×

ជម្រើស​គុយទាវ​ឆ្ងាញ់​ប្រចាំ​ត្រកូល​នៃ​ហាង​គុយទាវ​ល្បី​៥​ទី​តាំង​នៅ​ភ្នំពេញ

TRAVEL & LIVING 6 months ago
 
 

១. គុយទាវ​គោក​ទឹក​សៀង និង គុយទាវ​ភ្នំពេញ ភោជនីយដ្ឋាន​អ៊ុយគុយទាវ

​​​          គ្រាន់​តែ​ឮ​ឈ្មោះ​អ៊ុយគុយទាវ មិត្ត​អ្នក​អាន​ច្បាស់​ជា​អាច​កាត់​ន័យ​យល់​បាន​ប្រាកដ​ថា​ភោជនីយដ្ឋាន​នេះ​មាន​ជំនាញ​ឯកទេស​ចម្អិន​គុយទាវ ប៉ុន្តែ​សូម​បញ្ជាក់​ថា​គុយទាវ​ប្រចាំ​ត្រកូល​លក់​ដាច់​បំផុត​នៅ​ទី​នេះ​គឺ​គុយទាវ​ពិសេស​ម្យ៉ាង​ដែល​មាន​ឈ្មោះ​ថា​ “គុយទាវ​គោក​ទឹកសៀង”។ គុយទាវ​នេះ​មាន​លក្ខណៈ​ពិសេស​ខុស​ប្លែក​ពី​គុយទាវ​ណាៗ​ទាំងអស់​ត្រង់​ថា​ វា​ត្រូវ​បាន​ចម្អិន​ឡើង​ដោយ​ការ​លាយ​បញ្ចូល​រវាង​សាច់ជ្រូក​ចិញ្ច្រាំ ​និង​សាច់ជ្រូក​ចំណិត​ស្តើងៗ​ រួម​ជាមួយ​កំណក​ខ្លាញ់​ជ្រូកបំពង​ស្រួយ​តូចៗ​ ច្របល់​ចូល​ជាតិ​គ្នា​នឹង​រសជាតិ​ទឹក​សៀង​តែ​មួយ​គ្មាន​ពីរ​ប្រចាំ​ហាង​លាយ​នឹង​ខ្ញី និង ខ្ទឹម​បារាំង​ ដែល​ជា​រូបមន្ត​ពិសេស​ច្នៃ​ប្រតិដ្ឋ​ដោយ​កូន​ចៅ​ចិន​ឈ្មោះ លូ​​ ម៉េង ជា​មេចុង​ភៅ​ប្រចាំ​ហាង​ដែល​មាន​បទ​ពិសោធន៍​ខាង​ផ្នែក​អាហារ​ប្រភេទ​គុយទាវ​ជា​យូរ​ឆ្នាំ​ណាស់​មក​ហើយ។ ទន្ទឹម​នឹង​នេះ “គុយទាវ​ភ្នំពេញ” ក៏​ជា​ជម្រើស​គុយទាវ​ដ៏​ឆ្លាត​វៃ​មួយ​មុខ​ទៀត​នៅ​អ៊ុយគុយទាវ​ផង​ដែរ ដែល​ជា​អត្តសញ្ញាណ​គុយទាវ​បែប​អាស៊ី​ដ៏​ល្បីល្បាញ​ចម្អិន​ដោយ​មាន​រួម​បញ្ចូល​សាច់​ចម្រុះ​ជាច្រើន​ប្រភេទ រួមមាន សាច់ជ្រូក​ចិញ្រ្ចាំ ឆ្អឹង​ស៊ុប បាក់​សៀក សាច់​បង្គា និង គ្រឿង​ក្នុង​ជ្រូក។ គុយទាវទាំង​ពីរ​ប្រភេទ​នេះ​មាន​នៅ​គ្រប់​សាខា​ទាំងអស់​របស់​ហាង​អ៊ុយគុយទាវ។

គុយទាវ​គោក​ទឹកសៀងគុយទាវ​ភ្នំពេញ

២. គុយទាវ​កន្សោម​កូន អាហារ​ដ្ឋានអូរប្ញស្សី

​​​          ហាង​គុយទាវ​អូរប្ញស្សី​ជា​អាហារដ្ឋាន​ដែល​មាន​ឯកទេស​ខាង​គុយទាវ​និង​មីស៊ុប​រាប់​ទសវត្សរ៍​មក​ហើយ​ប្រចាំ​ទី​ក្រុងភ្នំពេញ តាំង​ពី​ភ្នំពេញ​នៅ​មាន​ឈ្មោះ​ជា​រដ្ឋធានី​នៅ​ឡើយ​ម្ល៉េះ ​ពោល​គឺ​បើក​អាជីវកម្ម​លក់​គុយទាវ​តាំង​ពី​ឆ្នាំ១៩៨១ មក​ម្ល៉េះ។  នៅ​ទី​នោះ មាន​លក់ គុយទាវ​ឆ្អឹង​ស៊ុប ប្រហិត​សាច់គោ​សុទ្ធ  គ្រឿង​ក្នុង ប្រហិត​សាច់ជ្រូក​ ឬ បាក់​សៀក មីគាវ និង​ជម្រើស​ជា​ច្រើន​ប្រភេទ​ទៀត។ អ្វី​ដែល​រឹត​តែ​ពិសេស​នោះ ​គុយទាវអូរប្ញស្សី សព្វ​ថ្ងៃ​ដែល​ធ្លាប់​ជា​អាជីវកម្ម​លក្ខណៈ​គ្រួសារ​ខ្នាតតូច​បាន​ធ្វើ​ទំនើប​អាជីវម្ម​របស់​ខ្លួន​ក្លាយ​ជា​ភោជនីយដ្ឋាន​ដែល​មាន​និមិត្តសញ្ញា​ពាណិជ្ជកម្ម​ច្បាស់លាស់​ដែល​មាន​រូបចានគុយទាវ​អក្សរចិន​និង​ចង្កឹះ​មួយ​គូ​ទ្រអក្សរ Orussey Noodle Restaurant ជាសម្គាល់។ ហាង​នេះ​បាន​បន្ថែម​ប្រភេទ​គុយទាវ​រសជាតិ​ថ្មី​សម្រាប់​ពេល​រសៀល​ដែល​លោក​អ្នក​គួរ​សាកល្បង ក្នុង​នោះ​រួម​មាន​ គុយទាវ​ផាក់ឡូវ​ ៥មុខ​ពិសេស គុយទាវ​កន្សោម​កូន និង គុយទាវ​សាច់ស្រួយ​ប្រចាំ​ហាង។ លោក​អ្នក​អាច​រក​ទទួល​ទានបាន​នៅ​ក្នុង​ចំណោម​សាខា​ទាំង​៣ គឺ សាខា​ដើម​ ផ្លូវទេពផន ទល់​មុខ​ផ្សារ​អូរប្ញស្សី សាខា​ទី​ពីរ​ ផ្លូវ​ហ្សាលដឺហ្គោល​កែង​នឹង​ផ្លូវ​សុកហុក  និង សាខាទីបី ទើប​នឹង​បើក​ថ្មី កែង​ស្តុប​ស្រែ​អំបិល ផ្លូវ​ត្រសក់​ផ្អែម។

គុយទាវ​ផាក់ឡូវ​ ៥មុខ​ពិសេស

៣. គុយទាវ​ឡាវ និង គុយ​ទាវ​ខ​ពោះ​គោ​ ហាង​គុយ​ទាវ​ទសវត្សរ៍ ៦០

​​​          បើ​និយាយ​ដល់​គុយទាវ​ឡាវ លោក​អ្នក​ច្បាស់​ជា​នឹក​ឃើញ​ដល់​ទឹក​ដី​ប្រទេស​ឡាវ​ដែល​ជា​ប្រទេស​ជិត​ខាង​ព្រំ​ប្រទល់​ខាង​ជើង​ប្រទេស​កម្ពុជា​យើង​ជា​មិន​ខាន​ ព្រោះ​ទេស​ចរ​ខ្មែរ​យើង​ដែល​ទៅ​ដល់​ទី​នោះ ​កម្រ​ថា​រំលង​មិន​សាក​ល្បង​អាហារ​ប្រពៃណី​អត្ត​សញ្ញាណ​ប្រទេស​នោះ​ណាស់។​ ប៉ុន្តែ​គុយទាវ​នេះ​ក៏​ជា​អាហារ​ពេញ​និយម​មួយ​មុខ​ដែរ​របស់​អ្នក​ស្រុក​ស្ទឹង​ត្រែង ជាប់​ព្រំ​ដែន​សី​មា​ឡាវ។ ដោយ​សារ​កិត្យានុភាព​មិន​ចេះ​រីង​ស្ងួត​របស់​គុយទាវ​ប្រចាំ​តំបន់​មួយ​មុខ​នេះ ទើប​ហាង​គុយទាវ​ទសវត្សរ៍​ទី​៦០​ បាន​សម្រិត​សម្រាំង​នូវ​រសជាតិ​ដើម​នៃ​គុយទាវ​ឡាវ​នេះ​មក​បម្រើ​អតិថិជន​រស់​នៅ​ក្រុង​ភ្នំពេញ​ដែល​ពេញ​និយម​ ឬ​ ចង់​សាកល្បង​ទទួល​ទាន​វា។ ក្រៅ​ពី​គុយទាវ​ឡាវ​ដែល​ប្លែក​ខុស​ពី​គុយទាវ​ធម្មតា ត្រង់​រសជាតិ​ទឹក​ស៊ុប​ និង​ ការ​ទទួល​ទាន​រួម​ជាមួយ​បន្លែ​ស្រស់​ស្រដៀង​ខ​​គោ​នោះ​ ហាង​ដ៏​មាន​ប្រជាប្រិយភាព​តាំង​ពី​ឆ្នាំ​១៩៩៩​នេះ​ ​ក៏​មាន​គុយទាវ​ពិសេស​មួយ​ប្រភេទ​ទៀត​ដែរ នោះគឺ គុយទាវ​ខពោះ​គោ រូបមន្ត​ដើម​របស់​អ្នក​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។ គុយទាវ​ខពោះគោ​នៅ​ទី​នោះ​មាន​លក្ខណៈ​ពិសេស​ត្រង់​ថា​គឺ​ មាន​ក្លិន​ស្រាល​ប្រហើរ ​មិន​សូវ​ធុំ​ក្លិន​គោ​និង​​គ្រឿង​ខគោ​ខ្លាំង​ពេក​នោះ​ទេ ព្រោះ​មាន​ប្រើ​មើម​ត្រាវ​កាត់​បន្ថយ​ក្លិន​ឆួល​ខ្លាំង​ ទើប​ធ្វើ​ឲ្យ​រសជាតិ​ពេល​ទទួល​ទាន​ទៅ​មិន​ងាយ​ទ្រលាន់។ ហាង​គុយទាវ​ទសវត្សរ៍​៦០ មាន​បី​សាខា​ គឺ សាខា​ដើម កែង​ផ្លូវ​ចម្រុះ​ជ្រូក​ជាប់​ស្ថាន​ទូត​ចិន​ សាខាទី​ពីរ ស្ថិត​នៅ​កោះពេជ្រ និង សាខា​ទី​បី ស្ថិត​នៅ​ផ្សារ​ទំនើប Eden Mall ផ្លូវ​បឹងកក់ ។

គុយទាវ​ឡាវ​គុយទាវ​ខពោះគោ

៤. គុយទាវ​បាត់តាឡិត ហាង​គុយទាវ​យាយ​វ៉ែនតា

​​​          បាត់តាឡិត ជា​ឈ្មោះ​ប្រហិត​អ្នក​ស្រុកបាត់ដំបង​មួយ​បែប​ដែល​ច្នៃ​ចេញ​ពី​ពងទា​ស្រោប​ពោះវៀន ​ដែល​អាច​រក​បាន​តែ​មួយ​កន្លែង​គត់​នៅ​ទី​ក្រុង​ភ្នំពេញ​យើង​សព្វ​ថ្ងៃ​នេះ ​គឺ​នៅ​ហាង​គុយទាវ​យីហោ ​“គុយទាវ​ពង​ទា​យាយ​វ៉ែនតា” ម្តុំ​ផ្សារ​ទួល​ទំពូង ដែល​អតិថិជន​ប្រចាំ​ហាង​នោះ​និយម​កុម្ម៉ង់​ទទួល​ទាន​ជាង​គេ​បំផុត។ ​កាល​ដើម​ឡើយ គុយទាវ​លក់​ទា​យាយ​វ៉ែនតា​នេះ​គ្រាន់​តែ​ជា​អាហារ​ចិញ្ចើម​ថ្នល់​​តែ​ប៉ុណ្ណោះ ​ប៉ុន្តែ​ដោយ​សារ​តែ​កំណើន​អតិថិជន​ឥត​ឈប់​ឈរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​តាមរ​យៈ​ការ​ផ្សព្វផ្សាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ និង​ តាម​រយៈ​ការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ផង​នោះ សព្វ​ថ្ងៃ​គុយទាវ​ពង​ទា​យាយ​វ៉ែនតា​បាន​ប្រែ​នក្លាយ​ជា​ហាង​តូច​មួយ ដែល​ទើប​តែ​ផ្លាស់​ប្តូរ​ទីតាំង​មក​ពី​ទី​តាំង​ចាស់​ផ្លូវ​៤៤០​ ខាង​កើត​ផ្សារ​ នៅ​ថ្ងៃ​ទី​១២​ ខែ​មករា​ ឆ្នាំ​២០២០ នេះ​ទេ។ អាសយដ្ឋាន​ហាង​ថ្មី គឺ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ ២៥៦ ផ្លូវ​ទី​បី​ខាង​ត្បូង​ផ្សារ​ទួល​ទំ ពូង។ គុយទាវ​បាត់តាឡិត​នេះ​មាន​តម្លៃ​ចន្លោះ​ពី​៦០០០រៀល ទៅ​៨០០០រៀល តែ​ប៉ុណ្ណោះ ​ក្នុង​មួយ​ចាន។

៥. គុយទាវ​ប្រហិត​ត្រី​ស្លាត ហាង​គុយទាវ​ហាវ៉ៃ 

​​​          ត្រីស្លាត​ជា​ប្រភេទ​ត្រី​ទឹក​សាប​រាង​សំប៉ែត​ស្តើង​ដែល​ប្រជាជន​ខ្មែរ​តាំង​ពី​ដើម​រៀង​មក​រាប់​ចូល​ជា​ប្រភេទ​ត្រី​មាន​តម្លៃ ។ ក្នុង​ពេល​បច្ចុប្បន្ន​នេះ ក្រៅ​ពី​ការ​ទិញ​ត្រី​ស្លាត​ដែល​គេ​កោស​សាច់​ភ្លាម​ផ្ទាល់​ពី​ទីផ្សារ​យក​មក​ចម្អិន​បរិភោគ​ដោយ​ខ្លួន​ឯង​នៅ​ផ្ទះ​នោះ​ការ​ស្វែង​រក​ប្រហិត​ត្រីស្លាត​សុទ្ធ​ទទួល​ទាន​នៅ​តាម​ហាង​គឺ​ជា​រឿង​ពិបាក​បន្តិច​ហើយ​ ព្រោះ ​សព្វ​ថ្ងៃ​ដោយសារ​តែ​តម្លៃ​ត្រីស្លាត​កើន​ឡើង​ថ្លៃ ​ហាង​ខ្លះ​ប្រើ​ត្រី​ស្លាត​លាយ​នឹង​ត្រី​ផ្សេងៗ​ទៀត ដូចជា ត្រីក្អែក យក​មក​ច្នៃ ធ្វើ​ជា​ប្រហិត ហើយ​ជួន​កាល​អាច​លាយ​នឹង​សារធាតុ​គីមី​ធ្វើ​ឲ្យ​សាច់​ប្រហិត​ស្វិត​ហើយ​ទុក​បាន​យូរ។ ដោយ​ឡែក សម្រាប់​ហាង​គុយ​ទាវ​ប្រហិត​ត្រីស្លាត​ហាវ៉ៃ​វិញ ​គុយទាវ​ប្រហិត​ត្រីស្លាត​ជា​គុយទាវ​ប្រចាំ​ត្រកូល ហើយ​មាន​រូប​ត្រីស្លាត​ជា​និមិត្ត​សញ្ញា​សម្គាល់​អាជីវកម្ម​នេះ​ថែម​ទៀត​ផង។ សៃ​ព្រែ​ហាង​គុយទាវ​នេះ​បាន​បញ្ជាក់​ប្រាប់​សូវរីន​ថា នៅ​ទី​នេះ​ប្រើ​តែ​ប្រហិត​ត្រីស្លាត​សុទ្ធ​លេខ​១​ដែល​ទិញ​ពី​ម៉ូយ​ផ្ទាល់​អស់រយៈ​ពេល​ជិត​៣០​ឆ្នាំ​មក​ហើយ ព្រោះ​ហាង​នេះ​បើក​ដំណើរ​ការ​តាំង​ពី​ឆ្នាំ​១៩៩៣​ម្ល៉េះ។ ​ប្រហិត​ត្រី​ស្លាត​សុទ្ធ​មាន​សាច់​ស្វិត​ពី​ធម្មជាតិ​ និង​ រសជាតិ​ឈ្ងុយ​ឆ្ងាញ់​ជាប់​មាត់​ គួប​ផ្សំ​នឹង​រសជាតិ​ទឹក​ស៊ុប​បែប​ចិន​ថ្វី​ដៃ​ជើង​ចាស់​ទៀត​រឹត​តែ​មាន​ឱ​ជារស​ក្រៃលែង​ ធ្វើ​ឲ្យ​អតិថិជន​មក​ទទួល​ទាន​ម្តង​ហើយ​ម្តង​ទៀត​មិន​ចេះ​ជិន​ណាយ។  ហាង​នេះ​ស្ថិត​នៅ​ជាប់​អតីត​រោង​ភាពយន្ត​ហាវ៉ៃ ខាង​កើត​ផ្សារ​ធំ​ថ្មី ​ផ្លូវ​លេខ​១៣០។

Article by SRIN SOKMEAN


SUGGESTIONS