×

វិធី​សា​ស្រ្ត​ថែទាំ​ដំបៅ​ប្រកបដោយ​ប្រសិទ្ធ​ភាព​ក្នុង​ខែភ្លៀង​

TRAVEL & LIVING 2 months ago

           នៅ​ក្នុង​ខែវស្សា​ដែល​សម្បូរ​ភ្លៀង​ធ្លាក់​ ​មិនថា​ភ្លៀង​ខ្លាំង​ ​ឬ​ ​ភ្លៀងរលឹម​នោះ​ទេ​ ​សុទ្ធតែ​ហុច​ផល​ប៉ះពាល់​ដល់​បញ្ហា​សុខភាព​ក្នុង​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​ ​ជាពិសេស​គឺ​បញ្ហា​ដំបៅ​ ​ឬ​ ​មុខរបួស​ដែល​មិនទាន់​ជាសះស្បើយ​ ​គឺ​រឹត​តែ​បង្ក​ការ​ព្រួយបារម្ភ​ដល់​លោកអ្នក​ជាក់​ជាមិនខាន​។​ ​ខាងក្រោម​នេះ​ជា​ក្បួន​វេជ្ជ​សា​ស្រ្ត​បែប​សាមញ្ញ​ៗ​ដែល​លោកអ្នក​គួរ​យល់​ដឹង​និង​អនុវត្ត​ឲ្យបាន​ត្រឹមត្រូវ​ដោយខ្លួនឯង​បាន​នៅ​ពេល​មានរបួស​សើស្បែក​តិចតួច​៖​

          ​ប្រការ​ទី​១​៖​ ​មុន​ពេល​ចាប់ផ្តើម​លាង​មុខរបួស​ ​ត្រូវ​ប្រាកដ​ថា​សម្ភារ​ស​ម្អា​ត​ទាំងអស់​ដែល​យកមក​ប្រើ​សុទ្ធតែ​មាន​អនាម័យ​ល្អ​។​ ​ឧ​ទា​ហ​រ​ណ៍ៈ ​ប្រសិនបើ​លោក​អ្នកប្រើ​តម្បៀត​សម្រាប់​ស​ម្អា​ត​របួស​ ​ត្រូវ​ជូត​វា​នឹង​ទឹក​អាល់កុល​ជាមុន​សិន​។​

          ​ប្រការ​ទី​២​៖​ ​លាង​ស​ម្អា​តដៃ​របស់​លោកអ្នក​ឲ្យបាន​ស្អាត​ដោយ​ប្រើ​សាប៊ូ​និង​ទឹកក្តៅ​ឧណ្ហ​ៗ​ ​សឹម​លាង​ជម្រះ​ហើយ​ស​ម្ងួ​តដៃ​ឲ្យបាន​ស្ងួត​ល្អ​មុន​និង​ក្រោយ​ការ​ស​ម្អា​ត​របួស​ ​ឬ​ ​ដំបៅ​។​

          ប្រការ​ទី​៣​៖​ ​ស​ម្អា​ត​ស្នាម​មុត​ ​ឬ​ ​ស្នាម​ដាច់​រលាត់​ដោយ​ប្រើ​ទឹកក្តៅ​ឧណ្ហ​ៗ​បង្ហូរ​លើ​របួស​នោះ​ឲ្យបាន​ពីរបី​ ​នាទី​។​ ​ប្រើ​ទឹក​សាប៊ូ​លាយ​ទឹកក្តៅ​ឧណ្ហ​ៗ​ជូត​ស​ម្អា​ត​ស្បែក​បរិវេណ​ជុំវិញ​នោះ​ ​ប៉ុន្តែ​ត្រូវ​ប្រុងប្រយ័ត្ន​កុំឲ្យ​ទឹក​សាប៊ូ​នោះ​ហូរ​ទៅ​ប៉ះ​នឹង​ដំបៅ​ឬ​របួស​។​

          ​ប្រការ​ទី​៤​៖​ ​ត្រូវ​ប្រាកដ​ថា​មិន​មាន​ធូលី​ ​ឬ​ ​កំទេចកំទី​ផ្សេងៗ​ ​ដូចជា​ ​អំបែង​ ​ឬ​ ​កំទេច​ក្រួស​ល្អិត​ៗ​ ​ជាប់​នៅនឹង​មុខរបួស​ឡើយ​។​ ​ដើម្បី​ក​ម្ចាត់​កំទេចកំទី​ផ្សេងៗ​ ​ត្រូវ​ប្រើ​តម្បៀត​ចាប់​យក​វា​ចេញ​ ​ឬ​ ​យក​ក្រណាត់​ទន់​សើម​ជូត​យក​វា​ចេញ​ម្តង​បន្តិចៗ​ដោយ​ប្រុងប្រយ័ត្ន​។​

          ​ប្រការ​ទី​៥​៖​ ​លោកអ្នក​ក៏​អាច​ប្រើ​ប្រេង​ ​ឬ​ ជែ​លលា​ប​សម្លាប់​មេរោគ​ស្តើង​ៗ​ពីលើ​មុខរបួស​ស្នាម​មុត​ ​ឬ​ ​ដាច់​រលាត់​បាន​ដែរ​តាម​សេចក្តីត្រូវ​ការ​។​

          ​ប្រការ​ទី​៦​៖​ ​ត្រូវ​ដាក់មុខ​របួស​ឲ្យ​ត្រូវ​ខ្យល់​ស្ងួត​ល្អ​មុននឹង​បិត​វា​ដោយ​បង់​បិតរ​បួស​ ​ឬ​ ​ស្បៃ​រុំ​។​ ​ទោះបីជា​យ៉ាងណា​ ​ក៏​លោកអ្នក​មិន​ចាំបាច់​បិត​ ​ឬ​ ​រុំ​ស្នាម​មុត​ ​ឬ​ ​ឆូត​តិចតួច​នោះ​ដែរ​។​

          ប្រការ​ទី​៧​៖​ ​ត្រូវ​ប្តូរ​បង់​បិតរ​បួស​ឬ​ស្បៃ​រុំ​យ៉ាងហោចណាស់​មួយថ្ងៃ​ម្តង​។​ ​ផ្លាស់ប្តូរ​វា​ភ្លាម​ៗ​ក្នុង​ករណី​ដែល​វា​ប្រ​លាក់​ ​ឬ​ ​សើម​។​

          ​ប្រការ​ទី​៨​៖​ ​លាង​ស​ម្អា​ត​ស្នាមរបួស​ថ្នមៗ​ជាប្រចាំ​រៀងរាល់ថ្ងៃ​។​

          ​ប្រការ​ទី​៩​៖​ ​ចៀសវាង​ប្រើ​ថ្នាំ​ដែល​មាន​សារធាតុ​អ៊ី​ដ្រូ​សែនពែ​រ៉ូ​ស៊ី​ត​(​hydrogen peroxide​) ​ទៅលើ​មុខរបួស​ ​ព្រោះ​វា​អាច​បណ្តាលឲ្យ​ស្បែក​រមាស់​ចំពោះ​ករណី​មនុស្ស​មួយ​ចំនួន​។​ ​បញ្ឈប់​ការ​ប្រើ​ថ្នាំលាប​សម្លាប់​មេរោគ​ប្រសិនបើ​មាន​បញ្ហា​រមាស់​ស្បែក​។​

          ​ប្រការ​ទី​១​០​៖​ ​ហាម​បកស្បែក​ដែល​របួស​ពីព្រោះ​វា​អាច​បណ្តាលឲ្យមាន​ស្លាកស្នាម​ ​ក្រ​ជាសះស្បើយ​ ​និង​ ​បង្កើន​អត្រា​នៃ​ការ​ឆ្លង​មេរោគ​។​

          ​ប្រការ​ទី​១​១​៖​ ​ប្រសិនបើ​របួស​មិន​មាន​លក្ខណៈ​ល្អ​ប្រសើរ​ក្នុងរយៈពេល​១​-​២​ថ្ងៃ​នោះ​ ​លោក​គប្បី​ជួបពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​៕​


SUGGESTIONS