×

សម្រាក​លម្ហែកាយ​ដ៏​ស្រស់ស្រាយ​ជា​មួយ Arjuna Resort & Spa

TRAVEL & LIVING 2 days ago
 
 

          គ្រាន់​តែ​ធ្វើ​ដំណើរ​រយៈ​ពេល​ត្រឹម​តែ​៣ម៉ោង​តែ​ប៉ុណ្ណោះ​ពី​រាជធានីភ្នំពេញ​ឆ្ពោះ​ទៅ​កាន់​ក្រុងព្រះសីហនុ ដែល​ជា​បេះដូង​នៃ​តំបន់​ឆ្នេរ​ដ៏​ស្រស់​ស្អាត​របស់​កម្ពុជា កំពុង​ស្វាគមន៍​វត្តមាន​ភ្ញៀវជាតិ​  និង​អន្តរជាតិ​មក​កម្សាន្ត។ ដោយ​ឡែក រមណីយដ្ឋាន​លំដាប់​ផ្កាយប្រាំ​ដ៏​អស្ចារ្យ​មួយ ដែល​ត្រូវ​បាន​គេ​ស្គាល់ “Arjuna Resort & Spa”  ជា រីស៊ត​បាន​បើក​សម្ពោធ​ជា​ផ្លូវការ​កាល​ពី​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កន្លងមកនេះ។

          Arjuna Resort & Spa មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​ដ៏​ធំ​ស្ថិត​នៅ Kampong Dewa Resorts ដែល​មាន​ចម្ងាយ​ប្រមាណ ៣០នាទី​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្តព្រះសីហនុ និង​ប្រហែល ១០នាទី​ពី​ឆ្នេរអូរត្រេះ​ដ៏​ល្បីល្បាញ។ ការ​រចនា​របស់​សណ្ឋាគារ​នេះ​ពិត​ជា​មាន​ភាពប្លែក​ពីគេ ដោយ​បាន​បំផុស​គំនិត​ពី​វីរបុរស​រឿងព្រេងឥណ្ឌា Arjuna និង​សិល្បៈ​ស្ថាបត្យកម្ម​រាជវង្សខ្មែរ។ សណ្ឋាគារ​នេះ​ត្រូវ​បាន​សាងសង់​ជា​អគារ​កម្ពស់ ២៣ជាន់ និង​ផ្នែក​ខាង​ក្នុង​ត្រូវ​បាន​តុបតែង​យ៉ាង​ប្រណិត ដោយ​រួម​បញ្ចូល​គ្នា​យ៉ាង​ប្រណិតភាព​ទៅ​តាម​ទម្រង់​ប្រពៃណីខ្មែរ និង​ភាព​ទាន់​សម័យ​តាម​បែប​ទំនើប។

          សម្រាប់​បន្ទប់​ស្នាក់នៅ និង​គ្រឿង​បរិក្ខារ​លំដាប់ខ្ពស់​ត្រូវ​បាន​រចនា និង​កែច្នៃ​យ៉ាង​មាន​ការ​យកចិត្ត​ទុកដាក់​បំផុត។ Arjuna Resort & Spa ផ្តល់​ជូន​នូវ​បន្ទប់​ស្នាក់នៅ​ជាច្រើន​ប្រភេទ​ដែល​មាន​ចំនួន​សរុប​ដល់ទៅ ២០០បន្ទប់ រួម​មាន៖ បន្ទប់ Deluxe ដែល​មាន​ទំហំ​ធំទូលាយ និង​មាន​ការ​តុបតែង​យ៉ាង​ល្អិតល្អន់, បន្ទប់ Suites ដែល​មាន​ទីធ្លា​សម្រាប់​ស្នាក់​នៅ​ដាច់​ដោយ​ឡែក​ពី​បន្ទប់គេង, បន្ទប់ Penthouses ដែល​ជា​បន្ទប់​ប្រណិត​បំផុត ស្ថិត​នៅ​ជាន់ខ្ពស់ៗ​ អាច​មើល​ទេសភាព​សមុទ្រ និង​ទីក្រុង​យ៉ាង​ស្រស់​ស្អាត។

          រីឯ​អាង​ហែលទឹក​ធំ​ទូលាយ រួម​ទាំង Sky Pool & Bar ដែល​ស្ថិត​នៅ​លើ​ដំបូល​សណ្ឋាគារ​ជាន់​ទី២៣ បាន​ទាក់ទាញ​ចិត្ត​ឲ្យ​ភ្ញៀវ​អាច​រីករាយ​ជាមួយ​ការ​ហែលទឹក និង​ទស្សនា​ទេសភាព​សមុទ្រ​ និង​ព្រះអាទិត្យលិច​ដ៏​ស្រស់​ត្រកាល។ ក្រោយ​ពី​ទទួល​បាន​នូវ​បទពិសោធន៍ និង​ការ​ស្នាក់នៅ​ដ៏​ស្រស់ស្រាយ​នៅ​ទីនេះ​ភ្ញៀវជាតិ និង​អន្តរជាតិ​ដែល​ស្នាក់​នៅ​ទីនេះ​ក៏​មាន​ឳកាស​សាកល្បង​ទទួល​ទាន​អាហារ​ឈ្ងុយឆ្ងាញ់​ពី​ភោជនីយដ្ឋាន​ចំនួន ៧កន្លែង រួម​មាន​ភោជនីយដ្ឋាន Angkasa Restaurant & Bar នៅ​លើ​ដំបូល​ឯកទេស​ម្ហូបអឺរ៉ុប ភោជនីយដ្ឋាន Wang Long និង​ភោជនីយដ្ឋាន​អន្តរជាតិ​ផ្សេងៗ​ទៀត។

          Arjuna Resort & Spa មិន​ត្រឹមតែ​ជា​កន្លែង​ស្នាក់​នៅ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​គោលដៅ​ទេសចរណ៍​មួយ​ដែល​ផ្តល់​ជូន​នូវ​ភាព​ប្រណិត ផាសុកភាព និង​បទពិសោធន៍​ដ៏​គួរ​ឲ្យ​ចងចាំ​ដល់​ភ្ញៀវ​ទេសចរ​គ្រប់រូប៕

Image Courtesy: Arjuna Resort & Spa


SUGGESTIONS