ជាទូទៅដំណើរតឹងច្រមុះកើតឡើងនៅពេលដែលសរសៃឈាមនៅក្នុងច្រមុះឡើងរលាក និងជាលិកាច្រមុះឡើងប៉ោង ហើយសំបោរឬស្លេស្ម៍ក៏កើតឡើងមកព្រមជាមួយគ្នាផងដែរ។ អាការតឹងច្រមុះថ្វីដ្បិតតែកើតឡើងត្រឹមមួយរយៈពេលខ្លីនិងមិនបង្កអ្វីធ្ងន់ធ្ងរចំពោះសុខភាព ប៉ុន្តែវាជាផ្នែកមួយរំខានដល់សកម្មភាពការងារប្រចាំថ្ងៃដូចជាធ្វើឲ្យពិបាកដកដង្ហើមនិងនិយាយមិនច្បាស់ជាដើម។ សម្រាប់អ្នករមែងមានបញ្ហាតឹងច្រមុះញឹកញាប់ នៅក្នុងអត្ថបទនេះសូវរីននឹងធ្វើការបកស្រាយលម្អិតអំពីកត្តាសំខាន់ៗដែលបង្កឲ្យកើតអាការតឹងច្រមុះ និងវិធីដោះស្រាយតាមបែបងាយៗដែលយើងអាចអនុវត្តនៅផ្ទះដោយខ្លួនឯងបាន។
• ករណីបង្កឲ្យតឹងច្រមុះ
ដំណើរតឹងច្រមុះភាគច្រើនគឺកើតឡើងក្នុងរយៈពេលខ្លីប៉ុណ្ណោះ ចុះតើករណីអ្វីខ្លះដែលបណ្តាលឲ្យកើតអាការតឹងច្រមុះ? ករណីចម្បងនៃអាការតឹងច្រមុះគឺជាសញ្ញានៃជំងឺផ្តាសាយដែលវាបណ្តាលមកពីការឆ្លងមេរោគ។ ក្នុងនោះមានមេរោគមួយចំនួនដែលអាចបង្កឲ្យកើតជំងឺផ្តាសាយជាពិសេសគឺមេរោគរៃណូវីរុស (Rhinovirus) តែម្តង។ និយាយរួមអាការតឹងច្រមុះគឺជាសញ្ញានៃជំងឺផ្តាសាយដែលអាចបង្កឲ្យកណ្តាស់ ឈឺក និងក្អកផងដែរ។ ដោយឡែក Allergic Rhinitis ឬជំងឺរលាកច្រមុះដោយសារអាល្លែកហ្ស៊ីគឺជាបញ្ហាដែលមនុស្សជាច្រើនកំពុងជួបប្រទះ។ ជំងឺនេះកើតឡើងនៅពេលដែលប្រព័ន្ធភាពសុំានៃរាងកាយរងឥទ្ធិពលខ្លាំងពីសារធាតុផ្សេងៗជុំវិញខ្លួនមិនថា ធូលី ដី ផ្សែង ឬរោមសត្វឡើយ។ ក្រៅពីជំងឺនេះបង្ករោគសញ្ញាធ្វើឲ្យតឹងច្រមុះ ក្នុងនោះរួមមានសញ្ញាមួយចំនួនទៀតដូចជាកណ្តាស់ ហៀរសំបោរ និងរមាស់ភ្នែក។ គេនៅតែមិនទាន់ច្បាស់ថាជំងឺអាល្លែកហ្ស៊ីច្រមុះនេះបណ្តាលមកពីអ្វី ប៉ុន្តែជារឿយៗវាកើតឡើងតាមរយៈតំណពូជ។ មួយវិញទៀត ជំងឺ Occupation Rhinitis គឺស្រដៀងគ្នាទៅនឹងជំងឺច្រមុះអាល្លែកហ្ស៊ីផងដែរ។វាអាចកើតឡើងនៅពេលដែលនរណាម្នាក់រងឥទ្ធិពលដោយសារសារធាតុបង្កឲ្យប្រតិកម្មពីមជ្ឈដ្ឋានជុំវិញខ្លួន។ រោគសញ្ញានៃជំងឺនេះរួមមានតឹងច្រមុះ រមាស់ភ្នែក និងក្អក។ មនុស្សដែលធ្វើការនៅកន្លែងបរិយាកាសរុំព័ទ្ធទៅដោយសារធាតុគីមី កម្ទេចឈើ និងគ្រាប់ធញ្ញជាតិងាយប្រឈមកើតជំងឺ Occupational rhinitis បំផុត។ លើសពីនេះ ការមានផ្ទៃពោះក៏ជាផ្នែកមួយប៉ះពាល់ដល់រាងកាយ រួមទាំងច្រមុះផងដែរ។ កំឡុងពេលមានផ្ទៃពោះអ័រម៉ូន Progesterone និង អ័រម៉ូន estrogen នឹងកើនឡើងដែលវាធ្វើឲ្យលំហូរឈាមឡើងខ្ពស់បង្កករណីភ្នាសក្នុងច្រមុះឡើងហើមបណ្តាលឲ្យតឹងច្រមុះ និងកណ្តាស់។ ជំងឺរលាកច្រមុះនៅកំឡុងពេលមានផ្ទៃពោះអាចកើតឡើងគ្រប់ពេល ប៉ុន្តែជាធម្មតាវានឹងបាត់ទៅវិញក្នុងរយៈពេលខ្លីបន្ទាប់ពីសម្រាលរួច។
• ដំណោះស្រាយ
ដូចបានជម្រាបជូននៅចំណុចខាងលើអាការតឹងច្រមុះបង្កឡើងដោយសារការប្រតិកម្ម និងជាតិពុលដែលនៅក្នុងខ្យល់ដូចជាធូលីដី ផ្សែងពុល និងក្លិនខ្លាំងនៃទឹកអប់ឬក្លិនក្រអូបនៃផលិតផលផ្សេងៗជាដើម។ ដំណោះស្រាយអាការតឹងច្រមុះចម្បងគឺត្រូវមានម៉ាស៊ីនបន្សុទ្ធខ្យល់មួយនៅក្នុងបន្ទប់ ឬក្នុងផ្ទះដើម្បីកាត់បន្ថយជាតិពុលទាំងប៉ុន្មានចេញ។ ការតឹងច្រមុះក៏បណ្តាលមកពីបរិយាកាសខ្យល់ស្ងួត ជាពិសេសអ្នកចូលចិត្តគេងនៅក្នុងបន្ទប់បើកម៉ាស៊ីនត្រជាក់គ្រប់ពេល។ ដូចនេះដើម្បីរក្សាសំណើមច្រមុះ ក្រៅពីមានម៉ាស៊ីនបន្សុទ្ធខ្យល់ យើងគប្បីផឹកទឹកឲ្យបានច្រើនផងដែរ។ ទឹកបរិសុទ្ធ ទឹកក្តៅ ភេសជ្ជៈថាមពល តែក្តៅ និងទឹកផ្លែឈើស្រស់សុទ្ធតែអាចជួយពង្រាវសំបោរនិងបង្ហូរសំបោរចេញពីច្រមុះ ។ ជៀសវាងផឹកភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនឬជាតិអាល់កុល ដោយសារតែវាអាចធ្វើឲ្យរាងកាយបាត់បង់ជាតិទឹក ម្យ៉ាងភេសជ្ជៈមានជាតិអាល់កុលធ្វើឲ្យស្រទាប់ខាងក្នុងនៃច្រមុះឡើងប៉ោងដែលបណ្តាលឲ្យតឹងច្រមុះកាន់តែខ្លាំង។ សម្រាប់ការផ្តល់សំណើមដល់ច្រមុះផ្សេងទៀត អ្នកអាចធ្វើការឆ្ពុងដោយយកទឹកក្តៅឧណ្ហៗមួយចានគោមដាក់លើតុ បន្ទាប់មកអង្គុយមួយកន្លែងរួចគ្របកន្សែងដែលត្រាំទឹកក្ដៅនោះនៅលើក្បាល ដកដង្ហើមវែងៗស្រូបយកផ្សែងហុយពីទឹកនោះអ្នកនឹងមានអារម្មណ៍ធូរស្រាល។ បើពុំដូច្នោះអ្នកអាចជំនួសមកជាការងូតទឹកក្តៅ ឬការស្ទីមក៏នឹងជួយបន្ធូរបន្ធូយការឈឺចាប់ក៏ដូចជាបង្ហូរសំបោរចេញពីច្រមុះផងដែរ។ អាចប្រើវិធីយកកន្សែងពូតទឹកក្តៅឧណ្ហៗមកដាក់ស្អំនៅលើច្រមុះ ថ្ពាល់ និងភ្នែកដើម្បីបន្ថយការឈឺចាប់។ អាចជ្រើសរើសប្រើឧបករណ៍ទឹកបាញ់ច្រមុះដើម្បីលាងសម្អាតច្រមុះ ឬប្រើពពួកស្ព្រៃយ៍បាញ់ច្រមុះដែលវាមានតួនាទីសម្រួលការប្រតិកម្ម ការហើមសាច់ច្រមុះខាងក្នុង និងធ្វើឲ្យដកដង្ហើមស្រួល។ ដោយឡែកការទទួលទានរសជាតិហឹរក៏អាចជួយសម្រួលអាការតឹងច្រមុះដូចគ្នា។ ដូចបទពិសោធន៍គ្រប់គ្នាជាក់ស្តែង រាល់ពេលបរិភោគម្ទេសឬម្រេច យើងនឹងមានអារម្មណ៍ថាធូរច្រមុះហើយទឹកសំបោរក៏ហូរចេញមក ព្រោះរសហឹរនេះហើយមានតួនាទីជួយសម្រួលការឈឺចាប់និងបើកភ្នាសនៃរន្ធច្រមុះ។ រីឯដំណេកវិញ ការគេងដាក់ក្បាលកើយខ្នើយខ្ពស់អាចជួយឲ្យសំបោរហូរចេញពីរន្ធច្រមុះ និងកាត់បន្ថយការតឹងច្រមុះផងដែរ។
និយាយរួមមក ដំណើរតឹងច្រមុះគ្រាន់តែជាអាការធម្មតាឬសញ្ញានៃជំងឺស្រាលណាមួយ ហើយវានឹងបាត់ទៅវិញក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ នៅពេលមានអាការតឹងច្រមុះកើតឡើងវារមែងកើតផ្សំព្រមគ្នាជាមួយការកណ្តាស់ និងតឹងច្រមុះ។ សម្រាប់មនុស្សមួយចំនួននៅពេលតឹងច្រមុះក៏អាចធ្វើឈឺក្បាលផងដែរ។ បើទោះអាការតឹងច្រមុះមិនបណ្តាលឲ្យកើតអ្វីធ្ងន់ធ្ងរ ប៉ុន្តែប្រសិនបើអាការនេះនៅតែមិនធូរស្រាលហើយមានអាការផ្សេងៗកើតឡើងព្រមគ្នាដូចជា ហូរសំបោរពណ៌បៃតង ឈឺមុខ ឈឺត្រចៀក ឈឺក្បាលមិនបាត់ ក្តៅខ្លួន ក្អក និងឈឺទ្រូង អ្នកគួរគប្បីទៅជួបគ្រូពេទ្យដើម្បីត្រួតពិនិត្យនិងព្យាបាល ព្រោះទាំងនេះជាសញ្ញានៃការឆ្លងមេរោគ ឬជំងឺអ្វីមួយ៕
Article by HEM SOKKHIM