យោងតាមដកស្រង់ពីសៀវភៅ “ពិធីប្រចាំដប់ពីរខ្មែរ” (ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ) ពិធីបុណ្យចូលព្រះវស្សាជាពិធីបុណ្យសំខាន់មួយរបស់ព្រះពុទ្ធសាសនា។ តាមប្រពៃណីតាំងពីបុរាណមក ព្រះសង្ឃទាំងឡាយគ្រប់អារាមក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែ ចាប់តាំងពីថ្ងៃ ១រោចខែអាសាធ ដល់ ១៥កើត ខែអស្សុជ ជារៀងរាល់ឆ្នាំ។ ក្នុងរយៈវេលា៣ខែនេះ នៅគ្រប់ព្រះវហារនៃទីវត្តទាំង ឡាយ គេតែងរក្សាភ្លើងទៀនព្រះវស្សាឲ្យនៅឆេះជានិច្ច។ ចាប់តាំងពីថ្ងៃពេញបរមីខែអាសាធគឺមុនថ្ងៃចូលព្រះវស្សា ១ថ្ងៃ គេសង្គេតឃើញភាពអ៊ូអរស្ទើរតែគ្រប់វត្តអារាម។ ពីព្រលឹមព្រះសង្ឃទាំងឡាយដែលនៅក្នុងវត្តនិមន្តចូលទៅក្នុងព្រះវិហារដើម្បីថ្វាយបង្គំព្រះរតនត្រ័យ និង ស្វាធ្យាយធម៌ដារផលានិសង្ឃដល់វិញ្ញាណ ក្ខន្ធដែលធ្វើមរណកាលទៅហើយ។ ដល់ថ្ងៃត្រង់ពួកទាយកទាយិការៀបចំចង្ហាន់ប្រគេនព្រះសង្ឃឆាន់ពេលល្ងាចព្រះសង្ឃសម្តែងធម៌ទេសនាជាការស្រេច។ ថ្ងៃជាបន្ទាប់មកជាថ្ងៃចូលព្រះវស្សានៅវេលារសៀលគេធ្វើពិធីហែទៀនព្រះវស្សា និង គ្រឿងបរិក្ខាផ្សេងៗ ប្រទក្សិណព្រះវិហារ ៣ជុំ ទើបនាំទៀនចូលទៅវេរហើយអុជជាក្រោយ។
ក្រៅពីទំនៀមទាំងនេះ ក្នុងពេលបច្ចុប្បន្ននេះ នៅខាងឃុំត្រើយស្លា និង ឃុំទឹកវិល ស្រុកស្អាង ខេត្ត កណ្តាល ប្រជាជនប្រុសស្រីនាំគ្នាហែទីងមោងឬយក្សជាលដែលមានតាំងពីបុរាណមកជាទ្រង់ទ្រាយធំយ៉ាង អធឹកអធមគគ្រឹកគគ្រេង ហើយការរចនាទីងមោង ឬ យក្សជាលនៅទីនោះទៀតសោតក៏មានលក្ខណៈស្រស់ស្អាតទាក់ទាញខុសប្លែកពីទីងមោង ឬ យក្សជាលនៅតំបន់ដទៃទៀតនៃប្រទេសកម្ពុជា ដែលជាកត្តាបណ្តាលឲ្យល្បីកក្រើកបណ្តាញសង្គមហ្វេសប៊ុកទូទាំងប្រទេសក្នុងរយៈពេល៣-៤ឆ្នាំចុងក្រោយនេះហើយសូម្បីតែឥស្សរជនធំៗ ដូចជា ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជាដើម ក៏បានចាប់អារម្មណ៍និងចែករំលែកនៅបណ្តាញសង្គមតៗគ្នាផងដែរ។ កាលពីមុន ទីងមោងដែលមានគ្រោងឆ្អឹងធ្វើពីកញ្ឆេរប្ញស្សីតែងតែមានមុខមាត់គួរឲ្យខ្លាច ធ្វើឲ្យកុមារាកុមារីនៅក្នុងភូមិនាំគ្នាផ្អើលរត់ប្រសាច ឬ គេចពួនក្នុងផ្ទះរៀងៗខ្លួន មិនសូវហ៊ានមើលជិតនោះទេ ប៉ុន្តែ ទីងមោង ឬ យក្សជាល ដែលជាស្នាដៃជំនាន់ថ្មីរបស់អ្នកស្អាងវិញមានទម្រង់មុខស្អាតដូចម៉ានីកាំងតួកុនខ្មែរ ថៃ កូរ៉េ ចម្រុះជាតិសាសន៍ ហើយខ្លះទៀតធ្វើតាមលំនាំតួអង្គរឿងបុរាណចិន តួយ៉ាង លោកម្ចាស់ប៉ាវចិនធៀន ប្រកបដោយការតុបតែងម៉ូដសក់ និង ម៉ូដសម្លៀកបំពាក់យ៉ាងសមសួនទៅតាមប្រភេទតួនីមួយៗគួរឲ្យស្ញើចសរសើរ ហើយក្មេងៗក៏លែងខ្លាចវាដូចសម័យមុនដែរ។
នៅក្នុងរដូវកាលហែទីងមោងចូលវស្សានេះ យុវជន ហេង សុភ័ណ្ឌ វ័យ៣០ឆ្នាំ ជាអ្នកធ្វើទីងមោងសម័យថ្មីប្រចាំស្រុកស្អាងនេះ បានលើកឡើងថា “កាលពីក្មេង ខ្ញុំខ្លាចទីងមោង ទីងមោងពីមុនកាចៗ ឃើញដេញៗរត់រហូត តែឥឡូវខ្ញុំចូលចិត្ត ពេលខ្លះខ្ញុំត្រូវដើរហែ (ទីងមោង) ជាមួយគេនៅវត្ត […]” ។ “មានគេសរសើរច្រើន ខ្ញុំសប្បាយចិត្ត។ ខ្ញុំស្រលាញ់ការងារនេះ ខ្ញុំចង់ធ្វើវារហូត។ ទោះបីជាខ្ញុំរវល់ត្រូវទៅប្រទេសកូរ៉េ ក៏ខ្ញុំនៅតែឆ្លៀតពេលធ្វើវាទៀត” យុវជនអតីតពលករកូរ៉េរូបនេះបានបន្ថែម។ គួរបញ្ជាក់ថា សិប្បកម្មផលិត ទីងមោងលក្ខណៈគ្រួសារមួយនេះមានជំនាញផលិតទីងមោងហែទៀនវស្សាគ្រប់ៗគ្នា ពោលគឺ ឪពុកជាអ្នកដំឡើងគ្រោងទីងមោង ម្តាយជាអ្នកកាត់ដេរសម្លៀកបំពាក់ សុភ័ណ្ឌផ្ទាល់ជាអ្នកតុបតែងមុខទីងមោង ហើយប្អូនប្រុសគេម្នាក់ទៀតឈ្មោះ គីម ផេង ជាជាងសូនរូបក្បាលទីងមោង។ ទីងមោងដែលផលិតរួចលក់ជូនវត្តនានាក្នុងខេត្ត និង ចែកចាយទៅកាន់ខេត្តក្រុងនានា ក្នុងតម្លៃមួយគូ ១៥០ដុល្លារ (ខ្នាតតូច) ១លាន១០ម៉ឺនរៀល (ខ្នាតមធ្យម) និង ១លាន៤០ម៉ឺនរៀល (ខ្នាតធំ)។ អ្នកធ្វើទីងមោងស្រុកស្អាងនេះបានអះអាងថា ទីងមោងតាមវត្តចាស់ៗក៏អាចជួសជុលកែលម្អបានប្រើការបានឡើងវិញរហូតដល់២០-៣០ឆ្នាំ ប្រសិនបើ គណៈកម្មការវត្តថែទាំបានខ្ជាប់ខ្ជួន មិនបាច់ជាវថ្មីរៀងរាល់ឆ្នាំនោះទេ៕
Article by SRIN SOKMEAN