ឆៃថាវក្រហម ក្រៅពីបន្លែទទួលទានក៏អាចជាគ្រឿងតុបតែង និងរូបមន្តរក្សាសម្រស់
TRAVEL & LIVING 3 years ago ឆៃថាវក្រហមដែលពាក្យជាភាសាអង់គ្លេសហៅថា Beetroot គឺជាបន្លែមើមមួយប្រភេទមានពណ៌ក្រហមឆ្អៅរសជាតិផ្អែមអាចហូបឆៅឬឆ្អិន ភាគច្រើនខ្មែរយើងមិនសូវជាស្គាល់ប៉ុន្មាននោះទេ ប៉ុន្តែវារមែងបង្ហាញវត្តមានលើមុខម្ហូបបរទេស មានទាំងនំ បង្អែម និងភេសជ្ជៈផងដែរ។ ឆៃថាវក្រហមត្រូវបានគេចាត់ទុកជាប្រភពបន្លែសុខភាពដ៏អស្ចារ្យដោយសារវាបានផ្ទុកនូវសារធាតុចិញ្ចឹមខ្ពស់ពពួក ហ្វូឡែត ប៉ូតាស្យូម វីតាមីន C ហ្វៃប័រ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលផ្តល់អត្ថប្រយោជន៍ខ្ពស់ចំពោះសុខភាពនិងសម្រស់ជាងបន្លែមើមដទៃ។ ប្លែកសព្វមួយដង នៅក្នុងអត្ថបទសម្រស់សម្រាប់លេខថ្មីនេះ សូវរីន បាននាំយកនូវអាថ៌កំបាំងថ្មីមួយបន្ថែមទៀត ដែលជាការជ្រើសយកបន្លែឆៃថាវក្រហមមកច្នៃធ្វើជារូបមន្តរក្សាសម្រស់ដោះស្រាយបញ្ហាផ្សេងៗនៅលើស្បែក ពិសេសថែមទាំងច្នៃធ្វើជាគ្រឿងតុបតែងមុខជាមួយពណ៌ដ៏ស្រស់ស្អាតពីធម្មជាតិរបស់វា។
ច្នៃជាគ្រឿងតុបតែងមុខ
• ម្សៅពណ៌ផាត់ថ្ពាល់៖ ធ្វើម្សៅពណ៌ផាត់ថ្ពាល់ដោយខ្លួនឯងដោយគ្រាន់តែមានឆៃថាវក្រហមតែ២ទៅ៣មើមប៉ុណ្ណោះ។ ចំពោះវិធីធ្វើដំបូងយើងត្រូវយកឆៃថាវក្រហមទៅស្ងោរក្នុងទឹកពុះរយៈពេលប្រមាណ១០នាទី បន្ទាប់មកបកសម្បកចេញហើយកាត់ជាចំណិតស្តើងៗរួចយកទៅដាក់ហាលសម្ងួតក្រោមកម្តៅថ្ងៃរយៈពេល៨ថ្ងៃ។ ក្រោយហាលស្ងួតល្អហើយយើងយកវាមកដាក់កិនក្នុងម៉ាស៊ីនក្រឡុកឲ្យល្អិតឡើងម៉ដ្តខៃ នោះយើងនឹងបានម្សៅពណ៌ផាត់ថ្ពាល់ពណ៌ឈូកបែកក្រហមយ៉ាងស្រស់ស្អាត។
• ក្រែមលាបបបូរមាត់៖ ដើម្បីសម្រាំងឆៃថាវក្រហមក្លាយជាក្រែមបានដំបូងយើងត្រូវយកឆៃថាវចំនួន២មើមចិតសម្បកឲ្យស្អាតកាត់ដុំតូចៗរួចយកទៅកិនក្នុងម៉ាស៊ីនក្រឡុកឲ្យម៉ដ្តឡើងខាប់។ បន្ទាប់មកយកឆៃថាវកិនរួចនោះមកចាក់លើស្បៃពូតត្រងយកតែទឹក។ ធ្វើការត្រងម្តងជាពីរដងដើម្បីឲ្យអស់កាកនិងកម្ទេចសាច់ឆៃថាវ។ ចាប់ផ្តើមបើកភ្លើងដាំឆ្នាំងកម្តៅសមល្មមចាក់ទឹកឆៃថាវចូលធ្វើការកូររហូតរីងឡើងខាប់ទឹកទើបលើកចុះ។ ដួសទឹកខាប់ៗដាក់ក្នុងកូនចានមួយរួចយកក្រមួនលាបស្បែករបស់ផលិតផល Vaseline ដាក់ចូលបន្តិចឬសមល្មមនឹងបរិមាណទឹកខាប់នោះ កូរចូលគ្នាឲ្យសព្វ។ ជំហានចុងក្រោយគ្រាន់តែដួសដាក់ក្នុងក្លងតូចៗនិងយកទៅដាក់ក្លាសេក្នុងទូរទឹកកករយៈពេលប្រមាណកន្លះម៉ោងជាការស្រេច។ ក្រែមធម្មជាតិនេះបើទុកក្នុងទូរទឹកកអាចរក្សាគុណភាពបានរហូតដល់ទៅ ៦ខែ។ អាចប្រើលាបបានទំាងបបូរមាត់និងលាបបន្ថែមពណ៌នៅលើថ្ពាល់ផងដែរ។
• ពណ៌ផាត់ភ្នែក៖ រូបមន្តពណ៌ផាត់ភ្នែកយើងធ្វើដូចទៅនឹងរូបមន្តធ្វើក្រែមបបូរមាត់ដែរ គ្រាន់តែដល់ត្រង់ចំណុចដាក់ភ្លើងរម្ងាស់ទឹកឆៃថាវ យើងត្រូវរម្ងាស់ឲ្យខាប់ជាងមុន និងក្រោយមកមិនចាំបាច់លាយជាមួយអ្វីបន្ថែមទៀតទេ គ្រាន់តែដួសដាក់ក្នុងប្រអប់ឬក្លងតូចៗហើយដាក់សម្ងួតចោលរយៈពេល១អាទិត្យរហូតឃើញកកល្អជាការស្រេច។
រូបមន្តរក្សាសម្រស់
មិនខុសពីបន្លែផ្លែឈើដទៃ ក្រៅពីទទួលទានផ្តល់អត្ថប្រយោជន៍ចំពោះសុខភាព និងសម្រស់ពីខាងក្នុងហើយនោះ យើងក៏អាចយកឆៃថាវក្រហមមកបង្កើតជារូបមន្តរក្សាសម្រស់ពីខាងក្រៅឲ្យកាន់តែផូរផង់ផងដែរ។ សម្រាប់សម្រស់ស្បែកផ្នែកខាងក្រៅ សូវរីនបានស្រាវជ្រាវដោយផ្តោតទៅលើស្បែកមុខ និងបង្កើតជារូបមន្តតម្រូវទៅតាមប្រភេទបញ្ហាដែលកើតឡើងនៅលើស្បែក។ ចុះចំណោមបញ្ហាស្បែកខាងក្រោមនេះ តើមួយណាជាបញ្ហាដែលអ្នកកំពុងជួបប្រទះ?
• ស្បែកស្ងួត៖ យើងដឹងហើយថាឆៃថាវក្រហមមានផ្ទុកយ៉ាងច្រើនទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយជំរុញដល់លំហូរឈាមនៅក្នុងរាងកាយ។ ដើម្បីបង្កើតរូបមន្តរក្សាសម្រស់សម្រាប់ស្បែកស្ងួត យើងត្រូវមានគ្រឿងផ្សំដូចជា ទឹកដោះគោឆៅ១ស្លាបព្រាកាហ្វេ ប្រេងអាល់ម៉ុនឬប្រេងដូង២ទៅ៣តំណក់ និងទឹកឆៃថាវក្រហមស្រស់ចំនួន២ស្លាបព្រាកាហ្វេ។ ធ្វើការលាយគ្រឿងផ្សំទាំងប៉ុន្មានចូលគ្នាឲ្យសព្វ បន្ទាប់មកយកមកលាបពេញផ្ទៃមុខនិងប្រើម្រាមដៃម៉ាស្សារយៈពេល២នាទី រួចទុកចោលរយៈពេល១០នាទីទៀតទើបលាងជម្រះទឹកចេញ នោះអ្នកនឹងឃើញលទ្ធផលភ្លាមៗជាទីគាប់ចិត្ត។
• ស្បែកគ្រើម៖ ដើម្បីកែប្រែស្បែកគ្រើមស្រអាប់ឲ្យមកទន់រលោងភ្លឺថ្លាវិញ យើងអាចប្រើរូបមន្តដែលមានគ្រឿងផ្សំតែពីរមុខប៉ុណ្ណោះគឺ ម្សៅសម្បកក្រូច និង ទឹកឆៃថាវក្រហម។ យកចានគោមមួយដាក់ម្សៅសម្បកក្រូច២ស្លាបព្រាកាហ្វេលាយជាមួយទឹកឆៃថាវក្រហម១ស្លាបព្រាកាហ្វេកូរចូលគ្នារហូតឡើងខាប់ បន្ទាប់មកយកល្បាយនោះមកលាបលើផ្ទៃមុខទុករយៈពេល១៥នាទី រួចលាងជម្រះចេញដោយទឹកត្រជាក់។ អនុវត្តមួយថ្ងៃឆ្លាស់មួយថ្ងៃរយៈពេលមួយសប្តាហ៍អ្នកនឹងឃើញលទ្ធផលស្ទើរមិនគួរឲ្យជឿ។
• ស្បែកខ្លោច ៖
ការដើរក្រោមកម្តៅថ្ងៃដោយគ្មានអ្វីបិតបាំងនឹងបង្កឲ្យស្បែករងការបំផ្លាញឡើងជាំខ្មៅ និងស្លេកស្លាំង ហើយចំណោមឱសថធម្មជាតិដែលអាចព្យាបាលបញ្ហានេះបានគឺឆៃថាវក្រហមនេះឯង។ យកទឹកឆៃថាវស្រស់១ស្លាបព្រាកាហ្វេលាយជាមួយយ៉ាអួរ១ស្លាបព្រាបាយ បន្ទាប់មកលាបម៉ាស្សាលើផ្ទៃមុខ និងទុកចោលរយៈពេល២០ទៅ២៥នាទីរួចលាងជម្រះទឹកចេញ។ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ គប្បីអនុវត្តពី២ទៅ៣ដងក្នុងមួយសប្តាហ៍។
• រង្វង់ភ្នែកខ្មៅ៖
ទោះបីឆៃថាវក្រហមមានពណ៌ក្រហមក្រមៅ ប៉ុន្តែពណ៌ក្រហមក្រមៅនេះហើយដែលវាមានសមត្ថភាពក្នុងការលុបបំបាត់រង្វង់ភ្នែកខ្មៅបន្តិចម្តងៗរហូតគ្មានសេសសល់។ អនុវត្តយកទឹកឆៃថាវក្រហម១ស្លាបព្រាកាហ្វេលាយជាមួយប្រេងអាល់ម៉ុន២ទៅ៣តំណក់ បន្ទាប់មកលាបម៉ាស្សាលើរង្វង់ភ្នែកខ្មៅ និងទុករយៈពេល១៥នាទី ទើបលាងជម្រះចេញដោយទឹកត្រជាក់។
• ស្នាមជ្រីវជ្រួញ៖
មើមឆៃថាវក្រហមត្រូវបានគេរកឃើញថាវាបានផ្ទុកនូវសារធាតុចិញ្ចឹមពីធម្មជាតិដែលមានសមត្ថភាពខ្ពស់អាចកាត់បន្ថយស្នាមជ្រីវជ្រួញ និងការឡើងស្នាមឆ្នូតៗនៃសញ្ញាភាពចាស់នៅលើផ្ទៃមុខបានយ៉ាងមានប្រសិទ្ធភាព។ មានផលិតផលភាគតិចណាស់ដែលប្រើប្រាស់ឆៃថាវក្រហមជាគ្រឿងផ្សំដើម្បីកម្ចាត់ស្នាមជ្រួញ ប៉ុន្តែយើងអាចទាញប្រយោជន៍មកដោះស្រាយបញ្ហានេះបានដោយគ្រាន់តែយកឆៃថាវក្រហមកិនជាមួយទឹកឃ្មុំបង្កើតជាម៉ាស បន្ទាប់មកលាបលើផ្ទៃមុខទុកចោលរយៈពេលពី១៥ទៅ២០នាទី រួចលាងទឹកជម្រះចេញជាការស្រេច។ អនុវត្តជាប់ជាប្រចាំត្រឹមរយៈពេល២ទៅ៣សប្តាហ៍អ្នកនឹងឃើញថាស្នាមជ្រីវជ្រួញនឹងចាប់ផ្តើមកាត់បន្ថយ។
• បញ្ហាមុន៖
មើមឆៃថាវក្រហមគឺជាមេចម្បាំងរាល់បញ្ហាមុនតូចធំនៅលើផ្ទៃមុខរួមទាំងស្នាមអុជខ្មៅ។ ធ្វើការកិនឆៃថាវក្រហមជាមួយល្មៀតនិងបន្ថែមដោយទឹកឃ្មុំឲ្យក្លាយជាល្បាយតែមួយ។ អនុវត្តរៀងរាល់យប់មុនពេលចូលគេងដោយយកល្បាយនេះមកលាបលើផ្ទៃមុខទុករយៈពេល១៥ទៅ២០នាទីរួចលាងជម្រះទឹកចេញ។
• ពណ៌ស្បែកមិនស្មើគ្នា៖
នៅពេលស្បែកឡើងពណ៌ក្រហមក្រមៅដុំៗមិនស្មើគ្នា វានឹងធ្វើឲ្យស្រស់មុខកាន់តែយ៉ាប់យ៉ឺនជាងបញ្ហាមុខមុនទៅទៀត។ ជាសំណាងល្អឆៃថាវក្រហមជាឱសធម្មជាតិដែលអាចព្យាបាលទៅលើបញ្ហានេះ។ អនុវត្តរៀងរាល់ថ្ងៃមុនពេលចូលគេង ដោយយកសំឡីជ្រលក់ទឹកឆៃថាវក្រហម រួចដាក់ផ្តិតលើកន្លែងឡើងពណ៌មិនស្មើទាំងប៉ុន្មានលើផ្ទៃមុខ ហើយទុកចោលរហូតដល់ព្រឹកឡើងទើបលាងជម្រះចេញដោយទឹកត្រជាក់។
ជារួមមក ឆៃថាវក្រហម គឺជាបន្លែមើមមួយប្រភេទដែលផ្តល់អត្ថប្រយោជន៍ខ្ពស់ចំពោះសុខភាព និងសម្រស់។ តាមការស្រាវជ្រាវរបស់អ្នកជំនាញការទទួលទានឆៃថាវក្រហម ជាពិសេសតាមរយៈភេសជ្ជៈទឹកស្រស់ អាចជួយបញ្ចុះសម្ពាធឈាម ទប់ស្កាត់ជំងឺបេះដូង ជំងឺមហារីកពោះវៀនធំ បញ្ហាខ្វះគ្រាប់ឈាមក្រហម ប្រឆាំងការហើមរលាកក្នុងរាងកាយ ព្យាបាលជំងឺសន្លាក់ ពង្រឹងមុខងារថ្លើម ពង្រឹងប្រព័ន្ធការពារ ផ្តល់ថាមពល ការពារទល់លាមក ពង្រឹងប្រព័ន្ធរំលាយអាហារ បង្កើនការចងចាំ ជំនួយសុខភាពភ្នែក និងជួយជំរុញជាតិពុលចេញពីរាងកាយផងដែរ។ រីឯសម្រស់វិញ ជួយការពារការវិវឌ្ឍន៍សញ្ញាភាពចាស់នៅលើស្បែក ផ្តល់សំណើមដល់ស្បែក ជំនួយសុខភាពសក់ រក្សារាងស្អាត ការពារមុនតូចធំ និងការពារការកើតអង្គែលើស្បែកក្បាល។ ថ្វីដ្បិតឆៃថាវក្រហមមិនសូវជានិយមសម្រាប់ប្រជាជនយើងយកមកធ្វើជាម្ហូបអាហារប្រចាំថ្ងៃ ប៉ុន្តែយើងអាចទាញប្រយោជន៍ពីវាតាមរយៈការទទួលទានជាភេសជ្ជៈទឹកគាបស្រស់ៗ រួមជាមួយច្នៃធ្វើជារូបមន្តរក្សាសម្រស់ដូចបានរៀបរាប់នៅខាងលើ ខណៈដែលបន្លែប្រភេទនេះភាគច្រើនយើងអាចងាយរកបាននៅតាមផ្សារទំនើបជាមួយតម្លៃសមរម្យផងដែរ៕
Article by HEM SOKKHIM