ការរក្សាទុកបន្លែផ្លែឈើគឺជារឿងមួយដ៏សំខាន់សម្រាប់ស្ត្រីមេផ្ទះគ្រប់រូបដោយហេតុពពួកបន្លែផ្លែឈើស្រស់ទូទៅប្រសិនបើយើងមិនមានការរក្សាទុកឲ្យបានត្រឹមត្រូវទេនោះវានឹងឆាប់ស្រពាប់ឬរលួយខូចគុណភាព។ ដោយឡែក យោងតាមការស្រាវជ្រាវបានឲ្យដឹងថាខណៈពេលដែលបន្លែផ្លែឈើចាប់ផ្តើមស្រពោន ឬឡើងរលួយ វាគឺជាការវិវត្តន៍ខ្លួនរបស់ពពួកបាក់តេរីនិងពពួកផ្សិត ហើយប្រសិនបើយើងបរិភោគ វាអាចប្រឈមកើតជំងឺផ្សេងៗ ជាពិសេសធ្វើឲ្យប្រព័ន្ធភាពសុំានៃរាងកាយចុះខ្សោយ។ ដូចច្នេះក្រៅពីការជៀសវាងបរិភោគបន្លែផ្លែឈើខូចគុណភាព សូវរីន សូមនាំយកនូវវិធីសាស្ត្រក្នុងការក្សាគុណភាពបន្លែផ្លែឈើឲ្យនៅតែស្រស់ និងទុកបានរយៈពេលយូរដូចខាងក្រោម។
ស្វែងយល់ពីប្រភេទបន្លែ និងផ្លែឈើនីមួយៗ៖ យើងដឹងហើយថាប្រភេទបន្លែ និងផ្លែឈើនីមួយៗមិនមានសភាពដូចគ្នានោះទេ ខ្លះជាពពួកស្លឹក ខ្លះជាពពួកមើម ហើយខ្លះទៀតក៏ជាពពួកផ្លែទន់ជ្រាយដែលងាយនឹងខូចគុណភាពបានយ៉ាងលឿនបំផុត។ ដូចនេះ យើងចាំបាច់ស្វែងយល់ពីការបែងចែកបន្លែផ្លែឈើទៅតាមប្រភេទរបស់ពួកវា ថាតើប្រភេទបន្លែផ្លែឈើមួយណាគួររក្សាទុកនៅកន្លែងត្រជាក់ ហើយប្រភេទបន្លែផ្លែឈើប្រភេទណាមិនគួររក្សាទុកនៅកន្លែងត្រជាក់ ឬមានសំណើមជាដើម។ ជាក់ស្តែងដូចជា៖ ផ្កាខាត់ណាបៃតង(Broccoli) ឬផ្កាខាត់ណាស (Cauliflower) ដែលជាប្រភេទបន្លែសម្បូរទៅដោយសារធាតុបំប៉ន វីតាមីន និងសារធាតុចិញ្ចឹមផ្សេងៗងាយនឹងបាត់បង់ ប្រសិនបើអ្នកមិនមានការយកចិត្តទុកដាក់រក្សាបន្លែប្រភេទនេះមិនបានត្រឹមត្រូវ។ ហេតុនេះ អ្នកគួរតែរក្សាវាទុកនៅកន្លែងដែលមានសីតុណ្ហភាពត្រជាក់បង្គួរ ដោយធ្វើការវេចខ្ចប់បន្លែនោះបានល្អ ទើបអាចរក្សាគុណភាពរបស់វាបានយូរ។
ការប្រើប្រាស់កន្សែងសម្រាប់វេចខ្ចប់លើប្រភេទបន្លែផ្លែឈើ៖ កន្សែងមិនត្រឹមតែអាចប្រើប្រាស់សម្រាប់សម្អាតដងខ្លួន ឬផ្ទៃមុខនោះទេ ប៉ុន្តែវាក៏បានផ្តល់នូវអត្ថប្រយោជន៍ដល់ការរក្សាបន្លែផ្លែឈើផងដែរ។ ជាទូទៅ គេយកកន្សែងសម្រាប់ធ្វើការវេចខ្ចប់ជាមួយនឹងប្រភេទបន្លែផ្លែឈើណាដែលមានលក្ខណៈទន់ដូចជា៖ ទំពាំងបាយជូ ផ្លែក្រូច ផ្លែប៉ោម ឬស្ពៃដែលមានស្លឹកស្តើង ព្រោះប្រភេទបន្លែផ្លែឈើទាំងអស់នេះត្រូវការខ្យល់អុកស៊ីហ្សែន និងសីតុណ្ហភាពត្រជាក់បង្គួរ ដើម្បីរក្សាសភាពរបស់វាឲ្យនៅស្រស់ដដែល។ ការយកកន្សែងមកវេចខ្ចប់ប្រភេទបន្លែផ្លែឈើនេះ គឺជាការការពារសម្បក ឬស្រទាប់របស់ប្រភេទបន្លែផ្លែឈើមួយចំនួនមិនឲ្យប៉ះនឹងភាពត្រជាក់ ឬកំដៅខ្លាំងដែលជាហេតុធ្វើឲ្យបន្លែផ្លែឈើងាយរលួយ និងបាត់បង់រសជាតិ។
ចៀសវៀងការប្រើប្រាស់ថង់ប្លាស្ទិច៖ ស្រ្តីមេផ្ទះភាគច្រើនតែងមានការយល់ច្រឡំថា ការប្រើប្រាស់ថង់ប្លាស្ទិចសម្រាប់ធ្វើការវេចខ្ចប់បន្លែផ្លែឈើអាចរក្សាគុណភាពបានយូរ ហើយថែមទាំងធ្វើឲ្យបន្លែផ្លែឈើស្រស់ទៀតផង។ ផ្ទុយទៅវិញ ការប្រើប្រាស់ថង់ប្លាស្ទិចសម្រាប់ធ្វើការវេចខ្ចប់បន្លែផ្លែឈើមុនពេលដែលរក្សាទុកនោះ គឺមានផលប៉ះពាល់យ៉ាងខ្លាំងចំពោះសុខភាព ហើយវាថែមទាំងបឺតយកនូវសារធាតុចិញ្ចឹមមួយចំនួនដែលមាននៅក្នុងបន្លែផ្លែឈើទាំងនោះយ៉ាងឆាប់រហ័ស។ ហេតុនេះ មុននឹងអ្នករក្សាបន្លែផ្លែឈើក្នុងទូរទឹកកក ឬកន្លែងដែលមិនមានកំដៅ អ្នកគួរតែធ្វើការវេចខ្ចប់វាជាមួយនឹងក្រដាស ឬក្រណាត់ ជំនួសការប្រើប្រាស់ថង់ប្លាស្ទិចទើបប្រសើរ ព្រោះវាមិនធ្វើឲ្យមានការប៉ះពាល់ដល់សុខភាព ហើយមិនធ្វើឲ្យបន្លែផ្លែឈើរលួយ ឬមានក្លិនមិនល្អឡើយ។
យ៉ាងណាមិញ ខាងលើនេះជាគន្លឹះសំខាន់ៗមួយចំនួនសម្រាប់ស្ត្រីមេផ្ទះមានការប្រុងប្រយ័ត្នក្នុងការរក្សាគុណភាពប្រភេទបន្លែផ្លែឈើឲ្យបានត្រឹមត្រូវ។ ប្រសិនបើមិនមានការយកចិត្តទុកដាក់ក្នុងការរក្សាបន្លែផ្លែឈើឲ្យបានត្រឹមត្រូវទេ វាអាចក្លាយជាកត្តាមួយដែលអាចធ្វើឲ្យមានការប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ នាពេលអនាគតផងដែរ៕
Article by SIVLY