ភេសជ្ជៈតែរុក្ខជាតិដែលក្រុមវេជ្ជសាស្រ្តបុរាណអាមេរិកថាល្អសម្រាប់រដូវក្តៅ
TRAVEL & LIVING 4 years agoមកដល់អំឡុងខែមីនា-មេសានេះ នរណាៗក៏រអ៊ូរឿងអាកាសធាតុក្តៅដែរ ព្រោះវាជារដូវប្រាំងដែលយើងប្រឈមមុខនឹងអាការស្អុះស្អាប់ ហើយមិនសូវចង់ដើរចេញទៅខាងក្រៅផ្ទះនោះទេ។ បញ្ហានេះអាចកាត់បន្ថយបាន ប្រសិនបើយើងចេះធ្វើរូបមន្តភេសជ្ជៈត្រជាក់ៗទុកទទួលទាននៅផ្ទះដោយខ្លួនឯង មិនចាំបាច់ពិបាកទៅទិញពីហាង ឬតូបភេសជ្ជៈនៅតាមផ្លូវទាល់តែសោះ។ ខាងក្រោមនេះជារូបមន្តភេសជ្ជៈផ្សំដោយរុក្ខជាតិចំនួនបីប្រភេទដែលត្រូវបានណែនាំដោយក្រុមអ្នកជំនាញផ្នែកឱសថបុរាណនៃសហរដ្ឋអាមេរិកថាសក្តិសមសម្រាប់រដូវក្តៅ ដោយសារតែអត្ថប្រយោជន៍បែបធម្មជាតិរបស់រុក្ខជាតិដែលយកមកផ្សំអាចប្រឆាំងកម្តៅដែលប៉ះពាល់មកលើរាងកាយ និងជួយកាត់បន្ថយកម្តៅពីខាងក្នុងផងដែរ មិនមែនដោយសារតែដាក់ទឹកកកទើបធ្វើឲ្យត្រជាក់នោះទេ!
១. ទឹកតែផ្ការំយោល
ភេសជ្ជៈនេះមានប្រជាប្រិយភាពនៅក្នុងវប្បធម៌ប្រទេសជាច្រើនដូចជា ប្រទេសឥណ្ឌា អាមេរិកឡាទីន អ៊ីតាលី និងរុស៊្សី។ ផ្ការំយោលមានរសជាតិជូរលាយល្វីងបន្តិចបន្តួច ដែលជួយធ្វើឲ្យរាងកាយស្រស់ស្រាយ។ ប្រសិនបើលោកអ្នកចូលចិត្តរសជាតិផ្អែម លោកអ្នកអាចបន្ថែមផ្កាកិចហួយ និងចន្ទន៍ក្រឹស្នា ហើយប្រសិនបើចង់បានរសជាតិរឹតតែជូរមុត គួរបន្ថែមផ្លែកុលាប (Rosehip) បន្តិចបន្តួចតាមចំណូលចិត្ត។ គ្រឿងផ្សំសំខាន់ៗ ផ្ការំយោលក្រៀម ¼ពែង ផ្កាកិចហួយ ¼ពែង ផ្លែកុលាប ២ស្លាបព្រាបាយ ម្សៅឈើអែម ១ស្លាបព្រាបាយ។ ចំពោះវិធីធ្វើគឺត្រូវលាយបញ្ចូលរុក្ខជាតិទាំងអស់ចូលក្នុងដបចំណុះ ½ gallon (ប្រហែល ២លីត្រ)។ ចាក់ទឹកក្តៅឆុងទុកក្នុងរយៈពេល៣០នាទី។ អាចថែមទឹកឃ្មុំ បើចូលចិត្តរសជាតិផ្អែម រួចក្រឡុកឲ្យសព្វ ក្លាស្សេទុកក្នុងទូរទឹកកក។
២. តែម្លិះជីត្រចៀកជ្រូក
តែផ្កាម្លិះជាតែដែលមានរសជាតិផ្អែមឡមៗចេញពីផ្កាធម្មជាតិក្រអូបឈ្ងប់ ហើយវាកាន់តែមានរសជាតិទ្វេដងនៅពេលលាយជាមួយនឹងពពួករុក្ខជាតិដែលមានរសជាតិរាងជូរបែបក្រូច (citrus) ជាពិសេសគឺ ស្លឹកត្រចៀកជ្រូក ដែលក្រុមជនជាតិបរទេសខាងលើបានអះអាងថា មានផ្ទុកសារធាតុ citrus នោះឯង។ គ្រឿងផ្សំសំខាន់ៗ រួមមាន តែម្លិះ ២ស្លាបព្រាកាហ្វេ (ឬ ម្លិះស្រស់ ៥-១០ផ្កា) ស្លឹកជីត្រចៀកជ្រូកក្រៀម ១ស្លាបព្រាកាហ្វេ (ឬ ស្លឹកស្រស់ ២ស្លាបព្រាកាហ្វេ) និងទឹកមួយពែង។ ចំពោះវិធីធ្វើឆុងជាមួយទឹកក្តៅដាក់ចូលក្នុងកែវក្នុងរយៈពេល ១០-១៥នាទីជាការស្រេច។ បន្ថែមទឹកឃ្មុំបន្តិចបន្តួច បើចូលចិត្ត។
៣. តែកុលាបរ៉ាហ្សប៊ឺរី
ស្លឹករ៉ាហ្សប៊ឺរី និងត្របកផ្កាកុលាប មានរសជាតិល្វីងបន្តិចបន្តួច ប៉ុន្តែវាមានតួនាទីធ្វើឲ្យរាងកាយខាងក្នុងរបស់យើងត្រជាក់នៅពេលទទួលទានវាក្នុងរដូវក្តៅ។ ស្លឹករ៉ាហ្សប៊ឺរីសម្បូរសារធាតុរ៉ែល្អចំពោះសុខភាព។ រីឯផ្កាកុលាបជួយធ្វើឲ្យអារម្មណ៍ស្រស់ថ្លា។ គួរបញ្ជាក់ដែរថា ចំពោះស្លឹករ៉ាហ្សប៊ឺរី ពេលឆុងទទួលទានមានរសជាតិស្រដៀងនឹងស្លឹកតែខ្មៅ (BLACK TEA) ដែរ។ គ្រឿងផ្សំសំខាន់ៗរួមមាន ស្លឹករ៉ាហ្សប៊ឺរីស្ងួត ១-២ស្លាបព្រាកាហ្វេ តែផ្កាកុលាបក្រៀម ១ស្លាបព្រាកាហ្វេ និងទឹកពុះមួយពែង។ ចំពោះវិធីធ្វើឆុងតែនឹងទឹកក្តៅរយៈពេល១០នាទី។ បន្ថែមទឹកឃ្មុំបន្តិចបន្តួចតាមចំណង់ចំណូលចិត្ត៕
Article by SRIN SOKMEAN