សាករៀនធ្វើជ្រក់ជើងមាន់ហិរវបែបចិន រូបមន្តពីខេត្តស៊ីឈ័ន ទុកញ៉ាំលេង
TRAVEL & LIVING 3 years ago មិត្តយុវវ័យនិយមចូលចិត្តញ៉ាំជើងមាន់ស្រួយៗជូរអែមឆ្ងាញ់ៗណាស់មែនទេ? តែខ្ជិលកុម៉្មង់គេតាមអនឡាញ ព្រោះខ្លាចរសជាតិមិនត្រូវមាត់ ឬ មិនមានអនាម័យល្អមែនទេ? តោះ! មកសាកល្បងរៀនធ្វើជ្រក់ជើងមាន់បែបចិនពិសេសដែលមានរូបមន្តល្បីល្បាញមកពីខេត្តស៊ីឈ័នលេងៗមើល ក្រែងសន្សំសំចៃលុយកាក់បានហើយជាប់មាត់រហូតថែមទៀត! អាហារនេះអាចទទួលទានលេងពេលមើលទូរទស្សន៍នៅផ្ទះក៏បាន ញ៉ាំពេលធ្វើទស្សនកិច្ចសិក្សាក៏បាន ឬ ទុកជាគ្រឿងក្លែមញ៉ាំជុំគ្នាលក្ខណៈគ្រួសារក៏រឹតតែពិសេស!
គ្រឿងផ្សំសំខាន់ៗនៃជ្រក់ជើងមាន់ខេត្តស៊ីឈ័នរួមមាន ជើងមាន់កាត់រួចពីរថង់ (ទម្ងន់ប្រមាណ ២ គីឡូក្រាម) ស្រាចម្អិនម្ហូប ២ ស្លាបព្រាបាយ ខ្ញីកិនម៉ដ្ឋ ១ មើម ផ្កាចន្ទន៍ ឬ ប៉ូចកាក់ ៣-៤ផ្លែ ម្រេចគ្រាប់ ១ ស្លាបព្រាកាហ្វេ គ្រាប់ក្រវាញកិន (អាចជំនួសដោយសណ្តែកដី ឬ គ្រាប់ល្ពៅលីងក៏បាន) ១ ស្លាបព្រាកាហ្វេ ក្លាំពូ ៤-៥ផ្លែ ស្លឹក BAY (ទិញពីផ្សារទំនើប) ឬ ស្លឹកក្រូចសើច ៣-៤ សន្លឹក ខ្ញីក្រៀម១ ស្លាបព្រាកាហ្វេ និង ម្ទេសក្រៀមចិតតូចៗមួយក្តាប់។ គ្រឿងផ្សំសម្រាប់ត្រាំជ្រក់រួមមាន ម្ទេសជ្រក់ ១ កូនចាន ទឹកត្រជាក់ចំណុះ ២-៣ ពែង ស្ករស ទឹកខ្មេះ និង អំបិល។
វិធីធ្វើ ដំបូងត្រូវចិញ្រ្ចាំម្ទេសជ្រក់ឲ្យម៉ដ្ឋល្អ ហើយទុកមួយអន្លើ។ ដាក់ផ្កាចន្ទន៍, គ្រាប់ម្រេច, គ្រាប់ក្រវាញ ឬ សណ្តែកដី ឬ គ្រាប់ល្ពៅ, ខ្ញីក្រៀម, ក្លាំពូ , ស្លឹក Bay ឬ ស្លឹកក្រូចសើច, ម្ទេស ទៅក្នងស្បៃឆុង កាហ្វេ។ ក្តោបគ្រឿងទេសទាំងនោះហើយរុំចងវាឲ្យជិត។ បន្ទាប់មក យកជើងមាន់មកលាងជាមួយទឹកស្អាតហើយកាត់ក្រចកជើងវាចេញឲ្យស្អាត។ ដាក់ទឹកក្នុងឆ្នាំងស៊ុប ហើយបង់គ្រឿងទេសរុំនោះរួមជាមួយមើមខ្ញី និងស្រា។ ចម្អិនវាដោយប្រើភ្លើងក្តៅខ្លាំងរហូតទាល់តែពុះ។ បន្ទាប់មកទៀត សឹមបន្ថយភ្លើង ហើយរម្ងាស់បន្ថែមប្រមាណ១០-១៥នាទីទៀត ទើបស្រង់គ្រឿងទេសទាំងនោះចេញ។
ជំហានបន្ទាប់ត្រូវលាងសម្អាតជើងមាន់ជាមួយទឹកស្អាតធម្មតាពីរ-បីនាទី ហើយកាត់វាជាពីរកំណាត់។ បន្ទាប់មក ត្រូវដាក់ជើងមាន់ចូលចានដែកច្របល់ជាមួយទឹកសម្រាប់ធ្វើជ្រក់ (ដប) ទឹកខ្មេះ អំបិល ស្ករ ទឹកត្រជាក់ និង ម្ទេសចិញ្ច្រាំឲ្យសព្វល្អ ។ គ្របទុក ហើយក្លាស្សេក្នុងទូរទឹកករយៈពេលពីរឬបីថ្ងៃ ទើបអាចទើបចូលជាតិឆ្ងាញ់ខ្លាំងតាមក្បួនរបស់ជនជាតិចិន។ គួរបើកគំរបកូរជើងមាន់យូរៗម្តងឲ្យជ្រាបចូលជាតិសព្វល្អ។ ជ្រក់ជើងមាន់ប្រភេទនេះកាន់តែក្លាស្សេយូរកាន់តែឆ្ងាញ់ទ្វេដង៕