ប្រជាជនខ្មែរនិយមតុបតែងលម្អគោមផ្កាយក្នុងពិធីបុណ្យចូលឆ្នាំដើម្បីអ្វី?
TRAVEL & LIVING 5 years ago វាមិនមានអ្វីចម្លែកទេប្រសិនបើអ្នកឃើញគោមផ្កាយចម្រុះពណ៌តូចធំដែលគេចងដាក់តាំងលម្អនៅ តាមគេហដ្ឋាន ឬ តាមដងវិថី ឬ ក្នុងកម្មវិធីកម្សាន្តសប្បាយនៅតាមសាលារៀន និង ស្ថាប័នការងារនានា ក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ព្រោះវាបានក្លាយជាទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរតាំងពីយូរយារណាស់មកហើយ។ ប្រជាជនខ្មែរមួយចំនួនធំប្រហែលជាដឹងត្រឹមថាគេចងព្យួរគោមផ្កាយសម្រាប់បង្កើន សោភ័ណភាពផ្ទះសម្បែង ឬ ទីតាំងប្រារព្ធកម្មវិធីឲ្យស្រស់ស្អាតតាមការនិយមតៗគ្នាតែប៉ុណ្ណោះប៉ុន្តែពួកគេ ទំនងជាពុំទាន់ដឹងអំពីមូលហេតុចម្បងនៃការប្រើប្រាស់គ្រឿងតុបតែងលម្អប្រភេទនេះឡើយ។
បើតាមអត្ថន័យទូទៅ យើងសង្កេតឃើញថាខ្មែរជាជនជាតិដែលមានជំនឿលើពន្លឺដែលស្តែងឡើង តាមរយៈការសង់ផ្ទះបែរមុខទៅទិសខាងកើតឆ្ពោះទៅរកព្រះអាទិត្យ ការបើកទ្វារបើកបង្អួចធំៗឲ្យស្រឡះ ឲ្យផ្ទះភ្លឺ ការប្រើពាក្យតួយ៉ាង «ភ្ញៀវពន្លឺ» «ពន្លឺចំណេះវិជ្ជា» ជាដើម។ ពន្លឺជានិមិត្តរូបនៃសិរីសួស្តី និង ភាពរីក ចម្រើន ដែលមនុស្សគ្រប់រូបរមែងតែងតែប្រាថ្នាចង់បាន។ ដូចនេះ ការតុបតែងលម្អផ្ទះសម្បែង និងភូមិដ្ឋាន ដោយប្រើចង្កៀងគោមដែលមានពន្លឺជារឿងដែលមានហេតុផលសមស្របជាទីបំផុត។ ម្យ៉ាងវិញទៀត កាល ពីសម័យដើម ស្រុកទេសយើងពុំទាន់ជឿនលឿនពុំទាន់មានភ្លើងអគ្គិសនីប្រើ ពុំទាន់មានភ្លើងពិលនិងអំពូល ផ្សេងៗនៅឡើយ ដូចនេះ នៅពេលទៅលេងកម្មវិធីបុណ្យទាននៅក្នុងភូមិឬតាមវត្តអារាមនៅពេលយប់ងងឹត ប្រជាជនចាំបាច់ត្រូវការពន្លឺភ្លើងចង្កៀងគោមដើម្បីងាយស្រួលជួបជុំគ្នារាំលេងកម្សាន្តនិងធ្វើកម្មវិធីផ្សេងៗ។
ស្របជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត លី រស្មី អគ្គលេខាធិការរងនៃអគ្គលេខាធិការគណៈស្ថាបត្យករកម្ពុជាធ្លាប់មានប្រសាសន៍ថា ក្នុងផ្នត់គំនិតខ្មែរបុរាណ មនុស្សសត្វដែលរស់នៅលើផែនដីទាំងអស់សុទ្ធតែ ទទួលឥទ្ធិពលពីផ្កាយនព្វគ្រោះ គឺផ្កាយទាំងប្រាំបួនដែលជាមង្គលរបស់សត្វលោក ក្នុងនោះរួមមាន ព្រះ អាទិត្យ ព្រះច័ន្ទ ផ្កាយអង្គារ ផ្កាយពុធ ផ្កាយព្រហស្បត្តិ៍ ផ្កាយសុក្រ ផ្កាយសៅរ៍ រាហុ៍ និង កេតុ។ ជំនឿខាង លើនេះបានជះឥទ្ធិពលដល់សំណង់ស្ថាបត្យកម្មលំនៅស្ថានខ្មែរ ដូចជាការប្រើប្រាស់គ្រឿងលម្អស្ថាបត្យកម្មម្យ៉ាងហៅថា នព្វ ឬ នប់ សម្រាប់ដាក់លើមេដំបូលដែលខ្ពស់ជាងគេដែលតំណាងឲ្យផ្កាយនព្វគ្រោះ។
តាមការសិក្សាស្រាវជ្រាវរបស់ឯកឧត្តម ការរចនាដោយប្រើសណ្ឋានជានព្វឬផ្កាយនព្វគ្រោះនេះមាន វត្តមានតាំងពីសម័យលង្វែកមកម្ល៉េះ ផ្ទុយពីសម័យមុនៗដែលការរចនាដំបូលប្រាសាទច្រើនមានសណ្ឋាន នាងច្រាល។ ទន្ទឹមនឹងស្ថាបត្យកម្ម ការរចនាចង្កៀងគោមក៏មានលេចជារូបរាងផ្កាយទៅតាមដំណើរនោះ ដែរ។ គួរបញ្ជាក់ផងដែរថា ចង្កៀងគោមខ្មែរមានច្រើនបែបច្រើនទម្រង់ណាស់ ដូចជា ចង្កៀងគោមមូល ចង្កៀងគោមជ្រុង ចង្កៀងគោមមេអំបៅ ចង្កៀងគោមកន្ទុយត្រី ប៉ុន្តែម៉ូដដែលខ្មែរនិយមច្រើនជាងគេនោះ គឺ ចង្កៀងគោមនព្វ ឬ ចង្កៀងគោមផ្កាយ នេះឯង។
ចំពោះរបៀបធ្វើចង្កៀងគោមនព្វ ឬ គោមផ្កាយនេះ គឺគេប្រើប្រាស់ឈើឫស្សីមកច្រៀកឲ្យតូចល្មម ប៉ុនចង្កឹះ ហើយសម្រួចចុងវាឲ្យស្រួច ទើបកាច់ចេញជារាងផ្កាយឲ្យបានពីរផ្ទាំង។ បន្ទាប់មក គេត្រូវយកផ្កាយ ទាំងពីរផ្ទាំងនោះមកផ្គុំគ្នាទល់ដោយឫស្សីប្រវែងមួយចំអាមនៅត្រង់ចំណុចពោះរបស់វា។ បន្ទាប់មកទៀត គេត្រូវយកក្រដាសកាសែតទៅគ្របសង្កត់លើឆ្អឹងឫស្សីនោះ រួចកាត់វាជារាងផ្កាយទុកធ្វើជាពុម្ពកាត់ក្រដាស ពណ៌ភ្លឺថ្លាៗបិតពាសលើឆ្អឹងនោះជាការស្រេច។ ពីសម័យមុន គេប្រើខ្លាញ់ត្រីដើម្បីអុជបំភ្លឺគោមផ្កាយនោះ ប៉ុន្តែចំណេរកាលក្រោយមក គេនិយមប្រើទៀនឬអំពូលអគ្គិសនីជំនួសវិញ៕
Article by SRIN SOKMEAN