មូលហេតុដែលអ្នកមិនគួរទិញត្រីងៀត ត្រីឆ្អើរ និងត្រីហើម ធ្វើជាស្បៀងច្រើន
TRAVEL & LIVING 4 years ago តាំងពីបុរាណកាលតរៀងមក ប្រជាជនខ្មែរយើងនិយមទទួលទានត្រី ហើយត្រីនៅប្រទេសយើង ទៀតសោតក៏សម្បូរដែលបុព្វបុរសយើងកែច្នៃធ្វើជាស្បៀងអាហារក្រៀមសម្រាប់ទុកបរិភោគក្រោយពីសល់ពីការធ្វើម្ហូបអាហារទទួលទានធម្មតាជាប្រចាំថ្ងៃ។ នៅពេលមានអាសន្នអន្ធក្រ ឬ ខ្វះខាតម្ហូបអាហារ ត្រីសាច់ស្រស់ៗ ប្រជាជនយើងនៅតែនិយមយកប្រភេទអាហារត្រីកែច្នៃពពួកត្រីងៀត ត្រីឆ្អើ់រ ត្រីប្រមា និង ត្រីហើម ឬ ត្រីប្រាសំយុង មកចម្អិនទទួលទានជំនួស ហើយគ្រួសារខ្លះក៏និយមទទួលទានវាជាញឹក ញាប់តាមចំណង់ចំណូលចិត្តរបស់ខ្លួន។ ប៉ុន្តែលោកអ្នកប្រហែលជាមិនដឹង ឬ អាចមើលរំលងនូវគុណ វិបត្តិផ្នែកសុខភាពដ៏ធំដែលបណ្តាលមកពីការទទួលទានអាហារប្រភេទខាងលើនេះ។
យោងតាមរបាយការណ៍ផ្នែកវេជ្ជសាស្រ្តអន្តរជាតិ យើងបានដឹងថា ការទទួលទានសាច់ត្រីពិត ជាផ្តល់នូវអត្ថប្រយោជន៍ដល់សុខភាពមនុស្ស ពីព្រោះវាជាប្រភពជាតិប្រូតេអ៊ីន វីតាមីនB វីតាមីនD និង ជាតិម៉ាញ៉េស្យូម ព្រមទាំងមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គាបី ដែលជួយកាត់បន្ថយអត្រាជំងឺបេះដូង និង ជំងឺបាត់ការចងចាំ។ ប៉ុន្តែត្រីកែច្នៃ តួយ៉ាង ត្រីឆ្អើរ ត្រូវបានអ្នកវេជ្ជសាស្រ្តរកឃើញថាសម្បូរទៅដោយ ជាតិសូដ្យូមច្រើនលើសលប់។ ជាក់ស្តែង ត្រីស្រស់ដែលត្រូវបានចម្អិន ៨៥ក្រាម ឬ ៨ខាំកន្លះ មានផ្ទុក ជាតិសូដ្យូមតែ៥០មីល្លីក្រាម ប៉ុន្តែត្រីឆ្អើរទម្ងន់ដូចគ្នាមានផ្ទុកសូដ្យូមរហូត៦៦៦មីល្លីក្រាម ដែលលើស ១ភាគបីនៃចំណុះសូដ្យូមសមស្របដែលមនុស្សត្រូវការក្នុងមួយថ្ងៃ។ ជាតិសូដ្យូម ឬ អំបិលខ្ពស់ក្នុងរបបអាហារប្រចាំថ្ងៃអាចបណ្តាលឲ្យអ្នកមានជំងឺលើសសម្ពាធឈាម ជំងឺបេះដូង និង ជំងឺស្លាប់មួយចំហៀងខ្លួន។ លើសពីនេះ ត្រីឆ្អើរមានសារធាតុនីត្រាត និង នីទ្រីត ដែលបង្កឡើងដោយដំណាក់កាលនៃការឆ្អើរ និង ការដាក់បន្ថែមដើម្បីបង្ការបាក់តេរីដែលកើតមានក្នុងចំណីអាហារ។ កាលណាសារធាតុនីត្រាតនេះឆ្លងកាត់ប្រព័ន្ធរំលាយអាហាររបស់យើង វានឹងបំលែងទៅជានីទ្រីតដែលក្លាយទៅជាម៉ូលេគុលដែលបង្កជំងឺមហារីក។
ស្របជាមួយគ្នានេះដែរ វិទ្យាស្ថានស្រាវជ្រាវជំងឺមហារីកនៃវចក្រភពអង់គ្លេសក៏បានបង្ហោះជាផ្លូវការនៅលើគេហទំព័ររបស់ខ្លួនផងដែរថា ជំងឺមហារីកច្រមុះ-បំពង់កគឺជាប្រភេទមហារីកដែលត្រូវបាន រកឃើញជាទូទៅក្នុងទ្វីបអាស៊ីជាងនៅអឺរ៉ុបដោយសារអាស៊ីយើងមានទម្លាប់ទទួលទានត្រីកែច្នៃ ឬ ត្រី ផ្អាប់ក្នុងកម្រិតខ្ពស់។ ប្រភពដដែលបានលើកឡើងថា ក្នុងករណីសិក្សានៅអាស៊ី គេបានរកឃើញថា មនុស្សដែលទទួលទានត្រីប្រឡាក់តាមបែបជនជាតិចិនមានហានិភ័យកើតជំងឺមហារីកច្រមុះ-បំពង់កក្នុង កម្រិតកើនឡើងគួរឲ្យព្រួយបារម្ភ។ ជនជាតិចិនមានអត្រាកើតជំងឺនេះច្រើនជាងជាតិសាសន៍ដទៃដែល រស់នៅចក្រភពអង់គ្លេសដូចគ្នា ព្រោះដោយសាររបបអាហារដែលសម្បូរដោយត្រីប្រភេទនេះ។ គួរកត់ សម្គាល់ដែរថា ត្រីកែច្នៃបែបប្រពៃណីដូនតាអាស៊ីទាំងនេះត្រូវបានចុះក្នុងបញ្ជី Cacinogen (ភ្នាក់ងារបង្ក ហានិភ័យជំងឺមហារីក) ក្នុងឆ្នាំ ២០១២ ចេញផ្សាយដោយអង្គការសុខភាពពិភពលោក។
ជុំវិញបញ្ហានេះ លោកវេជ្ជបណ្ឌិត ចៅ ពន្លឺ បានបង្ហោះថា មូលហេតុដែលបណ្តាលឲ្យកើតជំងឺ មហារីកពោះវៀនធំអាចបណ្តាលមកពីអាហារដូចជា សាច់ក្រហម អាហារប្រៃ ក្រៀម ឧទា: ត្រីងៀត ត្រីឆ្អើរ ជាដើម។ រោគសញ្ញាដែលគួរយកចិត្តទុកដាក់នោះគឺ ក្នុងដំណាក់កាលដំបូងៗពុំមានរោគសញ្ញា អ្វីនោះទេ។ ប៉ុន្តែនៅពេលជំងឺវិវត្តធ្ងន់ធ្ងរបន្តិច វាអាចបណ្តាលឲ្យអ្នកជំងឺមានរោគសញ្ញាដូចជា ស្លេកស្លាំង ហេវហត់ខ្លាំងដោយសារការបាត់បង់ឈាមក្រហមរ៉ាំរ៉ៃ លាមកពណ៌ខ្មៅ ឬជួនកាលមានឈាមក្រហម ស្រស់តែម្តង ហើយពេលខ្លះអាចបណ្តាលឲ្យចុកពោះខ្លាំង ក្អួតចង្អោរដែលបណ្តាលមកពីស្ទះពោះរៀន ដែលតម្រូវឲ្យមានការសម្រាកព្យាបាលជាបន្ទាន់នៅមន្ទីរពេទ្យ៕
Article by SRIN SOKMEAN