×

​ចាប់​ផ្តើម​​ដាំ​ដំណាំ​​ងាយ​ៗ​​៤​ប្រភេទ​​នៅ​​ជុំវិញ​ផ្ទះ​​ដើម្បី​​សុខភាព​ផង​ ​និង​ ​ដើម្បី​តម្រូវ​ការ​បន្លែបង្ការ​ប្រចាំថ្ងៃ​ផង​!

TRAVEL & LIVING 2 months ago

           ​លោកអ្នក​តែងតែ​ឮ​ជាហូរហែ​កន្លងមក​​​ថា​បន្លែបង្ការ​ដែល​ទិញ​មកពី​ផ្សារ​ភាគច្រើន​ជា​កសិផល​នាំចូល​ពី​ប្រទេសជិតខាង​ដែល​មិន​មាន​ប្រភព​ព័ត៌មាន​ច្បាស់លាស់​ ​និង​ធ្វើឲ្យ​អ្នកប្រើប្រាស់​ក្នុងស្រុក​ព្រួយបារម្ភ​អំពី​ផល​ប៉ះពាល់​របស់​បន្លែ​ទាំងនោះ​ចំពោះ​សុខភាព​របស់​ពួកយើង​ទាំងអស់គ្នា​។​ ​អាស្រ័យហេតុនេះ​ ​ការ​ដាំ​បន្លែបង្ការ​បន្តិចបន្តួច​នៅក្បែរ​ៗ​ផ្ទះ​សម្រាប់​ស្លស្លុក​ប្រចាំថ្ងៃ​អាច​ជា​ជម្រើស​ឈ្លាសវៃ​ដើម្បី​ទប់​ស្កាត់​ហា​និ​ភ័យ​ចំពោះ​សុខភាព​ជាយថាហេតុ​។​ ​ប៉ុន្តែ​អ្វី​ដែល​លោកអ្នក​អាច​ចោទ​ជា​សំនួរ​នោះ​គឺ​ត្រង់ថា​ ​តើ​គួរ​ជ្រើសរើស​ដំណាំ​ណាខ្លះ​សម្រាប់​ដាំ​ដុះ​? ​ហើយ​បន្លែ​ប្រភេទ​ណា​ដែល​ងាយ​ឲ្យផល​ ​ក្នុង​ខណៈ​ដែល​លោកអ្នក​មិន​មាន​ពេ​លមើល​ថែទាំ​ដំណាំ​ទាំងនោះ​គ្រប់គ្រាន់​ ​ឬ​ ​មិនសូវ​យល់​ដឹង​ពី​បច្ចេកទេស​ដាំ​ដុះ​ច្បាស់​ផង​នោះ​? ​ខាងក្រោម​នេះ​ជា​បន្លែ​៥​ប្រភេទ​ដែល​គេហទំព័រ​បរទេស​ជា​មគ្គទេសក៍​ផ្នែក​ដាំ​ដុះ​ដោយខ្លួនឯង​មានឈ្មោះ​ថា​ “​Morning​ ​Chore​s” ​បាន​ណែ​នាំឲ្យ​សាកល្បង​ដាំ​ដុះ​នៅផ្ទះ​។​

          ​១​. ​សាលាដ​ :​ប្រជាជន​យើង​និយម​ដាំដំណាំ​សាលាដ​នៅ​ក្នុង​ចម្ការ​ជិត​ៗ​ផ្ទះ​ ​ប៉ុន្តែ​តាមពិត​ដំណាំ​នេះ​អាច​ដាំ​បាន​ដោយ​គ្មាន​ដី​ចម្ការ​ក៏​ដុះ​ដែរ​។​ ​យើង​អាច​ដាំ​សាលាដ​នៅក្នុងផ្ទះ​តែម្តង​ ​តាមវិធី​សា​ស្រ្ត​ជាច្រើន​ ​រួម​មាន​ ​ទីមួយ​ ​ដាំ​សាលាដ​ចេញពី​គល់​សាលាដ​នៅ​ក្នុង​ចានគោម​ទឹកក្តៅ​ឧណ្ហ​ៗ​ (​ដល់ពេល​វា​ដុះ​ ​ត្រូវ​ផ្ទេរ​ចូល​ទៅ​ក្នុង​ផើងផ្កា​) ​ទីពីរ​ ​ដាំ​នៅ​ក្នុង​ថង់​សំរាម​ដែល​ចោះ​ប្រហោង​តូច​ៗ​ (​ត្រូវ​ដាក់​ចាន​សំប៉ែត​ពីក្រោម​ថង់​ដើម្បី​ត្រង​ទឹក​) ​ទីបី​ ​ដាំ​ក្នុង​ផើងផ្កា​ជា​លក្ខណៈ​ប្រពៃណី​ធម្មតា​ ​ទី​បួន​ ​ដាំ​របៀប​សួន​សាលាដ​ចល័ត​ (​ប្រើ​រទេះរុញ​មាន​សណ្ឋាន​ដូច​ជើង​ទូរទស្សន៍​ដែល​អាច​រំកិល​ផ្លាស់ប្តូរ​ទីតាំង​បាន​) ​និង​ ​ទី​ប្រាំ​ ​ដាំ​ដុះ​ដោយ​ប្រើ​ពន្លឺភ្លើង​ ​L​E​D​ ​Grow​ ​Light​s (​ដាក់​ផើង​ដាំ​សាលាដ​ ​ឬ​ ​ថាស​បណ្តុះ​គ្រាប់​សាលាដ​ ​នៅ​លើ​ធ្នើរ​ដែក​អ៊ី​ណុ​ក​) ​ដែល​វិធី​សា​ស្រ្ត​ចុងក្រោយ​នេះ​សក្តិ​សម​បំផុត​សម្រាប់​កន្លែង​ដែល​គ្មានពន្លឺ​ថ្ងៃ​ចេញចូល​គ្រប់គ្រាន់​។​ ​ចំពោះ​ប្រភេទ​សាលាដ​ដែល​គួរ​ដាំ​មាន​ដូចជា​ ​សាលាដ​រ៉ូម៉េ​ន​ (Ro​main​e​) ​សាលាដ​អាយ​ស៍បឺហ្គ (​Ice​berg​) ​និង​ ​សាលាដ​ស្លឹក​ (​Leaf​ ​Lettuce​) ​។​ ​ដំណាំ​នេះ​ងាយស្រួល​ដាំ​ ​ព្រោះ​វា​មិនសូវ​រើស​អាកាសធាតុ​។​ ​នៅ​ប្រទេស​ត្រជាក់​ធ្លាក់ព្រិល​ ​ក៏​សាលាដ​នៅតែ​អាច​រស់​បាន​ ​ដោយ​គ្រាន់តែ​យក​ថង់​ប្លាស្ទិក​ ​ឬ​ ​ក្រណាត់​ទៅ​គ្រប​ពីលើ​វា​ជាការស្រេច​។​ ​ចំណុច​ពិសេស​ផ្សេងទៀត​នោះ​ ​គឺ​ ​សាលាដ​ងាយស្រួល​ក្នុង​ការ​បណ្តុះ​គ្រាប់​ ( ​ដុះ​ក្នុង​ចន្លោះ​ពី​២​-​១​៥​ថ្ងៃ​) ​ព្រមទាំង​អាច​ប្រមូល​ផល​បាន​រហូត​រយៈពេល​ច្រើន​ខែ​។​ ​ប៉ុន្តែ​យកល្អ​ ​លោកអ្នក​គួរ​ដាំ​វា​ម្តង​បន្តិចៗ​ក្នុងរយៈពេល​២​-​៣​ស​ប្តាហ៍​ម្តង​ ​ព្រោះ​កាលណា​ដាំ​ច្រើនពេក​ក្នុង​ពេល​តែមួយ​ ​សាលាដ​នឹង​ដុះ​ច្រើនពេក​ក្នុង​ពេល​តែមួយ​ ​ប្រើការ​មិន​អស់​អាច​ខូច​ ​ហើយ​កុំ​ភ្លេច​ដក​ចោល​ខ្លះ​ ​កុំ​អោយ​ចង្អៀត​រង​វា​ពេក​។

          ២​. ​ស្ពៃ​អេ​ពីណា​ ​ឬ​ ​Spinach​ :​គេហទំព័រ​ ​Morning​ ​Chore​s ​បាន​អះអាង​ថា​ ​ដំណាំ​ស្ពៃ​អេ​ពីណា​ ​ឬ​ ​Spinach​ ​នេះ​ ​គឺជា​ប្រភេទ​ដំណាំ​ដែល​ងាយស្រួល​ដាំ​ជាងគេបង្អស់​ក្នុងចំណោម​ដំណាំ​ដែល​ងាយស្រួល​ដាំ​។​ ​វិធី​សា​ស្រ្ត​នៃ​ការ​ដាំ​ដ​ណាំ​មួយ​នេះ​គឺ​មិន​ខុស​អ្វី​ពី​វិធី​សា​ស្រ្ត​ដាំដំណាំ​សាលាដ​ស្លឹក​ខាងលើ​នោះ​ទេ​។​ ​ដំណាំ​នេះ​ដុះ​បាន​ល្អ​នៅ​លើ​ដី​ដែល​ជ្រាប​ទឹក​។​ ​លោកអ្នក​ត្រូវ​ស្រោចទឹក​វា​ក្នុងរយៈពេល​៧​-​១​០​ថ្ងៃ​ម្តង​ ​ហើយ​អាច​ប្រមូល​ផល​វា​បាន​ក្នុង​ចន្លោះ​ពី​១​ខែ​កន្លះ​ ​ទៅ​២​ខែ​ ​ដូចគ្នានឹង​ដំណាំ​សាលាដ​ដែរ​។​ ​ស្ពៃ​អេ​ពីណា​មាន​បី​ប្រភេទ​សំខាន់​ៗ​ដែល​យើង​អាច​ជ្រើសរើស​អាស្រ័យ​ទៅតាម​អាកាសធាតុ​នៃ​កន្លែង​ដែល​លោកអ្នក​រស់នៅ​ជាក់ស្តែង​។​ ​ប្រភេទ​ទីមួយ​គឺ​ ​មានឈ្មោះ​ថា​ S​a​v​o​y​ ​ដែល​ជា​ប្រភេទ​មាន​ស្លឹក​រឹង​ជ្រួញ​ ​ហើយ​ធន់​នឹង​អាកាសធាតុ​។​ ​ប្រភេទ​នេះ​មិន​ស៊ាំ​នឹង​អាកាសធាតុ​ក្តៅ​ទេ​ ​ព្រោះ​វា​មាន​ស្លឹក​ជ្រួញ​ខ្លាំង​ពិបាក​លាង​ស​ម្អា​ត​។​ ​ប្រភេទ​ទីពីរ​ ​គឺ​ ​Semi​-S​a​v​o​y​ (​ពាក់កណ្តាល​ S​a​v​o​y​) ​ដែល​ជា​ប្រភេទ​មាន​ស្លឹក​រឹងតែ​មិនសូវ​ជ្រួញ​ខ្លាំង​ ​មិនសូវ​ធន់​នឹង​អាកាសធាតុ​ដូច​ប្រភេទ​ទីមួយ​ទេ​ ​ប៉ុន្តែ​វា​ជា​ពូជ​ធន់​នឹង​ជំងឺ​ ​និង​ ​មិន​ងាយ​ជួប​បញ្ហា​លូតលាស់​លឿន​ពេក​ (​ចេញ​គ្រាប់​និង​ផ្កា​តែ​មិនសូវ​លាស់​ស្លឹក​)​។​ ​ដោយឡែក​ ​ប្រភេទ​ទីបី​គឺ​ ​Flat​ ​Leaf​ ​ជា​ប្រភេទ​ស្លឹក​សំប៉ែត​រលោង​ ​ដែលគេ​ពេញ​និយម​លក់​នៅ​លើ​ ​ទី​ផ្សារ​ច្រើនជាង​គេ​។​ ​វា​អាច​ដុះ​បាន​ទាំង​នៅ​ក្រោម​ពន្លឺ​ថ្ងៃ​ក្តៅ​ល្អ​ ​ឬ​ ​នៅ​ក្នុង​ម្លប់​បន្តិចបន្តួច​។​ ​ជាពិសេស​ ​វា​ជា​ដំណាំ​អាច​បណ្តុះ​គ្រាប់​បាន​ដោយ​ផ្ទាល់​។​ ​ចំពោះ​វិធី​សា​ស្រ្ត​ថែទាំ​ ​គឺ​គ្រាន់តែ​ដក​វា​ចោល​ខ្លះ​ ​នៅ​ត្រង់កន្លែង​ដែល​វា​ដុះ​កកកុញ​ច្រើនពេក​ ​ដើម្បីឲ្យ​ស្ពៃ​នីមួយៗ​លូតលាស់​បាន​រឹង​មាំ​ល្អ​។​ ​ដំណាំ​នេះ​អាច​ប្រមូល​ផល​បាន​លឿន​ជាង​សាលាដ​ទៅទៀត​ ​គឺ​ ​ត្រឹមតែ​ជាង​មួយ​ខែ​ (​ប្រមាណ​៤​០​ថ្ងៃ​) ​ប៉ុណ្ណោះ​។​

​៣​. ​ការ៉ុត:ជាទូទៅ​ ​ពួក​ដំណាំ​មើម​ជា​ប្រភេទ​ដំណាំ​ស្រួល​ដាំ​ ​ហើយ​ក្នុងចំណោម​នោះ​ដំណាំ​ការ៉ុត​ជា​ប្រភេទ​ងាយស្រួល​ដាំ​ជាងគេ​បំផុត​។​ ​យើង​អាច​សាបព្រោះ​បណ្តុះ​គ្រាប់​ទៅ​ក្នុង​ដី​ផ្ទាល់​ ​ឬ​ ​ក្នុង​ចានដែក​ធំ​មួយ​ក៏បាន​។​ ​ចំពោះ​វិធី​សា​ស្រ្ត​ថែទាំ​ដំណាំ​មើម​មួយ​នេះ​ ​គឺ​ធ្វើ​យ៉ាងណា​ក៏​ឲ្យ​ដីធូរ​ដើម្បីឲ្យ​មើម​វា​មាន​កន្លែង​លូតលាស់​រីក​ធំ​បាន​ល្អ​ ​ពោល​គឺ​ចៀសវាង​ដាក់គ្រាប់​ពូជ​ចូល​ទៅ​ក្នុង​ដី​ច្រើនពេក​។​ ​នៅពេលដែល​គ្រាប់​វា​ដុះ​ចេញ​មក​ហើយ​ ​ត្រូវ​ដើរ​ដកចេញ​ខ្លះ​កុំឲ្យ​វា​ដុះ​ប្រជ្រៀតគ្នា​ណែនណាន់តាន់តាប់​។​ ​ម្យ៉ាង​វិញទៀត​ ​ការ​ជ្រើសរើស​ដី​ពិតជា​សំខាន់​ ​បើ​ដី​អ្នកជា​ប្រភេទ​ដី​ផុស​ធូរ​ល្អ​ ​វា​មិនមែន​ជា​បញ្ហា​នោះ​ទេ​ ​ប៉ុន្តែ​ប្រសិនបើ​វា​ជា​ប្រភេទ​ដីរឹង​ ​ដូចជា​ដីឥដ្ឋ​ ​ឬ​ ​ដី​កក​ដុំ​ៗ​ ​នោះ​អ្នក​ត្រូវ​ជ្រើសរើស​ពូជ​ការ៉ុត​ដែល​ធន់​ខ្លាំង​សមនឹង​ដីរឹង​។​ ​ក្នុង​ករណី​គ្មាន​ដី​ធំ​ទូលាយ​ ​អ្នក​អាច​សាកល្បង​ដាំ​ការ៉ុត​ក្នុង​ផើង​ឬ​ធុង​ធំ​មួយ​(​ចំណុះ​៥​ហ្គា​ឡុង​ដែល​ល្មម​អាច​ដាំ​ដើម​ឈើមួយដើម​បាន​)​។​ ​ពេល​ដាំ​ហើយ​ ​អ្នក​គ្រាន់តែ​ស្រោចទឹក​ជា​ទៀងទាត់​ ​និង​ ​ដាក់ជី​បន្ថែម​មួយ​ខែ​ម្តង​ជាការស្រេច​។​ ​ដំណាំ​នេះ​អាច​ប្រមូល​ផល​បាន​ក្នុងរយៈពេល​ចន្លោះ​ពី​មួយ​ខែ​កន្លះ​និង​ពីរ​ខែ​។​ ​លើស​ពីនេះទៅ​ទៀត​ ​វា​អាច​លូតលាស់​ល្អ​បានជា​មួយ​ដំណាំ​ផ្សេងៗ​ទៀត​ ​ដូចជា​ ​សាលាដ​ ​សណ្តែកបារាំង​ ​និង​ ​ប៉េងប៉ោះ​ ​។​ល​។​

​៤​. ​ម្ទេស​ហា​វ៉ៃ :​យើង​សំដៅ​លើ​ម្ទេស​ធំ​ៗ​ដែល​យើង​និយម​យកទៅ​ធ្វើម្ហូប​ឆា​បន្លែ​គ្រប់មុខ​ ​ឬ​ ​ធ្វើ​សាលាដ​ ​រាប់បញ្ចូល​ទាំង​ម្ទេស​ពណ៌បៃតង​ ​ពណ៌ក្រហម​ ​និង​ពណ៌​លឿង​។​ ​ដើម្បី​ដាំ​រុក្ខជាតិ​នេះ​គេ​ត្រូវ​បណ្តុះ​ក្នុងរយៈពេល​ត្រឹមតែ​ចន្លោះ​ពី​៨​ថ្ងៃ​ដល់​២​៥​ថ្ងៃ​ ​ពោល​គឺ​មិនដល់​មួយ​ខែ​ផង​។​ ​បន្ទាប់មក​ត្រូវ​ទុក​វា​នៅ​ខាងក្នុង​អគារ​ប្រហែល​ចន្លោះ​ពី​៤​ទៅ​៦​ស​ប្តាហ៍​មុននឹង​យក​វា​ទៅ​ដាក់​ហាលថ្ងៃ​នៅ​ខាងក្រៅ​។​ ​ប្រសិនបើ​លោកអ្នក​មិន​ចង់​ចំណាយ​ពេល​ ​បណ្តុះ​វា​យូរ​ទេ​ ​លោកអ្នក​អាច​ទិញ​ពន្លក​ដែល​ដុះ​ស្រាប់​ទៅ​ហាង​លក់​គ្រាប់​ពូជ​តែម្តង​ក៏បាន​។​ ​អ្វី​ដែល​សំខាន់​បំផុត​សម្រាប់​ការ​ដាំ​ដុះ​ដំណាំ​នេះ​ ​គឺ​ពន្លឺព្រះអាទិត្យ​ ​ព្រោះ​ម្ទេស​ហា​វ៉ៃ​ត្រូវការ​ពន្លឺ​ថ្ងៃ​ច្រើនជាង​៦​ម៉ោង​ក្នុងមួយថ្ងៃ​។​ ​ចំពោះ​ប្រភេទ​ដី​ ​ដំណាំ​ម្ទេស​ហា​វ៉ៃ​ត្រូវការ​ប្រភេទ​ដី​ជ្រាប​ទឹក​លាយ​នឹង​ជី​កំ​ប៉ុស្តិ៍​។​ ​ចំណែក​ការថែទាំ​វិញ​ ​លោកអ្នក​គ្រាន់តែ​ស្រោចទឹក​ជាប្រចាំ​ ​ដាក់ជី​មួយ​ខែ​ម្តង​ ​និង​ជម្រះ​ស្មៅ​បំផ្លាញ​។​ ​លោកអ្នក​អាច​ប្រមូល​ផល​ ​វា​បាន​ក្នុងរយៈពេល​យ៉ាង​យូរ​ពីរ​ខែ​ ​គឺ​នៅ​ពេល​វា​ប្រែ​ពណ៌​ភ្លឺ​រលោង​តាម​ពណ៌​ពូជ​ដែល​លោកអ្នក​ជ្រើសរើស​ដាំ​។​ ​ប្រសិនបើ​លោកអ្នក​ក្រ​ប្រមូល​ផល​ពេក​ ​វា​នឹង​ចាប់ផ្តើម​ស្ល​ក​ពណ៌​ជាមិនខាន​៕​

Article​ ​by​ Sr​in​ ​So​k​mean


 


SUGGESTIONS