«តែ» ធម្មជាតិមានប្រសិទ្ធភាពខ្ពស់ក្នុងការជំនួសនៃការទទួលទានកាហ្វេ
TRAVEL & LIVING 4 years agoស្ទើរតែគ្រប់វ័យទៅហើយដែលមនុស្សជុំវិញពិភពលោកច្រើននិយមទទួលទានកាហ្វេច្រើនជាងទទួលទានតែធម្មជាតិ ឬភេសជ្ជៈស្រស់ៗ។ ជាទូទៅ សារធាតុកាហ្វេអ៊ីនដែលមាននៅក្នុងកាហ្វេតែងធ្វើឲ្យអ្នកមានអារម្មណ៍ចង់ទទួលទានកាហ្វេជារៀងរាល់ថ្ងៃ ឬគ្រប់ពេលវេលាក៏ថាបាន។ ម៉្យាងវិញទៀត ការពិសារកាហ្វេជារៀងរាល់ថ្ងៃមានផលប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ ជាពិសេស ធ្វើឲ្យអ្នកខាតបង់ប្រាក់យ៉ាងគួរសមផងដែរ។ ទន្ទឹមនឹងកត្តានេះដែរ សូវរីន នឹងបង្ហាញនូវប្រភេទតែធម្មជាតិមួយចំនួនដែលអាចទទួលទានជំនួសកាហ្វេ ហើយថែមទាំងធ្វើឲ្យប្រព័ន្ធរាងកាយមានភាពមាំមួនថែមទៀតផង។
1.តែម៉ាចឆា (Matcha Tea)
មនុស្សភាគច្រើនតែងមានការយល់ច្រឡំរវាងប្រភេទតែម៉ាចឆា និងតែបៃតង ក៏ព្រោះតែប្រភេទតែ២ប្រភេទនេះមានលក្ខណៈស្រដៀងគ្នាទាំងពណ៌ និងក្លិន។ ថ្វីដ្បិតប្រភេទតែទាំង២នេះមានលក្ខណៈស្រដៀងគ្នាក៏ពិតមែន ប៉ុន្តែគេអាចកត់ចំណាំវាបានតាមរយៈរសជាតិ ម៉ាចឆាមានរសជាតិល្វីងជាងតែបៃតង។ តាមការស្រាវជ្រាវបានឲ្យដឹងផងដែរថា ប្រភេទតែម៉ាចឆាផ្ទុកនូវសារធាតុកាហ្វេអ៊ីនដូចនឹងកាហ្វេដែរ ប៉ុន្តែប្រភេទម៉ាចឆានេះវាប្រៀបដូចជារនាំងដែលធ្វើឲ្យប្រព័ន្ធរាងកាយមានភាពមាំមួនដែលអាចទប់ស្កាត់នឹងជំងឺផ្សេងៗ ជាពិសេស វាក៏ជាផ្នែកមួយដែលធ្វើឲ្យសម្រស់កាន់តែមានភាពស្រស់ស្អាត និងកម្ចាត់ជាតិពុលចេញពីក្នុងខ្លួនយ៉ាងប្រសិទ្ធិភាព។
2.តែក្រហម
តែក្រហមមានសមត្ថភាពយ៉ាងខ្ពស់ក្នុងការទប់ស្កាត់អ្នកមិនឲ្យទទួលទានកាហ្វេ ក៏ព្រោះតែប្រភេទនេះមានរសជាតិឆ្ញាញ់មិនចាញ់ប្រភេទតែដែលមានតម្លៃថ្លៃនោះឡើយ។ មិនត្រឹមតែប៉ុណ្ណោះ វាបានផ្ទុកនូវ កាល់ស្យូម ជាតិដែក ម៉ាញ៉េស្យូម ដែលកាន់តែធ្វើឲ្យតែប្រភេទនេះមានគុណភាពទ្វេរដង។ ហេតុដូចនេះហើយ អ្នកគួរតែសាកល្បងទទួលទានតែក្រហមជំនួសការទទួលទានកាហ្វេវិញទើបប្រសើរ។
3.ប្រភេទតែឱសថបុរាណ
ប្រិយមិត្តប្រាកដជាពុំទាន់ដឹងទេថា ប្រភេទតែឱសថបុរាណមួយចំនួន តួយ៉ាង តែបៃតង តែខ្មៅ តែជីរអង្កាម តែខ្ញី សុទ្ធសឹងតែមានសមត្ថភាពក្នុងការជំនួសរាល់ជាតិកាហ្វេអ៊ីន។ លើសពីនេះទៅទៀត ប្រភេទតែទាំងនេះ ក៏អាចព្យាបាលសុខភាពរបស់អ្នកពីអាការៈផ្តាសាយ ឬបន្សាបជាតិស្រវឹងជាដើម។ ដូច្នេះ អ្នកគួរសាកល្បងព្យាយាមទទួលទានតែឱសថបុរាណឲ្យបានច្រើន ជាពិសេស នៅពេលព្រឹកព្រលឹមទើបទទួលបានប្រសិទ្ធភាពទ្វេដង៕
Article by PAN SIVLY