×

ត្រី​ដំ​ ​ម្ហូប​ឆ្ងាញ់​ប្រចាំ​តំបន់​ដងទន្លេ​នៃ​ខេត្ត​ត្បូងឃ្មុំ​ដែល​ទេសចរ​ក​ម្រ​បាន​ភ្លក់​

TRAVEL & LIVING 3 months ago
 
 

         ​ស្ថិតនៅ​ក្នុង​អាហារដ្ឋាន​សង់​ពី​ប្ញស្សី​មួយ​កន្លែង​នៃ​សហគមន៍​ផ្ទះ​ស្នាក់​អូ​ប៊ី​ធី​ (OB​T​) ​លើ​ដី​វាលទំនាប​មួយ​ជាប់​ត្រើយ​ខាងកើត​ទន្លេមេគង្គ​លើ​នៃ​ទឹកដី​ឃុំ​ជី​រោ​ទិ៍​ទី​១​ស្រុក​ត្បូងឃ្មុំ​ ​ខេត្ត​ត្បូងឃ្មុំ​ ​ចម្ងាយ​ត្រឹមតែ​ប្រមាណ​ ​៥​-​៦​គីឡូម៉ែត្រ​ពី​គល់​ស្ពាន​គី​ហ្ស៊ូ​ណា​ ​យុវជន​ម្នាក់​ឈ្មោះ​ ​តន់​ ​ទី​ណុង​ ​អាយុ​២​៤​ឆ្នាំ​ ​ចុងភៅ​ប្រចាំ​អាហារដ្ឋាន​នេះ​ ​បាន​បង្ហាញ​អំពី​មុខម្ហូប​ល្បី​ជាងគេ​ប្រចាំ​សហគមន៍​របស់​ប្អូន​នោះ​គឺ​ “​ម្ហូប​ត្រី​ដំ​”​។​ ​គ្រាន់តែ​ឮឈ្មោះ​នេះ​ភ្លាម​ ​លោកអ្នក​ទាំងអស់គ្នា​ប្រាកដជា​លាន់មាត់​ចម្លែក​ចិត្តជា​ក់​ជាមិនខាន​ ​ព្រោះ​ម្ហូបមួយមុខ​នេះ​ក​ម្រ​មាន​អ្នក​ស្គាល់​ណាស់​សូម្បីតែ​អ្នក​រស់នៅ​ខេត្ត​កំពង់ចាម​ជិតខាង​នោះ​ក៏ដោយ​។​ ​ប៉ុន្តែ​ ​ចុងភៅ​ខាងលើ​បាន​អះអាង​ថា​ ​វា​ជា​មុខម្ហូប​ពិសេស​របស់​ប្រជាជន​រស់នៅ​តាម​ដង​ទន្លេមេគង្គ​ក្នុង​តំបន់​នេះ​ជា​យូរយារ​មក​ហើយ​ ​មិនមែន​ទើប​តែ​ច្នៃ​បង្កើត​ឡើង​ថ្មី​នោះ​ទេ​។​ ​តើ​ហេតុអ្វីបានជា​គេ​ដាក់ឈ្មោះ​ថា​“​ម្ហូប​ត្រី​ដំ​” ? ​តើ​ម្ហូបមួយមុខ​នេះ​មាន​លក្ខណៈ​ពិសេស​អ្វីខ្លះ​គួរឲ្យ​ចង់​សាកល្បង​?

         ​គ្រឿងផ្សំ​សំខាន់​ៗ​របស់​មុខម្ហូប​ត្រី​ដំ​រួម​មាន​ ​ត្រី​រៀល​ ​ឬ​ ​ត្រី​រ៉ស់​ ​ឬ​ ​ត្រី​ដៀប​ ​ទឹក​ ​ស្ករត្នោត​ ​ខ្ទឹមស​ ​ទឹកខ្មេះ​ ​ក្រូចឆ្មារ​ ​សណ្តែកដី​ ​អំបិល​ ​និង​ ​ប៊ីចេង​។​ ​ប៉ុន្តែ​ចំពោះ​សាច់​ត្រី​ដែល​ជា​គ្រឿងផ្សំ​សំខាន់​បំផុត​នោះ​ ​ប្រជាជន​សហគមន៍​ជី​រោទ៍​និយម​ជ្រើសរើស​ត្រី​រៀល​ជាង​ត្រី​រ៉ស់​ឬ​ត្រី​ដៀប​(​ត្រី​ឆ្តោ​ដែល​មាន​វ័យ​ជំទង់​)​ដោយ​ ​សារ​ត្រី​រៀល​មាន​រសជាតិ​ឆ្ងាញ់​សាច់​ផ្អែម​ចូលជាតិ​ល្អ​សម្រាប់​មុខម្ហូប​ត្រី​ដំ​នេះ​ជាងគេ​។​ ​ប៉ុន្តែ​ប្រសិនបើ​គេ​ជ្រើសរើស​ត្រី​រ៉ស់​ ​ឬ​ ​ត្រី​ដៀប​វិញ​នោះ​ ​ចុងភៅ​ត្រូវ​ព្រលះ​ស្បែក​ត្រី​ចេញ​ឲ្យអស់​ជាមុន​សិន​ ​រួចហើយ​យក​តែ​សាច់​ត្រី​សុទ្ធ​មក​ប្រើការ​។​ ​ត្រី​ត្រូវ​កាត់​ក្បាល​ ​សក​ស្រកា​ ​និង​វះ​ពោះ​រួច​លាង​ទឹក​ឲ្យ​ស្អាត​ទើប​យកមក​ដំ​ឲ្យ​បែក​ខ្ចាយ​ឆ្អឹង​ងាយស្រួល​ក្នុង​ការ​ទទួលទាន​ ​ព្រោះ​ម្ហូប​នេះ​តម្រូវ​ទទួលទាន​ជាមួយ​សាច់​ត្រី​ឆៅ​តែម្តង​មិន​មានការ​ចំហុយ​ស្រុស​ទឹកក្តៅ​ ​ឬ​ ​ស្ងោរ​អ្វី​ទាំងអស់​។​ ​ហេតុនេះ​ហើយ​ ​ទើប​ម្ហូប​នេះ​ជាប់​ឈ្មោះថា​“​ម្ហូប​ត្រី​ដំ​” ​ត​រហូតមកដល់​សព្វថ្ងៃ​ដោយសារ​ត្រី​រៀល​តូច​ៗ​ត្រូវតែ​យកមក​ដំ​ឲ្យ​ហើប​សាច់​ទើប​ទាញ​យក​ឆ្អឹង​ចេញ​បាន​។

         ​ចំពោះ​វិធី​ធ្វើ​គឺ​មាន​ភាព​ងាយស្រួល​ ​គឺ​ ​គ្រាន់តែ​ដំ​ត្រី​រួចហើយ​ ​ត្រូវ​កូរ​ច្របល់​គ្រឿងផ្សំ​ដទៃទៀត​ដែល​បាន​រៀបរាប់​ខាងលើ​ចូលគ្នា​ក្នុង​ទឹក​ចំណុះ​មួយ​កូន​ចានចង្កឹះ​ឲ្យបាន​សព្វ​ល្អ​ទើប​ដាក់​សណ្តែកដី​ចូល​ជា​ការ​ ​ស្រេច​។​ ​ថ្វី​ដ្បិត​ម្ហូប​នេះ​ធ្វើ​ពី​ត្រី​ឆៅ​ ​តែ​វា​មិន​មាន​រសជាតិ​ឆ្អាប​នោះ​ទេ​ ​ដោយសារ​រស​ជាតិទឹក​ត្រី​ដែល​មាន​ខ្ទឹមស​ជួយ​កាត់​ជាតិ​ឆ្អាប​នោះ​ឯង​ ​គួបផ្សំ​នឹង​អន្លក់ស្រស់​ៗ​ជា​ច្រើនមុខ​ទៀត​ដូចជា​ ​ស្លឹក​កន្ទួត​ ​ស្លឹក​ម្កាក់​ ​ត្រួយ​រាំង​ ​ស្ពៃក្តោប​ ​សណ្តែកកួរ​ ​ត្រសក់​ ​និង​ ​ជីរ​គ្រប់មុខ​ ​ជាដើម​ ​។​ ​ជាពិសេស​ ​តាម​ប្រពៃណី​តំបន់​នោះ​ ​ម្ហូប​ត្រី​ដំ​នេះ​ត្រូវតែ​ទទួលទាន​ជាមួយ​ស្រា​ស​។​ ​ចុងភៅ​ដដែល​បាន​ពន្យល់​ប្រាប់​ថា​ ​ការដែល​តម្រូវ​ឲ្យ​ទទួលទាន​ជាមួយ​ស្រា​ស​បែប​នេះ​ពីព្រោះ​ស្រា​សមានជាតិ​ក្តៅ​ឆួល​ជួយ​បំបាត់​ជាតិ​ឆ្អាប​របស់​ត្រី​ឆៅ​បាន​រឹត​តែ​ប្រសើរ​ទ្វេ​ដង​។​
​          ប្រសិនបើ​យើង​យក​ស្រា​បៀរ​កំប៉ុង​មក​ទទួលទាន​ជំនួស​ស្រា​ស​គឺ​វា​មានគុណ​ភាព​ចាញ់​ស្រា​ស​ទេ​ដោយសារ​ ​ស្រា​បៀរ​មាន​ជាតិ​ហ្គា​ស​មិនសូវ​ក្តៅ​ងំ​ដូច​ស្រា​ស​អង្ករ​សុទ្ធ​របស់​ខ្មែរយើង​ទេ​ ​ប៉ុន្តែ​មិនមែន​មានន័យ​ថា​ ​ទាល់​ ​តែ​អ្នកចេះ​ទទួលទាន​សុរា​ ​ទើប​អាច​ទទួលទាន​ម្ហូប​នេះ​បាន​នោះ​ឡើយ​។​ ​វា​គ្រាន់តែ​ជា​ទម្លាប់​ទូទៅ​របស់​អ្នកស្រុក​ប៉ុណ្ណោះ​។​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ម្ហូប​ត្រី​ដំ​ ​នេះ​មាន​កិត្តិយស​ត្រូវ​បាន​ជ្រើសរើស​ជា​មុខម្ហូប​តំណាង​ខេត្ត​ត្បូងឃ្មុំ​សម្រាប់​ចូលរួម​តាំង​បង្ហាញ​ផលិតផល​ខេត្ត​ត្បូងឃ្មុំ​ក្នុង​កម្មវិធី​ទិវា​ពិព័រណ៍​ម្ហូបអាហារ​កម្ពុជា​ក្នុង​វិ​ស​័​យ​ទេសចរណ៍​នៅ​រាជធានី​ភ្នំពេញ​កាលពី​ចុងខែ​សីហា​កន្លងទៅ​ ​ហើយ​មាន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ជាច្រើន​បាន​សម្តែង​ការចាប់អារម្មណ៍​ទស្សនា​ ​និង​ ​ភ្លក់​រសជាតិ​អាហារ​ដ៏​ចម្លែក​នេះ​៕​

​Article​ ​by​ ​SO​K​MEAN​ SR​IN​


SUGGESTIONS