សព្វថ្ងៃយុវវ័យជាច្រើនមានទំនោរទទួលទានភេសជ្ជៈប្លែកៗដែលមានលក់នៅតាមហាងកាហ្វេ ឬ តូបភេសជ្ជៈនៅតាមដងផ្លូវនានា ដូចជា កាហ្វេដូងក្រអូប តែក្រហម តែបៃតង តែគុជ ទឹកស៊ីរ៉ូរសជាតិផ្លែឈើ និងភេសជ្ជៈផ្អែមជាច្រើនស្ទើររាប់មិនអស់ដែលភាគច្រើនមានឥទ្ធិពលមកពីបរទេស មិនមែនជាភេសជ្ជៈដើមក្នុងស្រុកពីមុនមកនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏យើងនៅតែដឹងថាខ្មែរយើងធ្លាប់និយមទទួលទានតែក្តៅឆុងពីរុក្ខជាតិសុទ្ធសាធដែលមានអត្ថប្រយោជន៍យ៉ាងលើសលប់ចំពោះសុខភាព តួយ៉ាង តែខ្ញី តែស្លឹកគ្រៃ តែគ្រាប់កកោះ តែព្នៅ ជាដើម។ ក្នុងឱកាសនេះ សូវរីនសូមគាស់កកាយរំព្ញកឡើងវិញនូវតែដែលធ្លាប់មានប្រជាប្រិយភាពក្នុងទ្វីបអាស៊ីយើងតាំងពីបុរាណកាលមកនោះគឺ តែព្នៅ។ ភេសជ្ជៈបុរាណនេះមានវត្តមាន និងឈ្មោះទីទៃគ្នាទៅតាមប្រទេសនីមួយៗក្នុងតំបន់នេះ តួយ៉ាង ខ្មែរយើងហៅថា តែព្នៅ រីឯសៀមហៅថា ណាមម៉ៈទូម (น้ำมะตูม) និងឥណ្ឌាហៅថា ប៊ែលកាស្យាបាត់ (बेल का शरबत) ។ល។
ចំពោះវិធីឆុងតែព្នៅ ដំបូងគេត្រូវយកផ្លែព្នៅខ្ចីទៅចិតជាបន្ទះស្តើងរួចយកទៅហាលថ្ងៃឲ្យស្ងួតក្រៀម។ បន្ទាប់មក ត្រូវយកព្នៅក្រៀមប្រមាណ៤-៥បន្ទះទៅឆុងទឹកក្តៅក្នុងបរិមាណមួយកូនប៉ាន់តែ។ បន្ទាប់មកទៀតទុកតែនោះឲ្យក្តៅប្រមាណ៥នាទី រហូតចេញពណ៌លឿងទុំ ។ បើលោកអ្នកចូលចិត្តបរិភោគរសជាតិតែចាស់ លោកអ្នកអាចឆុងរាងយូរបន្តិចរហូតតែព្នៅចេញពណ៌ខ្លាំងទៅតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួន។ លោកអ្នកគួរទទួលទានតែក្តៅៗដែលឆុងភ្លាមៗដើម្បីប្រយោជន៍ដល់សុខភាព។ ប៉ុន្តែលោកអ្នកក៏អាចបន្ថែមស្ករបន្តិចបន្តួច ហើយលាយនឹងទឹកកក រួចទទួលទានជាតែត្រជាក់ក៏បានដែរ។
យោងតាមគេហទំព័រវេជ្ជសាស្រ្តជំនួសរបស់បរទេសមួយឈ្មោះថា www.gyanunlimited.com ផ្លែព្នៅសម្បូរសារធាតុចិញ្ចឹមដែលផ្តល់អត្ថប្រយោជន៍ចំពោះសុខភាពជាច្រើនមុខ ក្នុងនោះរួមមានជាអាទិ៍ វីតាមីនបេ, វីតាមីនសេ, សារធាតុប្រឆាំងអុកស៊ីតកម្ម (Anti-oxidant), សារធាតុតានីន (Tannins), កាល់ស្យូម, ផូស្វ័រ, ជាតិដែក ប្រូតេអ៊ីន និង ប៉ូតាស្យូម ។ល។ ទន្ទឹមនឹងនេះ ផ្លែព្នៅមានសមត្ថភាពជួយព្យាបាលជំងឺជាច្រើនមុខដូចជា បង្ការជំងឺគ្រុនក្តៅ ទប់ស្កាត់ជំងឺទឹកនោមផ្អែម ព្យាបាលជំងឺរោគស្រ្តី ជំងឺរបេង បញ្ហាប្រព័ន្ធតម្រងនោម បញ្ហាប្រព័ន្ធរំលាយអាហារ ជំងឺរាករូស ជំងឺប្ញសដូងបាត ជំងឺរលាកក្រពះ ជួយផ្សំដំបៅរលាកហើម និងប្រើជាថ្នាំបន្សាបពស់ចឹក។
ប្រភពដដែលបានបង្ហាញថា ការទទួលទានភេសជ្ជៈផ្សំពីផ្លែព្នៅជួយព្យបាលអាការទល់លាមកតាម រយៈសាច់ព្នៅដែលមានជាតិជ័រ។ ក្រៅពីនេះ វាជួយរក្សាតុល្យភាពទៅលើជាតិអាស៊ីតក្នុងរាងកាយ និង កាត់បន្ថយអាការក្រហាយចុងដង្ហើម។ ប្រសិនបើលោកអ្នកមានបញ្ហាប៉ារ៉ាស៊ីតនៅក្នុងពោះវៀន លោកអ្នកគប្បីទទួលទានភេសជ្ជៈនេះ ព្រោះវាមានផ្ទុកសារធាតុបណ្តេញជាតិពុលឬបាក់តេរីមិនល្អពីធម្មជាតិ។ លើសពីនេះទៅទៀត វាអាចទប់ស្កាត់បញ្ហាជំងឺបេះដូងថែមទៀតផង។ ម្យ៉ាងវិញទៀត ដោយសារតែវាសម្បូរជាតិវីតាមីនសេ វាពិតជាល្អសម្រាប់ការព្យាបាលជំងឺរាក់ស៊ីធ្មេញ ព្រោះជំងឺនេះកើតឡើងដោយសារកង្វះវីតាមីននេះឯង។
Article by SRIN SOKMEAN