×

ទម្លាយ​អាថ៌កំបាំង៥ចំណុច​អំពី​របាំ​ម៉ុងសាយ​ដែល​គួរឲ្យ​ចាប់អារម្មណ៍

TRAVEL & LIVING 4 years ago
 
 

          នរណា​ក៏​ស្គាល់​របាំ​ម៉ុងសាយ​ដែរ​នៅក្នុង​ប្រទេស​កម្ពុជា​ ជាពិសេស​បងប្អូន​ដែល​ជាប់សែស្រឡាយ​ ចិន​ ព្រោះ​របាំ​នេះ​ជាវ​ប្ប​ធម៌​ធំ​មួយ​របស់​ជនជាតិ​ចិន​ហើយ​គេ​តែងតែ​ឃើញ​ការ​សម្តែង​របាំ​ម៉ុងសាយ​នេះ​នៅ​តាម​ដងផ្លូវ​និង​គ្រឹះស្ថាន​ស្ថាប័ន​នានា​ក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន​ដែល​ត្រូវ​បាន​ប្រារព្ធ​ធ្វើឡើង​នៅដើម​ឆ្នាំ​ថ្មី​នៃ​ប្រតិទិន​ច័ន្ទ​គតិ​របស់​ជនជាតិ​ចិន​ជា​រៀងរាល់​ឆ្នាំ​ ត្រូវ​នឹង​ខែមករា​ឬខែកុម្ភៈ​នៃ​ប្រតិទិន​សុរិយ​គតិ​។ តាម​ជំនឿ​បុរាណ​ចិន​ របាំ​នេះ​ត្រូវ​បាន​សម្តែង​ឡើង​ក្នុង​គោលបំណង​បណ្តេញ​ឧបទ្រពចង្រៃ​ និង​ នាំមក​នូវ​សិរី​សួស្តី​ និង​ សំណាងល្អ​ក្នុង​ឆ្នាំ​ថ្មី​។ ក្រៅពី​កត្តា​ជំនឿ​ទាក់ទង​នឹង​សិរី​សួស្តី​ឆ្នាំ​ថ្មី​ មានរឿង​រ៉ាវ​ជាច្រើន​ទាក់​ ទង​នឹង​របាំ​ម៉ុងសាយ​ដែល​លោកអ្នក​អាច​នឹង​ស្រឡាំងកាំង​ដោយសារ​ភាព​ភ្ញាក់ផ្អើល​ក្រោយពី​បាន​អាន​អាថ៌កំបាំង​ទាំង៥ចំណុច​ខាងក្រោម​នេះ​៖

១. តោ​ម៉ុងសាយ​មិនមែន​មាន​ប្រភព​ដើម​ពី​ប្រទេស​ចិន​ សត្វ​តោ​ដែល​ជា​តួអង្គ​ឯក​ក្នុង​របាំ​ម៉ុងសាយ​មិនមែន​ជា​សត្វ​ដែល​មានកំណើត​ដើម​ក្នុង​ប្រទេស​ចិន​នោះ​ទេ​។ របាំ​តោ​ ឬ របាំ​ម៉ុងសាយ​នេះ​ត្រូវ​បាន​គេ​ជឿ​ថា​មាន​ប្រភព​ចេញពី​ប្រទេស​ឥណ្ឌា​ ឬ អាណាចក្រ​ពែ​ក (បច្ចុប្បន្ន​ ប្រទេស​អ៊ីរ៉ង់​) ហើយ​ឆ្លង​ចូល​មក​ប្រទេស​ចិន​តាមរយៈ​អាស៊ី​កណ្តាល​។ យោង​តាម​ឯកសារ​របស់​អ្នកស្រាវជ្រាវ​ឈ្មោះ​ ម៉ូ​ណា​ ស្គ្រេម​ផ៍​ហ្វ​ (Mona​ Schrempf​) (២០០២​) នៅក្នុង​ពិធី​ចូលឆ្នាំ​របស់​ជនជាតិ​ពែ​ក របាំ​តោ​ត្រូវ​សម្តែង​ដោយក្រុម​កុមារា​ ។ ក្មេង​ៗមួយចំនួន​ននលគក​ហើយ​ត្រូវ​បាន​ប្រោះព្រំ​ដោយ​ទឹក​ត្រជាក់​ក្នុង​គោលបំណង​ដើម្បី​កម្ចាត់​ឧបទ្រពចង្រៃ​ និង​ ភាពត្រជាក់​នៃ​សិស​ររដូវ​។ ម្យ៉ាងវិញទៀត​ ពាក្យ​ “សត្វ​តោ​”  ​(獅) ក្នុង​ភាសា​ចិន​ក៏​ទំនង​ក្លាយមកពី​ពាក្យ​ šer​  ​;ក្នុង​ភាសា​ពែ​កដែរ​។ សត្វ​តោ​ត្រូវ​បាន​នាំចូល​មក​ក្នុង​ប្រទេស​ចិន​ក្នុងរជ្ជកាល​រាជវង្ស​ហាន​(ស.វ.ទី៣​)តាមរយៈ​ចំណង​ការទូត​រវាង​ចិន​ អាស៊ី​កណ្តាល​និង​អាណាចក្រ​ពែ​ក។ ចំណែក​សេចក្តី​ពណ៌នា​លម្អិត​អំពី​ម៉ុងសាយ​ត្រូវ​បាន​រក​ឃើញ​ក្នុង​រាជវង្ស​តាំង​(ចន្លោះ​ស.វ.ទី៧និង​ស.វ.ទី១០​) ដែល​អ្នកនិពន្ធ​និង​ត្មែង​កំណាព្យ​ចិន​បុរាណ​ជំនាន់​នោះ​ទទួលស្គាល់​វា​ថា​ជា​របាំ​បរទេស​។

២. ការបែងចែក​រវាង​របាំ​ម៉ុងសាយ​ចិន​ភាគ​ខាងជើង​ និង​ ចិន​ភាគ​ខាងត្បូង​ នៅ​ប្រទេស​ចិន​ភាគ​ខាងជើង​ របាំ​ម៉ុងសាយ​ត្រូវ​បាន​សម្តែង​ជា​តួអង្គ​សត្វ​តោ​ញី​ឈ្មោល​មួយគូ​។ សត្វ​តោ​ម៉ុងសាយ​នៅ​ទីនោះ​មាន​ក្បាល​ធ្វើអំពី​ឈើ​លាប​ពណ៌ទឹកមាស​ និង​មាន​រោម​ពណ៌លឿង​និង​ក្រហម​ធ្លាក់​ ចុះ​វែងអន្លាយ​។ វា​ត្រូវ​បាន​បំពាក់​បូ​ពណ៌​ពីរ​ផ្សេងគ្នា​នៅ​លើ​ក្បាល​ ពោល​គឺ​ ពណ៌ក្រហម​ តំណាង​សត្វ​តោ​ឈ្មោល​ និង​ ពណ៌បៃតង​ តំណាង​សត្វ​តោ​ញី​។ តោ​ម៉ុងសាយ​នៃ​ចិន​ខាងជើង​តំណាង​សត្វ​តោ​ទ្វារបាល​ក្នុង​ក្បួន​តុបតែង​លម្អ​ស្ថាបត្យកម្ម​ចិន​ហៅថា​ តោ​ថ្ម​ ឬ ស្ហ៊ីស្ហ៊ី​ (Shishi​)។ អ្នក​សម្តែង​ត្រូវ​មាន​កាយវិការ​រស់រវើក​ផ្សារភ្ជាប់​ជាមួយនឹង​បច្ចេកទេស​ការ​សម្តែង​សៀក​អា​ក្រូ​បាត​ ឬ ឈរ​រក្សា​លំនឹង​លើ​វេទិកា​សង់​បញ្ឈរ​ខ្ពស់​ ឬ ឈរ​នៅ​លើ​បាល់​យក្ស​។ ជួនកាល​ គេ​សម្តែង​ជា​ក្រុម​តោ​មួយ​គ្រួសារ​ដែល​មាន​ តោ​ញី​ឈ្មោល​ជា​មេបា​មួយគូ​ និង​ កូន​តោ​តូច​ៗមួយគូ​ ដែល​ដឹកនាំ​ដោយ​តួអង្គ​អ្នក​ចម្បាំង​នាំមុខ​មួយ​នាក់​កាន់​កំពែង​ជា​អាវុធ​។ ដោយឡែក​ នៅ​ប្រទេស​ចិន​ភាគ​ខាងត្បូង​វិញ​ ជាទូទៅ​ម៉ុងសាយ​មាន​ដុះ​ស្នែង​ទោល​ តំណាង​តួអង្គ​បិសាច​ក្នុង​រឿងព្រេង​ទេវកថា​ចិន​ឈ្មោះថា​ នៀន​ (年兽)។ ​ខុសពី​ក្បាល​តោ​ម៉ុងសាយ​ភាគ​ខាងជើង​ដែល​ធ្វើពីឈើ​ ក្បាល​ម៉ុងសាយ​ភាគ​ខាងត្បូង​ធ្វើ​ពី​ក្រដាស​បិត​កាវ​ពាស​លើ​គ្រោងឆ្អឹង​ធ្វើ​ពី​ដើម​ប្ញស្សី​ រួច​លាប​ពណ៌​និង​បិត​រោម​ពីលើ​។ របាំ​ម៉ុងសាយ​ភាគ​ខាងត្បូង​ត្រូវ​បាន​ចែក​ជា​ពីរ​ប្រភេទ​សំ​ខាន់​ៗទៀត​គឺ​ ម៉ុង​សាយ​ហ៊្វូ​សាន​ ​ និង​ ម៉ុងសាយ​ហេ​សាន​ ឬ ហុក​សាន​។

៣. របាំ​ម៉ុងសាយ​មិនមែន​មានតែ​នៅក្នុង​ប្រទេស​ចិន​ទេ​ ទម្រង់​ផ្សេង​ៗគ្នា​នៃ​របាំ​ម៉ុងសាយ​ត្រូវ​បាន​រក​ឃើញ​នៅ​តាម​បណ្តា​ប្រទេស​ជាច្រើន​នៅក្នុង​ទ្វីបអាស៊ី​ ក្រៅពី​ប្រទេស​ចិន​។ របាំ​ម៉ុងសាយ​នៅក្នុង​ប្រទេស​នី​មួយ​ៗមាន​លក្ខណៈ​ខុសពី​ម៉ុងសាយ​ក្នុង​ប្រទេស​ចិន​ ហើយ​ឈ្មោះ​របស់​វា​ក៏​ប្រែប្រួល​ផង​ដែរ​។ នៅ​វៀតណាម​ របាំ​នេះ​ត្រូវ​បាន​ហៅថា​ មួរ​ឡាន់​ (múa​ lân​) មាន​លក្ខណៈ​ស្រដៀងនឹង​ម៉ុងសាយ​ចិន​ភាគ​ខាងត្បូង​ ប៉ុន្តែ​ត្រូវ​បាន​ផ្លាស់​ប្តូរ​ភិនភាគ​ទៅតាម​វប្បធម៌​វៀតណាម​ តួយ៉ាង​ ម៉ុងសាយ​ជនជាតិភាគតិច​តៃ​ និង​ របាំ​ម៉ុងសាយ​ព្រះរាជទ្រព្យ​នៃ​រាជវាំង​អតីត​ក្រុង​វ៉េ​។ នៅ​ជប៉ុន​ គេ​ហៅថា​  ​“ស៊ី​ស៊ីម៉ៃ​”  ​ហើយ​ការ​សម្តែង​ត្រូវ​អម​ដោយ​សម្លេង​ខ្លុយ​និង​ស្គរ​។ ចំពោះ​សត្វ​តោ​ ក្បាល​ធ្វើពីឈើ​ រី​ឯខ្លួន​ធ្វើ​ពី​ក្រណាត់​ពណ៌បៃតង​ តុបតែង​លម្អ​ដោយ​ពណ៌ស​។ នៅ​កូរ៉េ​ របាំ​នេះ​ត្រូវ​បាន​ហៅថា​ “ស៊ាន់​នី​គែល​” ក្លាយមកពី​ភាសា​ចិន​ “ស៊ាន់​នី​” មានន័យថា​សត្វ​តោ​។ រី​ឯនៅ​តំបន់​ទីបេ​និង​ជួរភ្នំ​ហិមាល័យ​ មាន​របាំ​ម៉ុងសាយ​មួយ​ប្រភេទ​ហៅថា​ របាំ​តោ​ទឹកកក​ (Senggeh​ Garcham​) ។ ​; “Senggeh​”  ​ក្លាយមកពី​ពាក្យ​ភាសា​សំស្រ្កឹត​ថា​ សិង្ហ​។ របាំ​នេះ​បង្ហាញ​ពី​សត្វ​តោ​ទឹកកក​ដែល​ជា​និមិត្តរូប​តំណាង​ប្រទេស​ទីបេ​ មាន​រោម​ខ្លួន​ពណ៌ស​ រោម​កនិង​សក់​ពណ៌បៃតង​។ ដោយឡែក​ នៅ​ឥណ្ឌូ​នេ​ស៊ី​ គេ​ហៅ​ម៉ុងសាយ​ចិន​ថា​ “បា​រ៉ុង​សៃ​” (Barongsai​)  ​;ហើយ​ជន​ជា​តិ​ឥណ្ឌូ​នេ​ស៊ី​ក៏​មាន​ទម្រង់​របាំ​ម៉ុងសាយ​ដាច់ដោយឡែក​ប្រចាំ​ជាតិសាសន៍​របស់​គេ​ផង​ដែរ​ ហើយ​របាំ​ម៉ុងសាយ​ដែល​ល្បី​ជាងគេ​គឺ​ស្ថិតនៅ​លើ​កោះ​បាលី​ និង​ កោះ​ចា​វ៉ា​ (កោះ​ជ្វា​)។ លក្ខណៈ​ពិសេស​ជាងគេ​នោះ​ គឺ​ អ្នក​រាំ​ត្រូវ​ខាំ​ពាំ​ក្បាល​ម៉ុងសាយ​ដែល​មាន​ទម្ងន់​រហូត៣០​-៤០គីឡូក្រាម​។

៤. ស្តង់ដារ​ម៉ុងសាយ​លោត​លើ​បង្គោល​មាន​ប្រភព​ពី​ប្រទេស​ម៉ាឡេស៊ី​ ជា​រឿយ​ៗ នៅ​តាមកម្ម​វិធី​សម្ពោធន៍​ហាង​ធំៗ​ ឬ ក្នុង​កម្មវិធី​ចូលឆ្នាំ​ចិន​នៅ​តាម​វិហារ​ចិន​ជាច្រើន​ មានការ​សម្តែង​ឡក​ម៉ុងសាយ​លើ​បង្គោល​ខ្ពស់​ដែល​មើលទៅ​គួរ​លាន់​មា​ត់ស្ញើច​សរសើរ​និង​ទះដៃ​អបអរសាទរ​។ ប៉ុន្តែ​ តើ​អ្នកដឹង​ទេ​ថា​ប្រពៃណី​ឡក​ម៉ុងសាយ​លើ​បង្គោល​នេះ​ជាវ​ប្ប​ធម៌​មួយ​ដែល​ចាប់ផ្តើម​រីក​សុសសាយ​ចេញពី​ប្រទេស​ម៉ាឡេស៊ី​? ​ប្រទេស​ម៉ាឡេស៊ី​ជា​ប្រទេស​ទីមួយ​ដែល​បាន​បង្កើត​បទដ្ឋាន​ស្តង់ដារ​សម្រាប់​ការប្រកួត​ឡក​ម៉ុងសាយ​លើ​បង្គោល​លក្ខណៈ​អន្តរជាតិ​តាមរយៈ​សមាគម​ម៉ុងសាយ​ម៉ាឡេស៊ី​។ ថ្វី​ដ្បិតតែ​គំនិត​ដើម​នៃ​ការ​សម្តែង​លើ​បង្គោល​ត្រូវ​បាន​យកលំនាំតាម​ឈ្មោះ​ក្បាន់​គុន​មួយ​ឈ្មោះ​ ម៉ី​ហួរ​ ឈាន់​ (Mei​ Hua​ Quan​) នៃ​ក្បាច់​គុណ​កុង​ហ៊្វូ​បុរាណ​ចិន​ក៏​ពិតមែន​ តែ​ជនជាតិ​ម៉ា​ឡេ​ជា​អ្នកចាប់​ផ្តើម​បង្កើន​កម្ពស់​បង្គោល​ឲ្យ​ខ្ពស់​ឡើង​រហូត​ពី២ទៅ៣ម៉ែត្រ​សម្រាប់​ការប្រកួត​ជា​លក្ខណៈ​ស្តង់ដារ​។  ​គួរ​បញ្ជាក់​ថា​ កម្មវិធី​ប្រកួត​ជើងឯក​ម៉ុងសាយ​ជម្រើសជាតិ​ម៉ាឡេស៊ី​លើក​ទី១៩​ ឆ្នាំ២០១៩​ បាន​ប្រារព្ធ​ធ្វើឡើង​នៅ​រី​សត​ធំ​មួយ​ឈ្មោះថា​ Resorts​ World​ Genting​ កាលពីដើម​ខែធ្នូ​ ដែល​មានការ​ចូលរួម​យ៉ាងច្រើន​កុះករ​ពី​ក្រុម​ម៉ុងសាយ​មក​ពី​ទូទាំង​ប្រទេស​ សហការ​ជាមួយ​សមាគម​ម៉ុងសាយ​ដែនដី​សហព័ន្ធ​ និង​ រដ្ឋ​សេ​ឡាំង​ហ្គ័រ​ (The​ Selangor​ &​; Federal​ Territory​ Lion​ Dance​ Association​) ជាទី​ប្រឹក្សា​ ដើម្បី​ជ្រើសរើស​កីឡាករ​ជម្រើសជាតិ​ត្រៀម​ចូលរួម​ប្រកួត​កម្មវិធី​ប្រកួត​ជើងឯក​ម៉ុងសាយ​លំដាប់ថ្នាក់​ពិភពលោក​ ឆ្នាំ២០២០​។

៥. អត្ថន័យ​នៃ​គ្រឿង​តុបតែង​លម្អ​ក្បាល​ម៉ុងសាយ​ បើ​លោកអ្នក​សង្កេត​ឲ្យបាន​ល្អិតល្អន់​ លោកអ្នក​នឹង​ឃើញថា​គ្រប់​ថ្ងាស​ម៉ុងសាយ​ទាំងអស់​សុទ្ធតែ​មាន​កញ្ចក់​មូល​តូច​មួយ​។ ប៉ុន្តែ​តាមការពិត​ទៅ​ កញ្ចក់​មួយ​នោះ​មិនមែន​គ្រាន់តែ​ជា​គ្រឿង​តុបតែង​លម្អ​ឲ្យ​ម៉ុងសាយ​មាន​សោភណភាព​ធម្មតា​ប៉ុណ្ណោះ​នោះ​ទេ​ វា​ជា​ខែល​ការពារ​បណ្តេញ​សភាវៈ​អាក្រក់​ ឬ ខ្មោចព្រាយ​បិសាច​តាម​ជំនឿ​របស់​ជនជាតិ​ចិន​។ ជនជាតិ​ចិន​មាន​ជំនឿ​ថា​ សភាវៈ​អាក្រក់​ ឬ ខ្មោចព្រាយ​បិ​សាយ​នឹង​មានការ​ភិតភ័យ​នៅពេល​ឃើញ​រូបអាក្រក់​របស់​ខ្លួនឯង​តាម​កញ្ចក់​ដែល​ឆ្លុះ​ត្រូវ​ ហើយ​វា​នឹង​រលាយខ្លួន​បា​ត់​ភ្លាម​ៗ។ ក្រៅពី​កញ្ចក់​ ម៉ុងសាយ​ខ្លះ​ត្រូវ​បាន​តុបតែង​ដោយ​ស្នែង​មួយ​ដុះ​ចេញពី​លើ​ថ្ងាស​ដែល​ជនជាតិ​ចិន​ក៏​មាន​ជំនឿ​ថា​ជា​គ្រឿង​មង្គល​កំចាត់​សភាវៈ​អាក្រក់​ ឬ ឧបទ្រពចង្រៃ​ដូចគ្នានឹង​ការប្រើ​កញ្ចក់​នៅ​លើ​ថ្ងាស​ដែរ​។ អ្វី​ដែល​គួរឲ្យ​កត់សម្គាល់​មួយទៀត​នោះ​ គឺ​ត្រង់​ការប្រើ​ប្រាស់​ក្រណាត់​ចងបូ​នៅ​លើ​ក្បាល​តោ​ម៉ុងសាយ​។ ម៉ុងសាយ​ណា​ដែល​មាន​បំពាក់​ក្រណាត់​បូ​ពណ៌ក្រហម​ គឺជា​និមិត្តរូប​តំណាង​សត្វ​តោ​ដឹងខ្លួន​ ពោរពេញ​ដោយ​  ប្ញទ្ធានុ​ភាព​។ ផ្ទុយទៅវិញ​ ប្រសិនបើ​ម៉ុងសាយ​ណា​មិន​មាន​បំពាក់​ក្រណាត់​បូ​ក្រហម​នោះ​មានន័យថា​ វា​ជា​តំណាង​សត្វ​តោ​ដែល​ដេកលក់​មិនដឹង​ខ្លួន​ សំដៅលើ​អ្នក​ឡក​ម៉ុងសាយ​នោះ​មិន​មានបទពិសោធន៍​គ្រប់គ្រាន់​ក្នុង​ការ​ឡក​ម៉ុងសាយ​ឡើយ​៕


SUGGESTIONS