រីលាក្សហោស៍ សួនកម្សាន្តលក្ខណៈគ្រួសារតែមួយគត់ប្រចាំក្រុងសួង ទីរួមខេត្តត្បូងឃ្មុំ
TRAVEL & LIVING 4 years agoនៅពេលចប់រដូវកាលកូវីដ ១៩ នឹងមានមនុស្សមិនតិចទេដែលស្វែងរកកន្លែងដ៏សែនមនោរម្យណាមួយដើម្បីបន្ធូរបន្ថយអារម្មណ៍តានតឹងក្នុងរយៈពេលមួយរយៈធំនេះ។ តោះ! មកស្គាល់កន្លែងកម្សាន្តដែលកំពុងលាក់ខ្លួនកណ្តាលក្រុងសួង ទឹកដីខេត្តត្បូងឃ្មុំយើងម្តងមើល! អ្នកទេសចរដែលជិះកាត់ឆ្លូវជាតិលេខ៧កន្លងមកប្រហែលជាមិនដែលនឹកនាថានឹងឈប់សម្រាកលម្ហែនៅទីណាឡើយក្នុងរយៈចម្ងាយចន្លោះពីខេត្តត្បូងឃ្មុំដល់ខេត្តក្រចេះឬខេត្តមណ្ឌលគិរី។ ប៉ុន្តែឥឡូវនេះសូមលោកអ្នកកុំព្រួយអំពីកន្លែងឈប់សម្រាកពាក់កណ្តាលផ្លូវដើម្បីសម្រួលសរសៃពីការបើកបររយៈពេលយូរ ព្រោះនៅពេលលោកអ្នកបន្តដំណើរហួសស្ពានគីហ្ស៊ូណាត្រឹមតែ២៥គីឡូម៉ែត្រត្រង់ទៅកើត (ឬ ចម្ងាយ១៤០គីឡូម៉ែត្រពីរាជធានីភ្នំពេញ) ក្នុងរយៈពេលប្រមាណតែ៤០នាទី លោកអ្នកនឹងទៅដល់ទីប្រជុំជនក្រុងសួង។ លោកអ្នកត្រូវជិះហួសទៅខាងកើតផ្សារសួង៣០០ម៉ែត្រ បត់ឆ្វេងតាមផ្លូវបញ្ជាការដ្ឋានសឹករងក្រុងសួងប្រហែល១គីឡូម៉ែត្រនឹងឃើញស្លាកសញ្ញាសម្គាល់ត្រង់ផ្លូវបំបែក រួចបត់ស្តាំតាមផ្លូវទីមួយតែបន្តិចនឹងឃើញសួនកម្សាន្តនេះនៅខាងឆ្វេងដៃលោកអ្នក។
រមណីយដ្ឋាន រីលាក្សហោស៍ (Relax House Resort) ជាសួនកម្សាន្តធំជាងគេតែមួយគត់ដែលត្រូវបានរៀបចំបង្កើតឡើងតាំងពីឆ្នាំ២០១៤ ក្នុងគោលបំណងដើម្បីទាក់ទាញភ្ញៀវទេសចរដែលមកពីចម្ងាយកាត់ក្រុងសួង ឬ ជាទីសម្រាកលម្ហែលក្ខណៈគ្រួសារ និង មិត្តភក្តិសម្រាប់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្រុងសួង និង តំបន់ជុំវិញ។ នៅពេលបានទៅដល់ទីនេះភ្លាម យើងបានអារម្មណ៍ប្លែកពីព្រោះមុនទៅដល់សួនកម្សាន្តនេះ យើងឃើញតែទិដ្ឋភាពអ៊ូអរកកកុញនៃតំបន់ផ្សារសួងដែលសំបូររថយន្តតាក់ស៊ីតូចធំ និង អ្នកដំណើរឆ្លងកាត់មិនចេះដាច់។ ដោយឡែកនៅពេលបត់រថយន្តចេញផុតពីផ្លូវជាតិ យើងឃើញតែវាលស្រែស្ងប់ស្ងាត់ល្វឹងល្វើយលាតសន្ធឹងដាច់កន្ទុយភ្នែក និង មានភូមិអ្នកស្រុកតូចៗនៅចន្លោះវាលស្រែនោះក្រោមបរិយាកាសក្តៅហួតហែងនៃរដូវប្រាំងក្នុងខែមករាដើមឆ្នាំ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏សម្រស់សួនកម្សាន្តរីលាក្សហោស៍បានលេចធ្លោឡើងប្រៀបបីដូចផ្កាមួយទងរីកបាំងសន្លឹក កណ្តាលវាលស្រែឆ្ងាយពីក្រសែភ្នែក អ្នកដំណើរនៅលើផ្លូវជាតិបន្តិច។
សួនកម្សាន្តនេះមានផ្ទៃដីធំទូលាយបែងចែកជា៥តំបន់សំខាន់ៗ គឺ តំបន់សួនទឹកសម្រាប់កុមារ តំបន់ខ្ចុះអាហារជុំវិញស្រះទឹក តំបន់សួនបន្លែធម្មជាតិ តំបន់ចំណតយានយន្ត និង តំបន់សេវាកម្មស្នាក់នៅ (បាំងហ្គាឡូ) ។ សួននេះមានស្រះទឹកចិញ្ចឹមត្រីដែលមានទឹកថ្លាឈ្វេង ហើយថែមទាំងមានសត្វក្ងានហែលកៀងគូគួរឲ្យចង់គយគន់ អមដោយសម្រស់ធម្មជាតិដើមឈើតូចធំ និង សួនផ្កាចម្រុះពណ៌រីករហង់ចោលក្លិនមិនរសាយ។ នៅចន្លោះគុម្ពរុក្ខជាតិដែលដុះត្រៀបត្រាប្រជ្រៀតគ្នានោះ ខ្ចុះសង់អំពីឈើដំបូលប្រក់ស្បូវចោលម្លប់ត្រឈៃជាច្រើនត្រូវបានសាងសង់ជាជួរយ៉ាងល្អប្រណិត ងាយស្រួលសម្រាប់ភ្ញៀវអង្គុយសម្រាកលម្ហែទទួលទានអាហារជួបជុំជជែកគ្នាលេងយ៉ាងសប្បាយរីករាយមិនចេះធុញទ្រាន់នឿយណាយ។ ខ្ចុះទាំងអស់សុទ្ធសឹងតែត្រូវបានដាក់ឈ្មោះផ្សារភ្ជាប់នឹងធម្មជាតិ តួយ៉ាង ម្លិះ ណាគ្រី លីឡាវឌី អាម៉ាហ្សូន១ អាម៉ាហ្សូន២ អាម៉ាហ្សូន៣ អាម៉ាហ្សូន៤ និង ផ្ទះស្បូវស្រះឈូក ជាដើម។
ចំពោះម្ហូបសម្រាប់ទទួលទានវិញ នៅទីនេះ មានបម្រើម្ហូបអាហារជាច្រើនមុខ ជាពិសេសម្ហូបបែបស្រុកស្រែចម្ការ ដូចជា សម្លកកូរ ម្ជូរស្រែ ម្ជូរគ្រឿង ទឹកគ្រឿង ប្រហុកខ្ទិះ ប្រហុកអាំង ត្រីអាំងទឹកត្រីអំពិលទុំ ពងទាចៀនត្រីប្រមា ទាអាំងអំបិលម្ទេស កង្កែបអាំង ខ្យងឆាគ្រឿង និង ម្ហូបបែបថៃ ដូចជា បុកល្ហុង បុកងាវ បុកក្តាម ជាដើម។ ទន្ទឹមនឹងនេះ ម្ចាស់សួនកម្សាន្តនេះតែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខភាពភ្ញៀវជាសំខាន់ដោយផ្អែកលើគោលការណ៍សុវត្ថិភាពចំណីអាហារ។ ហេតុនេះហើយ ទើបរមណីយដ្ឋាននេះបានបង្កើតសួនបន្លែធម្មជាតិដាំដុះដោយខ្លួនឯងមិនប្រើជាតិគីមី ដើម្បីផ្គត់ផ្គង់បន្លែបង្ការបម្រើសេវាកម្មម្ហូបអាហារនៅទីនេះផ្ទាល់។ ជារៀងរាល់ព្រឹក បុគ្គលិកសួនកម្សាន្តតែងតែនាំគ្នាទៅកាត់បន្លែពណ៌បៃតងទុកស្លជាម្ហូបជូនភ្ញៀវដោយមិនចាំបាច់ទិញយកមកពីផ្សារ។ បន្លែដែលបានដាំនៅទីនោះរួមមាន ស្ពៃចង្កឹះ ស្ពៃខ្មៅ ស្ពៃក្រញាញ់ ស្លឹកជីរ ម្រះព្រៅ ស្លឹកគ្រៃ ននោង ត្រប់ស្រួយ ចេក និង ល្ហុង ។ល។
លើសពីនេះទៅទៀត សួននេះមានទទួលរៀបចំកម្មវិធីជួបជុំជប់លៀងលក្ខណៈឯកជន ដូចជា កម្មវិធីខួបកំណើត កម្មវិធីជប់លៀងបុគ្គលិកប្រចាំឆ្នាំ ដំណើរកម្សាន្តប្រចាំឆ្នាំរបស់ក្រុមហ៊ុន និង ការថតរូបមុនអាពាហ៍ពិពាហ៍ (pre-wedding) ជាដើម។ ភ្ញៀវដែលរស់នៅក្រុងសួងភាគច្រើននិយមហៅទីនេះថា “សួនកម្សាន្តសឹករង” ហើយនាំគ្នាមកលេង និង ទទួលទានអាហារជាមួយក្រុមគ្រួសារឬមិត្តភក្តិជាហូរហែមិនសូវចេះដាច់ នៅពេលល្ងាច និង ពេល រាត្រី។ រីឯភ្ញៀវដែលមកពីភ្នំពេញនិងតំបន់ឆ្ងាយៗនានាច្រើនឈប់សម្រាកទទួលទានអាហារពេលថ្ងៃត្រង់និងមកផ្តិត យករូបថតទុកជាអនុស្សាវរីយ៍នៃដំណើរកម្សាន្តរបស់ពួកគេមកកាន់ក្រុងសួង។ អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះគឺ សួនកម្សាន្តនេះតែងតែរៀបចំកម្មវិធីកម្សាន្តសប្បាយផ្សេងៗនៅក្នុងពិធីបុណ្យពិសេសៗប្រចាំឆ្នាំ ដូចជា រៀបចំកម្មវិធីបណ្តែតប្រទីបនៅថ្ងៃបុណ្យអុំទូក និងរៀបចំបាញ់កាំជ្រួច ផ្លុំត្រែ ទទួលទានអាហារឆ្លងឆ្នាំសកល ជាដើម៕
Article by SRINSOK MEAN