«ម្អម» ត្រូវបានគ្រប់គ្នាភ្នកនឹកដល់សម្លខ្មែរបែបស្រុកស្រែចម្ការភ្លាមរហ័សភ្លែត ក៏ព្រោះតែរុក្ខជាតិនេះគឺជាគ្រឿងបង់បន្ថែមក្លិនហូបឆៅឆ្អិនដែលតែងមានវត្តមាននៅក្នុងមុខម្ហូបប្រពៃណីខ្មែរយើង ជាពិសេសគឺសម្លម្ជូរតែម្តង។ ម្អមមានពីរប្រភេទមួយប្រភេទដើមនិងស្លឹកខៀវ រីឯមួយទៀតប្រភេទក្រហមចាស់ ផ្កាវាសម្បុរស្វាយ ក្លិនវារាងហាងឆួលលាយក្រអូបបន្តិចៗ ហើយជាទូទៅតិណជាតិឬស្មៅមួយប្រភេទនេះរមែងដុះដោយអន្លើនៅតាមទីទឹករាក់ៗឬទីដីសើមតាមទំនាប ភាគច្រើនគឺនៅតាមវាលស្រែ។ ថ្វីដ្បិតតែម្អមជាគ្រឿងបង់បន្ថែមក្លិន ប៉ុន្តែរុក្ខជាតិនេះក៏បានលាក់កំបាំងនូវអត្ថប្រយោជន៍ចំពោះសុខភាពមិនចាញ់បន្លែផ្លែឈើដទៃប៉ុន្មានឡើយ។ តួយ៉ាងនៅក្នុងម្អមមានផ្ទុកទៅដោយវីតាមីន A,B,C ជាតិដែក កាល់ស្យូម ផូស្វ័រ និងសារធាតុ Limonene ។ ចុះតើអាហាររូបត្ថម្ភទាំងនេះបានផ្តល់ប្រយោជន៍អ្វីខ្លះចំពោះសុខភាព?
តាមធម្មតាប្រជាជនខ្មែរយើងរមែងយកម្អមទៅបង់បន្ថែមគ្រឿងសម្រាប់ស្លសម្លម្ជូរ ខ្លះធ្វើគ្រឿងអន្លក់ ខ្លះទៀតធ្វើគ្រឿងញាំ ហើយរហូតដល់សម័យទំនើបគេអាចច្នៃម្អមធ្វើជាស្រាក្រឡុកយ៉ាងឆ្ងាញ់ពិសា ដោយសារតែក្លិនដ៏ប្រហើរ ឆួល និងចត់តិចៗរបស់វា។ តាមធម្មជាតិរុក្ខជាតិម្អមលូតកម្ពស់ខ្ពស់បំផុតប្រមាណត្រឹម ៥០ស.មដោយមានស្លឹកប្រវែងពី២,៥៤ស.ម ទៅ៥ស.ម។ កាលដើមឡើយដើមម្អមមិនត្រូវបានគេដាំដុះនោះទេ ពោលវាដុះដោយឯកឯងនៅតាមវាលស្រែហើយក៏មិនសូវមានអ្នកចាប់អារម្មណ៍ប៉ុន្មានឡើយ តែឈានមកដល់សម័យបច្ចុប្បន្នស្របពេលតម្រូវការកាន់តែច្រើនឡើងប្រជាកសិករតាមបណ្តាខេត្តមួយចំនួនបានប្រើប្រាស់ដីដែលសេសសល់មកដាំដុះម្អមជាដំណាំបន្ទាប់បន្សំដើម្បីប្រមូលផលធ្វើអាជីវកម្មវិញផង។ ដោយឡែកពីប្រធានបទនៃអត្ថបទដែលយើងនឹងរៀបរាប់អំពីអត្ថប្រយោជន៍របស់ម្អមចំពោះសុខភាព ព្រមជាមួយគ្នានេះយើងក៏បានពាំនាំនូវវិធីសាស្ត្រក្នុងដាំម្អមនៅផ្ទះដោយខ្លួនឯងដោយមិនចាំបាច់ត្រូវការដីស្រែតូចធំវែងឆ្ងាយ។ យើងអាចស្វែងរកម្អមនៅតាមទីផ្សារបានយ៉ាងងាយស្រួល ប៉ុន្តែការដាំដុះនេះយើងអាចចាត់ទុកជាការដាក់រុក្ខជាតិសម្រាប់លម្អផ្ទះផង ទុកជាគ្រឿងផ្សំសម្រាប់ប្រើការភ្លាមផងៗ ហើយក៏ជាការលើកទឹកចិត្តឲ្យបរិភោគបន្លែសរីរាង្គឬបន្លែគ្មានជាតិគីមីផងដែរ។ ការដាំម្អមមិនពិបាកឡើយ ជំហានដំបូងចូរយកម្អមដែលទិញពីផ្សារមកកាត់យកគល់ប្រវែងពី៤ទៅ៦ស.មបន្ទាប់មកដាក់បញ្ឈរឬត្រាំទឹកក្នុងកូនកែវមួយ។ ដាក់ចោលរយៈពេលប្រហែលពីរសប្តាហ៍យើងនឹងឃើញថាម្អមចាប់ផ្តើមដុះឫសវែង ដែលវាជាសញ្ញាដល់ពេលដែលយើងត្រូវប្រមូលយកវាមកដាំក្នុងដីវិញ។ អ្នកអាចប្រើផើងបួនជ្រុងទ្រវែងជម្រៅរាក់ល្មមដាក់ដីលាយជីរួចស្រោចទឹកឲ្យសើម។ យកចង្កឹះរុកដីជាប្រហោងៗបន្ទាប់មកយកដើមម្អមដាក់ដោតចូលទៅក្នុងរន្ធទាំងនោះ។ ដំណាំរុក្ខជាតិម្អមត្រូវការសំណើមជាប់ជានិច្ច វាមិនត្រូវការពន្លឺថ្ងៃតែត្រូវការសំណើមនិងទឹក ដូច្នេះក្រោយដោតដាំដើមម្អមរួចរាល់យើងយកឈើឬចង្កឹះមកដាំនៅត្រង់ជ្រុងកែងនីមួយៗ ហើយយកថង់ផ្លាស្ទិកមកគ្របពីលើឲ្យជិតផើងតែម្តង។ ឧស្សាហ៍បើកថង់ស្រោចទឹកដើម្បីរក្សាសំណើមដី ប៉ុន្តែសម្រាប់ថ្ងៃណាដែលមានអាកាសធាតុក្តៅខ្លាំងដល់ពេលយប់ឡើងយើងត្រូវបើកបង្ហើបថង់ឲ្យសំណើមហួតចេញខ្លះរួចគ្របវិញនៅពេលព្រឹក។ រយៈពេលពីរទៅបីសប្តាហ៍កាលណាដើមចាប់ឫសរឹងមាំហើម ដើមម្អមអាចមើលទៅរាងស្វិតឬស្រពោនបន្តិច ប៉ុន្តែត្រូវរក្សាការផ្តល់សំណើមដែលវានឹងឲ្យផលលាស់មកវិញជាមួយពន្លកត្រួយថ្មីដុះនៅតាមថ្នាំងនីមួយៗ។ មកដល់ដំណាក់កាលនេះយើងមិនចាំបាច់ខ្វាយខ្វល់វាច្រើនទៀតនោះទេ ដោយគ្រាន់តែបើកថង់ស្រោចទឹករក្សាសំណើមហើយគ្របវិញតាមពេលទំនេរជាការស្រេច។ ចំពោះការផ្តល់ជីវជាតិដី រៀងរាល់បីខែម្តងអាចបន្ថែមដាក់ជីបន្តិចបន្តួចគឺគ្រប់គ្រាន់។ ម្អមអាចមានអាយុត្រឹមតែមួយឆ្នាំប៉ុណ្ណោះ ដូច្នេះយើងអាចអនុវត្តដាំដុះដើមថ្មីតាមរយៈការកាត់គល់ដោតដីដូចវិធីដើមវិញក៏ជាការស្រេច។
ក្រោយពីទទួលបានចំណេះដឹងអំពីការដាំដុះរុក្ខជាតិម្អមនៅផ្ទះដោយខ្លួនឯង ឥឡូវនេះយើងមកដឹងអំពីអត្ថប្រយោជន៍ចំពោះការទទួលទានវាវិញម្តង។ តាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញ ម្អមគឺមានផ្ទុកនូវសារធាតុសំខាន់ៗដែលជាឱសថព្យាបាល និងប្រឆាំងមេរោគបង្កបញ្ហាសុខភាពដូចជា រោគផ្តាសាយ ក្អក កម្ចាត់ជាតិពុល ពង្រឹងប្រព័ន្ធការពារ និងប្រភេទជំងឺផ្លូវដង្ហើមរួមមាន ជំងឺហឺត ជំងឺរលាកទងសួត រលាកបំពង់ក និងជំងឺក្អកមាន់ជាដើម។ ម្អមផ្ទុកនូវសមាសធាតុម្យ៉ាងដែលធ្វើឲ្យស្រាកស្រាន្តពីអារម្មណ៍តានតឹងតប់ប្រមល់ និងរក្សាឲ្យអារម្មណ៍ស្ងប់ល្អ ជាពិសេសវាជួយព្យាបាលការហើមរលាក និងការពារការឆ្លងមេរោគនៅលើដំបៅឬស្នាមរបួស ព្រមទាំងជួយព្យាបាលរបួសឲ្យជាសះស្បើយឆាប់រហ័ស។ សម្រាប់ស្ត្រីមានផ្ទៃពោះវិញ ការពិសាម្អមនឹងបង្កើនការផលិតទឹកដោះហើយក៏ធ្វើឲ្យទឹកដោះម្តាយមានជីវជាតិបំប៉នដល់សុខភាពកូននៅពេលបំបៅផងដែរ។
ជារួមមកម្អមគឺជារុក្ខជាតិដែលស្ថិតក្នុងចំណោមឱសថបុរាណជំនួយសុខភាពដ៏ល្អប្រសើរហើយវាក៏នៅតែមានប្រជាប្រិយភាពណាស់ដែរចំពោះការប្រើប្រាស់យ៉ាងទូលំទូលាយទៅលើមុខម្ហូបប្រពៃណីខ្មែរ។ ទាំងនេះអាចជាចំណេះដឹងថ្មីបន្ថែមដែលប្រិយមិត្តក៏ដូចជាស្ត្រីមេផ្ទះទូទៅសឹងតែមិនធ្លាប់គិតដល់ ហើយ សូវរីន នឹងនាំយកនូវអាថ៌កំបាំងផ្ទះបាយបន្ថែមទៀតមកជម្រាបជូនប្រិយមិត្តបន្ថែមទៀត៕
Article by HEM SOKKHIM