ផលរំខាននៃវ៉ាក់សាំងកូវីដ១៩ និងគន្លឹះដោះស្រាយដែលអ្នកត្រូវតែដឹង
TRAVEL & LIVING 3 years agoទោះបីជារាជរដ្ឋាភិបាលប្រទេសនីមួយៗបាន និងកំពុងផ្សព្វផ្សាយព័ត៌មានជាច្រើនអំពីអត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំងកូវីដ១៩ជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋមួយចំនួននៅតែមានការ ភ័យខ្លាចចំពោះផលប៉ះពាល់ ហើយពួកគេក៏នៅតែចង់ដឹងថាតើក្រោយពេលចាក់រួចនឹងមានរឿងអ្វីខ្លះ ដែលអាចកើតមានឡើងលើរាងកាយរបស់គេ។ នៅពេលបញ្ហាទាំងនោះកើតឡើង តើពួកគេអាចជួយខ្លួន ឯងបានដោយរបៀបណាខ្លះ? ខាងក្រោមនេះជាព័ត៌មានផ្លូវការរបស់គេហទំព័រនៃមជ្ឈមណ្ឌលទប់ស្កាត់ និងបង្ការជំងឺ (Center for Disease Control and Prevention) នៃសហរដ្ឋអាមេរិក ដែលបានចេញផ្សាយកាលពីខែមីនា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ÷
ការចាក់វ៉ាក់សាំងកូវីដ១៩នឹងជួយការពារខ្លួនអ្នកពីជំងឺកូវីដដ៏កាចសាហាវ។ ប៉ុន្តែអ្នកអាចនឹង មានផលរំខានបន្ទាប់បន្សំ (Side Effects) បណ្តាលមកពីការចាក់វ៉ាក់សាំងនេះដែលជាសញ្ញាធម្មតាប្រាប់ យើងថារាងកាយរបស់យើងកំពុងបង្កើតប្រព័ន្ធការពារហើយ។ ផលរំខានទាំងនេះអាចនឹងជះឥទ្ធិពលទៅ ដល់សកម្មភាពកិច្ចការប្រចាំថ្ងៃរបស់លោកអ្នកខ្លះក៏ពិតមែន តែពួកវានឹងបាត់ទៅវិញក្នុងរយៈពេលពីរបី ថ្ងៃ។ មនុស្សមួយចំនួនក៏អាចគ្មានផលរំខានសោះឡើយក្រោយពេលចាក់វ៉ាក់សាំងរួច។ ផលរំខានដែល កើតឡើងជាទូទៅរួមមាន ការឈឺចាប់ ការឡើងក្រហម ឬ ការហើមប៉ោងនៅត្រង់កន្លែងចាក់។ ផលរំខាន ដែលអាចកើតឡើងទៅលើតួខ្លួនរបស់អ្នករួមមាន ភាពល្ហិតល្ហៃអស់កម្លាំង ឈឺក្បាល ចុករោយសាច់ដុំ គ្រុនរងា គ្រុនក្តៅ និង អាការៈរកកលចង់ក្អួត។
គន្លឹះដែលមានប្រយោជន៍សម្រាប់លោកអ្នកយកទៅអនុវត្តនោះគឺ ពិគ្រោះជាមួយគ្រូពេទ្យអំពីការ ប្រើប្រាស់ឱសថសម្រាលផលរំខានទាំងនោះ ដូចជា ថ្នាំ Aspirin, Acetaminophen និង Antihistamines សម្រាប់បំបាត់ការឈឺចាប់ និង អាការៈមិនស្រួលខ្លួនដែលលោកអ្នកជួបប្រទះក្រោយចាក់វ៉ាក់សាំង។ លោកអ្នកមិនត្រូវប្រើថ្នាំសះទាំងនេះមុនពេលចាក់វ៉ាក់សាំងជាដាច់ខាតដើម្បីចៀសវាងប៉ះពាល់ដល់ ប្រសិទ្ធភាពនៃវ៉ាក់សាំង។ ទន្ទឹមនឹងនេះ លោកអ្នកអាចយកក្រណាត់ស្អាតសើមមកស្អំលើកន្លែងចាក់ និងព្យាយាមធ្វើលំហាត់ប្រាណដៃ។ ចំពោះរាងកាយ លោកអ្នកត្រូវផឹកទឹកឲ្យបានច្រើន និង ស្លៀកពាក់ សម្លៀកបំពាក់ណាដែលធូររលុង។ ប៉ុន្តែលោកអ្នកត្រូវប្រញាប់ទាក់ទងទៅមន្ទីរពេទ្យជាបន្ទាន់ ប្រសិន បើស្នាមក្រហមនៅលើកន្លែងចាក់នោះកាន់តែរាលដាលខ្លាំងឡើងៗបន្ទាប់ពីចាក់២៤ម៉ោងរួច ឬ ផល រំខានផ្សេងៗទៀតនៅតែបន្តក្រោយពេលចាក់រយៈពេលពីរបីថ្ងៃរួចមក៕
Article by SRIN SOKMEAN