ជាទូទៅ ទឹកដោះគោត្រូវបានគេទទួលស្គាល់ថាសម្បូរទៅដោយជាតិកាល់ស្យូមខ្ពស់ ដែលផ្តល់គុណសម្បត្តិយ៉ាងច្រើន ជាពិសេស គឺសារធាតុចិញ្ចឹមសំខាន់ៗ ទៅដល់សុខភាពអ្នកទទួលទានក៏ព្រោះតែទឹកដោះគោដើរតួនាទីយ៉ាងសំខាន់ក្នុងអាហាររូបត្ថម្ភនិងសុខភាព។ មិនតែប៉ុណ្ណោះវាក៏ជាជំនួយក្នុងការថែរក្សាសម្រស់ដ៏អស្ចារ្យផងដែរ។
តាមការស្រាវជ្រាវរបស់ក្រុមអ្នកជំនាញផ្លូវការបានណែនាំឲ្យអ្នកដែលនិយមទទួលទានទឹកដោះគោស្រស់ជ្រើសរើសប្រភេទទឹកដោះគោទៅតាមតម្រូវការរបស់ពួកគេ ក៏ព្រោះតែប្រភេទនីមួយៗសុទ្ធសឹងតែមានសារៈប្រយោជន៍ផ្សេងៗគ្នា។ ហេតុនេះហើយ ជាដំបូងយើងគួរតែមកស្វែងយល់ពីភាពខុសគ្នានៃប្រភេទទឹកដោះគោនីមួយៗជាមុនសិន។ ទឹកដោះគោដែលជាប្រភេទ Raw milk ជាប្រភេទទឹកដោះគោស្រស់ដែលមិនទាន់ចម្រាញ់។ ចំណែកឯ ទឹកដោះគោដែលមាន Pasteurized milk វិញ ជាប្រភេទទឹកដោះ គោដែលបានចម្រាញ់អស់ជាច្រើនដំណាក់ការ និងមានសុវត្ថិភាពក្នុងការទទួលទាន។ ម៉្យាងវិញទៀត Full cream milk ជាប្រភេទដែលមានសារធាតុដែលធ្វើឲ្យធាត់ខ្ពស់ជាងប្រភេទដ៏ទៃ រីឯប្រភេទទឹកដោះគោស្រស់ដែលមានផ្លាកសញ្ញាថា Reduced fat milk ជាប្រភេទដែលមានសារធាតុដែលធ្វើឲ្យធាត់2%។ សម្រាប់ Skimmed milk ជាប្រភេទដែលមានសារធាតុដែលធ្វើឲ្យធាត់ខ្ពស់ទាបជាងគេត្រឹមតែ0.15% រីឯសម្រាប់ទឹកដោះគោដែលផ្ទុកនូវសារធាតុ Flavored milkជាប្រភេទទឹកដោះគោមានជម្រើសជាច្រើនរសជាតិ និងក្លិនសម្រាប់ជ្រើសរើសតាមការនិយមរបស់មនុស្សម្នាក់ៗ។ ទន្ទឹមនឹងនេះផងដែរ Calcium enriched milk ជាប្រភេទទឹកដោះគោដែលជាទូទៅមានសារធាតុកាល់ស្យូម500mgក្នុងកំរិត250mlនិងសម្រាប់ Lactose-free milk ជាប្រភេទទឹកដោះគោដែលគ្មានសារធាតុ Lactose ជាទូទៅប្រើសំរាប់អ្នកដែលមានបញ្ហាទៅលើការបំលែងជាតិស្ករប្រភេទនេះ។ បន្ទាប់ពីបានស្គាល់នូវប្រភេទនីមួយៗហើយនោះ SOVRINក៏សូមលើកយកគុណប្រយោជន៍មកបង្ហាញវិញម្តង។ តួយ៉ាងនាក្នុងសម័យបុរាណនៃប្រទេសអេស៊ីប ទឹកដោះគោឆៅ (Raw milk ) ត្រូវបានប្រើប្រាស់ដោយមនុស្សជាច្រើនជាពិសេសគឺព្រះនាងCleopatra ក្នុងការលាងសម្អាតស្បែកតាមបែបធម្មជាតិ ដោយធ្វើឲ្យស្បែកទន់និងមានសំណើមខ្ពស់។ទឹកដោះគោឆៅក៏ត្រូវបានប្រើប្រាស់សំរាប់ប្តូរពណ៌ស្បែក និងជម្រុះកោសិការចាស់ៗ ដោយអ្នកគ្រាន់តែជ្រលក់ទឺកដោះគោនោះមកលាបទៅលើផ្នែកទាំងនោះ។មិនតែប៉ុណ្ណោះអ្នកក៏អាចប្រើជាប្រភេទម៉ាស់បិទមុខដែលអាចជួយបំបាត់មុនបានយ៉ាងអស្ចារ្យដោយគ្រាន់តែយកមកលាបលើមុខហើយទុកចោលមួយសន្ទុះ រួចលាងចេញជាការស្រេច។ទឹកដោះគោដែលមានសារធាតុធាត់ទាបក៏ត្រួវបានប្រើប្រាស់សំរាប់ការសម្រកទំងន់ថែមទៀតផង។
មិនត្រឹមតែផ្តល់ប្រយោជន៍ជាច្រើនទៅលើផ្នែកសម្រស់ អ្វីដែលកាន់តែអស្ចារ្យនោះគឺជាតិកាល់ស្យូម និងវីតាមីនដែលមាននៅក្នុងទឹកដោះគោ មានសារៈសំខាន់យ៉ាងខ្លាំងចំពោះសុខភាពមនុស្សទាំងឡាយទៅលើការលូតលាស់ និងភាពរឹងម៉ាំនៃឆ្អឹង សាច់ដុំ និងធ្មេញ។ លើសពីនេះទៅទៀតវាជាផ្នែកមួយដែលអាចកាត់បន្ថយការផលិតកូឡេស្តេរ៉ុល និងសម្ពាធឈាមខ្ពស់ដែលជាហេតុបណ្តាលឲ្យមានគ្រោះថ្នាក់នៃជំងឺដាច់សរសៃឈាមខួរក្បាល។ កាត់បន្ថយហានិភ័យនៃជំងឺមហារីក និងជំនួយដល់គំហើញនៃភ្នែក។ ប្រសិនបើអ្នកមានអាការៈឈឺក្បាល ឬឈឺបំពង់ក ទឹកដោះគោក្តៅមួយកែវអាចជាថ្នាំដ៏ល្អបំផុត ដើម្បីជួយសម្រាលការឈឺចាប់ទាំងនោះ។
ទឹកដោះគោ អាចត្រូវបានគេយកមកទទួលទានជាប្រចាំ ដោយសារវាសម្បូរទៅដោយសារជាតិ ចិញ្ចឹមបំប៉ន និង មានតុល្យភាពជាពិសេស ជាមួយនឹង កាល់ស្យូម និង ប្រូតេអ៊ីន ។ វាមិនត្រឹមតែ អាចជួយរក្សាអោយអ្នកមានសុខភាពល្អនោះទេ ប៉ុន្តែវាពិតជាល្អបំផុត សម្រាប់សុខភាពស្បែករបស់អ្នកផងដែរ ៕
Article by SOVRIN