រវាង​វិថី​ជាច្រើន​
            យោង​តាម​ផែនទី​រាជធានី​ភ្នំពេញ​ ​យើង​ឃើញថា​ផ្សារ​ធំ​ថ្មី​ជា​តំបន់​ពាណិជ្ជ​កម្ម​ប្រ​វត្ត​សាស្រ្ត​ដែល​ស្ថិតនៅ​ចំ​ចំណុច​ប្រសព្វ​រវាង​មហាវិថី​និង​វិថី​ច្រើនជាង​គេ​បំផុត​នៅ​រាជធានី​ភ្នំពេញ​ ​ពោល​គឺ​ប្រសព្វ​រហូតដល់​ទៅ១០ផ្លូវ​ឯណោះ​ ​ដែល​ក្នុង​នោះ​រួមមាន​ ​ខាងជើង​ជាប់នឹង​វិថី​បាសាក់​ ​(​ផ្លូវ​លេខ​ ​៦១​)​ ​និង​​វិថី​ព្រៃនគរ​ ​(​ផ្លូវ​លេខ​ ​១២៦​)​ ​ខាងជើង​ឆៀង​ខាងលិច​ជាប់នឹង​វិថី​ព្រះ​ជ័យ​ជេដ្ឋា​ ​(​ផ្លូវ​លេខ​ ​១១៨​)​ ​ខាងត្បូង​ជាប់នឹង​វិថី​សម្តេច​ព្រះសង្ឃនាយក​ ​ស៊ុក​ ​(​ផ្លូវ​លេខ១៣៦​)​ ​និង​ ​វិថី​ត្រសក់ផ្អែម​ ​(​ផ្លូវ​លេខ៦៣​)​ ​ខាងត្បូង​ឆៀង​ខាងលិច​ជាប់នឹង​មហា​វិ​ថី​ហ្សាល​ដឺ​ហ្គោល​ ​(​ផ្លូវ​លេខ២១៧​)​ ​ខាងកើត​ជាប់នឹង​វិថី​កាល់​ម៉ែត្រ​ ​(​ផ្លូវ​លេខ៥៣​)​ ​និង​ ​រុក្ខវិថី​ខេមរភូមិន្ទ​ ​(​ផ្លូវ​លេខ១៣០​)​ ​និង​ ​ខាងលិច​ជាប់នឹង​វិថី​សម្តេច​សង្ឃនាយក​ស្រី​ ​(​ផ្លូវ​លេខ​ ​៦៧​)​ ​និង​មហាវិថី​កម្ពុជាក្រោម​ ​(​ផ្លូវ​លេខ​ ​១២៨​)​។​ ​

Article by SRIN SOKMEAN


SUGGESTIONS